ប្រជាពលរដ្ឋមានលំនៅឋានតាមព្រំដែនកម្ពុជា-វៀតណាម
ក្នុងខេត្តតាកែវ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីធ្វើកសិកម្ម
បណ្ដាលមកពីការបោះបង្គោលកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ។
ផែនការបោះកំណត់ព្រំដែនគោករវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម គ្រោងបញ្ចប់ត្រឹមឆ្នាំ២០១២។
ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម
មួយចំនួនតែងតែមានបញ្ហាទាក់ទងរឿងដីធ្លី
ដោយសារប្រទេសទាំងពីរមិនទាន់មានការកំណត់ព្រំដែនជាក់លាក់ផ្លូវ
ការ។
ពលរដ្ឋមិនបង្ហាញអត្តសញ្ញាណ រស់នៅស្រុកបូរីជលសារ ខេត្តតាកែវ
បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ប៉ុន្មានឆ្នាំមកនេះ អាជ្ញាធរវៀតណាម
បានព្រមាន និងហាមមិនឲ្យពួកគាត់ធ្វើស្រែតាមព្រំដែនទេ
ជាហេតុនាំឲ្យដីស្រែពួកគាត់មួយចំនួនត្រូវទុកចោល។
កង្វល់នេះកន្លងមក
ពួកគាត់បានផ្តល់ព័ត៌មានជូនអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានជាច្រើន
ដង ប៉ុន្តែអាជ្ញាធរមិនបានជួយឈឺឆ្អាលទេ។
លោកថា សព្វថ្ងៃនេះអ្វីដែលកសិករកំពុងព្រួយបារម្ភធំបំផុតនោះ
គឺបារម្ភខ្លាចបាត់ដីកសិកម្មធ្លាប់បង្កបង្កើនផលពីដូនតាបន្តទៀត
ដោយសារការបោះកំណត់ព្រំដែនកម្ពុជា-វៀតណាម។ លោកថា
ស្ថានភាពរស់នៅរបស់ពលរដ្ឋតាមព្រំដែនសព្វថ្ងៃនេះ រស់ទាំងភ័យខ្លាច
និងមិនហ៊ាននិយាយស្តីលើបញ្ហាការហូរចូលនៃជនអន្តោប្រវេសន៍វៀតណាម
ឬការបាត់បង់ដីកសិកម្មទៅឲ្យប្រទេសវៀតណាម នោះទេ
ព្រោះត្រូវអាជ្ញាធរគំរាម។
ទាក់ទិនបញ្ហានេះ អាជ្ញាធរពាក់ព័ន្ធខេត្តតាកែវ
បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញកង្វល់ពលរដ្ឋ
ឬបញ្ហាព្រំដែននេះទេ ដោយអះអាងថា
ត្រូវប្រមុខដឹកនាំស្រាយបំភ្លឺក្នុងរដ្ឋសភារួចហើយ កាលពីថ្ងៃទី៩
ខែសីហា ឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា
ក្នុងកិច្ចប្រជុំសភា បានចំណាយពេលជាង ៥ម៉ោង
ដើម្បីបកស្រាយបញ្ហាព្រំដែនតបទៅនឹងសំណួររបស់លោក សុន ឆ័យ
សមាជិកសភាគណបក្ស សម រង្ស៊ី។ ក្នុងឱកាសនោះ លោកធានាអះអាងថា
ការបោះកំណត់ព្រំដែនរវាងកម្ពុជា-វៀតណាម "កម្ពុជានឹងមិនខាត
ឬបាត់បង់ដីឡើយ សូម្បីតែ ១ម៉ែត្រក្រឡាក៏ដោយ"។
បន្ថែមលើនេះ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ លោក ហ៊ុន សែន
បានបន្តលើកយកលើបញ្ហាបោះបង្គោលព្រំដែន
និងការដោះដូរភូមិមួយចំនួន នៅតាមព្រំដែន រវាងកម្ពុជា និងវៀតណាម៖ «ជម្រើស
ជម្លៀសប្រជាជន កាត់ភូមិខ្មែរឲ្យវៀតណាម កាត់ភូមិវៀតណាម ឲ្យខ្មែរ
អាជម្រើសហ្នឹងទៅមិនរួចទេ។ ជម្រើសរើភូមិវៀតណាម ចេញ
ឬរើភូមិខ្មែរចេញ អាជម្រើសហ្នឹងក៏ទៅមិនរួចដែរ
នៅតាំងពីដូនតាផ្នូរខ្មោចផ្នូរអីនៅទីនោះទាំងអស់។ អ៊ីចឹង
សល់តែជម្រើសតែមួយគត់ ដែលងាយស្រួលជាងគេ
គឺជម្រើសខ្សែផែនទីសារ៉េទៅតាមការកាន់កាប់ជាក់ស្ដែងរបស់
ប្រជាពលរដ្ឋ»។
ទោះយ៉ាងណា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍នៅថ្ងៃទី៩
ខែតុលា ឆ្នាំ២០១២
សុំឲ្យរដ្ឋាភិបាលពិនិត្យលើកង្វល់ពលរដ្ឋខេត្តតាកែវ និងខេត្តផ្សេងៗ
លើបញ្ហាដោះដូរដី ឬភូមិតាមព្រំដែនរវាងកម្ពុជា-វៀតណាម
ឲ្យបានត្រឹមត្រូវ៖ «យើងចង់ឲ្យមានការពិនិត្យមើលឡើងវិញ
ពីព្រោះការដែលបោះបង្គោលយកខ្នាត ១លើ៥០ពាន់ គឺមានន័យថា
យកតាមផែនទីទាហានអាមេរិកកាំង។
មិនមែនកំណត់ផែនទីដែលបានតម្កល់នៅអង្គការសហប្រជាជាតិ
ដែលយើងកំណត់យកខ្នាត ១លើ១០០ពាន់ផងទេ។ អ៊ីចឹងហើយ
បានជាធ្វើឲ្យកម្ពុជាយើងមានការខាតបង់ ហើយយើងមើលឃើញជាក់ស្ដែង
បង្គោលចេះតែលយចូលមកក្នុងទឹកដីកម្ពុជា»។
របាយការណ៍ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា
ក្នុងចំណោមផ្ទៃដីដែលកម្ពុជា លយចូលវៀតណាម សរុបចំនួន ៩១៦ហិកតារ
និងវៀតណាម លយចូលមកប្រទេសកម្ពុជា សរុបចំនួន ២.១៦០ហិកតារ។ ការលយនេះ
មាននៅខេត្តកំពង់ចាម កម្ពុជា លយចូលវៀតណាម ចំនួន ៣៨៥ហិកតារ និងវៀតណាម
លយចូលកម្ពុជា ចំនួន ៨២៥ហិកតារ។ នៅខេត្តស្វាយរៀង កម្ពុជា លយចូលវៀតណាម
ចំនួន ២៨៩ហិកតារ និងវៀតណាម លយចូលកម្ពុជា ចំនួន ១.១០០ហិកតារ។
នៅខេត្តព្រៃវែង កម្ពុជា លយចូលវៀតណាម ចំនួន ៥៤ហិកតារ និងវៀតណាម
លយចូលកម្ពុជា ចំនួនជាង ៣០ហិកតារ។ នៅខេត្តតាកែវ កម្ពុជា លយចូលវៀតណាម
ចំនួនជាង ១៥៩ហិកតារ និងវៀតណាម លយចូលកម្ពុជា ចំនួនជាង ១៥១ហិកតារ។
នៅខេត្តកំពត កម្ពុជា លយចូលវៀតណាម ចំនួនជាង ២៩ហិកតារ និងវៀតណាម
លយចូលកម្ពុជា ចំនួន ៥៣ហិកតារ។
ខេត្តដែលកម្ពុជា និងវៀតណាម បានឯកភាពដោះដូរទឹកដី
មានខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ។ រីឯខេត្តស្វាយរៀង
និងខេត្តមួយចំនួនទៀត កំពុងស្ថិតក្នុងការពិភាក្សាគ្នា៕
No comments:
Post a Comment