ដោយ វោហារ ជាតិ
2012-07-07 Radio Free Asia
ពិព័រណ៍ស្ដីអំពីប្រាសាទព្រះវិហារ ដែលគេដាក់ឈ្មោះថា
«សន្និសីទ និងពិព័រណ៍មិត្តរបស់ប្រាសាទព្រះវិហារ»
នឹងធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ពិព័រណ៍នេះមានចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកក្កដា
ឆ្នាំ២០១២ ចាប់ពីម៉ោង ៩:៣០នាទីព្រឹក ដល់ម៉ោង ២រសៀល
ហើយអ្នកចូលរួមទាំងអស់មិនចាំបាច់បង់ប្រាក់។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី
មានប្រសាសន៍ក្នុងសន្និសីទកាសែតនៅបណ្ណាល័យជាតិ ថ្ងៃទី៥ កក្កដាថា
គោលបំណងគឺ ប្រមូលអ្នកគាំទ្រចូលរួមពីគ្រប់មជ្ឈដ្ឋាន
ទាំងប្រជាពលរដ្ឋជាតិ និងអន្តរជាតិ
ហើយពិព័រណ៍នោះនឹងធ្វើឡើងចែកជាពីរទិដ្ឋភាព៖ «សាធារណជនអាចចូល
រួមពីរទិដ្ឋភាព។ ទិដ្ឋភាពទីមួយគឺ
ចូលរួមដោយផ្ទាល់ដល់កន្លែងតាំងពិព័រណ៍
និងកន្លែងសន្និសីទដែលយើងធ្វើជាលក្ខណៈសន្និសីទផង
យើងធ្វើជាលក្ខណៈបង្ហាញអំពីរាល់ឯកសារដែលពាក់ព័ន្ធប្រាសាទ
ព្រះវិហារ។ ហើយក្រៅពីហ្នឹង
សាធារណជនអាចចូលរួមដាក់តាំងពិព័រណ៍ជាសម្ភារៈ ជាឯកសារ ជាកំណាព្យ
ជាចម្រៀង ឬជាសោតទស្សន៍
ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញទៅមើល»។
លោក ផៃ ស៊ីផាន ដែលអះអាងក្នុងសន្និសីទកាសែតនោះថា
លោកថ្លែងក្នុងនាមជាអ្នកសម្របសម្រួលព័ត៌មាន រំពឹងថា
ពិព័រណ៍នេះនឹងមានមនុស្សចូលទស្សនាយ៉ាងហោចណាស់
ប្រហែល២ពាន់អ្នកដែរ នៅក្នុងមួយថ្ងៃៗ។ ហើយចំពោះទិដ្ឋភាពទីពីរវិញ
អ្នកចូលរួមអាចចូលរួមដោយប្រយោលដោយមិនចាំបាច់អញ្ជើញមកផ្ទាល់ក៏
បាន៖ «ទិដ្ឋភាពទីពីរ គឺសាធារណជនអាចចូលរួមជាលក្ខណៈប្រយោល។
លក្ខណៈប្រយោលរបៀបម៉េច? ព្រោះឥឡូវហ្នឹង
យើងស្ថិតនៅយុគសម័យនៃព័ត៌មានវិទ្យា។ ដូច្នេះប្រជាពលរដ្ឋ ទាំងខ្មែរ
ទាំងអន្តរជាតិ អាចផុស (Post) រូបភាពរបស់គេ ឯកសាររបស់គេ មតិរបស់គេ
នូវវិបសាយ (Website) របស់គេទូទាំងពិភពលោក ដែលយើងអាចចូលរួមបាន។
ហើយឯកជនទាំងអស់នោះដែលបានចូលរួមជាប្រយោលហ្នឹង
លោកនឹងផ្ញើអាដ្រេស (Address) នៃវិបសាយរបស់លោក នៃហ្វេសប៊ុក
(Facebook) របស់លោក ឬយើងហៅថា សូសាល់ មេឌៀ (Social Media) សូសាល់នែតវ័ក
(Social Network) ជូនដល់គណៈកម្មាធិការរបស់យើង។
គណៈកម្មាធិការរបស់យើងនឹងរៀបចំដើម្បីដាក់តាំងជូនប្រជាពលរដ្ឋទាំង
អស់ទូទៅជាសាធារណៈ ដើម្បីចូលរួមដែលដកស្រង់បទពិសោធន៍
ក៏ដូចជាទទួលបានព័ត៌មាននៃការដាក់ជាឯកជននៅតាមប៉ុស្តិ៍»។
ប្រាសាទព្រះវិហារមានទីតាំងស្ថិតលើកំពូលភ្នំដងរែក
ជាប់ព្រំដែនខ្មែរ-ថៃ។ ជាប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ
ជាកេរមរតករបស់ប្រជាជាតិកម្ពុជា ដែលបន្សល់ពីដូនតាខ្មែរ
តាំងពីជំនាន់រាជ្យព្រះបាទយសោវរ្ម័នទី១ ក្នុងគ.ស៨៨៩ ដល់គ.ស៩០០
ដែលជាព្រះមហាក្សត្រខ្មែរស្ថាបនាទីក្រុងយសោធរបុរៈ ឬទីក្រុងអង្គរ។
តែក្រោយមកប្រាសាទព្រះវិហារ
បានធ្លាក់ក្នុងកណ្ដាប់ដៃប្រទេសសៀមកាន់កាប់។
តែបន្ទាប់មកទៀត ភាគីកម្ពុជាបានប្ដឹងតវ៉ា
ហើយតុលាការអន្តរជាតិបានសម្រេចកាត់ក្ដីប្រគល់ប្រាសាទនេះមកភាគី
កម្ពុជា នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។
ក៏ប៉ុន្តែ លោកបណ្ឌិតសភាចារ រស់ ចន្ត្រាបុត្រ
នៃរាជបណ្ឌិតសភាកម្ពុជា បានរំលឹកថា មកទល់ពេលនេះ
ភាគីថៃនៅមិនទាន់បានគោរពបញ្ជាតុលាការអន្តរជាតិបាននៅឡើយទេ។
ជាពិសេសតុលាការអន្តរជាតិ បានបញ្ជាឲ្យភាគីថៃដែលកាលនោះ
គេហៅថាប្រទេសសៀម ប្រគល់រូបចម្លាក់ដែលបានលួចយកទៅជាច្រើន
នៅមិនទាន់ប្រគល់ឲ្យភាគីកម្ពុជាវិញទេ។
ក្រៅពីនេះ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ បង្ហើបឲ្យដឹងថា
តាមការស្រាវជ្រាវរបស់លោកផ្ទាល់ បានរកឃើញថា
មានផ្ទាំងរូបចម្លាក់ខ្លះ ដែលសៀមបានលួចយកទៅនោះ
គេរក្សាទុកនៅប្រទេសថៃសព្វថ្ងៃនៅឡើយ។
អង្គការអន្តរជាតិយូណេស្កូ (UNESCO) បានចុះបញ្ជីប្រាសាទព្រះវិហារ
ជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក
ប្រទេសកាណាដា (Canada) ដោយបានវិនិច្ឆ័យថា
ប្រាសាទព្រះវិហារជាស្នាដៃស្ថាបត្យកម្មឯករបស់ខ្មែរតែមួយគ្មានពីរ។
ប្រាសាទព្រះវិហារសម្បត្តិមានតម្លៃដ៏ប្រសើរ
ចាំបាច់ត្រូវថែរក្សាជាផលប្រយោជន៍សម្រាប់មនុស្សលើពិភពលោក។
រឿងជម្លោះប្រាសាទព្រះវិហារ រវាងខ្មែរនិងថៃ
ចេះតែកើតមានឡើងជាបន្តបន្ទាប់ចាប់តាំងពីមុនឆ្នាំ១៩៦២
មកទល់សព្វថ្ងៃនេះ បើគិតទៅប្រហែលមួយរយឆ្នាំហើយ
នៅតែដោះស្រាយមិនចប់។ ដោយសារតែរឿងប្រាសាទព្រះវិហារនេះ
សង្គ្រាមរវាងប្រទេសទាំងពីរបានផ្ទុះឡើងម្ដងទៀត នៅព្រំដែន
នៅអំឡុងឆ្នាំ២០០៨ បណ្ដាលឲ្យកងទាហាន
និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរស្លាប់អស់ជាច្រើននាក់។
ចំណងការទូតនៃប្រទេសទាំងពីរ
ត្រូវបានកាត់ផ្ដាច់ទំនាក់ទំនងគ្នាជាញឹកញាប់។ ក៏ប៉ុន្តែ
នៅពេលនេះបានប្រសើរឡើងវិញបន្តិច។
ត្រឡប់ទៅរឿងតាំងពិព័រណ៍ប្រសាទព្រះវិហារវិញ
អ្នកវិភាគខ្លះថ្លែងថា ការធ្វើពិព័រណ៍នេះ
ធ្វើឡើងចំពេលដែលស្ថានការព្រំដែននៃប្រទេសទាំងពីរ
ហាក់ដូចជាឲ្យសញ្ញាថា អាចចាប់ផ្ដើមតានតឹងឡើងវិញ។ ព្រោះថា
ក្នុងពេលដែលភាគីទាំងពីរកំពុងអង្គុយចរចាគ្នាលើតុនៅភ្នំពេញ
ដើម្បីបន្តបោះបង្គោលកំណត់ព្រំដែនបញ្ចប់ជម្លោះដោយសន្តិភាព
បែរជាមានសេចក្ដីរាយការណ៍ថា
ទាហានថៃបានរាយបន្លាលួសក្បែរប្រាសាទព្រះវិហារទៅវិញ។
ដំណឹងនេះ ធ្វើឲ្យភាគីកម្ពុជាភ្ញាក់ផ្អើល និងមិននឹកស្មានថា
រឿងនេះអាចកើតឡើងទៅបាន ដែលធ្វើឲ្យលោក ហោ ណាំហុង
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
ប្រញាប់ប្រញាល់សរសេរសំបុត្រប្ដឹងទៅតុលាការអន្តរជាតិម្ដងទៀត
នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០១២។
អ្នកវិភាគខ្លះគិតថា
គម្រោងពិព័រណ៍ប្រាសាទព្រះវិហារយ៉ាងតក់ក្រហល់នេះ
គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពយោធាថៃ
ដែលមិនគោរពតាមកិច្ចព្រមព្រៀងគ្នាជាមួយភាគីកម្ពុជា។ តែលោក ផៃ
ស៊ីផាន ប្រកាសថា មិនទាក់ទងជាមួយរឿងនេះទេ។
តែយ៉ាងណាលោកថា ពិព័រណ៍នោះ ខាងអង្គភាពកម្ចាត់មីនស៊ីម៉ាក់
(CMAC) នឹងដាក់តាំងពិព័រណ៍គ្រាប់កាំភ្លើងផ្លោងរបស់ថៃ
ដែលមិនទាន់ផ្ទុះ ដូចជាគ្រាប់បែកសំណុំ ឬក្លាសស្ទើ បម (Cluster
bombs) ដែលបានបាញ់ស្រោចមកលើប្រាសាទព្រះវិហារកន្លងទៅនេះ
ដើម្បីបង្ហាញពិភពលោកឲ្យដឹងពីការឈ្លានពានរបស់ថៃមកលើកម្ពុជា៕
No comments:
Post a Comment