A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 15 June 2012

Villagers request the authority to resolve land dispute in Bovel, Battambang, as soon as possible

អ្នក​ភូមិ​ស្រុក​បវេល​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​ឲ្យ​បាន​ឆាប់
2012-06-14
អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ បាន​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ស្រែ​ជា​ច្រើន​ហិកតារ ដែល​កំពុង​កើត​មាន​ជម្លោះ​នៅ​តំបន់​បឹងប្រាំ ដែល​កើត​ឡើង​ដោយ​សារ​តែ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បាន​ចលនា​ប្រមូល​យក​ដី​ជា​ ច្រើន​ហិកតារ ដើម្បី​រៀប​ចំ​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច។

វិវាទ​ដណ្ដើម​ដី​ស្រែ ដី​ចម្ការ​បង្ក​បង្កើន​ផល​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ រវាង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​តាម​ភូមិ​នានា ជា​មួយ​អ្នក​រស់​នៅ​ក្នុង​តំបន់​បឹងប្រាំ ឃុំ​អំពិលប្រាំដើម ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​តែ​បន្ត​កើត​មាន​ជា​ហូរ​ហែ រហូត​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ស្ទើរ​រាល់​ថ្ងៃ នា​ដើម​រដូវ​បង្ក​បង្កើន​ផល​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ស្រុក ខេត្ត នៅ​ពុំ​ទាន់​មាន​វិធាន​ការ​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។
ប្រជាពលរដ្ឋ​ប្រមាណ ៣០៥​គ្រួសារ រស់​នៅ​ភូមិ​បួរជុំ ភូមិ​ស្ថាពរ ភូមិ​បួររុន ភូមិ​បឹងសង្កែ ភូមិ​បឹងព្រលិត ក្នុង​ឃុំ​អំពិលប្រាំដើម ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ស្រែ​សរុប​ចំនួន​ជាង ៣​ពាន់​ហិកតារ។ ពួក​គាត់​អះអាង​ថា កំពុង​ទទួល​រង​ការ​រំលោភ​បំពាន​ពី​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​បឹងប្រាំ ក្រោម​ការ​ដឹក​នាំ​របស់​ឈ្មោះ ឈានី។

លោក​ស្រី ជួន ផល្លី អាយុ ៥៦​ឆ្នាំ រស់​នៅ​ភូមិ​បឹងសង្កែ បាន​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ទាំង​នោះ ខ្លះ​មាន​ដី ២​ហិកតារ ៣​ហិកតារ ខ្លះ​មាន​ដី ៥​ហិកតារ និង​អ្នក​ដែល​មាន​ដី​ទំហំ​ធំ​នោះ ពុំ​មាន​ច្រើន​គ្រួសារ​ទេ ប៉ុន្តែ​ដី​ស្រែ​របស់​ពួក​គាត់ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ខាង​តំបន់​បឹងប្រាំ ដឹក​នាំ​ដោយ​ឈ្មោះ ឈានី ដាក់​គ្រឿង​ចក្រ យក​ត្រាក់ទ័រ និង​គ្រឿង​ចក្រ​ទៅ​ភ្ជួរ រំលោភ​កាន់​កាប់​ជា​បន្ត​បន្ទាប់​ចាប់​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១២។ ក្រុម​អ្នក​ភូមិ​បឹងប្រាំ ដឹក​នាំ​ដោយ​ឈ្មោះ ឈានី បាន​អះអាង​ថា ដី​នោះ​ជា​ដី​របស់​កងទ័ព ហើយ​ពួក​គេ​បាន​ទទួល​បទ​បញ្ជា​ធ្វើ​ដូច្នេះ ពី​លោក ប្រាជ្ញ ចន្ទ អភិបាល​ខេត្ត​បាត់ដំបង។
លោក​ស្រី ជួន ផល្លី៖ «ស្រាប់​តែ​ពួក ឈានី គេ​យក​ម៉ៃខូ ត្រាក់ទ័រ និង​ប្រជាពលរដ្ឋ និង​ប៉ូលិស​មក​ឈូស​ឆាយ​ដី​ពួក​ខ្ញុំ ត្រាក់ទ័រ​ទៅ​ឈូស​ទំនប់ ឈូស​ភ្លឺ កាយ​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ដល់​ពេល​ពួក​ខ្ញុំ​ចូល​ទៅ​សួរ ប៉ូលិស​ថា ម៉េច​បាន​មក​ឈូស​ឆាយ​ដី​ពួក​ខ្ញុំ​អញ្ចឹង គេ​ថា ឯកឧត្ដម ប្រាជ្ញ ចន្ទ ឲ្យ​មក​ឈូស​ឆាយ។ ពួក​ខ្ញុំ​សួរ​ថា បើ​ឯកឧត្ដម ប្រាជ្ញ ចន្ទ ឲ្យ​មក​ឈូស​ឆាយ ឲ្យ​ក្រដាស​ពាក្យ​បេសកកម្ម​ដែល​គាត់​ចុះ​ទៅ​ឈូស​ឆាយ​ហ្នឹង ឲ្យ​ខ្ញុំ​មើល​បន្តិច​មក ដល់​ពេល​ខ្ញុំ​សួរ​ទៅ ថា​អត់​មាន​ទេ បើ​អត់​មាន ម៉េច​ថា ឯកឧត្ដម ប្រាជ្ញ ចន្ទ ឲ្យ​មក​ឈូស​ឆាយ»
កាល​ពី​ខែ​ឧសភា កន្លង​ទៅ​នេះ អ្នក​ភូមិ​ជិត ១០០​នាក់ បាន​លើក​គ្នា​មក​សាលា​ខេត្ត​បាត់ដំបង ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ដោះ​ស្រាយ​ជូន​ពួក​គាត់។
អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ សេង ពៅ រស់​នៅ​ភូមិ​បួរជុំ បាន​ថ្លែង​ថា រូប​គាត់​មាន​ដី ៥​ហិកតារ។ ដី​នោះ គាត់​បាន​បង្ក​បង្កើន​ផល​រាល់​ឆ្នាំ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​នេះ គាត់​បាន​ចុះ​ភ្ជួរ​រាស់ ស្រាប់​តែ​អ្នក​ភូមិ​នៅ​តំបន់​បឹងប្រាំ ហាម​ឃាត់​មិន​ឲ្យ​ធ្វើ ដោយ​អះអាង​ថា ដី​នោះ​ជា​ដី​របស់​កងទ័ព។
លោក សេង ពៅ៖ «ដី​ខ្ញុំ​ធ្វើ​ស្រែ​រាល់​ឆ្នាំ​មិន​ដែល​ខាន​ឆ្នាំ​ណា​ផង ស្រាប់​គេ​ថា ដី​ខ្ញុំ​ជា​ដី​ទ័ព ខ្ញុំ​ថា​ដី​ទ័ព​ក៏​ដោយ រក​ថ្នូរ​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​ដូរ ប៉ុន្តែ​ខាង​ថ្នាក់​ស្រុក​ហ្នឹង រក​ថ្នូរ​តាំង​ពី​ខែ​១ រហូត​ខែ​នេះ​ហើយ រក​ថ្នូរ​ដូរ​ឲ្យ​ខ្ញុំ​អត់​បាន ឥឡូវ​គាត់​រក​មិន​ទាន់​បាន ឲ្យ​ខ្ញុំ​ធ្វើ​កន្លែង​ដដែល អភិបាល​ស្រុក​និយាយ​អញ្ចឹង ដល់​ហើយ ខាង ឈានី គេ​មិន​ឲ្យ​ពួក​ខ្ញុំ​ធ្វើ»
លោក ស៊ុន តឹក ប្រធាន​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា មាន​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​ទៀត ដែល​អាជ្ញាធរ​ត្រូវ​មាន​វិធាន​ការ​ដោះ​ស្រាយ។ រឿង​ដី​សម្បទាន​សង្គម​កិច្ច ដែល​ប៉ះ​ពាល់​លើ​ដី​ប្រជាពលរដ្ឋ​កាន់​កាប់​យូរ​ឆ្នាំ​មក​ហើយ អាជ្ញាធរ​ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​អ្នក​ដែល​មាន​ដី​ច្រើន​ឡើង​ វិញ។
លោក​ថា កន្លង​មក​នេះ​អាជ្ញាធរ​ខេត្ត មាន​គោល​ការណ៍​ឲ្យ​អ្នក​មាន​ដី​កាន់​កាប់​ច្រើន ធ្វើ​សម្បទាន​ ៤០% អោយ​រដ្ឋ ទុក ៦០%។ ប្រជាពលរដ្ឋ​មាន​ដី​ច្រើន​មួយ​ចំនួន​បាន​យល់​ព្រម​លើ​គោល​ការណ៍​នេះ ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​យល់​ព្រម។
លោក ស៊ុន តឹក៖ «យើង​ចង់​ឲ្យ​ខេត្ត​ជួយ​ដោះ​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ដែល​អត់​ដី​សោះ ឲ្យ​គាត់​ជួយ​ដោះ​ស្រាយ​ដូច​អ្នក​នៅ​ខាង​បឹងប្រាំ​ដែរ ខាង ឈានី។ យើង​ចង់​ឲ្យ​ដោះ​ស្រាយ​អញ្ចឹង ព្រោះ​ប្រជាពលរដ្ឋ​កាល​ណា​អត់ គាត់​ត្រូវ​មាន​ការ​តស៊ូ​ច្រើន ហើយ​អ្នក​ដែល​មាន​ដី​រស់​នៅ គេ​មិន​សូវ​តស៊ូ​ខ្លាំង​ទេ អ្នក​ដែល​អត់ គាត់​មាន​ការ​តស៊ូ​ប្ដូរ​ផ្ដាច់​ជីវិត»
ក្រុម​អ្នក​ភូមិ បាន​ស្នើ​សុំ​ឲ្យ​ក្រុម​អាជ្ញាធរ​ជួយ​ធ្វើការ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ជូន ​ពួក​គាត់ ឲ្យ​បាន​ឆាប់ តែ​រហូត​មក​ដល់​ពេល​នេះ បញ្ហា​នៅ​កើត​មាន​ជា​បន្ត​បន្ទាប់។ បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​ថា អំពើ​ហិង្សា​ក្នុង​ជម្លោះ​ដណ្ដើម​កាន់​កាប់​ដី​ធ្លី អាច​ហ្នឹង​កើត​មាន​ជា​ថ្មី​ទៀត នៅ​តំបន់​នោះ។
ឆ្លើយ​តប​បញ្ហា​នេះ លោក ទឹម ដារ៉េត ជា​អភិបាល​ស្រុក​បវេល បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ ធ្វើ​ការ​សម្រប​សម្រួល បាន​លទ្ធផល​មួយ​ចំនួន តែ​នៅ​សល់​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ។ លោក​ថា កន្លង​មក​មាន​ម្ចាស់​ដី​ខ្លះ មាន​ចេតនា​មិន​ចង់​ជួប​ជា​មួយ​អាជ្ញាធរ និង​អ្នក​ខ្លះ​ទៀត នៅ​មិន​ទាន់​បាន​ជួប ដោយ​សារ​ការ​ពាក់​ព័ន្ធ​នៅ​មាន​ច្រើន។
លោក ទឹម ដារ៉េត៖ «ជា​គោល​ការណ៍ គឺ​មាន​ផល​ប្រយោជន៍​ទាំង​សង​ខាង ផល​ប្រយោជន៍​ទាំង​ខាង​រដ្ឋ និង​ខាង​ប្រជាពលរដ្ឋ ដែល​កាន់​កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់ យើង​នៅ​បន្ត​ធ្វើ​ការងារ​ហ្នឹង​រហូត​ដល់​រាល់​ថ្ងៃ​ហ្នឹង ឥឡូវ​ថ្ងៃ​នេះ យើង​ជួប​ជា​មួយ​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​គាត់​យល់​ពី​គោល​ការណ៍ របស់​រដ្ឋ ដី​ដែល​គាត់​កាន់​កាប់​ហ្នឹង ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច»
លោក ទឹម ដារ៉េត បាន​បញ្ជាក់​ថា គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​មាន​ពីរ​ផ្នែក។ ផ្នែក​ទី​១ គឺ​ជា​គោល​នយោបាយ​បន្ទាន់​របស់​រដ្ឋាភិបាល ក្នុង​ការ​រក​ដី​ជូន​ដល់​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ។ ឥឡូវ​នេះ ដី​លំ​នៅ​ឋាន អាជ្ញាធរ​បាន​រៀប​ចំ​ដី​ឡូត៍​ក្បាល ៣០​ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ សម្រាប់​មួយ​គ្រួសារ។
ដី​ស្រែ​គ្រោង​ផ្ដល់​ជូន​១​គ្រួសារ ២​ហិកតារ ប៉ុន្តែ​ជាក់​ស្ដែង ទើប​សង់​ផ្ទះ​បាន ៨០​ខ្នង លើ​ដី​ឡូត៍ ៨០​ឡូត៍ និង​មាន​ដី​ឡូត៍​ត្រៀម​បម្រុង​មួយ​ចំនួន​ទៀត ដែល​សាង​សង់​ក្នុង​ផែន​ការ​ឆ្នាំ​២០១២។ លោក​បន្ត​ថា ដី​ស្រែ​អាជ្ញាធរ​រក​បាន ២៥០​ហិកតារ លើ​គម្រោង ៥០០​ហិកតារ ចំនួន​នេះ​នៅ​មិន​ទាន់​គ្រប់​តាម​តម្រូវ​ការ​របស់​កង​ទ័ព​ក្នុង​មួយ​ គ្រួសារៗ​នោះ​ទេ។
ចំណែក​ផ្នែក​ទី​២ គឺ​សម្រាប់​គ្រួសារ​ក្រី​ក្រ​នៅ​ក្នុង​តំបន់​បឹងប្រាំ អាជ្ញាធរ​បាន​ធ្វើការ​ប្រគល់​ដី​ជា​ បណ្ដោះ​អាសន្ន​តាម​រយៈ​ការ​តាំង​ទី​លំនៅ​របស់​អ្នក​ភូមិ ដោយ​បាន​ចុះ​ថត​រូប ធ្វើ​អត្តសញ្ញាណ​ជា​មួយ​ដី​ធ្លី បាន​ជាង ១.២០០​គ្រួសារ។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​បាន​សម្រង់​ដី​បាន​ជាង ៨០០​ហិកតារ សម្រាប់​ជូន​គ្រួសារ​ក្រី​ក្រ ដោយ​មាន​ការ​ចាប់​ឆ្នោត ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម។
លោក ទឹម ដារ៉េត៖ «ចាប់​ឆ្នោត​រួច​ហើយ ឃើញ​ថា វា​មិន​ទាន់​គ្រប់ និង​ទំហំ​ធន់​ល្មម ដែល​ត្រូវ​ចែក​ជូន​គាត់​តាម​គម្រោង​ទេ យើង​ត្រូវ​រក​ដី​ថែម​ទៀត ទី​១ យើង​បន្ត​ព្យាយាម​ដោះ​ស្រាយ​ជា​មួយ​អ្នក​កាន់​កាប់​ដី​ក្នុង​តំបន់ បាន​ន័យ​ថា ត្រួត​គ្នា​ក្នុង​តំបន់​ដី​សម្បទាន​សង្គម​កិច្ច​ហ្នឹង អាច​ថា រដ្ឋ​បាន​មួយ​ចំណែក​មក បង​ប្អូន​កាន់​កាប់ ក៏​បាន​ទទួល​មួយ​ចំណែក​ទៅ ដែល​នឹង​ត្រូវ​បាន​និយ័ត​ពី​ភាព​មិន​ស្រប​ច្បាប់​ទៅ​ស្រប​ច្បាប់»
រដ្ឋាភិបាល​បាន​កំណត់​យក​ដី​នៅ​តំបន់​នោះ​ទំហំ​ជិត ៤​ពាន់​ហិកតារ ដាក់​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ សម្រាប់​បែង​ចែក ឲ្យ​ប្រជាពលរដ្ឋ​អត់​ដី​ចំនួន​ជិត ២​ពាន់​គ្រួសារ និង​គ្រួសារ​យោធិន​ពលី​ពិការ​ចំនួន ២៥០​គ្រួសារ។ ប៉ុន្តែ​តម្រូវ​ការ​នៃ​ទំហំ​ដី​នេះ នៅ​ពុំ​ទាន់​រក​ឲ្យ​បាន​គ្រប់​ចំនួន ទើប​បណ្ដាល​ក្រុម​អ្នក​ភូមិ​ដែល​រស់​នៅ​តំបន់​បឹងប្រាំ ខំ​ប្រឹង​រក​ដី​ឲ្យ​បាន​គ្រប់​ចំនួន​តាម​តម្រូវ​ការ។ ការ​រក​ដី​បង្គ្រប់​ចំនួន​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត៕

No comments: