ការយកដីសាលារៀនទៅធ្វើជាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
នៅឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
ត្រូវបានសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រឆាំងតវ៉ាថា
ជាកេងប្រវ័ញ្ចទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋពីសំណាក់គណបក្សកាន់
អំណាច។
ជំទប់ទី១ និងជំទប់ទី២ ឃុំធ្លកវៀន មកពីគណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស
បានប្រឆាំងការយកដីសាលារៀនទៅសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។
លោក សេង សំ ជាជំទប់ទី១ ឃុំធ្លកវៀន។
លោកបានឲ្យដឹងនៅព្រឹកថ្ងៃទី៨ តុលា ថា មេឃុំធ្លកវៀន
និងជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំ គឺលោក មែ នាង
បានឃុបឃិតគ្នាជាមួយលោកនាយកសាលាកាត់យកដីរបស់សាលានេះមួយចំណែក
យកទៅកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំធ្លកវៀន។
លោកថា នេះជាទង្វើខុសច្បាប់
ព្រោះដីសាលារៀនគឺជាដីសាធារណៈរបស់រដ្ឋ គណបក្សប្រជាជនកម្ពុជា
ពុំមានសិទ្ធិយកទៅប្រើប្រាស់ជាផលប្រយោជន៍គណបក្សនេះឡើយ៖ «ខ្ញុំ
អត់គាំទ្រទេ តែគេធ្វើអត់ឲ្យខ្ញុំដឹងសោះ។ សម្រេចតែត្រឹមលោក សែន
សូត្រ ប្រធានគណៈកម្មការសាលាហ្នឹង។
ខាងសមាជិកក្រុមប្រឹក្សាឃុំអត់បានដឹងអីទាំងអស់
ហើយប្រហែលជានៅពេលប្រជុំប្រចាំខែ យើងនឹងលើកបញ្ហានេះឡើង
និងឲ្យប្រជាជនគេចូលរួមពិភាក្សាគ្នាមើល តើគួរឲ្យ ឬមិនឲ្យ...»។
ប្រហាក់ប្រហែលនឹងលោកជំទប់ទី១ លោក សេង សំ ដែរ លោក សុទ្ធ សូវ
ជាជំទប់ទី២ ឃុំធ្លកវៀន មកពីគណបក្សសិទ្ធិមនុស្សបានប្រតិកម្មថា
ដីសាលារៀនគឺជាដីរួមដែលគ្រប់គណបក្សអាចប្រើប្រាស់បាន
បើគណបក្សប្រជាជនកាត់យកទៅប្រើប្រាស់តែម្នាក់ឯង
គឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋ
និងគណបក្សនយោបាយផ្សេងទៀតក្នុងឃុំនេះ។
លោក សុទ្ធ សូវ៖ «ខ្ញុំ
បើសិនជាគេយកដីក្នុងសាលារៀននេះទៅធ្វើជាគណបក្ស
ខ្ញុំអត់គាំទ្រទេ ព្រោះអីខាងគណបក្សគឺរឿងផ្សេង
ឯដីសាលារៀនគឺជាដីរបស់ប្រជាពលរដ្ឋទាំងអស់គ្នាការពារទុក។មានន័យ
ថា យើងមិនមែនរើសអើងគណបក្សណាមួយនោះទេ
តែបើយកដីនេះទៅឲ្យគណបក្សណាមួយគឺខុស...»។
ទាក់ទិនចំពោះបញ្ហានេះ មេឃុំធ្លកវៀន គឺលោក មែ នាង បានពន្យល់ថា
ដីនេះត្រូវបានខាងសុរិយោដីកាត់ចេញពីដីសាលារៀនរួចហើយ
ហើយបានប្រគល់សិទ្ធិមកឲ្យគណបក្សប្រជាជនកម្ពុជា
កាន់កាប់ស្របច្បាប់រួចហើយ
ទើបគណបក្សប្រជាជនមានបំណងសាងសង់ទីស្នាក់ការគណបក្សដើម្បីបម្រើ
ប្រជាពលរដ្ឋក្នុងឃុំ។
លោក មែ នាង៖ «កាលណោះខាងអប់រំគេបានឲ្យដីនេះមកឲ្យគណបក្ស
ហើយបានទាំងកាត់ប្លង់ចេញជាពីរដាច់ពីគ្នារួចហើយ
ហើយខាងសាលាក៏ទទួលស្គាល់ផងដែរ។ ដីទំហំ ៣០ម៉ែត្រ គុណនឹង
៥០ម៉ែត្រទេ
យើងមានគម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា...»។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមអាដហុក
ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា
ប្រសិនបើរដ្ឋបានធ្វើអនុប្បយោគរួចហើយ
ការកាត់ចំណែកដីចេញពីសាលារៀនដែលជាដីសាធារណៈរបស់រដ្ឋយកទៅ
ប្រគល់ឲ្យនរណាម្នាក់
ដើម្បីប្រើប្រាស់ក្នុងការសាងសង់អ្វីមួយនោះមិនខុសច្បាប់នោះទេ។
លោកថា ផ្ទុយទៅវិញ
ប្រសិនបើរដ្ឋពុំទាន់បានធ្វើអនុប្បយោគប្រគល់ឲ្យទេនោះ
ដីនោះនៅតែជាដីរបស់រដ្ឋដដែល
ហើយរដ្ឋមានសិទ្ធិដកហូតយកមកវិញពេលណាក៏បាននៅពេលដែលរដ្ឋត្រូវ
ការ៕
No comments:
Post a Comment