អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ
រិះគន់ចំពោះសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ តុលា
ដែលផ្ដោតទៅលើរឿងក្តីលោក ម៉ម សូណង់ដូ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកថា
សេចក្តីថ្លែងការណ៍នោះ
ធ្វើឡើងក្នុងបំណងវាយប្រហារលើក្រុមរិះគន់រដ្ឋាភិបាល។
ការរិះគន់នេះ
ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការ
បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា តាមរយៈសវនាការ
តុលាការរកឃើញថា លោក ម៉ម សូណង់ដូ ជាក្បាលម៉ាស៊ីននៃចលនាអបគមន៍។
អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា
ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមមន្ត្រីរដ្ឋាភិបាលជាបន្តបន្ទាប់
ទប់ទល់ទៅនឹងមតិជាតិ និងអន្តរជាតិនោះ
ថាជាការរកលេសដើម្បីគេចពីការពិតក្នុងសំណុំរឿងលោក ម៉ម សូណងដូ។
នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ី
នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម
(Brad Adams) នៅថ្ងៃទី៦ តុលា មានប្រសាសន៍ថា ធាតុពិត លោក ម៉ម សូណង់ដូ
និងពលរដ្ឋនៅខេត្តក្រចេះ
មិនបានបង្កើតតំបន់អបគមន៍ដូចតុលាការចោទប្រកាន់នោះទេ។ លោកបន្តថា
រដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ និងបរិយាយវាយបកចំពោះមតិរិះគន់
ក្នុងរឿងក្តីលោក ម៉ម សូណង់ដូ ជាប្រការគួរឲ្យព្រួយបារម្ភ
ចំពោះសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជា។
លោក ប្រែដ អាដាម បញ្ជាក់ថា តុលាការកម្ពុជាមិនមានភស្តុតាងណាមួយច្បាស់លាស់រឹងមាំ ដើម្បីដាក់បន្ទុកលោក ម៉ម សូណងដូ នោះទេ៖ «សេចក្ដី
ថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា លោក ម៉ម សូណង់ដូ
ជាក្បាលម៉ាស៊ីនចលនាអបគមន៍នោះ វាមិនអាចទៅរួចឡើយ
ហើយជាការលើកឡើងមិនសមហេតុផល។ ខ្ញុំគិតថា
វាជាសញ្ញាមួយគួរឲ្យព្រួយបារម្ភ»។
ការរិះគន់នេះ
ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការ
បរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី៥ ខែតុលា
ឆ្នាំ២០១២ បានលើកឡើងមាន ៥ចំណុច ដូចជា ចំណុចទី១ រឿងក្តីលោក ម៉ម
សូណង់ដូ និងគូកន មិនមែនជារឿងនយោបាយនោះទេ។ ចំណុចទី២
តុលាការសម្រេចដាក់ទោសលោក ម៉ម សូណង់ដូ តាមរយៈភស្តុតាងជាក់ស្ដែង
បង្ហាញថា លោក ម៉ម សូណង់ដូ ជាក្បាលម៉ាស៊ីននៃចលនាអបគមន៍។ ចំណុចទី៣
ករណីលោក ម៉ម សូណង់ដូ មិនប៉ះពាល់ដល់វិទ្យុសំបុកឃ្មុំឡើយ។ ចំណុចទី៤
ការរិះគន់ ការសម្រេចទោសរបស់តុលាការ
ជះឥទ្ធិពលដល់ឯករាជ្យភាពរបស់តុលាការកម្ពុជា។ ចំណុចទី៥
កម្ពុជាមិនអនុញ្ញាតឲ្យបង្កើតតំបន់អបគមន៍បានទេ។
កន្លងទៅ អនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក លោក កែវ រ៉េមី
ធ្លាប់មានប្រសាសន៍ថា សង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន
ប្រើលេសសិទ្ធិមនុស្ស
ដើម្បីកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា។ លោករិះគន់លោក ប្រែដ
អាដាម និងសង្គមស៊ីវិលមួយចំនួនថា
ពួកគេកំពុងបង្កើតវប្បធម៌គាំទ្រអ្នកទោស
ហើយប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។
លោក កែវ រ៉េមី៖ «ទាក់ទងលោក ម៉ម សូណង់ដូ ក្តី និងបុគ្គលផ្សេងទៀត
តើរដ្ឋាភិបាលអនុវត្តចំពោះតែអ្នកទាំងប៉ុន្មាននាក់ហ្នឹង
ឬយ៉ាងម៉េច? លោក ប្រែដ អាដាម គាត់ចោទប្រកាន់ថា
ជានាយករដ្ឋមន្ត្រីថាមានកម្លាំងទ័ព មានកម្លាំងប៉ូលិសពេញលេញ
មានទ្រព្យសម្បត្តិហូរហៀរតាមរយៈប្រព្រឹត្តពុករលួយ និយាយនេះ
គឺចោទប្រកាន់ធ្ងន់ធ្ងរតែម្តង បរទេសខ្លះគឺចង្រៃតែម្តង មែនទែន
អ្នកជ្រកក្រោមផ្លាកសិទ្ធិមនុស្សហ្នឹង
គឺបេសកកម្មប្រឆាំងរដ្ឋាភិបាលតែម្តង»។
ទោះយ៉ាងណាក្តី លោក ប្រែដ អាដាម ពន្យល់ថា បេសកកម្មរបស់លោក
គឺការពារសិទ្ធិមនុស្សនៅកន្លែងណាដែលមានការរំលោភសិទ្ធិមនុស្ស
លោកត្រូវតែឈឺឆ្អាល។ លោកបន្តថា លោក ម៉ម សូណង់ដូ
មិនមែនជាអ្នកទោសដូចការសម្រេចរបស់តុលាការ
ដែលមានរដ្ឋាភិបាលនៅពីក្រោយខ្នងនោះឡើយ។
ក្នុងករណីផ្ដន្ទាទោសរបស់លោក ម៉ម សូណង់ដូ ត្រូវបានប្រទេសមហាអំណាច
រួមមាន សហរដ្ឋអាមេរិក បារាំង សហភាពអឺរ៉ុប អង្គការសិទ្ធិមនុស្សជាតិ
អន្តរជាតិ និងអង្គការការពារអ្នកកាសែតជាតិ អន្តរជាតិ
បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយចាត់ទុកថា
ប្រព័ន្ធតុលាការកម្ពុជា មិនឯករាជ្យ ហើយថា រឿងក្តីរបស់លោក ម៉ម
សូណង់ដូ ជារឿងនយោបាយ
និងនាំឲ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិនៅកម្ពុជា៕
No comments:
Post a Comment