លោក សុរិយា ស៊ូបែរឌី (Suriya Subedi)
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍
បានអះអាងថា របាយការណ៍លោកស្ដីពីការបោះឆ្នោត
និងសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា ធ្វើឡើងដោយហ្មត់ចត់
តាមស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
លោកបន្តថា របាយការណ៍នោះធ្វើឡើងផ្អែកលើកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ចំពោះច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
លោក ស៊ូប៊ែរឌី
បានឆ្លើយតបទៅនឹងការខឹងសម្បាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលចោទថា
របាយការណ៍សិទ្ធិមនុស្សរបស់លោកមិនឆ្លុះបញ្ចាំងពីការពិតពី
កម្ពុជា។
លោក សុរិយា ស៊ូបែរឌី
មានប្រសាសន៍ក្នុងសារអេឡិចត្រូនិកមកកាន់វិទ្យុអាស៊ីសេរី
កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា
ក្នុងនាមលោកជាអ្នកឃ្លាំមើលដំណើរការគោរពសិទ្ធិមនុស្ស
និងនីតិរដ្ឋនៅកម្ពុជា ដែលត្រូវបានតែងតាំងដោយអង្គការសហប្រជាជាតិ
ដូច្នេះលោកត្រូវតែបំពេញភារកិច្ចជាអ្នកជំនាញខាងសិទ្ធិមនុស្ស
ដោយឈរលើគោលការណ៍អព្យាក្រឹត និងឥតលំអៀង។
លោកបញ្ជាក់ថា
របាយការណ៍របស់លោកធ្វើឡើងដោយផ្អែកលើកាតព្វកិច្ចរបស់កម្ពុជា
ក្នុងការគោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ
និងការចុះសិក្សាស្រាវជ្រាវផ្ទាល់ដល់ទីកន្លែង
ដែលរងការរំលោភសិទ្ធិមនុស្ស។ លោកអះអាងថា
លោកបានជួបជាមួយក្រុមជនរងគ្រោះពីការរំលោភសិទ្ធិដីធ្លី
ក្រុមសង្គមស៊ីវិល
និងក្រុមអ្នកធ្វើកិច្ចការខាងផ្នែកច្បាប់នៅកម្ពុជា ជាដើម។
ជាមួយគ្នានេះផងដែរ
លោកក៏បានទទួលព័ត៌មានពីប្រភពផ្សេងៗក្នុងប្រទេសកម្ពុជា
ហើយបានផ្ទៀងផ្ទាត់ព័ត៌មានដែលលោកទទួលបាននោះនៅក្រោយសេចក្តី
សន្និដ្ឋានផ្ទាល់របស់លោក។
ការអះអាងរបស់លោក ស៊ូប៊ែរឌី ធ្វើឡើងជាការឆ្លើយតបទៅនឹងលោក ហ៊ុន
សែន ដែលបានចោទប្រកាន់របាយការណ៍របស់លោកថា សរសេរឡើងខ្វះការពិត។
លោក ហ៊ុន សែន៖ «អាហ្នឹងអង្គការសហប្រជាជាតិនឹងគេដែរ
ហើយដើរតឹកឡឹកៗមកអ៊ីចឹងទៅ ជួបនេះជួបណោះ ហើយទៅធ្វើរបាយការណ៍
រួចហើយឲ្យគេមកទទួលយក។
រដ្ឋអធិបតេយ្យមួយមិនអាចទទួលយកនូវអ្វីដែលជារបស់អ្នកដទៃបានទេ
ត្រូវសួរប្រជាពលរដ្ឋសិន។ ឥឡូវឆ្នាំ២០១៣ សួរប្រជាពលរដ្ឋទៅ
បើប្រជាពលរដ្ឋលែងត្រូវការគណបក្សប្រជាជន
ហើយគេបោះឆ្នោតទម្លាក់ហើយ។ បើបោះឆ្នោតទម្លាក់ហើយ
អ្នកឯងធ្វើទៅតាមលោកឯងហ្នឹងទៅ។ អាហ្នឹងខ្ញុំគ្រាន់តែថា
និយាយឲ្យសិស្សចេះទេ ប៉ុន្តែក៏វាមានចំណែកមួយឲ្យអ្នកដទៃចេះដែរ
កុំល្ងង់ពេក»។
របាយការណ៍របស់លោក សុរិយា ស៊ូប៊ែរឌី កាលពីចុងខែកញ្ញា
បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់មួយចំនួន
ដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០១៣ ប្រព្រឹត្តទៅបានដោយសេរី
និងយុត្តិធម៌ ព្រមទាំងជៀសវាងការរំលោភសិទ្ធិមនុស្ស។ របាយការណ៍នោះ
ក៏បានជំរុញឲ្យរដ្ឋាភិបាលបង្កើនតម្លាភាព និងគោរពច្បាប់
ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសម្បទានផ្សេងៗ។
លោកបញ្ជាក់ទៀតថា ពលរដ្ឋទូទៅកំពុងទាល់ច្រក
និងមិនសប្បាយចិត្តចំពោះវិបត្តិដីធ្លី។
ទោះជាយ៉ាងណាក៏ដោយ លោក កែវ រ៉េមី
អ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័សរបស់រដ្ឋាភិបាល នៅតែអះអាងថា
ទស្សនកិច្ចរបស់លោក ស៊ូបែរឌី នៅកម្ពុជាកន្លងមក
គឺដើម្បីជួបជាមួយក្រុមបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល
ដែលការពារបក្សប្រឆាំងប៉ុណ្ណោះ៖ «ឥឡូវ យើងមើលទៅអ្នកវិភាគឯករាជ្យ
សមាសភាពនៅឯណា មកពីណា ខ្ញុំដឹងទាំងអស់ហ្នឹង។ ហើយ អ៊ិន.ជី.អូ (NGO)
វិញ គាត់ទៅសម្ភាសជាមួយ អ៊ិន.ជី.អូ មួយចំនួនតូច ម៉េចនឹងកើត។
អ៊ិន.ជី.អូ មានច្រើនណាស់ដល់ជាងមួយពាន់ឯណោះ ហើយគាត់ទៅយកខាង
អ៊ិន.ជី.អូ ដែលគាំទ្រខាងគណបក្សប្រឆាំង។
ហើយគាត់ទៅជួបជាមួយតំណាងរាស្ត្រខាងបក្សប្រឆាំង ខ្ញុំថី មិនដឹង។
អ៊ីចឹងបានថាអ្វីដែលគាត់និយាយហ្នឹង ចេះតែនិយាយទៅ។ តែគ្រាន់ថា
ជំហរអព្យាក្រឹតមិនលំអៀងហ្នឹង ជាពាក្យសម្ដីរបស់មនុស្សទេ»។
លោក កែវ រ៉េមី បានផ្តល់អនុសាសន៍ដល់លោក សុរិយា ស៊ូប៊ែរឌី
ធ្វើការវាយតម្លៃស្ថានភាពរបស់កម្ពុជា ឲ្យបានគ្រប់ជ្រុងជ្រោយ
និងចូលរួមទទួលយកការពន្យល់បកស្រាយរបស់រដ្ឋាភិបាល។
ក្នុងរបាយការណ៍ជាងមួយរយទំព័ររបស់លោក ស៊ូប៊ែរឌី
ក៏បានបញ្ជាក់ផងដែរថា លោកពុំបានទទួលឯកសារពីប្រភពរដ្ឋាភិបាល
និងក៏មិនបានអនុញ្ញាតឲ្យជួបជាមួយក្រុមមន្ត្រីរបស់រដ្ឋាភិបាលនោះ
ដែរ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា
លោក សុរិយា ស៊ូប៊ែរឌី បានព្យាយាមម្តងហើយម្តងទៀត
ដើម្បីជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាល
ប៉ុន្តែលោកត្រូវបានគេបដិសេធ។ លោក អ៊ូ វីរៈ អះអាងថា
រដ្ឋាភិបាលកម្ពុជា មិនដែលមានរបាយការណ៍អំពីករណីរំលោភសិទ្ធិមនុស្ស
ដោយសាររដ្ឋាភិបាលខ្វះឆន្ទៈ និងសមត្ថភាព។ ហេតុដូច្នេះហើយ
ទើបបានជារដ្ឋាភិបាលគេចវេសពីការជួប
និងផ្តល់របាយការណ៍ដល់បេសកជនរូបនេះ។
លោកបន្តថា រដ្ឋាភិបាលគួរហ៊ានប្រឈមមុខនឹងលោក សុរិយា ស៊ូប៊ែរឌី
នៅពេលដែលលោកបង្ហាញរបាយការណ៍ជាសាធារណៈនៅមុខក្រុមប្រឹក្សាសិទ្ធិ
មនុស្ស របស់អង្គការសហប្រជាជាតិ កាលពីចុងខែកញ្ញា
ប្រសិនបើរដ្ឋាភិបាលយល់ថារបាយការណ៍លោក ស៊ូប៊ែរឌី
មិនឆ្លុះបង្ហាញពីការពិតនោះ៖ «នៅអង្គការសហប្រជាជាតិ
ពេលគេសើរើរបាយការណ៍ណាមួយ
គឺគេផ្តល់លទ្ធភាពឲ្យរដ្ឋាភិបាលក្នុងការឆ្លើយទាំងអស់។ តាមពិត
ជាកាតព្វកិច្ចរបស់រដ្ឋាភិបាលខ្មែរ ក្នុងការធ្វើរបាយការណ៍។
ប៉ុន្តែជាទូទៅ រដ្ឋាភិបាលខ្មែរ
មិនដែលធ្វើរបាយការណ៍ឲ្យគេទៅតាមតម្រូវការ
និងតាមកាតព្វកិច្ចរបស់ខ្លួនទេ។ ដូច្នេះ
យើងបរាជ័យលើកាតព្វកិច្ចរបស់ខ្លួនហ្នឹងច្រើនដងរួចមកហើយ។
ដូច្នេះហើយ បានជាកម្ពុជា
មានរូបភាពសិទ្ធិមនុស្សមិនល្អក្នុងពិភពលោកហ្នឹង
ដោយសារយើងមិនបានធ្វើរបាយការណ៍ត្រឹមត្រូវអំពីករណីរំលោភសិទ្ធិ
មនុស្ស»។
ចំណែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
របាយការណ៍ដ៏លម្អិត និងដ៏រសើបរបស់លោក សុរិយា ស៊ូប៊ែរឌី
អំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា
បានផ្អែកលើការសិក្សាស្រាវជ្រាវច្បាស់លាស់
ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលអាចឲ្យជឿទុកចិត្តបាន៖ «ដូច្នេះ
ខ្ញុំគិតថា ការចោទគាត់ថាបានភរកុហកអីហ្នឹង
ឬបានសួរពីសង្គមស៊ីវិល ឬបក្សប្រឆាំងហ្នឹង ដូចជាមិនត្រឹមត្រូវទេ។
ហើយប្រហែលអ្នកដែលនិយាយអ៊ីចឹង
គឺខ្វះខាតនូវបទពិសោធន៍ក្នុងការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនឯង។
ដូច្នេះ ខ្ញុំអាចសន្និដ្ឋានថាអ៊ីចឹង»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រដ្ឋាភិបាលខ្មែរ
មិនត្រូវបដិសេធរបាយការណ៍របស់លោក ស៊ូប៊ែរឌី
រួមនឹងការចោទប្រកាន់ថាមានភាពលំអៀងទៅខាងបក្សប្រឆាំងនោះទេ។
លោក សុរិយា ស៊ូប៊ែរឌី
ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា
ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីខែមិនា
ឆ្នាំ២០០៩។
កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន
ក៏បានបន្តុះបង្អាប់ប្រទេសរបស់លោក ស៊ូប៊ែរឌី
ថាកំពុងជួបវិបត្តិនយោបាយ ដែលគ្មានអ្វីល្អប្រសើរជាងកម្ពុជា ហើយថា
លោក ស៊ូប៊ែរឌី គួរតែទៅជួយប្រទេសនេប៉ាល របស់លោកវិញប្រសើរជាង៖ «ខ្ញុំ
មិននិយាយឲ្យចំទេ តែមនុស្សហ្នឹង គាត់ជាជនជាតិនៃប្រទេសមួយ
ដែលប្រទេសនោះគេសុំរៀនសូត្រពីកម្ពុជា វិញទេ។
សូម្បីប្រទេសរបស់គាត់អត់ទាន់មានរដ្ឋធម្មនុញ្ញទេម៉ោងនេះ។
អាហ្នឹងមកពីគាត់ពូកែពេក
ហើយសង្ឃឹមថាគាត់ទៅជួយនៅប្រទេសរបស់គាត់ល្អជាងស្រុកខ្មែរ។
ប្រទេសហ្នឹង លប់រាជានិយមបាត់ទៅហើយ។ ហើយនៅថ្ងៃមុន
ខ្ញុំបានជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសហ្នឹង
នៅឯទីក្រុងតេអេរ៉ង់។
សង្ឃឹមថាគាត់ទៅជួយនៅប្រទេសរបស់គាត់ល្អជាងប្រទេសខ្មែរ។
គាត់តាំងខ្លួនជាសាស្ត្រាចារ្យច្បាប់
ហើយបើគាត់ជាសាស្ត្រាចារ្យច្បាប់
ម៉េចមិនទៅស្រុកគាត់ទៅជួយសរសេររដ្ឋធម្មនុញ្ញ»។
កាលពីឆ្នាំ២០០៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក៏ធ្លាប់បានវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗដូច្នេះទៅលើតំណាង
ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក យ៉ាស ក្ហាយ (Yash Ghai)
ផងដែរ។
លោក ហ៊ុន សែន បានហៅលោក យ៉ាស ក្ហាយ ដែលកើតនៅប្រទេសខេនយ៉ា (Kenya)
ថា ជាប្រភេទអ្នកទេសចររយៈពេលយូរ បន្ទាប់ពីលោក យ៉ាស ក្ហាយ
បានសរសេររបាយការណ៍លាតត្រដាងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា
និងស្នើអោយមានធ្វើកំណែទម្រង់
ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
ទាំងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
និងលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
ការដែលរដ្ឋាភិបាលបង្វែរប្រតិកម្មរបស់ខ្លួនមកលើបុគ្គល
ឬជាតិសាសន៍នៃបេសកជនពិសេសរបស់អង្គការសហប្រជាជាតិនេះ
គឺជាវប្បធម៌លាបពណ៌ដ៏អាក្រក់មួយ
ដែលធ្វើឲ្យខូចមុខមាត់របស់កម្ពុជា ក្នុងឆាកអន្តរជាតិ៖ «នៅក្នុង
ពិភពលោក គេនឹងជឿបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ
ជាងរដ្ឋាភិបាលកម្ពុជា។ ដូច្នេះការចោទប្រកាន់លោក សុរិយា ស៊ូប៊ែរឌី
នេះវាធ្វើឲ្យកាន់តែមានរូបភាពអាក្រក់ក្នុងឆាកអន្តរជាតិ
ដែលធ្វើឲ្យគេកាន់តែមិនសប្បាយចិត្តសម្រាប់កម្ពុជា
ហើយអ្នកវិនិយោគគេកាន់តែខ្លាចក្នុងការវិនិយោគក្នុងប្រទេសមួយដែល
មិនមានការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ ដូច្នេះ
ខ្ញុំមើលទៅអ្នកដែលប៉ះពាល់ខ្លាំងជាងគេនោះ
គឺពលរដ្ឋដែលជាអ្នករកស៊ី និងអ្នកក្រីក្រ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
រដ្ឋាភិបាលខ្មែរគួរចាត់ទុករបាយការណ៍របស់លោក ស៊ូប៊ែរឌី
ជាកញ្ចក់មួយដើម្បីឆ្លុះបញ្ចាំងអំពីករណីរំលោភសិទ្ធិមនុស្សក្នុង
ប្រទេសកម្ពុជា និងសារភាពថា កម្ពុជាមានការខ្វះខាត
ហើយនឹងធ្វើការកែលំអឲ្យល្អប្រសើរឡើងវិញ។ លោកបន្តថា
ទាល់តែរដ្ឋាភិបាលកម្ពុជា
មានភាពចាស់ទុំក្នុងការបើកចំហផ្លូវចិត្តទទួលយកការរិះគន់ដើម្បី
ស្ថាបនា នោះទើបសង្គមអាចមានភាពរីកចម្រើនជឿនលឿនទៅមុខ៕
5 comments:
don't get mad, take it easy, dear
7 October 2012 11:26 AM
Are you happy with your freedom of speech? Hopefully, you’ve expressed by yourself and not copied from someone. Well, at least one in a million like you to express the negative way in order to defend your God father (Hun Sen) but, actually not protecting your country anyway.
Good for you! Keep defending your God father with your dull-head.
It is nature of iliterate PM.
I don't know how long I can wait for Hun Sen to act in good behavior.
It is really so disgraceful to Cambodian nation as a whole having a PM like this.
Post a Comment