Three organisations, Article 19, FORUM-ASIA and SEAPA, have written to PM Hun Sen to protest against the arrest of Mam Sonando and request for the his immediate release.
អង្គការអន្តរជាតិស្នើឲ្យរដ្ឋាភិបាលខ្មែរដោះលែងលោក ម៉ម សូណង់ដូ
ដោយ ហាស់ សាន និង វិជ័យ អានន្ទ
2012-07-31
នៅថ្ងៃទី៣០ ខែកក្កដា
អង្គការក្រៅរដ្ឋាភិបាលបីនៅបរទេស
បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ម៉ម សូណង់ដូ
ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
អង្គការឈ្មោះ Article 19, FORUM-ASIA និង SEAPA
បានផ្ញើលិខិតរួមគ្នាមួយទៅជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ប្រមុខរដ្ឋាភិបាល ដើម្បីសំដែងនូវការតវ៉ាចំពោះការចាប់ខ្លួន
និងឃុំខ្លួនលោក ម៉ម សូណង់ដូ
ហើយស្នើសុំឲ្យដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញឲ្យឆាប់រហ័ស។
អង្គការទាំងនោះបានអំពាវនាវឲ្យរដ្ឋអំណាចដកពាក្យចោទទាំងអស់
ដែលយោងតាមមាត្រាទាំង៦ ក្នុងក្រមព្រហ្មទណ្ឌដែលលោក ម៉ម សូណង់ដូ
អាចជាប់ពន្ធនាគារដល់ទៅ ៣០ឆ្នាំនោះ។
អង្គការទាំងនោះសរសេរយោងទៅលើហេតុការណ៍មួយចំនួនដែលថា
ការផ្ដន្ទាទោសលោក ម៉ម សូណង់ដូ
បែបនោះជាអំពើគំរាមដល់សេរីភាពផ្នែកសារព័ត៌មាន
និងគំរាមដល់សិទ្ធិក្នុងការប្រើសេរីភាពស្របច្បាប់
ដើម្បីបញ្ចេញមតិ។
អង្គការទាំងនោះ សរសេរទៀតថា មូលហេតុដែលរដ្ឋអំណាចចោទថា លោក ម៉ម
សូណង់ដូ បានចូលរួមក្នុងការដាក់ពាក្យប្ដឹងរដ្ឋាភិបាលកម្ពុជា
ដឹកនាំដោយលោក ហ៊ុន សែន នៅឯទីក្រុងឡាអេ ប្រទេសហុឡង់ដ៍
ហើយដែលផ្សាយតាមវិទ្យុសំបុកឃ្មុំ នៅថ្ងៃ២៥ ឧសភា នោះ
ក៏ជារឿងមិនត្រឹមត្រូវដែរ។ រដ្ឋាភិបាលចោទលោកថា
មានពាក់ព័ន្ធនឹងចលនាអំណាចពលរដ្ឋខ្មែរដឹកនាំដោយលោក សួន សេរីរដ្ឋា
ពីសហរដ្ឋអាមេរិក ហើយជួបគ្នានៅក្រុងឡាអេ ប្រទេសហុឡង់ដ៍។
ចំពោះការចោទនេះ លោក ម៉ម សូណង់ដូ បកស្រាយប្រាប់វិទ្យុអាស៊ីសេរី
កាលពីចុងខែមិថុនា ថា
លោកគ្រាន់តែធ្វើការងាររបស់លោកជាអ្នកកាសែតតែប៉ុណ្ណោះ៖ «ជាតិជា
អ្នកសារព័ត៌មាន ដូចត្មាតអ៊ីចឹង កន្លែងណាស្អុយទៅ
កន្លែងហ្នឹងហើយទៅចឹក ទៅចោះ យកព័ត៌មាន។ រឿងជួបមិនជួបនៅឯណា
មិនមែនជារឿងអីទេ ខ្ញុំជាអ្នកកាសែត។ រឿងសំខាន់ ជារឿងគោរពសិទ្ធិ
គោរពច្បាប់។ បើថា លោក សួន សេរីរដ្ឋា
ធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិខ្មែរ សម្តេច ហ៊ុន សែន
សរសេរប្ដឹងទៅសហរដ្ឋអាមេរិកទៅ»។
រីឯការចោទថា លោក ម៉ម សូណង់ដូ
មានជំពាក់ជំពិនក្នុងសកម្មភាពប្រជាពលរដ្ឋ
ចង់បះបោរផ្ដាច់ខ្លួននៅខេត្តក្រចេះ នោះវិញ
អង្គការទាំងបីក៏និយាយថា ជារឿងមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានដែរ
ព្រោះលោក ម៉ម សូណង់ដូ មិនដែលធ្វើដំណើរទៅកាន់ទីនោះ
ហើយមេធាវីរបស់លោកក៏បញ្ជាក់ថា លោក ម៉ម សូណង់ដូ
មិនមានការពាក់ព័ន្ធអំពីតំបន់អបគមន៍ ដែលរដ្ឋាភិបាលអះអាងនោះឡើយ។
លិខិតនោះបញ្ជាក់ទៀតថា ការពិត ព្រឹត្តិការណ៍ក្នុងខែឧសភា នោះ
វាគឺជាការប្រឈមមុខដាក់គ្នារវាងអ្នកភូមិ
និងកងប្រដាប់អាវុធរបស់រដ្ឋាភិបាលដោយសាររឿងជម្លោះដីធ្លី
មិនមែនជារឿងបំបែកខ្លួនជាតំបន់អបគមន៍
ដូចការអះអាងរបស់រដ្ឋាភិបាលនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ
ស៊ីផាន បានមានប្រសាសន៍បង្ហាញអំពីជំហររបស់រដ្ឋាភិបាលថា
គួរតែទុកឱកាសឲ្យតុលាការស្វែងរកខុសត្រូវក្នុងរឿងនេះ
ព្រោះកម្ពុជា ជាប្រទេសមានច្បាប់៖ «ការប្រមូលម្រាមដៃ
ដាក់គំនាបទៅលើតុលាការ ការសរសេរសុំឲ្យស្ថាប័ននីតិប្រតិបត្តិ
ដាក់សម្ពាធលើតុលាការ ជាអំពើមិនសមរម្យទេ
ព្រោះយើងទាំងអស់គ្នាគោរពនីតិរដ្ឋ។ យើងចង់ឃើញថា
ការដាក់បន្ទុកលើលោក ម៉ម សូណង់ដូ សមរម្យ ឬទេ
ឲ្យតុលាការវិនិច្ឆ័យតាមអ្វីដែលជាភស្តុតាងនៃការចោទប្រកាន់»។
ឆ្លើយតបទៅនឹងការអះអាងពីអង្គការការពារសិទ្ធិមនុស្សទាំងបីដែល
ថា លោក ម៉ម សូណង់ដូ
ពុំមានពាក់ព័ន្ធនឹងសកម្មភាពចង់ផ្ដាច់ខ្លួនអ្វីទេនោះ។ លោក ផៃ
ស៊ីផាន មានប្រសាសន៍ថា
គេគួរតែឲ្យតុលាការធ្វើការរកយុត្តិធម៌ជាមុនសិន៖ «ចៅក្រម
តុលាការប្រហែលជាមានសមត្ថភាពក្នុងការរកយុត្តិធម៌ឲ្យលោក ម៉ម
សូណង់ដូ។ យើងថា លោកពុំមានកំហុស ចុះបើសិនជាតុលាការរកទៅឃើញថា
មានកំហុស តើអង្គការទាំងនោះទទួលខុសនឹងគេទេ?
អាហ្នឹងដែលខ្ញុំឆ្ងល់។ អង្គការទាំងអស់នោះ
គួរតែមានលក្ខណៈស៊ីវិល័យ រង់ចាំបន្តិចមើល
ព្រោះតុលាការនឹងរកយុត្តិធម៌ឲ្យលោក ម៉ម សូណង់ដូ»។
អង្គការ Article 19, FORUM-ASIA និង SEAPA បញ្ជាក់ថា ករណីលោក ម៉ម
សូណង់ដូ មិនមែនជាលើកទីមួយទេ ដែលថា
សិទ្ធិសេរីភាពរបស់លោកត្រូវរដ្ឋអំណាចបំពាននោះ
ហើយទទូចឲ្យដោះលែងជាបន្ទាន់។
ប៉ុន្តែបើសិនជាតុលាការបើកសវនាការវិនិច្ឆ័យរូបលោក
អង្គការទាំងនោះរំឭកអំពីសិទ្ធិដែលលោក ម៉ម សូណង់ដូ ត្រូវទទួលបាន
គឺយុត្តិធម៌ឥតលំអៀង
ដែលធានាដល់ពលរដ្ឋខ្មែរគ្រប់រូបតាមច្បាប់កម្ពុជា
និងកាតព្វកិច្ចអន្តរជាតិ ស្ដីអំពីភាពស្មើគ្នាចំពោះមុខច្បាប់។
អ្នកគាំទ្រលោក ម៉ម សូណង់ដូ រកអន្តរាគមន៍ពីស្ថានទូតមួយចំនួន
ទាក់ទងនឹងការទាមទារអោយដោះលែងលោក ម៉ម សូណង់ដូ នេះដែរ
ក្រុមអ្នកគាំទ្រលោកពីសមាគមអ្នកប្រជាធិបតេយ្យ
បានដាក់លិខិតដាច់ដោយឡែកពីគ្នាទៅកាន់ស្ថានទូតចំនួន ៩ នៅកម្ពុជា
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២
ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ការទូតពីស្ថានទូតទាំងនោះ។
លោកស្រី ហួត ផាន់ណារី អគ្គលេខាធិការរងសមាគមអ្នកប្រជាធិបតេយ្យ
ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន បានឲ្យដឹងថា
ញត្តិទាំងនោះធ្វើឡើងដោយប្រធានសាខាសមាគមអ្នកប្រជាធិបតេយ្យ
ដែលស្ថិតនៅ ១២ ខេត្ត-រាជធានី ក្នុងចំណោម ២៤ ខេត្ត-រាជធានី
ទូទាំងប្រទេស។
កម្មវត្ថុនៃញត្តិដែលមានអត្ថន័យដូចគ្នានោះ គឺសំណើសុំអន្តរាគមន៍ជួយដោះលែងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ។ ញត្តិទាំងនោះ ត្រូវបានដាក់ទៅកាន់ស្ថានទូតចំនួន ៩ នៅភ្នំពេញ រួមមាន ស្ថានទូតអាមេរិក អូស្ត្រាលី កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន ថៃ និងស្ថានទូតសិង្ហបុរី។
កម្មវត្ថុនៃញត្តិដែលមានអត្ថន័យដូចគ្នានោះ គឺសំណើសុំអន្តរាគមន៍ជួយដោះលែងលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ។ ញត្តិទាំងនោះ ត្រូវបានដាក់ទៅកាន់ស្ថានទូតចំនួន ៩ នៅភ្នំពេញ រួមមាន ស្ថានទូតអាមេរិក អូស្ត្រាលី កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន ថៃ និងស្ថានទូតសិង្ហបុរី។
តំណាងសមាគមអ្នកប្រជាធិបតេយ្យក៏បានឲ្យដឹងថា
សមាគមក៏បានប្រមូលស្នាមមេដៃរបស់មហាជនដែលបានចាប់ផ្ដើមកាលពីថ្ងៃ
ទី២៣ កក្កដា ឆ្នាំ២០១២ មកដល់ពេលនេះសមាគមប្រមូលស្នាមបានជាង
៤ម៉ឺននាក់ហើយ។
ស្នាមមេដៃមហាជនទាំងនោះ
ធ្វើឡើងក្នុងញត្តិដើម្បីស្នើសុំការដោះលែងលោក ម៉ម សូណង់ដូ
ហើយសមាគមនឹងដាក់ទៅកាន់ស្ថានទូតនានានៅពេលខាងមុខ៖ «ញត្តិនេះ
បងដាក់ហ្នឹងដែលតំណាងខេត្តទាំង ១២ ខេត្ត បងដាក់អាហ្នឹងមុន
ហើយមេដៃប្រជាពលរដ្ឋហ្នឹង បងនឹងដាក់បន្តៗទៀត
ឥឡូវហ្នឹងបងមិនទាន់ដឹងច្បាស់ថា ថ្ងៃណាត្រូវដាក់ទៀត
ព្រោះឥឡូវកំពុងប្រមូលជាបន្តទៀត»។
លោក ម៉ម សូណង់ដូ ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៥ កក្កដា
ឆ្នាំ២០១២
បន្ទាប់ពីលោកបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកបានបីថ្ងៃ។
តុលាការបានសម្រេចឃុំខ្លួនលោក ម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស
ក្រោមការចោទប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នកសាធារណៈ
ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ
ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់
និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។
ការចោទប្រកាន់លើលោក ម៉ម សូណង់ដូ គឺតុលាការ
បានភ្ជាប់នឹងករណីជម្លោះដីដែលអាជ្ញាធរចោទថា
បង្កឡើងដោយប្រជាពលរដ្ឋមួយក្រុម
ដែលជាសាខាសមាគមអ្នកប្រជាធិបតេយ្យនៅភូមិប្រម៉ា ឃុំកំពង់ដំរី
ស្រុកឆ្លូង ខេត្តក្រចេះ។
ករណីជម្លោះដីដែលរដ្ឋាភិបាលចោទថា
អ្នកទាំងនោះចាប់ដីរដ្ឋបង្កើតតំបន់អបគមន៍
ហើយត្រូវរដ្ឋាភិបាលប្រើអាវុធបាញ់បង្ក្រាប
និងបណ្ដេញចេញកាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១២
បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់
និងមនុស្សមួយចំនួនត្រូវបានចាប់ខ្លួន៕
No comments:
Post a Comment