អាជ្ញាធរចាប់សកម្មជនបក្សសម រង្ស៊ី ក្នុងជម្លោះដីធ្លីនៅកៀនស្វាយ
ដោយ សុ ជីវី
2012-06-14
សកម្មជនគណបក្ស សម រង្ស៊ី លោក មាស ប៉េង ត្រូវសមត្ថកិច្ចខេត្តកណ្ដាល ចាប់ឃុំខ្លួនក្រោមការចោទប្រកាន់ថា ជាអ្នកផ្ដើមអំពើហិង្សាទៅលើម្ចាស់ដី នៅក្នុងជម្លោះដីធ្លីមួយកន្លែងនៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ក្រុមគ្រួសារ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងគណបក្សប្រឆាំងអំពាវនាវអោយតុលាការខេត្តកណ្ដាល ដោះលែងលោក មាស ប៉េង អោយមានសេរីភាព និងចាត់ទុកថា ការចាប់ខ្លួនសកម្មជនរូបនេះ គឺជាការបំភ័យបំបាក់ស្មារតីសំឡេងប្រឆាំង។
កូនស្រីលោក មាស ប៉េង បាននិយាយថា ឪពុករបស់គេគួរតែត្រូវដោះលែងអោយមានសេរីភាព ព្រោះគេដឹងថា លោកពុំមានកំហុសដូចការចោទប្រកាន់ឡើយ។
មន្ត្រីស៊ើបអង្កេតនៅសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត ដែលតាមដានករណីនេះ មានប្រសាសន៍ថា លោក មាស ប៉េង ត្រូវចាប់ខ្លួនដោយមូលហេតុទាក់ទិននឹងជម្លោះដីធ្លីក្នុងឃុំ ដែលរឿងក្តីនោះបានចប់សព្វគ្រប់ហើយនោះ។
លោក ចាន់ សុវ៉េត បន្តថា លោក មាស ប៉េង គួរត្រូវបានដោះលែងអោយមានសេរីភាព។ លោកថា ការចាប់ខ្លួនសកម្មជនគណបក្ស សម រង្ស៉ី នៅពេលនេះ អាចមានហេតុផលនយោបាយច្រើនជាងនីតិវិធី។
លោក មាស ប៉េង ធ្លាប់ជាជំទប់ទី២ មកពីគណបក្ស សម រង្ស៊ី នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ត្រូវចាប់ខ្លួននៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១២ និងនាំទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ទៅតាមដីការបស់សាលាដំបូងខេត្តនេះ។ លោក មាស ប៉េង ត្រូវចោទប្រកាន់ពីបទ អ្នកផ្ដួចផ្ដើមគំនិត ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
សេចក្តីថ្លែងការណ៍របស់គណបក្ស សម រង្ស៊ី ចេញនៅថ្ងៃទី១២ ខែមិថុនា ដែរនោះ បានអំពាវនាវអោយសាលាដំបូងខេត្តកណ្ដាល ដោះលែងលោក មាស ប៉េង និងចាត់ទុកថា ករណីចាប់ខ្លួនលោក មាស ប៉េង គឺជាការគម្រាមកំហែងផ្នែកនយោបាយទៅលើគណបក្សប្រឆាំង។
សេចក្តីថ្លែងការណ៍ដដែលបានបង្ហាញថា ការចាប់ខ្លួនលោក មាស ប៉េង គឺធ្វើឡើងភ្លាមៗនៅក្រោយពេលដែលលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣ បានទទួលការគាំទ្រកាន់តែច្រើនពីប្រជាពលរដ្ឋពីមូលដ្ឋាន។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ករណីនេះ គឺជាការគម្រាមទៅដល់អ្នកគាំទ្រគណបក្ស សម រង្ស៊ី អោយមានការភ័យខ្លាច ឬបាត់បង់ទំនុកចិត្តជាមួយមន្ត្រីគណបក្សប្រឆាំង។
ឆ្លើយតបនឹងការលើកឡើងនេះ ចៅក្រមសាលាដំបូងខេត្តកណ្ដាល លោក លឹម សុគន្ថា មានប្រសាសន៍ថា លោកបំពេញតួនាទីតាមច្បាប់ គឺពុំបានស្ថិតក្រោមបញ្ជាភាគីណាមួយឡើយ។
កាលពីឆ្នាំ២០១១ ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់ក្នុងឃុំបន្ទាយដែក កើតមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនរបស់លោក ប្រាក់ សាវុធ ជាអភិបាលរងខេត្តក្រចេះ។ ទាក់ទិននឹងជម្លោះដីធ្លីនេះ ពលរដ្ឋ៣នាក់ ដោយរួមទាំងលោក មាស ប៉េង ផងត្រូវក្រុមហ៊ុនប្ដឹងទៅតុលាការ។ បុរសម្នាក់ឈ្មោះ ម៉ឹក ជា ត្រូវតុលាការកាត់អោយជាប់ពន្ធនាគារ ចំណែកបុរសម្នាក់ទៀតបានរត់គេចខ្លួន។
បន្ទាប់ពីជម្លោះដីធ្លីនេះបញ្ចប់ លោក មឹក ជា ត្រូវដោះលែងអោយមានសេរីភាព។ លោក មាស ប៉េង ត្រូវបានសាលាដំបូងខេត្តកណ្ដាល ឃុំខ្លួនម្ដងរួចមកហើយ ប៉ុន្តែត្រូវបានលោក ជួង ជូងី ដែលជាមេធាវីការពារក្តី និងលោក ចាន់ ចេង តំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកណ្ដាល នាំយកពីពន្ធនាគារវិញ ដោយសំអាងថា ពុំមានដីកាតុលាការអោយឃុំខ្លួន។
ក្រោយមកលោក ចាន់ ចេង ត្រូវរដ្ឋសភាដកអភ័យឯកសិទ្ធិ និងលោក ជួង ជូងី ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមបទចោទថា ផ្ដល់មធ្យោបាយឲ្យលោក មាស ប៉េង រត់ចេញពីការឃុំខ្លួន៕
No comments:
Post a Comment