នរណាទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា?
ដោយ វណ្ណ វិចារ 2012-07-05 Radio Free Asia
ព្រឹត្តិការណ៍បង្ហូរឈាមគ្នា ថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧
ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់
បានកន្លងផុតទៅរយៈពេល ១៥ឆ្នាំហើយ។
ព្រឹត្តិការណ៍នេះបណ្ដាលឲ្យពលរដ្ឋកម្ពុជា
មានការភ័យខ្លាចបន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ ១៨ មីនា
ឆ្នាំ១៩៧០ បង្កឡើងដោយ លន់ នល់ និង ១៧ មេសា ឆ្នាំ១៩៧៥ បង្កឡើងដោយ ប៉ុល
ពត។
ព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ កក្កដា រវាងកងទាហាន
ដែលស្មោះត្រង់នឹងទ្រង់ រណឫទ្ធិ ដែលកាលណោះជានាយករដ្ឋមន្រ្តីទី១
និងទ័ពម្ខាងទៀតដែលស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន
ជានាយករដ្ឋមន្ត្រីទី២ បានធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់
និងរងរបួស។
អ្នកតាមដានហេតុការណ៍នោះឲ្យដឹងថា
មានការសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើក្រុមមន្ត្រីដែលស្និទ្ធ
នឹងទ្រង់ រណឫទ្ធិ ផងដែរ។ សង្គមស៊ីវិល និងអ្នកវិភាគលើកឡើងថា
មនុស្សស្លាប់ និងរបួស ១៥ឆ្នាំទៅហើយ
មិនមានអ្នកនយោបាយណាម្នាក់ចេញមុខមកទទួលខុសត្រូវ
ឬសារភាពកំហុសរបស់ខ្លួនឲ្យពលរដ្ឋបានអស់ចិត្តនោះឡើយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ
(LICADHO) លោក អំ សំអាត នៅថ្ងៃទី០៤ កក្កដា មានប្រសាសន៍ថា
ព្រឹត្តិការណ៍ ៥-៦ កក្កដា ឆ្នាំ១៩៩៧ ជាព្រឹត្តិការណ៍គួរឲ្យសោកស្តាយ
និងមិនគួរកើតឡើង។ លោកបន្តថា
១៥ឆ្នាំកន្លងទៅនៅតែគ្មាននរណាម្នាក់រកយុត្តិធម៌ជូនជនរងគ្រោះ
ឡើយ។
លោក អំ សំអាត បញ្ជាក់ថា អ្នកដែលបង្កឲ្យមានការបង្ហូរឈាមបែរជាចង់ឲ្យមហាជនបំភ្លេចហេតុការណ៍នេះទៅវិញ៖ «ត្រូវ
តែមានការចងចាំថ្ងៃនោះ ជាថ្ងៃដែលគេចាត់ទុកថា
ជាថ្ងៃរដ្ឋប្រហារមានអ្នករងរបួស
និងស្លាប់រាប់រយនាក់ដែលមិនបានទទួលនូវភាពយុត្តិធម៌
និងការទទួលខុសត្រូវពីអ្នកនយោបាយណាម្នាក់ឡើយ យើងមានការសោកស្ដាយ
និងមិនអាចទទួលយកបានទេ»។
លោក អំ សំអាត បន្តថា
សុំឲ្យពលរដ្ឋមានការចងចាំព្រឹត្តិការណ៍បង្ហូរឈាមនេះ
ហើយចូលរួមទប់ស្កាត់ និងលើកតម្កើងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងកិច្ចសម្ភាសន៍ពេលកន្លងទៅជាមួយវិទ្យុអាស៊ីសេរី លោក ប្រែត
អាដាម (Brad Adams) នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights
Watch ទទួលបន្ទុកផ្នែកអាស៊ី
និងជាអតីតមន្ត្រីជាន់ខ្ពស់នៃការិយាល័យឧត្ដមស្នងការអង្គការសហ
ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
ដែលបានតាមដានព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥-៦ ខែកក្កដា
ឆ្នាំ១៩៩៧ យ៉ាងដិតដល់នោះ បានឲ្យដឹងថា
មន្រ្តីយោធាជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានចាប់ខ្លួន
និងសម្លាប់ជាប្រព័ន្ធក្រោយពេលរដ្ឋប្រហារ។
លោក ប្រែត អាដាម
និយាយពីស្ថានភាពអ្នកបាត់បង់អាយុជីវិតនៅក្នុងព្រឹត្តិការណ៍បង្ហូរ
ឈាម ៥-៦ កក្កដា ថា
មានសាកសពជាច្រើនត្រូវបានគេដឹកទៅចាក់ចោលនៅតំបន់ពេជ្រនិល
ហើយសាកសពទាំងស្លៀកតែខោក្នុង និងចងក្រមារុំមុខជិត
ដោយគេបាញ់បំបែកក្បាល។ លោក ប្រែត អាដាម បន្តថា
ពេលដែលលោកទៅពិនិត្យសាកសពកាលនោះមានកងទាហានមួយក្រុមមកឃាត់លោក
ហើយពីរថ្ងៃបន្ទាប់បាត់សាកសពទាំងនោះអស់តែម្តង។
អ្នកវិភាគបញ្ហាសង្គមយល់ថា កាលបង្ហូរឈាមឆ្នាំ១៩៩៧
មិនត្រឹមតែសម្លាប់មនុស្សទេ
ថែមទាំងរារាំងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ទៀតផង។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា
ព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា
ជាព្រឹត្តិការណ៍ដណ្ដើមអំណាចគ្នាដែលបំបាក់កំលាំងគណបក្ស
ហ៊្វុនស៊ិនប៉ិច
និងបណ្ដាលឲ្យមនុស្សដែលគាំទ្រគណបក្សនេះជាច្រើនបានស្លាប់
និងរបួស។ លោកបន្តថា ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច
មិនបានគិតគូរពីការសម្លាប់របស់សមាជិកខ្លួនឡើយ។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ការបង្ហូរឈាមថ្ងៃ៥-៦ កក្កដា បណ្ដាលមកពីការសម្រេចចិត្តរបស់អ្នកនយោបាយសុទ្ធសាធ៖ «ផល
វិបាក ៥-៦ កក្កដា ១៩៩៧
នាំឲ្យមានការបែរទៅរកអំណាចខ្លាំងមួយរបស់គណបក្សមួយដែលប៉ះពាល់
ដល់លទ្ធិប្រជាធិបតេយ្យនៃប្រទេសកម្ពុជា»។
យុវជនម្នាក់ឈ្មោះ ឆាយ វុទ្ធី រស់នៅទីក្រុងភ្នំពេញ មានប្រសាសន៍ថា
ខ្លួនមានការភ័យខ្លាចណាស់កាលឆ្នាំ១៩៩៧។ លោកបន្តថា
លោកមានប្អូនប្រុសម្នាក់ក៏ត្រូវពិការដៃដោយសាររត់គេចពីការ
ប្រយុទ្ធគ្នាកណ្ដាលទីក្រុងភ្នំពេញ ឯពូរបស់លោកត្រូវបានស្លាប់
ដោយសារការបាញ់គ្នានៅតាំងក្រសាំង។
លោក ឆាយ វុទ្ធី បញ្ជាក់ថា
លោកមិនពេញចិត្តសោះចំពោះអ្នកដែលដឹកនាំការច្បាំងគ្នាពេលនោះ
ដូចជាលោក ហ៊ុន សែន សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ
ជាដើម។
ព្រឹត្តិការណ៍ ៥-៦ កក្កដា ១៩៩៧ ផ្ដល់នូវគុណវិបត្តិជាច្រើនទៀត
ដែលមានផលប៉ះពាល់យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ច និងនយោបាយកម្ពុជា។
សកលវិទ្យាធិការសកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគឯករាជ្យ
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា
ដើមចមនៃលទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៩៣ ត្រូវបានបំផ្លាញ។
លោកបន្តថា
ព្រឹត្តិការណ៍នេះបង្កឲ្យពលរដ្ឋទូទាំងប្រទេសមានការភ័យខ្លាចប្រទេស
ឆ្លៀតយកចំណេញពីព្រឹត្តិការណ៍នោះ
និងជាពិសេសប៉ះពាល់ដល់អ្នកវិនិយោគ៖ «វិនិយោគរយៈពេលវែង និងខ្នាតធំគេរត់អស់ ព្រោះគេវិនិយោគ គេយកលុយមកមិនមែនយកទ័ពមកទេ»។
អ្នកនាំពាក្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ លោក នរ៉ាណាឫទ្ធិ
អានន្ទដាយ៉ាត មានប្រសាសន៍ថា
មានអ្នកនយោបាយមួយចំនួនមិនហ៊ាននិយាយពីព្រឹត្តិការណ៍ថ្ងៃ ៥-៦
កក្កដា ១៩៩៧ ឲ្យពលរដ្ឋបានយល់ឡើយ ដោយសារពួកគេខ្លាចបាត់បង់អំណាច។
លោកបន្តថា កាលនោះព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
មិនមែនជាអ្នកបញ្ជាឲ្យបង្កើនកំលាំងទ័ពប្រជែងនឹងគណបក្សប្រជាជន
ឡើយ។
លោកបញ្ជាក់ថា ដើម្បីរក្សាសន្តិភាព ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនដែលរំលឹកពីព្រឹត្តិការណ៍បង្ហូរឈាមទេ៖ «នៅ
ពេលដែលកូនចៅព្រះអង្គម្នាក់ទៅប្រព្រឹត្តទង្វើដែលផ្ទុយពី
គោលនយោបាយរបស់ នរោត្តម រណឫទ្ធិ គេគិតថា រណឫទ្ធិ ជាអ្នកបញ្ជា។
យើងមិនរំលឹកទេ យើងចង់ឲ្យប្រទេសជាតិសុខសាន្ត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ញឹក
ប៊ុនឆៃ និងមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានទេ នៅថ្ងៃទី០៤ កក្កដា ឆ្នាំ២០១២។
ទោះជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ធ្លាប់មានប្រសាសន៍ជាច្រើនសាថា
ហេតុការណ៍បង្ហូរឈាមដែលអ្នកមួយចំនួនហៅថា ជារដ្ឋប្រហារនោះ
បង្កឡើងដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន
និងជាអ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងនៅក្នុងសេចក្ដីណែនាំ
មួយ ដែលចុះកាលបរិច្ឆេទថ្ងៃទី៦ កក្កដា ឆ្នាំ២០១១ ថា ការប្រើពាក្យ
“រដ្ឋប្រហារ” អាចធ្វើឲ្យសាធារណជនយល់ច្រឡំចំពោះព្រឹត្តិការណ៍នេះ។
លោកបានណែនាំឲ្យអ្នកសារព័ត៌មានហៅថា ជា
”ជម្លោះផ្ទៃក្នុងនៃរាជរដ្ឋាភិបាលដែលបានឈានទៅដល់ការប្រឈមមុខ
ដាក់គ្នាដោយអាវុធ”។
មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ
មានប្រសាសន៍ថា គណបក្ស សម រង្ស៉ី ធ្វើខួបរំលឹកពីថ្ងៃ៥-៦ កក្កដា
ជារៀងរាល់ឆ្នាំ។ លោកបន្តថា
ការដែលមនុស្សស្លាប់ជាច្រើនហើយមិនមានជនណាម្នាក់ទទួលខុសត្រូវ
បង្ហាញថា
កម្ពុជាផ្ដល់ឱកាសអ្នកដែលធ្វើខុសហើយរួចទោសនៅក្រៅសំណាញ់ច្បាប់។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ
លោក អំ សំអាត មានប្រសាសន៍ថា
លោកសុំឲ្យមានអ្នកទទួលខុសត្រូវក្នុងការសម្លាប់មនុស្សជាច្រើន
នាក់នៅក្នុងហេតុការណ៍បង្ហូរឈាម ៥-៦ កក្កដា ១៩៩៧។
លោក អំ សំអាត៖ «យ៉ាងហោចណាស់ក៏មានអ្នកនយោបាយណាម្នាក់ចេញមុខ
ទទួលខុសត្រូវក្នុងទង្វើនោះដែរ
នេះជាគំរូមួយដែរសម្រាប់អ្នកនយោបាយក្រោយៗ
កុំឲ្យធ្វើដូចហ្នឹងទៀត។
ការយកអាយុជីវិតមនុស្សមកធ្វើនយោបាយជារឿងមួយរំលោភសិទ្ធិមនុស្ស
យ៉ាងធ្ងន់ធ្ងរបំផុត»។
នៅក្នុងកិច្ចសម្ភាសន៍នៅពេលកន្លងទៅជាមួយវិទ្យុអាស៊ីសេរី លោក
ប្រែត អាដាម នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights Watch
បានអះអាងឲ្យដឹងថា មន្រ្តីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច
ដូចជាលោក ចៅ សម្បត្តិ និងលោក ក្រូច យឿម
ត្រូវបានសម្លាប់ក្រោយពេលដាក់អាវុធ ឬប្រគល់ខ្លួន រីឯលោក ហូ សុខ
ត្រូវបានបាញ់សម្លាប់
ខណៈស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងក្រសួងមហាផ្ទៃ។ លោកបន្តថា
រដ្ឋាភិបាលបែរជាបង្ហាញភស្តុតាងដែលមិនគួរឲ្យជឿពីការស្លាប់របស់
មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច។
បន្ទាប់ពីព្រឹត្តិការណ៍ ៥-៦ កក្កដា ១៩៩៧
មិនមានគណបក្សណាមួយសងជំងឺចិត្ត ឬចេញថ្លៃខូចខាតជូនពលរដ្ឋឡើយ។
គ្រប់គណបក្សបែរជាត្រៀមប្រជែងគ្នារៀងៗខ្លួន។
អ្នកវិភាគកត់សម្គាល់ថា
ភាគីទាំងសងខាងដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក
ហ៊ុន សែន ជាអ្នកនយោបាយមិនមានការទទួលខុសត្រូវទេ។
អ្នកនយោបាយទាំងពីរមិនដែលស្វែងរកគ្រួសាររងគ្រោះដោយព្រឹត្តិការណ៍
បង្ហូរឈាម ដើម្បីផ្សះផ្សាផ្លូវចិត្តពួកគេម្ដងណាឡើយ។
តើពេលណាទៅទើបអ្នកនយោបាយស្រុកខ្មែរចិត្តសឿងហ៊ានទទួលខុសត្រូវនូវទង្វើរបស់ខ្លួន?
2 comments:
Look at Hunsen was ugly as hell and responsible for the killing in 1997 coup de'feat,backed by Hanoi to ousted legitimate gov't of greedy prince of Hanoi Ran4ridh.
This guy look like vampire!!! Who took this picture,i give you A+!!!!!!!!
Post a Comment