អ្នកនយោបាយ និងមន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួនរំពឹងថា
ករណីលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
នឹងត្រូវមានការសម្របសម្រួលមួយតាមផ្លូវនយោបាយ។
ការយល់ឃើញដូច្នេះ ពីព្រោះគេសង្កេតឃើញថា
ការចាប់ខ្លួនលោកស្ថិតនៅលើទិដ្ឋភាពនយោបាយ
ជាជាងពាក់ព័ន្ធនឹងការចោទប្រកាន់លើបទល្មើសនានា។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា ករណីលោក ម៉ម សូណង់ដូ
ត្រូវតែដោះស្រាយតាមប្រព័ន្ធតុលាការ
ដោយមិនមានការសម្របសម្រួលតាមរូបភាពនយោបាយ ឬផ្សះផ្សាជាតិនោះទេ។
សំឡេងស្រែកកងរំពងដង្ហោយហៅរកយុត្តិធម៌ជូនលោក ម៉ម សូណង់ដូ
នៅតែបន្ទរឡើងជាបន្តបន្ទាប់ ចាប់តាំងពីពាក់កណ្ដាលខែកក្កដា
រហូតមកដល់ដើមខែតុលា នេះ។
បន្ទាប់ពីតវ៉ាទាមទាររកយុត្តិធម៌នៅក្បែរសាលាដំបូងរាជធានី
ភ្នំពេញ មិនបានជោគជ័យ សមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម
សូណង់ដូ ប្រមាណ ១០០នាក់
នាំគ្នាយកញត្តិទៅថ្វាយព្រះមហាក្សត្រនៅព្រះបរមរាជវាំង
កាលពីថ្ងៃទី៨ តុលា
ដើម្បីសុំកិច្ចអន្តរាគមន៍ពីព្រះអង្គសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ។
ញត្តិនោះ មានទាំងស្នាមមេដៃអ្នកគាំទ្រជាង ១៤ម៉ឺននាក់
ហើយអ្នកទាំងនោះបានអះអាងថា លោក ម៉ម សូណង់ដូ
អត់មានពាក់ព័ន្ធនឹងរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ
ដូចរដ្ឋាភិបាលចោទប្រកាន់នោះទេ។
ទាក់ទងនឹងការដាក់ញត្តិថ្វាយព្រះមហាក្សត្រនេះ
តំណាងសមាជិកសមាគមអ្នកប្រជាធិបតេយ្យ លោក ស៊ា សុផុន
បញ្ជាក់ពីមូលហេតុដែលពួកគាត់នាំយកញត្តិមកថ្វាយព្រះមហាក្សត្រនេះ
ដោយសារពួកគាត់ពុំមានជំនឿលើប្រព័ន្ធតុលាការកម្ពុជា។
លោកបញ្ជាក់ថា តុលាការមិនឯករាជ្យ កាត់ក្តីមិនយុត្តិធម៌
ជាការចោទប្រកាន់ដែលមិនមានការពិតជាក់ស្ដែងចំពោះលោក ម៉ម សូណង់ដូ។
ទាក់ទងនឹងការផ្ដន្ទាទោសលោក ម៉ម សូណង់ដូ នេះដែរ បក្សនយោបាយ
និងមន្ត្រីសង្គមស៊ីវិលបានបង្ហាញទស្សនៈថា រឿងនេះជារូបភាពនយោបាយ
ដូច្នេះគួរតែមានការចរចាតាមផ្លូវនយោបាយ ដើម្បីបញ្ចប់បញ្ហានេះ។
លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងក្នុងប្រទេសកម្ពុជា
ដែលកំពុងនិរទេសខ្លួននៅខាងក្រៅប្រទេសនោះ មានប្រសាសន៍ថា ករណីលោក
ម៉ម សូណង់ដូ មិនមែនជារឿងតុលាការទេ គឺជារឿងឆាកល្ខោននយោបាយមួយ
ហើយលោកជឿថា លោក ម៉ម សូណង់ដូ
នឹងត្រូវគេដោះលែងនៅពេលដ៏ឆាប់ខាងមុខនេះ។
ទាក់ទងបញ្ហានេះដែរ លោកបណ្ឌិត ឡៅ ម៉ុងហៃ
អ្នកវិភាគឯករាជ្យបានសង្កេតឃើញថា តាំងពីដំបូងមក
ការចោទប្រកាន់រហូតមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ
គឺធ្វើឡើងក្រោមទិដ្ឋភាពនយោបាយ។
លោករំពឹងថា ករណីនេះនឹងមានការតម្រឹមតាមបែបផែននយោបាយ
តែគេនៅតែប្រើប្រព័ន្ធតុលាការដដែល។ តែទោះយ៉ាងណា លោកថាករណីលោក
ម៉ម សូណង់ដូ លើកនេះ អាចចំណាយពេលយូរជាងពេលមុនៗ
ឬអាស្រ័យលើទម្ងន់នៃកិច្ចអន្តរាគមន៍ពីអន្តរជាតិ។
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី លោកមានប្រសាសន៍ថា
ប្រទេសម្ចាស់ជំនួយគេបានបញ្ជាក់ហើយថា
គេនឹងមិនលូកដៃចូលក្នុងរឿងអំណាចតុលាការនោះទេ
ព្រោះជាឯករាជ្យភាពរបស់ប្រទេសមួយ ដែលមិនអាចជ្រៀតជ្រែកបាន។
ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក
ម៉ម សូណង់ដូ ត្រូវសាលាដំបូងរាជធានីភ្នំពេញ
ប្រកាសសាលក្រមកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ
និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពីបទនៅក្រោយខ្នងក្រុមលោក ប៊ុន
រដ្ឋា ដែលរដ្ឋាភិបាលបានចាត់ទុកក្រុមនេះថា
ប៉ុនប៉ងបង្កើតតំបន់អបគមន៍ នាភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង
ខេត្តក្រចេះ ជាការជាប់ឃុំលើកទីបី។
បើប្រៀបធៀបនឹងការជាប់ទោសចំនួនពីរលើកកន្លងមក លើកទី៣នេះ
មានស្ថានភាពធ្ងន់ធ្ងរជាងមុន ដោយសារជាប់ទោសពីរលើកមុន
មានរយៈពេលខ្លី និងមិនទាន់ឈានដល់បើកសវនាការនោះទេ។
ទោះយ៉ាងណា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ
រួមក្រសួងការបរទេសអាមេរិកផង
បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់
សុំឲ្យសាលាដំបូងដោះលែងលោក ម៉ម សូណង់ដូ។ ស្ថាប័នទាំងនោះ
បានហៅការកាត់ក្ដីរបស់តុលាការរាជធានីភ្នំពេញថា មិនត្រឹមត្រូវ
និងអយុត្តិធម៌។
លោក ម៉ម សូណង់ដូ ត្រូវបានរដ្ឋាភិបាលចាប់ដាក់គុកលើកទីមួយ
កាលពីឆ្នាំ២០០៣ គាត់ជាប់គុកព្រៃស រយៈពេលជាង ២អាទិត្យ
បន្ទាប់ពីតុលាការបានចោទថា លោកផ្សាយព័ត៌មានមិនពិត
អុជអាលឲ្យប្រជាពលរដ្ឋឲ្យប្រព្រឹត្តហិង្សា
និងប្រកាន់ពូជសាសន៍តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទក្នុងកម្មវិធី
ផ្សាយព័ត៌មានរបស់វិទ្យុសំបុកឃ្មុំ។ លើកទី២ នៅឆ្នាំ២០០៥ លោក ម៉ម
សូណង់ដូ ត្រូវតុលាការចេញដីកាចាប់ខ្លួនម្ដងទៀត
ហើយកាត់ទោសឲ្យជាប់គុកបីខែ ពីបទញុះញង់បង្ខូចកេរ្តិ៍ឈ្មោះ
ដោយសារលោកធ្វើបទសម្ភាសន៍តាមទូរស័ព្ទក្នុងកម្មវិធីផ្សាយរបស់
វិទ្យុសំបុកឃ្មុំ របស់លោកផ្ទាល់
ស្ដីពីបញ្ហាបោះបង្គោលព្រំដែនកម្ពុជា៕
No comments:
Post a Comment