ជនរងគ្រោះនៃការបាញ់គំរាមកំហែងពីនគរបាលពាក់ស័ក្តិ៤
នៅនាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃ
ព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួននៅគ្រាដែលអាជ្ញាធរមាន
សមត្ថកិច្ចមិនទាន់ដោះស្រាយរឿងក្តីនេះប្រកបដោយតម្លាភាព។
មន្ត្រីអង្គការសង្គមស៊ីវិល
ទទូចសុំឲ្យតុលាការផ្ដន្ទាទោសដល់ជនដៃដល់ដែលបានប្រើអាវុធបាញ់
បោះខុសច្បាប់ និងបំពានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះ។
សំណុំរឿងបាញ់បោះសេរីរបស់មន្ត្រីនគរបាលពាក់ស័ក្តិ៤
នៅតែស្ថិតក្នុងការមន្ទិល
ធ្វើឲ្យជនរងគ្រោះព្រួយបារម្ភពីសុវត្ថិភាព។
រយៈពេលជាង ១០ថ្ងៃមកហើយ
ការបាញ់បោះគំរាមកំហែងដែលបង្កឡើងចំពេលកិច្ចប្រជុំកំពូលអាស៊ាន
លើកទី២១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា
បង្កឡើងដោយលោក ឆេង ហួត អាយុ ៤២ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤
នៅនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ
នៅមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាមួយអាចបញ្ជាក់ពីការ
វិវឌ្ឍន៍ថ្មីក្នុងសំណុំរឿងនេះនៅឡើយទេ។
ជនរងគ្រោះបញ្ជាក់ថា
ពួកគេមានភស្តុតាងជាខ្សែវីដេអូខ្លីរយៈពេលជាង ១នាទី
បង្ហាញយ៉ាងច្បាស់ពីសកម្មភាពជនដៃដល់ប្រើកាំភ្លើងខ្លីបាញ់
២គ្រាប់សំដៅចូលផ្ទះរបស់ខ្លួន។ ប៉ុន្តែ ភស្តុតាងទាំងនោះ
សមត្ថកិច្ចមិនបានទទួលយករក្សាទុកជាភស្តុតាងនោះឡើយ។
ក្នុងខ្សែអាត់វីដេអូ គេឃើញមន្ត្រីនគរបាលពាក់ស័ក្តិ៤ ឈ្មោះ ឆេង
ហួត បានជេរប្រមាថទៅលើស្ត្រីម្នាក់ជាអ្នកជិតខាង
ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ហើយបានដកកាំភ្លើងបញ្ចូលគ្រាប់ចំនួន ២គ្រាប់។
ក្នុងឯកសណ្ឋានជាអង្គរក្ស លោក ឆេង ហួត បានបាញ់មួយគ្រាប់ទៅមាត់ទ្វា
និងមួយគ្រាប់ទៀតសំដៅចូលទៅក្នុងផ្ទះ
ធ្វើឲ្យស្ត្រីជាម្ចាស់ផ្ទះឈ្មោះ យី វណ្ណ ដែលនៅឈរក្បែរនោះភ័យ
និងរត់ចូលក្នុងបន្ទប់ដើម្បីសុវត្ថិភាព។
លោក ហុក គឹមហាក់ អាយុ ៣១ឆ្នាំ ជាកូនប្រុសរបស់អ្នកស្រី យី វណ្ណ
បានអះអាងថា គ្រួសាររបស់គាត់ និងគ្រួសាររបស់ឈ្មោះ ឆេង ហួត
មិនធ្លាប់មានទំនាស់នោះទេ។ ប៉ុន្តែនៅថ្ងៃកើតហេតុ ឈ្មោះ ឆេង ហួត
បានមកស៊ីផឹកនៅក្បែរផ្ទះរបស់ខ្លួន
និងបានខឹងគាត់ដែលគាត់ចេះតែខាកស្ដោះៗ ដែលលោក ឆេង ហួត ចាត់ទុកថា
ជាការមើលងាយដល់គាត់ដែលជាមន្ត្រីនគរបាលមានឋានៈខ្ពស់មួយរូប។
លោក ហុក គឹមហាក់ បន្តថា នៅពេលនោះ លោក ឆេង ហួត
បានមកដល់មុខផ្ទះរបស់គាត់
និងហៅរូបគាត់ទៅសុំទោសក្នុងអាការៈស្រវឹងខ្លាំង។
ប៉ុន្តែត្រូវម្តាយរបស់គាត់ គឺអ្នកស្រី យី វណ្ណ ឃាត់មិនឲ្យចេញ
និងបានទៅចរចាម្នាក់ឯង រួចក៏ត្រូវឈ្មោះ ឆេង ហួត បាញ់គំរាមតែម្តង៖
«រឿងខ្ញុំបានសួរទៅខាងប៉ូលិស
តែគេដូចជាព្យាយាមបិទបាំងរឿងហ្នឹងវិញ។
អ្វីដែលពួកខ្ញុំបានធ្វើរបាយការណ៍ជាមួយគេ អ្វីដែលខ្ញុំធ្វើ
ខ្ញុំបានធ្វើអស់ហើយ តែលក្ខខណ្ឌដែលគេផ្តល់ឲ្យអ្នកកាសែតវិញ
គឺខុសពីអ្វីដែលយើងបានធ្វើទាំងអស់ គឺថាបុគ្គលហ្នឹង
មូលហេតុដែលគេបង្កជម្លោះ គឺដោយសារតែយើងខាកស្ដោះនៅមុខគេ
ហើយគេក៏មិនមែនបាញ់ចូលក្នុងដែរ គេបាញ់ឡើងលើ ២គ្រាប់
តាមពិតក្នុងរូបភាព គេបាញ់ចូលផ្ទះយើង ហើយគេបាញ់ជិតម៉ាក់ខ្ញុំ»។
លោក ឆេង ហួត ត្រូវបានមន្ត្រីប៉ុស្តិ៍នគរបាលខណ្ឌមានជ័យ
ឃាត់ខ្លួនកាលពីវេលាម៉ោងជាង ៥រសៀលថ្ងៃដដែល
ក្រោយពីបង្កហេតុបាញ់គំរាមប្រមាណជាង ១៥នាទី
និងត្រូវមន្ត្រីនគរបាលប៉ុស្តិ៍បញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌ
កម្រិតធ្ងន់ ដើម្បីចាត់វិធានការតាមច្បាប់នៅថ្ងៃបន្ទាប់។
តែទោះជាយ៉ាងណា លោក ហុក គឹមហាក់ បញ្ជាក់ថា
សព្វថ្ងៃគ្រួសាររបស់គាត់សម្រេចដាក់ស្លាកលក់ផ្ទះបន្ទាន់
ដើម្បីចង់គេចពីមន្ត្រីនគរបាលរូបនោះ ព្រោះតែសំណុំរឿងក្តីនេះ
សមត្ថកិច្ចហាក់ព្យាយាមលាក់បាំង
ដោយមិនបានផ្តល់ដំណឹងអ្វីមកវិញពីការវិវឌ្ឍន៍ថ្មីក្នុងសំណុំរឿង
នេះ។ លោកមិនច្បាស់ថា ជនដៃដល់នឹងត្រូវសមត្ថកិច្ចដោះលែង
ឬឲ្យជាប់ឃុំ ទើបបារម្ភពីសុវត្ថិភាព។
ម្យ៉ាងទៀត
លោកថាលោកគ្មានជំនឿទៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ច
និងតុលាការ ហើយជនប្រព្រឹត្តមានលុយ និងខ្នងក្រាស់ផង
អាចត្រូវដោះលែងដោយស្ងាត់ៗ និងអាចមកសងសឹកគ្រួសារលោក
ដែលជាអ្នកដាក់ពាក្យប្ដឹងវិញ៖ «តាំងពីតូចកើតពោះម៉ែ
រហូតមកដល់ថ្ងៃនេះ មិនដែលស្គាល់ជាតិកាំភ្លើងផងហ្នឹង
ហើយបើឲ្យខ្ញុំបាញ់ ក៏មិនហ៊ានបាញ់ដែរ
ហើយដល់ពេលមានរឿងហ្នឹងកើតឡើង ខ្ញុំបារម្ភដែរ មិនមែនបារម្ភតិចទេ
ដោយសារតែមួយថ្ងៃៗគេចេះតែផឹកស៊ីៗ
គ្នាគេភាគច្រើនសុទ្ធតែសេរីអ៊ីចឹង។ រាល់ថ្ងៃ
ពេលចេញដើរទៅណាមកណា ប្រយ័ត្នច្រើនជាងមុន
មិនដឹងថាគេរួចខ្លួនហើយនៅ ឬក៏ជាប់ទៀតក៏មិនដឹង។
ទោះយើងចង់ទៅសួរក៏មិនអាចទៅសួរគេកើត
ព្រោះអីយើងមិនដឹងថាគេទៅដល់ណាផង បើសួរទៅប៉ូលិស
ប៉ូលិសនិយាយតែមួយម៉ាត់ថា ទៅកម្រិតធ្ងន់»។
ការព្រួយបារម្ភពីគ្រួសារនៃជនរងគ្រោះនេះ នៅមិនទាន់មានសមត្ថកិច្ចណាអាចបញ្ជាក់ឲ្យច្បាស់នៅឡើយទេ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ
មិនបានផ្តល់ការបំភ្លឺដល់វិទ្យុអាស៊ីសេរី ទេ កាលពីថ្ងៃទី២៨
ខែវិច្ឆិកា ដោយលោកគ្រាន់តែបញ្ជាក់ថា
លោកកំពុងជាប់ប្រជុំនៅពេលលើកសំណួរអំពីរឿងនេះ៖ «សូមទោសណា ខ្ញុំសូមប្រជុំបន្តិច»។
រីឯលោក ជួន ណារិន
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានី
ភ្នំពេញ វិញ ក៏មិនអាចទាក់ទងបានដែរ ដោយលោកមិនលើកទូរស័ព្ទ។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា
លោកនឹងមិនអត់ឱនឲ្យបុគ្គលណាមួយដែលចូលចិត្តដោះស្រាយបញ្ហាដោយ
ប្រើកាំភ្លើងបាញ់បោះដោយសេរីបន្តទៀតឡើយ។ លោកបន្តថា
ការប្រើប្រាស់កាំភ្លើងបាញ់ផ្ដេសផ្ដាស
វាបានបង្កការភិតភ័យដល់ពលរដ្ឋស្លូតត្រង់ និងអ្នកទេសចរ៖ «តើឲ្យ
ពួកអាកាប់ដាវសាំម៉ារ៉ៃ វ៉ៃគ្នានៅក្នុងតុ
ហើយទទួលការអត់ឱនលើកលែងទេ? កន្លែងខ្លះធ្វើអត់ដឹង អត់ឮ
កាសែតចេះតែចុះថាកូនអ្នកធំ ខ្ញុំថាមើលវាធំប៉ុណ្ណា?
បើទោះបីជាឳប៉ុណ្ណា ក៏យើងត្រូវតែលេងវាដែរ ហើយឳៗ
ឪពុកម្តាយកុំកាន់ជើង ប្រគល់ជូនឲ្យនគរបាល
ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ កាំភ្លើង ស្អីឡើងកាំភ្លើង
ស្អីឡើងកាំភ្លើង»។
លោកនាយករដ្ឋមន្ត្រីលើកឡើងបន្តថា
ទោះបីអ្នកបាញ់បោះនោះមានឋានៈ និងបុណ្យស័ក្តិប៉ុណ្ណាក៏ដោយ
លោកស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ទប់ស្កាត់
និងបង្ក្រាបសកម្មភាពនេះជាបន្ទាន់។
បើទោះបីជាប្រមុខរដ្ឋាភិបាលបានប្រកាសជាញឹកញយបែបនេះក្តី
គេក៏សម្គាល់ឃើញថា អ្នកប្រព្រឹត្តជាមន្ត្រីថ្នាក់ខ្ពស់
ឬអ្នកស្និទ្ធនឹងមន្ត្រីទាំងនោះ
មិនសូវឃើញតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ឡើយ។
តួយ៉ាងករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត
ដែលបានបាញ់កម្មការិនីរោងចក្រ ៣នាក់ឲ្យរងរបួស
តុលាការមិនទាន់ចាត់វិធានការចាប់ជនប្រព្រឹត្តរូបនេះមកដាក់
ពន្ធនាគារនៅឡើយ។
អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho)
លោក អំ សំអាត បញ្ជាក់ថា ករណីបាញ់បោះដោយសេរីរបស់លោក ឆេង ហួត
ជាការប្រើប្រាស់អាវុធខុសច្បាប់ និងជាការបង្កអសន្តិសុខ
ចលាចលដល់ពលរដ្ឋ ដូច្នេះដើម្បីអនុវត្តច្បាប់
និងជាគំរូតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី
កងកម្លាំងដែលពាក់ព័ន្ធត្រូវអនុវត្តកសាងសំណុំរឿងក្តីនេះ
បញ្ជូនទៅតុលាការឲ្យបានឆាប់ ដើម្បីចាត់វិធានការតាមច្បាប់៖ «វា
ជាគំរូមួយដើម្បីកុំឲ្យអ្នកក្រោយគាត់អនុវត្តតាម
ហើយសិនជាករណីនេះមិនត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ទេ
អ៊ីចឹងយើងចាត់ទុកថាប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី
មិនត្រូវបានអាជ្ញាធរថ្នាក់ក្រោម
ឬក៏កងកម្លាំងប្រដាប់អាវុធខាងក្រោមហ្នឹង អនុវត្តទេ។
វាជះគំរូអាក្រក់ទៅដល់កងកម្លាំងដទៃទៀត
គាត់អាចនឹងធ្វើដូចគ្នាដែរ ពីព្រោះអ្នកហ្នឹងធ្វើបាន
អ្នកដទៃក៏ធ្វើបានដែរ។ អ៊ីចឹង
និទ្ទណ្ឌភាពនៅក្នុងប្រទេសយើងនៅតែមានអ៊ីចឹង
ពីព្រោះការអនុវត្តខុសច្បាប់ ហើយមិនត្រូវបានទទួលទោស»។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ចេញផ្សាយកាលពីចុងខែតុលា បង្ហាញថា វប្បធម៌និទ្ទណ្ឌភាព
រាប់បញ្ចូលទាំងអំពើពុករលួយ ការគំរាមកំហែង
និងសូម្បីតែអំពើឃាតកម្មខ្លះ
ដែលជនល្មើសមិនត្រូវបាននាំខ្លួនយកមកផ្ដន្ទាទោស
មានការកើនឡើងជាលំដាប់នៅកម្ពុជា។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ក្នុងអំឡុងត្រឹមតែឆ្នាំ២០១២
និទ្ទណ្ឌភាពនៅកម្ពុជា បានកើនឡើង
ជុំវិញករណីអំពើឃាតកម្មមកលើសកម្មជនសិទ្ធិមនុស្សដ៏ល្បីឈ្មោះ លោក
ឈុត វុទ្ធី ករណីក្មេងស្រីអាយុ ១៤ឆ្នាំ ឈ្មោះ ហេង ចន្ថា
ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងរដ្ឋាភិបាល
ក្នុងពេលបណ្ដេញចេញដោយបង្ខំនៅខេត្តក្រចេះ និងអ្នកកាសែត លោក ហង្ស
សេរីឧត្តម
ដែលបន្ទាប់ពីបានសរសេរអត្ថបទស្ដីពីការកាប់ឈើខុសច្បាប់នៅខេត្ត
រតនគិរី៕
No comments:
Post a Comment