A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 27 September 2012

Cambodia to export 300,000 tons per year to China ចិន​ជា​ទីផ្សារ​ថ្មី​សម្រាប់​កម្ពុជា​នាំ​អង្ករ​ចេញ

ដោយ អាន ស៊ីថាវ 2012-09-27  Radio Free Asia

ប្រទេស​កម្ពុជា មាន​ទីផ្សារ​ថ្មី​​សម្រាប់​​​នាំ​ចេញ​អង្ករ​​ផ្សេង​ទៀត គឺ​ប្រទេស​ចិន ដោយសារ​តែ​ប្រទេស​ចិន មាន​តម្រូវ​ការ​​អង្ករ​កើន​ឡើង​រៀង​រាល់​ឆ្នាំ​ ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​​ទ្វេ​ភាគី​ កម្ពុជា-​ចិន បាន​ព្រមព្រៀង​គ្នា​ដោះ​ស្រាយ​​កត្តា​ប្រឈម​ជា​ច្រើន​ ទាក់​ទង​នឹង​បច្ចេកទេស និង​អនាម័យ​លើ​ផ្នែក​នាំ​ចេញ​អង្ករ។

RFA/Ouk Savborey
១៨-តុលា-២០១១៖ បុគ្គលិក​ក្រុមហ៊ុន​បៃតង​កម្ពុជា ជួយ​លើក​អង្ករ​ដាក់​លើ​ម៉ូតូ​ពលរដ្ឋ​ដែល​មក​ទិញ​អង្ករ​នៅ​តាម​ស្តង់ នា​រាជធានី​ភ្នំពេញ។
បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​របស់​កម្ពុជា បាន​ទទួល​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​អង្ករ​​ពី​ប្រទេស​ចិន រួច​ហើយ​ ដែល​តាម​ការ​ប៉ាន់​ស្មាន​ កម្ពុជា​គ្រោង​នឹង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន ប្រមាណ ៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។
ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ឡូរ៉ង់ (Loran Import Export Co., Ltd) លោក ឧកញ៉ា លឹម ប៊ុនហេង មាន​ប្រសាសន៍​​នៅ​ថ្ងៃ​ទី​២៧ កញ្ញា ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន មិន​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ដូច​មុន​ទេ ដោយសារ​មាន​ការ​​ពិភាក្សា​គ្នា​ជាមួយ​ផ្នែក​បច្ចេកទេស​នាំ​ចេញ​អង្ករ​ដូច​ជា ​ផ្នែក​​​អនាម័យ កាំកុងត្រូល និង​ផ្នែក​គយ​ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​រវាង​កម្ពុជា និង​​ចិន។​
លោក​បញ្ជាក់​ទៀត​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ មាន​​ផល​ចំណេញ​ច្រើន​ជាង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេងៗ​ទៀត ដូច​ជា​សហភាព​អឺរ៉ុប ដោយសារ​ទីតាំង​នៅ​ជិត​​ហើយ​ចំណេញ​​រយៈ​ពេល​នាំ​ចេញ។
លោក​មាន​ប្រសាសន៍​បន្ត​ថា​ មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ក៏​បាន​មក​​វិនិយោគ​នាំ​ចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ដែរ ដោយ​លោក​បញ្ជាក់​ថា និន្នាការ​បែប​នេះ​នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​ដល់​កម្ពុជា តាម​រយៈ​ការ​បង្កើត​ការងារ និង​បង្កើត​តម្លៃ​បន្ថែម​ផ្សេងៗ ហើយ​ការ​ចាប់​ដៃគូ​វិនិយោគ​វិស័យ​នាំ​ចេញ​អង្ករ​​ជា​មួយ​ចិន​នេះ ជា​សក្ដានុពល​មួយ​សំខាន់​​របស់​អ្នក​វិនិយោគ​អង្ករ​នៅ​ប្រទេស​កម្ពុជា។
​យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ចម ប្រសិទ្ធិ ធ្លាប់​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា គ្រោង​នឹង​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន ប្រមាណ ៣០​ម៉ឺន​តោន​រៀង​រាល់​ឆ្នាំ​ បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​រដ្ឋមន្ត្រី​​ពាណិជ្ជកម្ម​ចិន នៅ​ក្នុង​​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​កន្លង​មក ហើយ​ក្រុមហ៊ុន​ចិន​ពីរ កំពុង​វិនិយោគ​សាង​សង់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​តាកែវ។
បញ្ហា​នេះ ត្រូវ​បាន​អ្នក​វិភាគ​សេដ្ឋកិច្ច​លោក ហេង ឌីណា មាន​ប្រសាសន៍​ថា ការ​​វិនិយោគ​​​របស់​ប្រទេស​ចិន នឹង​ផ្ដល់​ផល​​វិជ្ជមាន​សម្រាប់​​អភិវឌ្ឍ​ផ្នែក​នាំ​ចេញ​​អង្ករ​ ដោយសារ​តែ​ប្រទេស​កម្ពុជា មាន​សក្ដានុពល​ខ្លាំង​លើក​កម្ពស់​​​ផ្នែក​នាំ​ចេញ​អង្ករ​នេះ និង​ទីផ្សារ​របស់​ប្រទេស​ចិន​ មាន​និន្នាការ​តម្រូវ​អង្ករ​កាន់​តែ​កើន​ឡើង។
របាយការណ៍​​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម (FAO) ប្រចាំ​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ផលិតកម្ម​ស្រូវ​របស់​ប្រទេស​ចិន មាន​​បរិមាណ​សរុប​ប្រមាណ​ជាង ២០២​​លាន​តោន នៅ​ឆ្នាំ​២០១២ កើន​ឡើង​ប្រមាណ​ជិត ១% ធៀប​នឹង​ឆ្នាំ​២០១១។
បើ​ទោះ​ប្រទេស​ចិន ផលិត​​ស្រូវ ប៉ុន្តែ​ប្រទេស​ចិន​ បាន​នាំ​ចូល​អង្ករ​​មាន​កំណើន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​តាម​ការ​ប៉ាន់​ស្មាន​ដោយ​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម មាន​ចំនួន ១,៦​លាន​តោន ​នៅ​ក្នុង​ឆ្នាំ​២០១២ ដែល​លើស​ពី​ឆ្នាំ​២០១១ ប្រមាណ​​​មួយ​លាន​តោន៕

1 comment:

Anonymous said...

congra, it is very good market to China.

it better than begging Thailand to buy from Cambodia