Boeung Kak Lake residents protesting in front of the Senate.
អាជ្ញាធររារាំងអ្នកបឹងកក់មិនឲ្យដាក់ញត្តិនៅផ្ទះលោក ហ៊ុន សែន
ដោយ សុ ជីវី
2012-06-14
អ្នកបឹងកក់ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី១៤ មិថុនា បានព្យាយាមដើរដង្ហែញត្តិដោយចេញពីក្រោមដើមពោធិ៍ខាងមុខវត្ត បទុមវតី ទៅដាក់នៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ដោះលែងអ្នកតំណាងពួកគេ ១៥នាក់ពីពន្ធនាគារព្រៃស ប៉ុន្តែការប៉ុនប៉ងនោះត្រូវបរាជ័យ ដោយសារកម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ រារាំង។អ្នកបឹងកក់ខកចិត្តនៅពេលដែលពួកគេត្រូវកម្លាំងសមត្ថកិច្ច ហាមប្រាមមិនអោយដើរក្បួននាំយកញត្តិទៅជូនលោកនាយករដ្ឋមន្ត្រីដល់ ខាងមុខផ្ទះ។ ក្រុមអ្នកភូមិបានស្រែកដង្ហោយហៅរកជំនួយអន្តរាគមន៍ពីលោក នាយករដ្ឋមន្ត្រីពីចម្ងាយ គឺពីទីតាំងដែលអាជ្ញាធរបានដាក់រនាំង និងពង្រាយកម្លាំងប្រមាណ ៥០នាក់ ស្ទាក់ចាំអ្នកបឹងកក់ ដែលស្ថិតនៅជ្រុងខាងកើតសួនច្បារវិមានឯករាជ្យក្បែរនាគបាញ់ទឹក។
ស្រ្តីអ្នកភូមិបឹងកក់ម្នាក់បានសុំអង្វរសមត្ថកិច្ចអោយ អនុញ្ញាត្តអោយពួកគេប្រមាណ ១០០នាក់នោះបានដើរហែយកទៅប្រគល់អោយមន្ត្រីខុទ្ទកាល័យលោក នាយករដ្ឋមន្ត្រី។ តំណាងរូបនោះបញ្ជាក់ថា គេចង់បានដំណោះស្រាយសម្រាប់អ្នកតំណាង ១៥នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស គឺពួកជាប់ឃុំដោយពុំមានកំហុស។
បើទោះជាពុំបានអនុញ្ញាតអោយអ្នកភូមិបឹងកក់ បានយកញត្តិទៅខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ក៏ពិតមែនក៏មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន នៅរង់ចាំទទួលយកញត្តិនៅក្រោមដើមពោធិ៍ខាងមុខវត្តបទុមវតី។
បើទោះជាបែបណា ក្រុមអ្នកភូមិនៅតែទទូចធ្វើដំណើរទៅខាងមុខផ្ទះលោក នាយករដ្ឋមន្ត្រី។ ភ្លាមៗនោះ គេបានព្រមានអ្នកភូមិថា បើនៅតែរឹងទទឹង គេនឹងចាត់វិធានការតាមច្បាប់។
ក្រុមអ្នកភូមិបឹងកក់បានសម្រេចចិត្តរំសាយការតវ៉ា នៅពេលដែលស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនឡានមកត្រៀមសម្រាប់ដឹកអ្នកតវ៉ា ប្រសិនបើឈានដល់ការចាប់ខ្លួន។
ភូមិកក់ម្នាក់ អ្នកស្រី បូ ឆវី មានប្រសាសន៍ថា ពួកគាត់ចង់យកញត្តិទៅដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ដោយហេតុថា ពួកគេ បានប្រគល់ញត្តិទៅអោយមន្ត្រីខុទ្ទកាល័យនៅក្រោមដើមពោធិ៍ខាងមុខ វត្តបទុមវតីនោះច្រើនដងមកហើយនៅតែគ្មានដំណោះស្រាយ។ អ្នកស្រីចាត់ទុកការរារាំងរបស់អាជ្ញាធរគឺជាចេតនាបិទបាំងព័ត៌មាន ពីទង្វើអាក្រក់របស់មន្រ្តីថ្នាក់ក្រោម មិនអោយនាយករដ្ឋមន្ត្រីបានដឹង។
អ្នកស្រី បូ ឆវី បន្តថា ពួកគេត្រូវការដំណោះស្រាយបន្ទាន់ ដែលអាចជួយអោយអ្នកភូមិទាំង ១៥នាក់រួចទោស ដ្បិតអ្នកដែលបានតវ៉ាដោយអត់អាហារនៅក្នុងពន្ធនាគារនោះ មានសុខភាពទ្រុឌទ្រោមដែលពុំអាចអោយពួកគេទ្រាំទ្របានយូរឡើយ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានចាត់ទុកការរារាំងអ្នកភូមិបឹង កក់ ថាជាការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងបានជំរុញអោយមានការយកចិត្តទុកដាក់នាំយកញត្តិពួកគេទៅដល់លោក នាយករដ្ឋមន្ត្រី។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី គឺជាជម្រើសចុងក្រោយដែលពួកគេគិតថា អាចផ្ដល់ដំណោះស្រាយជួយអ្នកតំណាងពួកគេមកវិញ។
ប្រភពពីអ្នកភូមិបានអោយដឹងថា មកដល់ពេលនេះ មានតំណាងអ្នកបឹងកក់ចំនួន ៧នាក់ហើយបានតវ៉ាដោយអត់អាហារក្នុងពន្ធនាគារ ហើយពួកគេមួយចំនួនបានចាប់ផ្ដើមទ្រុឌទ្រោមសុខភាពហើយដែរ៕
1 comment:
Why these people so Naive !!!!???? Hunsen knew all these matters because the company that stole this land is Hunsen's friend.Maybe, Hunsen got his share in this deal as well,don't waste your time to ask a king of thief to find justice for you it not going to happen.Remember this is ROBBER HOOD STEALING FROM THE POOR GIVING TO THE RICH.An opposite of American's Robinhood stealing from rich give to the POOR. okay!!!
Stop waste your to ask Robberhood of Cambodia for help you....These Robberhood is a problem,you have to find help from somewhere else....Cpp=Robberhood of Cambodia.
Post a Comment