ដោយ ទីន ហ្សាការីយ៉ា និង ម៉ៅ សុធានី
2012-07-17 Radio Free Asia
តុលាការបានចោទប្រកាន់ លោក ម៉ម សូណង់ដូ ជាផ្លូវការ
និងបញ្ជូនទៅឃុំខ្លួនក្នុងគុកព្រៃសនោះ
ត្រូវបានក្រុមមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានអះអាងថា
កម្ពុជាកំពុងតែបោះជំហានថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ
ហើយថា ករណីនេះជារឿងនយោបាយ។
ក្រុមអ្នកវិភាគបានលើកឡើងថា
រដ្ឋាភិបាលគួរតែពិចារណាឡើងវិញលើករណីលោក ម៉ម សូណង់ដូ នេះ ពីព្រោះថា
សកម្មភាពរដ្ឋាភិបាលប្រើប្រាស់តុលាការដើម្បីចាត់ការទៅលើលោក ម៉ម
សូណង់ដូ វាជះឥទ្ធិពលអាក្រក់សម្រាប់កម្ពុជា
ដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ
សំអាត មានប្រសាសន៍ថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ នេះ
វាមិនមែនប៉ះពាល់ផ្លូវចិត្តតែក្រុមគ្រួសាររបស់លោកប៉ុណ្ណោះទេ
វាជាសារអាក្រក់មួយសម្រាប់អ្នកប្រជាធិបតេយ្យ
ពិសេសសកម្មជនការពារសិទ្ធិមនុស្សដែលហ៊ានតស៊ូមតិអំពីបញ្ហាកើតមាន
ក្នុងសង្គម។
លោកបញ្ជាក់ថា ទង្វើរបស់រដ្ឋាភិបាលដូច្នេះ ជាការព្រមានដល់អ្នកគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យ៖ «ព្រឹត្តិការណ៍
នៃការប្រកាសចាប់ខ្លួនលោក ម៉ម សូណង់ដូ នៅក្រោយពេល ២៤ម៉ោង ក្រុមលោក
សួន សេរីរដ្ឋា
នៅអាមេរិកបានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ
អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា អ៊ីចឹងលោក ម៉ម សូណង់ដូ
បានជួបលោក សួន សេរីរដ្ឋា ដូច្នេះហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសចាប់ខ្លួនលោក ម៉ម សូណង់ដូ»។
មេធាវីរបស់លោក ម៉ម សូណង់ដូ លោក សុក សំអឿន មានប្រសាសន៍ថា
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់កូនក្ដីរបស់លោកចំនួន
៤បទចោទ ដោយផ្អែកលើដីការបស់តុលាការខែត្រក្រចេះ ក្នុងនោះរួមមាន
អ្នកផ្ដើមគំនិតប្រឆាំងរាជការសាធារណៈ ធ្វើកុបកម្ម
ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញការងារសាធារណៈ
និងញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរស្របច្បាប់។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានពន្យល់ថា រដ្ឋាភិបាលកម្ពុជា
នៅតែបន្តប្រើប្រាស់ប្រព័ន្ធតុលាការ
ដើម្បីចាត់ការលើអ្នកហ៊ានរិះគន់រដ្ឋាភិបាល
ដូច្នេះវាជះឥទ្ធិពលអាក្រក់ដល់សង្គមកម្ពុជា ទាំងមូល ដោយហេតុថា
តុលាការមិនមានភាពឯករាជ្យរបស់ខ្លួន
ដើម្បីធ្វើការស៊ើបអង្កេតករណីនោះឲ្យបានច្បាស់លាស់ទេ
ដោយតុលាការបានសម្រេចឃុំភ្លាមៗ
បន្ទាប់ពីបានធ្វើការស៊ើបសួរនៅព្រឹកថ្ងៃទី១៦ ខែកក្កដា
ឆ្នាំ២០១២។
ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ
បានពន្យល់ថា ចំណាត់ការរបស់តុលាការបែបនេះ
ជារឿងធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមប្រទេសជាតិទាំងមូល។
លោកបញ្ជាក់ថា ចំណាត់ការរបស់តុលាការនេះ
វាមិនមែនឆ្លុះបញ្ចាំងអំពីតុលាការកម្ពុជា
ជាស្ថាប័នផ្ដល់យុត្តិធម៌សម្រាប់លោក ម៉ម សុណង់ដូ នោះទេ
វាជាស្ថាប័នអនុវត្តច្បាប់គ្មានតម្លាភាពទៅវិញ។
លោក យ៉េង វីរៈ៖ «រដ្ឋាភិបាលអាចប្រាប់សាធារណៈមតិថា
ការធ្វើដូច្នេះ តាមច្បាប់ តាមនីតិវិធីតុលាការ
ប៉ុន្តែនៅពេលគេមើលទៅឃើញក្រឡែតថា ការធ្វើហ្នឹងតាមទំនើងចិត្ត
ជារឿងនយោបាយអីទេ វាអត់ចំណេញអីទេ ការធ្វើហ្នឹងខាតច្រើនណាស់»។
លោក ម៉ម សូណង់ដូ មានអាយុ ៧០ឆ្នាំ ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105។
កន្លងមកលោកបានធ្វើសកម្មភាពជាច្រើនទាក់ទងនឹងរឿងមនុស្សធម៌តាមរយៈ
ជំនួយពីបរទេស។ លោក ម៉ម សូណង់ដូ
ជាបុគ្គលមួយដែលហ៊ាននិយាយរិះគន់ចំៗទៅលើសកម្មភាពអសកម្មរបស់
រដ្ឋាភិបាល។
លោក លោក ម៉ម សូណង់ដូ បានវិលត្រឡប់ពីបរទេសកាលពីថ្ងៃទី១២ កក្កដា
ឆ្នាំ២០១២ នៅខណៈដែលប្រទេសកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំអាស៊ាន។
ប៉ុន្តែសមត្ថកិច្ចបានចាប់ខ្លួនលោកកាលពីថ្ងៃទី១៥ ខែកក្កដា
នៅបន្ទាប់ពីកិច្ចប្រជុំអាស៊ានបានបញ្ចប់។
រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោក ម៉ម សូណង់ដូ ដាក់គុកនេះ
ជាលើកទី៣ហើយ បន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនលោកលើកទី១
កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០០៣ នៅមុនពេលបោះឆ្នោតជាតិលើកទី៣។
ការចាប់ខ្លួនលោកលើកទី២ កាលពីថ្ងៃទី១១ តុលា ឆ្នាំ២០០៥
ហើយរដ្ឋាភិបាលបានដោះលែងលោកវិញនៅក្នុងឆ្នាំ២០០៦។
ភរិយាលោក ម៉ម សុណង់ដូ អ្នកស្រី ឌិន ផាណារ៉ា
បានឲ្យដឹងនៅខាងក្រៅរបងតុលាការថា
ស្វាមីរបស់អ្នកស្រីជាមនុស្សស្អាតស្អំ
មិនជាប់ពាក់ព័ន្ធនឹងរឿងដែលតុលាការចោទប្រកាន់នោះទេ។
អ្នកស្រីអះអាងថា ដោយសារតែលោក ម៉ម សូណង់ដូ គ្មានធ្វើអ្វីខុសនោះហើយ
ទើបស្វាមីរបស់គាត់វិលមកមាតុប្រទេសវិញនោះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានអះអាងថា
លោកមានការសោកស្ដាយចំពោះចំណាត់ការរបស់រដ្ឋាភិបាលទៅលើរូបលោក ម៉ម
សូណង់ដូ នៅខណៈដែលកម្ពុជា កំពុងបំពេញតួនាទីជាប្រធានអាស៊ាននោះ។
លោកបញ្ជាក់ថា រដ្ឋាភិបាលគួរបំពេញតួនាទីរបស់ខ្លួន
និងបង្ហាញពីគំរូល្អដល់ប្រទេសជាសមាជិក។
ផ្ទុយទៅវិញការធ្វើដូច្នេះ ជារឿងខាតបង់ទៅវិញទេ៖ «ប៉ុន្តែខាត
មួយទៀត គឺរូបភាពកម្ពុជា ដែលជាប្រធានអាស៊ាន
និងជាសមាជិកអង្គការសហប្រជាជាតិ ពិសេសនៅពេលកម្ពុជា
កំពុងដាក់សុំធ្វើជាសមាជិកសន្តិសុខអចិន្ត្រៃយ៍ វាខាតច្រើន
ខាតអ្នកវិនិយោគនៅកម្ពុជា
ពិសេសទៅលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
សហគមន៍អឺរ៉ុបមិនទិញផលិតផលកម្ពុជា ដូច្នេះវាប៉ះពាល់ដល់ទីផ្សារ»។
បន្ថែមពីលើនេះទៅទៀត ករណីចាប់ខ្លួនប្រធានវិទ្យុសំបុកឃ្មុំ លោក
ម៉ម សូណង់ដូ ត្រូវបានអ្នកវិភាគសង្គម លោក កែម ឡី បានពន្យល់ថា
រដ្ឋាភិបាលកំពុងតែមានបំណងចង់កាត់ផ្ដាច់ចលនាប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា
រដ្ឋាភិបាលបានធ្វើដូច្នេះវាមិនមានផលចំណេញអ្វីសម្រាប់ខ្លួនឯង
នោះទេ
ផ្ទុយទៅវិញជាឥទ្ធិពលអាក្រក់នៃការដឹកនាំរបស់រដ្ឋាភិបាលដែលផ្ទុយ
ពីប្រទេសកម្ពុជា មាននីតិរដ្ឋពិតប្រាកដ។
ឆ្លើយតបទៅនឹងបញ្ហានេះ
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
បានបដិសេធថា កម្ពុជាជាប្រទេសនីតិរដ្ឋ ហើយការលើកឡើងណាមួយនោះ
វាជាសិទ្ធិក្នុងការបញ្ចេញមតិរបស់សង្គមស៊ីវិល ឬអ្នកវិភាគ។
លោក ផៃ ស៊ីផាន៖ «នីតិរដ្ឋមិនស្ថិតនៅលើការអ្នកណាធ្វើការវាយ
តម្លៃទេ នីតិរដ្ឋត្រូវគោរពដែនសមត្ថកិច្ចនីមួយៗ អាស្រ័យដូច្នេះ
សូមទាំងអស់គ្នារួមគ្នាពង្រឹងនីតិរដ្ឋទាំងអស់គ្នា
ទុកឲ្យតុលាការមើលបន្ទុកក្នុងការចោទប្រកាន់ ជាមួយបន្ទុកដោះស្រាយ»។
នៅថ្ងៃទី១៦ កក្កដា នេះដែរ នៅបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ
បានចោទប្រកាន់លោក ម៉ម សូណង់ដូ ជាផ្លូវការ
និងបញ្ជូនទៅឃុំខ្លួននៅគុកព្រៃសនោះ
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្ស
កម្ពុជា ដែលជាសម្ព័ន្ធអង្គការ-សមាគមចំនួន ២២
បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយចាត់ទុកការចាប់ខ្លួនលោក ម៉ម
សូណង់ដូ នេះមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ទេ។
គណៈកម្មាធិការប្រព្រឹត្តិកម្មមើលឃើញថា
ការចាប់ខ្លួនប្រធានវិទ្យុសំបុកឃ្មុំមានចរិតជានយោបាយ
ហើយសកម្មភាពនេះក៏ឆ្លុះបញ្ចាំងពីភាពមិនឯករាជ្យរបស់តុលាការដែល
អាចជាមធ្យោបាយរបស់អ្នកមានអំណាចប្រើប្រាស់សំរាប់បង្កការគំរាម
កំហែងដល់សកម្មជនការពារសិទ្ធិមនុស្ស
និងប្រជាពលរដ្ឋដែលមានមតិជំទាស់
និងអាចឈានទៅរកការបិទវិទ្យុសំបុកឃ្មុំ FM ១០៥ MHz របស់លោក ម៉ម
សូណង់ដូ ទៀតផង។
បន្ថែមលើនេះ ក្រុមអ្នកវិភាគបានលើកឡើងថា ការចាប់ខ្លួនលោក ម៉ម
សូណងដូ មិនមែនជារឿងឆ្លុះបញ្ចាំងអំពីប្រទេសកម្ពុជា
ប្រាសចាកពីនីតិរដ្ឋប៉ុណ្ណោះទេ ការចាប់ខ្លួននេះ
រដ្ឋាភិបាលកំពុងព្រួយបារម្ភខ្លាចមានការផ្លាស់ប្ដូរបរិយាកាសសង្គម
ទៅវិញទេ មិនមែនមានន័យថា លោក ម៉ម សូណង់ដូ
បានប្រព្រឹត្តិបទឧក្រិដ្ឋដូចជាការចោទប្រកាន់នេះឡើយ។
អ្នកវិភាគ
បានពន្យល់ថា
ទង្វើរបស់រដ្ឋាភិបាលទប់ស្កាត់អ្នកប្រជាធិបតេយ្យបែបនេះ
មិនអាចទប់ស្កាត់ចលនានេះបានទេ
លុះត្រាតែរដ្ឋាភិបាលដឹកនាំប្រទេសបែបសេរី មានប្រជាធិបតេយ្យ
និងជាប្រទេសនីតិរដ្ឋពិតប្រាកដ។
ប្រតិកម្មរបស់ខ្មែរអាមេរិកាំងចំពោះការចាប់ខ្លួនលោក ម៉ម សូណង់ដូ
ពលរដ្ឋខ្មែរអាមេរិកាំង នៅសហរដ្ឋអាមេរិក
ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរដ្ឋាភិបាលកម្ពុជា
ដែលបានចាប់ឃុំខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជានាយកវិទ្យុសំបុកឃ្មុំ ដាក់ក្នុងពន្ធនាគារព្រៃស
កាលពីថ្ងៃអាទិត្យ ទី១៥ ខែកក្កដា នេះ។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំង យល់ឃើញថា ទង្វើរបស់រដ្ឋាភិបាលនេះ
គឺជាអំពើអយុត្តិធម៌បង្ក្រាបអ្នកប្រជាធិបតេយ្យ ដែលហ៊ាននិយាយការពិត
ហ៊ានតវ៉ា និងការពារផលប្រយោជន៍ប្រជាពលរដ្ឋរងគ្រោះនៅកម្ពុជា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី ម៉ៅ សុធានី អំពីប្រតិកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំងជុំវិញរឿងនេះ៖
No comments:
Post a Comment