A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 6 October 2012

The reasons Mam Sonando was jailed for 20 years មូលហេតុ​ធ្វើ​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ទោស​ដល់​ទៅ​២០​ឆ្នាំ

ដោយ ទីន ហ្សាការីយ៉ា 2012-10-05 RFA

ការ​កាត់​ទោស​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ជា​បរិបទ​មួយ​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ចាប់​អារម្មណ៍ និង​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ផ្ដន្ទាទោស​លោក​រហូត​ដល់ ២០ឆ្នាំ ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់​នេះ។

RFA/Tep Soravy
លោក ម៉ម សូណង់ដូ (រូប​ពាក់​អាវ​ស) ចុះ​ពី​ឡាន​ចូល​ទៅ​បន្ទប់​សវនាការ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១២។
លើស​ពី​នេះ​ទៅ​ទៀត​នោះ អង្គ​ទូត​បណ្ដា​ប្រទេស​មហា​អំណាច​មួយ​ចំនួន ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​វិញ​ដែរ ពីព្រោះ​ថា ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក ម៉ម សូណង់ដូ មិន​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
តើ​មាន​កត្តា​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ទោស​ដល់​ទៅ ២០ឆ្នាំ​នោះ?
ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​សង្គម និង​អ្នក​វិភាគ បាន​លើក​ឡើង​ថា ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​មាន​កម្រិត​ ក្ដី ប៉ុន្តែ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន ដើម្បី​ចាត់​ការ​អ្នក​រិះគន់​នោះ គឺ​ល្អ​ជាង​ពី​ពេល​មុន ដែល​កម្ពុជា ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ចំពោះ​អ្នក​រិះគន់ ដោយ​ការ​បាញ់​សម្លាប់​នោះ។
ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា ទោះ​បី​ជា​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ត្រូវ​បាន​សាធារណជន និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​រិះគន់ និង​មិន​ទទួល​យក​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្ដី ប៉ុន្តែ​ការ​ប្រើប្រាស់​តុលាការ​ដើម្បី​កាត់​ទោស​អ្នក​រិះគន់​នេះ ជា​សញ្ញា​មួយ​ល្អ​ជាង​ពី​ពេល​មុន ដែល​អ្នក​រិះគន់​រដ្ឋាភិបាល ត្រូវ​គេ​បាញ់​សម្លាប់​ជា​ជាង​ការ​កាត់​សេចក្ដី​នោះ។
អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​លើក​ពី​ករណី​លោក ម៉ម សូណង់ដូ ថា ទោះ​បី​ជា​តុលាការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​គុក​ក្ដី ប៉ុន្តែ​លោក និង​មេធាវី​របស់​លោក មាន​សិទ្ធិ​ត​តាំង​នៅ​ក្នុង​សវនាការ​បាន​ខ្លះៗ ទោះ​ជា​តុលាការ​មិន​យក​ចម្លើយ​របស់​គាត់​ទៅ​សិក្សា​អំពី​ការ​ពិត​ថា​យ៉ាង​ណា ​នោះ​ក្ដី។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ មាន​ទឡ្ហីករណ៍​ជាច្រើន​ទៀត ដែល​អ្នក​វិភាគ​កត់​សម្គាល់​ឃើញ​តុលាការ​បាន​កាត់​ទោស និង​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​គុក ២០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល​ទៀត​នោះ គឺ​មូលហេតុ លោក សួន សេរីរដ្ឋា ជា​ប្រធាន​អង្គការ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។ ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា ជិត​ឈាន​មក​ដល់ ដូច្នេះ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​មាន​ការ​រិះគន់​ច្រើន​ទេ ពីព្រោះ​អាច​ប៉ះពាល់​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត។
ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នៅ​ពេល​នេះ ក៏​ជា​សារ​មួយ​ព្រមាន​ដល់​អ្នក​ហ៊ាន​រិះគន់​ដទៃ​ទៀត កុំ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដែរ ពីព្រោះ​ថា កន្លង​មក លោក ម៉ម សូណង់ដូ ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ ហើយ​លោក​តែង​តែ​រិះគន់​បញ្ហា​អសមត្ថភាព​ដឹកនាំ​របស់​រដ្ឋាភិបាល​ដោយ​ឥត​សំចៃ ​មាត់។
អ្នក​វិភាគ​បាន​លើក​ហេតុផល​ជាច្រើន​ទៀត​ថា ទោះ​បី​ជា​តុលាការ​បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ មិន​បាន​ពាក់ព័ន្ធ​នឹង​រឿង​ធ្វើ​អបគមន៍​ក៏ដោយ ប៉ុន្តែ​ចង់​មិន​ចង់ តុលាការ​ត្រូវ​តែ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ ពីព្រោះ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ចាប់​ខ្លួន​លោក​យក​មក​ដាក់​ទោស កាល​ពី​លោក ម៉ម សូណង់ដូ មិន​ទាន់​វិល​ត្រឡប់​ពី​បរទេស​វិញ​នោះ។
លោក កែម ឡី បន្ថែម​ថា ប្រសិន​បើ​តុលាការ​សម្រាល​ទោស ឬ​លើក​លែង​ទោស​លោក ម៉ម សូណង់ដូ នោះ ជា​សារ​មួយ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ឯ​បរទេស ឲ្យ​វិល​មក​កម្ពុជា ដែរ។ ម្យ៉ាង​វិញ​ទៀត លោក កែម ឡី បាន​លើក​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា កន្លង​មក ពិសេស​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦៧ នៅ​ក្នុង​របប លន់ នល់។
លោក កែម ឡី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​បទ​ពិសោធន៍​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា នៅ​សម័យ​អតីត​កាល ពិសេស​នៅ​ក្នុង​របប លន់ នល់ គឺ​រដ្ឋាភិបាល លន់ នល់ មាន​គោល​នយោបាយ​បញ្ចុះ​តម្លៃ​ស្រូវ ហើយ​ក្រុម​ឈ្មួញ​ចាប់​ផ្ដើម​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ថោក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​បះបោរ ដោយ​សារ​តែ​គាប​សង្កត់ គឺ​កើត​មាន​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង។
ប៉ុន្តែ ស្ថានភាព​តុលាការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ នៅ​ពេល​នេះ ក៏​ជា​ដើម​ចម​មក​ពី​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ហើយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ កំពុង​កើត​មាន​នៅ​ទូទាំង​ប្រទេស​ដែរ។
ឆ្លើយ​តប​ទៅ​នឹង​ករណី​នេះ អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យភាព និង​ជា​ប្រទេស​នីតិរដ្ឋ។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន កំពុង​តែ​គោរព និង​អនុវត្ត​ច្បាប់ ផ្ទុយ​ទៅ​វិញ លោក​បញ្ជាក់​ថា ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បែរ​ជា​ប្រឆាំង​នឹង​រដ្ឋាភិបាល ហើយ​គាំទ្រ​អ្នក​ទោស​ទៅ​វិញ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី១ តុលា នោះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ជាច្រើន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក ម៉ម សូណង់ដូ ដោយ​គ្មាន​លក្ខខណ្ឌ។
លើស​ពី​នេះ​ទៀត មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វិចតូរៀ នូឡេន (Victoria Nuland) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី២ តុលា បន្ទាប់​ពី​តុលាការ​ប្រកាស​សាលក្រម​មួយ​ថ្ងៃ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ដើម្បី​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ធានា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។
ម្យ៉ាង​វិញ​ទៀត ការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ នេះ នៅ​មុន​ពេល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barak Obama) នឹង​មក​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​វិច្ឆិកា ខាង​មុខ។
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​ពន្យល់​ថា តុលាការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ នេះ អាច​ទាក់​ទង​ទៅ​នឹង​ការ​មក​ចូល​រួម​ប្រជុំ​របស់​លោក អូបាម៉ា ពីព្រោះ​ថា សហរដ្ឋ​អាមេរិក នឹង​លើក​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក ម៉ម សូណង់ដូ ជាដើម ប៉ុន្តែ​រដ្ឋាភិបាល​នឹង​អាច​ត​ថ្លៃ​នៃ​ការ​លើក​លែង​ទោស​នេះ​ក៏​ថា​បាន។ អ្នក​វិភាគ​បាន​បញ្ជាក់​ថា តុលាការ​មិន​អាច​យក​ជីវិត​មនុស្ស មក​លេង​សើច​បាន​ទេ ពីព្រោះ​ករណី លោក ម៉ម សូណង់ដូ នេះ តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​តែ​រយៈពេល ៤ថ្ងៃ ហើយ​ផ្ដន្ទាទោស​ចំនួន ២០ឆ្នាំ។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ករណី​លោក ម៉ម សូណង់ដូ នេះ នឹង​អាច​មាន​ដំណោះស្រាយ ដោយ​អ្នក​នយោបាយ​នឹង​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​ផ្នែក​នយោបាយ ដើម្បី​លើក​លែង​ទោស​លោក​វិញ ពិសេស​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ករណី​លោក ម៉ម សូណង់ដូ ទោះ​បី​ជា​រដ្ឋាភិបាល​ទំនាក់​ទំនង​ជិត​ស្និទ្ធ និង​ពឹង​ផ្អែក​ជំនួយ​របស់​ចិន ក៏ដោយ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក៏​ត្រូវ​ការ​ជំនួយ​ចាំបាច់​ពី​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​ ដែរ ពីព្រោះ​ថា ផែនការ​ចំណាយ​ក្នុង​ឆ្នាំ​២០១២ របស់​រដ្ឋាភិបាល គឺ​ប្រមាណ ២ពាន់ ៥៦លាន​ដុល្លារ​អាមេរិក។ រដ្ឋាភិបាល​កម្ពុជា ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​ក្នុង​មួយ​ឆ្នាំៗ ចន្លោះ​ពី ៨០០​លាន​ទៅ ១ពាន់​លាន​ដុល្លារ​អាមេរិក។ ដូច្នេះ គេ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពី ​ប្រទេស​មហា​អំណាច​លោក​ខាង​លិច នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ខែ​វិច្ឆិកា នោះ។
លើស​ពី​នេះ​ទៀត ព្រះមហាក្សត្រ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ប្រទាន​លើក​ទោស​ដល់​អ្នក​ទោស ​នានា ក៏ប៉ុន្តែ ករណី​លោក ម៉ម សូណង់ដូ នេះ មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ពី​ព្រះមហាក្សត្រ​ខ្មែរ ថា​តើ​ព្រះអង្គ​នឹង​លូក​ដៃ​នៅ​ក្នុង​រឿង​នេះ ដើម្បី​លើក​ទោស​លោក ម៉ម សូណង់ដូ ដែរ​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

1 comment:

Anonymous said...

អញអគ្គមហាសេនាមេចោរ MECHO ប្រពន្ឋអញ មីជំទាវព្រិត្តិ ក្តិត​ BANDIT​ ចេញពីមហាចោរវិទ្យា
ល័យ។ អញគុំឯងយូរហើយ វិទ្យុឯងទិទៀនអញយូរ
ហើយ ជេរយួនចៅហ្វាយអញួយូរហើយ ដល់ពេល
អញប្រើអាតុលាការអញ ដាក់់គុកឯង២០ឆ្នាំំម្តង។

អញប្រើអាតុលាការធ្វើអីក៌បាន។នរណាធំជាងអាមហាសេនាមេចោរ-មីជំទាវលិតក្តិត-អាតូ-អាចូច-មី
ក្ណែត-មីមាណា-កូនអញសុទ្ឋតែជំទាវ-ឯកឧត្តម-
អាមន្ត្រីទាំងអស់ពេលអញហៅសុទ្ឋតែក្រោកឈរហើយសំពះអញទៀត-ដូចអាគាតឈន់-អាណុលឡា-អាគានហោ-និងពួកអាផ្កាយ