នាយករដ្ឋមន្ត្រីអំពាវនាវឲ្យក្រុមហ៊ុនចិនបង្កើនគុណភាពសាងសង់ផ្លូវនិងស្ពាន
ដោយ សុខ សេរី 2012-10-09 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែតុលា
បានបើកការដ្ឋានសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង
៣០គីឡូម៉ែត្រ ចាប់ពីស្ពានជ្រោយចង្វា ដល់ព្រែកក្តាម
ជាយទីក្រុងភ្នំពេញ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី៩ ខែតុលា
បានអំពាវនាវសុំឲ្យក្រុមហ៊ុនចិន ឈ្មោះ សៀងហៃ គ្រុប (Saing Hai Group)
បង្កើនគុណភាពសាងសង់ផ្លូវថ្នល់ និងស្ពាននានា នៅកម្ពុជា
ដើម្បីប្រើប្រាស់គង់វង្សបានយូរ
ជៀសវាងការខូចខាតដោយងាយៗក្រោយពីការសាងសង់ហើយ។
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ នោះ
គឺត្រូវចំណាយថវិកាចំនួនជាង ៥៦លានដុល្លារអាមេរិក
ជាកម្ចីឥណទានពីប្រទេសចិន នៅក្នុងចំណោមកម្ចីឥណទានសរុបចំនួនជាង
៤០០លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន៨
ដែលត្រូវបានចុះហត្ថលេខា កាលពីខែធ្នូ ឆ្នាំ២០០៩ កន្លងទៅ
រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអនុប្រធានាធិបតីចិន លោក ស៊ីជិន
ពីង (XiJinping) នៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋជាង ៥.០០០នាក់
នៅក្នុងពិធីបើកការដ្ឋានសាងសង់នោះថា យើងត្រូវការផ្លូវថ្នល់
និងស្ពាន ដែលមានគុណភាពជាប់បានយូរ៖ «ព្រោះបទពិសោធន៍មួយដែល
ក្រុមហ៊ុន សៀងហៃ គ្រុប ត្រូវបន្តដកបទពិសោធន៍
គឺការកសាងផ្លូវជាតិលេខ៧ គឺថាអាហ្នឹង គឺធ្វើអត់ជាប់ទេ។
ប្រហែលវាមានមូលហេតុអ្វីវានៅខាងក្រោម
ហើយដែលតម្រូវត្រូវយកស្តង់ដារបែបថ្មី។ អាហ្នឹង
គ្រាន់តែផ្តល់អនុសាសន៍សម្រាប់ការចរចារវាងក្រសួងសាធារណការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងក្រុមហ៊ុនបន្តទៅទៀតនូវគម្រោងនានា»។
ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសកម្ពុជា លោក ផាន ហ្គួងហ្សេ (Phan
Gung Xe) បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥ នេះ
គឺជាផ្លូវសេដ្ឋកិច្ចរវាងកម្ពុជា និងថៃ៖ «ផ្លូវនេះមានសារសំខាន់
ចំពោះការជំរុញរបរទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល
និងតំបន់ជុំវិញទីក្រុងភ្នំពេញ។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន សៀងហៃ គ្រុប
ដែលគាត់សាងសង់ផ្លូវថ្នល់ និងសាងសង់ពង្រីកផ្លូវជាច្រើន
នឹងធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រជាជន
និងអាជ្ញាធរដែនដី»។
ទាក់ទងនឹងគុណភាពនៃការសាងសង់កន្លងមកដោយក្រុមហ៊ុនចិន នោះ
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ
បានមានប្រសាសន៍ថា ការក្រើនរំលឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាសញ្ញាវិជ្ជមាន៖ «ហើយរឿងទាំងអស់ហ្នឹង គឺអំពើពុករលួយតែម្តង។
អំពើពុករលួយហ្នឹង ចេញពីណាមក ចេញពីស្ថាប័នមួយចំនួន។ អីចឹង
បើលោកបានដឹងជាការល្អ ហើយចាត់វិធានការទៅ
ដាក់ឲ្យមានការដេញថ្លៃឲ្យបានត្រឹមត្រូវ ឲ្យមានយន្តការធ្វើ
និងយន្តការត្រួតពិនិត្យ ដើម្បីធានាថា
គុណភាពនៃការធ្វើហេដ្ឋារចនាសម្ព័ន្ធទាំងអស់ហ្នឹង ស្របតាមស្តង់ដារ»។
ប្រជាពលរដ្ឋឈ្មោះ អ៊ំ ជួប អាយុ ៥៣ឆ្នាំ នៅសង្កាត់សំរោង ខណ្ឌសែនសុខ
ក្រុងភ្នំពេញ ដែលបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់នោះ
បាននិយាយថា លោករីករាយនឹងគម្រោងសាងសង់នេះ៖ «ធំទៅយើង ចិត្តយើងទូលាយ កុំឲ្យចរាចរណ៍កកស្ទះ។ កន្លងមកផ្លូវតូច ឧស្សាហ៍មានគ្រោះថ្នាក់»។
កន្លងមកក្រុមហ៊ុន សៀងហៃ គ្រុប (Saing Hai Group) របស់ចិន
បានទទួលសាងសង់កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីស្ពានជ្រោយចង្វា
ដល់ផ្លូវកែងនៅស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រុមហ៊ុន សៀងហៃ គ្រុប នោះ
ក៏បានទទួលការសាងសង់ដែរនូវស្ពានថ្មីមួយ នៅក្បែរស្ពានជ្រោយចង្វា។
ក្រៅពីការនិយាយផ្ដោតលើការសាងសង់កំណាត់ផ្លូវជាតិលេខ៥ នោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដែរថា
លោកសូមឲ្យមហាសន្និបាតនៃបក្សកុម្មុយនីស្តចិន នៅថ្ងៃទី៨ ខែវិច្ឆិកា
ឆ្នាំ២០១២ ខាងមុខនេះ ប្រកបដោយជោគជ័យ
ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ចិន៖ «ការរីកចម្រើននៃ
សេដ្ឋកិច្ចរបស់ចិន ព្រោះកំណើននៃសេដ្ឋកិច្ចចិន
វានឹងផ្តល់នូវការរួមចំណែក មិនត្រឹមតែជួយប្រជាជនចិន ខ្លួនឯងទេ
គឺជួយដល់ប្រទេសអភិវឌ្ឍន៍ដទៃទៀត»។
គណបក្សកុម្មុយនីស្តចិន
គឺមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជា
និងគណបក្សហ៊្វុនស៊ិនប៉ិច
នៅក្នុងរដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្ននេះ៕
3 comments:
i'm proud of cambodia be partner with big brother china, it was the best.
Most roads built by Chinese companies got potholes and had to be repaired in one years. Very low quality, but expensive to build, it's a rip off.
Stop borrow money from China and putting the burden on the next generation to pay the bill.Its irresponsible on your parts.China ribs off your Cpp regime big time.
Post a Comment