A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 2 August 2012

The reasons for the arrest of Mam Sonando

International community claimed that Mam Sonando was arrested because he dare to broadcast about a lawsuit against PM Hun Sen lodged by Khmer People Power Movement at the International Criminal Court. The claim was made by three organisation- Article 19, Forum Asia and SEAPA, in an open letter demanding the release of Mam Sonando.
មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ 
តាំង សារ៉ាដា 2012-08-02  Radio Free Asia

សហគមន៍​អន្តរជាតិ​អះអាង​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ (FM ១០៥) អាច​បណ្ដាល​មក​ពី​ការ​ផ្សព្វផ្សាយ​អំពី​ដំណើរ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ ក្រុម​មួយ ដែល​មាន​ឈ្មោះ​ថា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។

RFA/Chor Pisethvicheyanandh
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។

បណ្ដឹង​នេះ គឺ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល អះអាង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ភស្តុតាង​គ្រប់គ្រាន់។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចំនួន​បី មាន​អង្គការ Article 19 អង្គការ Forum Asia និង​អង្គការ SEAPA កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា គេ​មាន​ការ​សង្ស័យ​អំពី​មូលហេតុ​ចម្បង ដែល​នាំ​អោយ​មាន​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ស្ថិត​នៅ​ជា​ចំណោទ​នៅ​ឡើយ។
មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និយាយ​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចាប់​លោក ម៉ម សូណង់ដូ ដោយ​សារ​ការ​ផ្សាយ​អំពី​ដំណើរ​ការ​ប្ដឹង​រូប​លោក ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​មែន​នោះ មជ្ឈដ្ឋាន​ជាច្រើន​នឹង​ចោទ​លោក​ថា រំលោភ​ដល់​សេរីភាព​ក្នុង​ការ​ផ្សាយ​ព័ត៌មាន ឬ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ហេតុ​ដូច្នេះ​ហើយ ទើប​លោក ហ៊ុន សែន ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ពី​បទ​មេខ្លោង​នៅ​ពី​ក្រោយ​ការ​ញុះញង់​ប្រជាពលរដ្ឋ​អោយ​កាន់​អាវុធ​ក្នុង​ រឿង​ជម្លោះ​ដីធ្លី​ទៅ​វិញ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វិរៈ បាន​វាយ​តម្លៃ​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ក្នុង​ហេតុផល​ផ្ទាល់​ខ្លួន​របស់​លោក​នាយក​រដ្ឋមន្ត្រី រួម​និង​ការ​ភ័យ​ខ្លាច​អំពី​បដិវត្តន៍​នៅ​កម្ពុជា អាច​ផ្ទុះ​ឡើង​តាម​រយៈ​ជម្លោះ​ដីធ្លី ដែល​គ្មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ។
សហគមន៍​អន្តរជាតិ​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា លោក ម៉ម សូណង់ដូ បាន​ទៅ​យក​ព័ត៌មាន​ផ្ទាល់​អំពី​ក្រុម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​ជូន​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ ក្នុង​ទីក្រុង​ឡាអេ ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។
នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា លោក ម៉ម សូណង់ដូ បាន​ផ្សាយ​អំពី​ដំណើរ​ការ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ នៅ​លើ​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក។ ហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្សាយ​ដំណឹង​នេះ​រួច លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ជា​សាធារណៈ​ថា ត្រូវ​តាម​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពី​បទ​ធ្វើ​អបគមន៍​ឲ្យ​ទាល់​តែ​បាន ទោះ​រត់​ទៅ​ដល់​ទី​ណា​ក៏​ដោយ។
នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា លោក ម៉ម សូណង់ដូ បាន​វិល​ពី​ក្រៅ​ប្រទេស ចូល​ទៅ​កម្ពុជា​វិញ​ដោយ​ស្ម័គ្រចិត្ត ហើយ​ថា​លោក​មិន​ខ្លាច​ការ​ចាប់​ខ្លួន​នោះ​ទេ ពីព្រោះ​លោក​គ្មាន​កំហុស ហើយ​ក៏​គ្មាន​អ្នក​ប្ដឹង​រូប​លោក​ថែម​ទៀត។
ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ឲ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ពី​បទ​ញុះញង់​ប្រជាពលរដ្ឋ​អោយ​កាន់​អាវុធ​ទាក់​ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​ ក្នុង​ខេត្ត​ក្រចេះ នោះ មិន​បាន​ផ្អែក​លើ​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់​លាស់។
មេធាវី​របស់​លោក ម៉ម សូណង់ដូ ក៏​បាន​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ មិន​មាន​ការ​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នោះ​ទេ។ ក្រុម​អង្គការ​ទាំង​នេះ ក៏​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​កាល​ពី​ខែ​ឧសភា ក្នុង​ខេត្ត​ក្រចេះ នោះ គឺ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​ភូមិ និង​កង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ដោយ​សារ​រឿង​ជម្លោះ​ដីធ្លី មិន​មែន​ជា​រឿង​បំបែក​ខ្លួន​ជា​តំបន់​អបគមន៍ ដូច​ការ​អះអាង​របស់​រដ្ឋាភិបាល​ឡើយ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ស្រប​តាម​នីតិវិធី​ច្បាប់ ហើយ​ក្រុម​អ្នក​រិះគន់​អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ គឺ​ជា​ក្រុម​ដែល​មិន​យល់​អំពី​ដំណើរ​ការ​នីតិរដ្ឋ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​តុលាការ​ទីក្រុង​ភ្នំពេញ​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​ អំពី​បទ​អបគមន៍ ដែល​រដ្ឋាភិបាល​បាន​ចោទ​ទៅ​លើ​លោក ម៉ម សូណង់ដូ ឡើយ។
លោក​បន្ត​ថា ប្រសិន​បើ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​គ្រាន់​តែ​លោក​បាន​ផ្សព្វផ្សាយ​អំពី​ដំណើរ​ការ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​មែន​នោះ វា​គឺ​ជា​ការ​រឹតត្បិត និង​គាប​សង្កត់​ដល់​សេរីភាព​ក្នុង​ការ​ផ្សាយ​ព័ត៌មាន។
លោក ម៉ម សូណង់ដូ អាយុ ៧០ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ពី​បទ​ប៉ុនប៉ង​បង្កើត​ចលនា​ឧទ្ទាម ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​រួច កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា កន្លង​ទៅ។
តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​បទ​ល្មើស​ចំនួន​បួន​ចំណុច ដោយ​ផ្អែក​លើ​ដីកា​របស់​តុលាការ​ខេត្ត​ក្រចេះ ក្នុង​នោះ​រួម​មាន អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​បទ​ចោទ​ទាំង​នេះ អាច​នាំ​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៣០ឆ្នាំ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​រដ្ឋាភិបាល។
កាល​ពី​ឆ្នាំ​២០០៣ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង នាំ​អោយ​មាន​បាតុកម្ម​មហាជន​វាយ​កម្ទេច​ស្ថានទូត​ថៃ។
នៅ​ឆ្នាំ​២០០៥ ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត ពី​បទ​បរិហារកេរ្តិ៍​ញុះញង់ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​បញ្ហា​ព្រំដែន បន្ទាប់​ពី​លោក​ផ្សាយ​បទ​សម្ភាសន៍ ស្ដីពី​បញ្ហា​ព្រំដែន​វៀតណាម-កម្ពុជា ជាមួយ​លោក ស៊ាង ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង។
អង្គការ Article 19 អង្គការ Forum Asia និង​អង្គការ SEAPA បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ គ្មាន​អ្វី​លើស​ពី​ការ​ផ្សាយ​ព័ត៌មាន​អំពី​ដំណើរ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នោះ​ទេ ហើយ​បញ្ហា​នេះ កម្ពុជា​កំពុង​រំលោភ​ដល់​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ខ្លួន​ជា​ម្ចាស់​ហត្ថលេខី។ អនុសញ្ញា​អន្តរជាតិ​មួយ​នេះ គឺ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ដែល​ថែម​ទាំង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ផង​នោះ៕

No comments: