ប្រទេសកម្ពុជា មានទីផ្សារថ្មីសម្រាប់នាំចេញអង្ករផ្សេងទៀត គឺប្រទេសចិន ដោយសារតែប្រទេសចិន មានតម្រូវការអង្ករកើនឡើងរៀងរាល់ឆ្នាំ ហើយការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន បានព្រមព្រៀងគ្នាដោះស្រាយកត្តាប្រឈមជាច្រើន ទាក់ទងនឹងបច្ចេកទេស និងអនាម័យលើផ្នែកនាំចេញអង្ករ។
បច្ចុប្បន្នមានក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា
បានទទួលកិច្ចព្រមព្រៀងបញ្ជាទិញអង្ករពីប្រទេសចិន រួចហើយ
ដែលតាមការប៉ាន់ស្មាន កម្ពុជាគ្រោងនឹងនាំចេញអង្ករទៅប្រទេសចិន
ប្រមាណ ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។
ប្រធានក្រុមហ៊ុននាំចេញអង្ករ ឡូរ៉ង់ (Loran Import Export Co., Ltd)
លោក ឧកញ៉ា លឹម ប៊ុនហេង មានប្រសាសន៍នៅថ្ងៃទី២៧ កញ្ញា ថា
ការនាំចេញអង្ករទៅប្រទេសចិន មិនមានលក្ខណៈស្មុគស្មាញដូចមុនទេ
ដោយសារមានការពិភាក្សាគ្នាជាមួយផ្នែកបច្ចេកទេសនាំចេញអង្ករដូចជា
ផ្នែកអនាម័យ កាំកុងត្រូល និងផ្នែកគយ
បានព្រមព្រៀងគ្នាក្នុងការធ្វើពាណិជ្ជកម្មអង្កររវាងកម្ពុជា
និងចិន។
លោកបញ្ជាក់ទៀតថា ការនាំចេញអង្ករទៅប្រទេសចិន
មានផលចំណេញច្រើនជាងការនាំចេញទៅប្រទេសផ្សេងៗទៀត
ដូចជាសហភាពអឺរ៉ុប ដោយសារទីតាំងនៅជិតហើយចំណេញរយៈពេលនាំចេញ។
លោកមានប្រសាសន៍បន្តថា មានក្រុមហ៊ុនចិនមួយចំនួន
ក៏បានមកវិនិយោគនាំចេញអង្ករពីប្រទេសកម្ពុជាដែរ
ដោយលោកបញ្ជាក់ថា
និន្នាការបែបនេះនឹងផ្ដល់ផលចំណេញច្រើនដល់កម្ពុជា
តាមរយៈការបង្កើតការងារ និងបង្កើតតម្លៃបន្ថែមផ្សេងៗ
ហើយការចាប់ដៃគូវិនិយោគវិស័យនាំចេញអង្ករជាមួយចិននេះ
ជាសក្ដានុពលមួយសំខាន់របស់អ្នកវិនិយោគអង្ករនៅប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ
ធ្លាប់មានប្រសាសន៍ថា ប្រទេសកម្ពុជា
គ្រោងនឹងនាំចេញអង្ករទៅប្រទេសចិន ប្រមាណ ៣០ម៉ឺនតោនរៀងរាល់ឆ្នាំ
បន្ទាប់ពីបានជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រីពាណិជ្ជកម្មចិន
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានកន្លងមក
ហើយក្រុមហ៊ុនចិនពីរ កំពុងវិនិយោគសាងសង់រោងម៉ាស៊ីនកិនស្រូវទំនើប
នៅខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ។
បញ្ហានេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចលោក ហេង ឌីណា
មានប្រសាសន៍ថា ការវិនិយោគរបស់ប្រទេសចិន
នឹងផ្ដល់ផលវិជ្ជមានសម្រាប់អភិវឌ្ឍផ្នែកនាំចេញអង្ករ
ដោយសារតែប្រទេសកម្ពុជា
មានសក្ដានុពលខ្លាំងលើកកម្ពស់ផ្នែកនាំចេញអង្ករនេះ
និងទីផ្សាររបស់ប្រទេសចិន មាននិន្នាការតម្រូវអង្ករកាន់តែកើនឡើង។
របាយការណ៍អង្គការស្បៀងអាហារ និងកសិកម្ម (FAO) ប្រចាំឆ្នាំ២០១២
បានបង្ហាញថា ផលិតកម្មស្រូវរបស់ប្រទេសចិន មានបរិមាណសរុបប្រមាណជាង
២០២លានតោន នៅឆ្នាំ២០១២ កើនឡើងប្រមាណជិត ១% ធៀបនឹងឆ្នាំ២០១១។
បើទោះប្រទេសចិន ផលិតស្រូវ ប៉ុន្តែប្រទេសចិន
បាននាំចូលអង្ករមានកំណើនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
ដែលតាមការប៉ាន់ស្មានដោយអង្គការស្បៀងអាហារ និងកសិកម្ម មានចំនួន
១,៦លានតោន នៅក្នុងឆ្នាំ២០១២ ដែលលើសពីឆ្នាំ២០១១
ប្រមាណមួយលានតោន៕
1 comment:
congra, it is very good market to China.
it better than begging Thailand to buy from Cambodia
Post a Comment