A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 7 April 2012

សូម្បីតែ សយ សុភាព ក៏ទ្រាំមិនបានដែរ៖ ចំណុចខ្វះខាត នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២០ នៅភ្នំពេញ



Cambodian military police officers patrol in front of Cambodia Peace Palace, the venue for the 20th ASEAN Summit slated for April 3-4, in Phnom Penh, Cambodia, March 28, 2012. (AP Photo/Heng Sinith)

Friday, 06 April 2012 15:47  
 ដោយៈ សយ សុភា-តុល សុភ័ណ
ប្រភាព៖ ដើមអំពិល

ភ្នំពេញៈ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី២០ ដែលបានចាប់ផ្តើមពីថ្ងៃទី០២ រហូតដល់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១២ ហើយកិច្ចប្រជុំនេះ បានទាក់ទាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ៧០០ នាក់ ដែលបានមកផ្តិតយករូបភាព និងព័ត៌មានសម្រាប់អង្គភាព និងស្ថាប័នរៀងៗ ខ្លួន។
បើទោះបីកិច្ចប្រជុំកំពូលអាស៊ានលើកទី២០នេះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០១២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកថា បានបញ្ចប់ទៅដោយ ជោគជ័យគួរឱ្យកត់សម្គាល់ ក៏ដោយ ក៏ប៉ុន្តែនៅមានចំណុចខ្វះខាត និងបញ្ហារាំងស្ទះមួយចំនួនសម្រាប់អ្នកសារព័ត៌ មានជាតិ និងអន្តរជាតិ។ បញ្ហារាំងស្ទះ គួរតែមានការកែសម្រួលឱ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀម កិច្ចប្រជុំកំពូលអាស៊ានបូក ដែល មានថ្នាក់ដឹកនាំ នៃប្រទេសមហាអំណាចយ៉ាងច្រើន នឹងចូលរួមនាខែ កក្កដា និងវិច្ឆិកា ឆ្នាំ២០១២នេះ។

ខាងក្រោមនេះ ជាចំណុចខ្វះខាតដែលមជ្ឈមណ្ឌលព័តមានដើមអម្ពិល ក៏ដូចជាអ្នកសារព័តមានទូទៅចង់ឱ្យមាន ការកែប្រែ និងជួយសម្រួលឱ្យបានល្អប្រសើរថែមទៀត សម្រាប់កិច្ចប្រជុំបន្តបន្ទាប់ទៀត៖
ការចុះឈ្មោះអ្នកកាសែតតាមប្រព័ន្ធអេឡិចត្រូនិក៖ ងាយស្រួលក្នុងការបំពេញ ប៉ុន្តែមិនងាយស្រួលបានទេ ដោយ សារតែវាលេបបាត់ឈឹង។ នៅពេលទាក់ទងសួរតាមទូរស័ព្ទ មន្រ្តីឆ្លើយគ្មានការទទួលខុសត្រូវពោល គឺបានត្រឹម តែស្នើឲ្យដាក់ពាក្យស្នើម្តងទៀត ជាហូរហែររហូតដល់ពេលប្រជុំ ទើបមានការសម្រួល ធ្វើឡើងវិញទាំងតក់ ក្រហល់ និងមានសភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់។  មានប័ណ្ណខ្លះ (Media Pass) មាស៊ីនអត់ស្គាល់ ប័ណ្ណខ្លះ អត់មានត្រា និងហត្ថលេខារបស់មន្រ្តីទទួលបន្ទុកការងារជាដើម។  អ្នកកាសែតខ្លះគ្មានប័ណ្ណទន់ និង ប័ណ្ណរឹង (ផ្លាស្ទីក) ជាដើម។ រីឯខ្សែពាក់ប័ណ្ណវិញ ពីដំបូងអត់ស្លាក សញ្ញាអាស៊ានប៉ុនសរសៃសក់ ណាមួយនោះទេ ទើបដល់ ថ្ងៃប្រជុំធំ (ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន) ទើប បានមាន និងប្តូរឱ្យអ្នកកាសែត។ ចុះធ្វើឱ្យទាន់និងចែកឱ្យទាន់ ទៅវិញវាមិនប្រសើរទេ ឬ ក៏ខ្លាចមន្រ្តីអត់ការ ងារធ្វើ ទើបចាំបាច់ការងារកំប៉ិកកំប៉ុកបែបនេះ ស្រកេកស្រកាកទៅ វិញ។
ខ្វះអ្នកនាំពាក្យពីកិច្ចប្រជុំនីមួយៗ៖ រាល់កិច្ចប្រជុំអាស៊ានដែលចាប់ផ្តើម និងបញ្ចប់ គួរតែមានអ្នកជំនាញ នៃកិច្ច ប្រជុំនីមួយៗធ្វើសន្និសីទកាសែត ដើម្បីផ្តល់ព័ត៌មាន ក៏ដូចជាឱកាសសម្រាប់អ្នកសារព័ត៌មាន អាចទទួលបាន ព័ត៌មានដ៏សមរម្យណាមួយសម្រាប់អង្គភាពរបស់ខ្លួន។ អ្នកផ្តល់ខ្លឹមសារគួរតែជាមន្រ្តីកម្ពុជា ដែលមានការចាត់ តាំងក្នុងឋានៈជាម្ចាស់ផ្ទះ។ ដោយសារតែយឺតយ៉ាវក្នុងការផ្តល់ព័ត៌មានបែបនេះ ធ្វើឱ្យទាំងអ្នកកាសែតអាជីពទាំង ជាតិ និងអន្តរជាតិ រត់ឱ្យត្របាញ់ជើង ប្រមាញ់ទៅរកមេដឹកនាំអាស៊ានដទៃ ដែលអាចផ្តល់ខ្លឹមសារបានខ្លះ សម្រាប់រាយការណ៍ពីខ្លឹមសារ នៃកិច្ចប្រជុំ។ គេសង្កេតឃើញថា ថ្នាក់ដឹកនាំរបស់អាស៊ានដែលលេចធ្លោជាងគេ ក្នុង ការផ្តល់ព័ត៌មាននោះ គឺអគ្គលេខាធិការអាស៊ានលោក ស៊ូរិន ពិតសុវណ្ណ និងលោករដ្ឋមន្រ្តីការទេសឥណ្ឌូនេស៊ី ម៉ាទី ណាតាឡេហ្គាវ៉ាទៅវិញ។ គេដាក់សំណូរថា តើខ្មែរពិតជាគ្មានមន្រ្តីមានសមត្ថភាពផ្តល់ខ្លឹមសាររាល់កិច្ច ប្រជុំនីមួយៗ ឱ្យអ្នកសែតណាស់ទៅរឺយ៉ាងម៉េច? តើមុខមាត់ខ្មែរ ក្នុងឋានៈជាប្រធានអាស៊ានទៅជារបៀបណា បើគេមើលព័ត៌មានតាម Online និងកាសែតអន្តរជាតិធំៗ សុទ្ធជាសម្តីរបស់ជនបរទេសទៅវិញនោះ។ ឯណាទៅ ឈ្មោះមន្រ្តីខ្មែរ នៅក្នុងអត្ថបទកាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តីរឺគេហទំព័រអន្តរជាតិ រឺក៏ចាំតែឱ្យគេស៊ីឡាក់? បើយ៉ាងដូច្នេះ មេដឹកនាំអាស៊ាន គេនៅតែវាយតម្លៃសមត្ថភាពរបស់មន្រ្តីកម្ពុជា នៅទាបរឺមានកម្រិតនៅឡើយ។ បើតាមដឹងស្ថាប័ននានាដូចជាក្រសួងការបរទេស ឬក្រសួងព័ត៌មាន ដែលជាក្រសួងមានសមត្ថកិច្ចរៀប ចំនោះ មានរដ្ឋលេខាធិការមិនតិចជាង៥រូប (ក្រសួងការបរទេសមានរហូតដល់ទៅ៧រូប) អនុរដ្ឋលេខាធិការមិនតិចជាង ៨រូបនោះទេ។
ឯកសាររឹងនិងទន់ (Hard and Soft copies)៖ គួរតែចែកអ្នកកាសែត ក្រោយការប្រជុំយ៉ាងយូរបំផុត ១០នាទី ឬបានភ្លាមៗកាន់តែប្រសើរ។ កុំដល់ឆ្លងថ្ងៃ មួយ ឬពីរថ្ងៃ ទើបមាន ។
ការបកប្រែភាសា៖ គួរតែមានការត្រៀមឱ្យបានជាមុននិងប្រាកដប្រជា។ ជាពិសេសនៅពេលសន្និសីទកាសែត របស់ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានអាស៊ាន អត់មាន អ្នកបកប្រែពីភាសាខ្មែរទៅជាភាសាអង់គ្លេស (មានតែឧបករណ៍ស្តាប់ តែឮសំឡេងបកប្រែ) ដែលជាហេតុធ្វើឲ្យអ្នកសារ ព័ត៌មានបរទេស មានការងឿងឆ្ងល់ថា ហេតុអ្វីសន្និសីទកាសែត របស់ប្រធានអាស៊ាន ទាំងមូលអត់អ្នកបកប្រែ ទៅវិញ។
ឧបករណ៍បំពងសំឡេងនៅក្នុងបន្ទប់សន្និសីទកាសែត៖ វាមិនថ្វីទេសម្រាប់អ្នកសរសេរ តែសម្រាប់អ្នករាយការណ៍ វិទ្យុនិងទូរទស្សន៍ ពិបាករកសំឡេង ដោយសារតែឧបករណ៍បំពងសំឡេង នៅលើពិដានខ្ពស់ នៃវិមានសន្តិភាព ទោះមានកាំជណ្តើរ ដាក់ឡើង ក៏មិនដល់ដែរ។ ដូច្នេះ គួរមានការកែសម្រួលនិងរៀបចំឡើងវិញ។
ទីតាំងនៃអ្នកសារព័ត៌មាន៖ កន្លែងដែលអ្នកសារព័ត៌មានធ្វើការ ហាក់ដូចជាដាច់ឆ្ងាយពីមន្រ្តីជាន់ខ្ពស់អាស៊ាន ដែលនេះជាផលលំបាក និងឧបសគ្គសម្រាប់ពួកគេក្នុងការទទួលបានព័ត៌មាន។ លើសពីនេះ កន្លែងអ្នកសារព័ត៌ មានធ្វើការដែលពួកគេមិនមានថវិកាសម្រាប់ជួលកន្លែងដាច់ដោយឡែកនោះ គួរតែមានទំហំធំជាងមុន ដើម្បី ជៀសវាងការកកស្ទះ ឬគ្មានកន្លែងសម្រាប់ធ្វើការ។ បើអាចគួរតែបន្ថែមបន្ទប់បានធំៗជាងនេះ។
ទីតាំងសម្រាប់អ្នកថតរូប៖ ដើម្បីជៀសវាងការរអ៊ូរទាំពីអ្នកថតរូប និងអ្នកថតវីដេអូ គួរតែស្វែងរក និងកំណត់ទីតាំង ឱ្យបានធំទូលាយសម្រាប់ពួកគេ រឺបើអាច(គួរមានរូបPool) បើមិនដូច្នោះអ្នកកាសែតរូបថត រាប់រយថែមទៀត នឹង ជាន់កគ្នាប្រជ្រៀតរកទីតាំងថត ដោយសារម៉ាស៊ីនថតរូបរបស់ពួកគេសុទ្ធតែធំៗ និងមានជើងទ្រច្រងេងច្រងាង។
ម្ហូបអាហារ និងអាហារសម្រន់ ៖ ការផ្តល់ម្ហូបអាហារដល់អ្នកសារព័ត៌មាន គឺជារឿងល្អមួយដែលបង្ហាញពីចិត្ត ទូលាយរបស់ថ្នាក់ដឹកនាំខ្មែរ ប៉ុន្តែអ្វីដែលយើងគួរចាប់អារម្មណ៍បន្តិចនោះគឺថា គួរតែមានម្ហូបបែបបរទេស ពី ព្រោះកន្លងមក ម្ហូបអាហារដែលផ្តល់ជូនអ្នកសារព័ត៌មាននោះ គឺមានលក្ខណៈខ្មែរសុទ្ធ។ តែយ៉ាងណាក៏ដោយ បញ្ហានេះ មិនមែនជាបញ្ហាធំដុំ ឬធ្ងន់ធ្ងរនោះទេ ប៉ុន្តែបើមានការកែប្រែបន្តិច វាជារឿងល្អមួយនោះ ក៏ព្រោះតែអ្នក កាសែតជាសមាជិកអាស៊ាន ក៏មានអ្នកកាន់សាសនាអ៊ីស្លាមផងដែរ។ បញ្ហានេះជាការគោរពដល់ពលរដ្ឋអាស៊ាន ដែលមិនទទួលទានអាហារសាច់ជ្រូក។ រីឯអាហារសម្រន់វិញ គឺមានការខ្វះខាតច្រើន មនុស្សកាន់តែច្រើន នំនែក និង ភេសជ្ជៈ នៅតែដដែល (បើរត់មកមិនទាន់ សល់តែសំបកទេ កុំចង់សាក) ។
បន្ទប់អនាម័យ៖ នៅកន្លែងមជ្ឈមណ្ឌលព័ត៌មាន (Media Center)  គួរតែសម្អាត ឱ្យបានញឹកញាប់ និងមានក្រដាសអនាម័យឱ្យបានគ្រប់គ្រាន់ រីឯធុងសម្រាមគួរមានធំជាងនេះ រឺបើមិនដូច្នោះ សូមយកទៅចាក់ចោលឱ្យបានញាប់បន្តិច កុំឱ្យវាធ្លាក់សំរាមរប៉ាត់ រប៉ាយពាសវាសពាសកាលទៀត។
ក្រៅពីបញ្ហាទាំងនេះ យើងសង្កេតឃើញថា បញ្ហាផ្សេងៗដូចជាសន្តិសុខ ការសម្របសម្រួលដល់មន្រ្តីជាន់ខ្ពស់ អាស៊ាន បានដំណើរការទៅយ៉ាងរលូន និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ យើងសង្ឃឹម និងជឿជាក់យ៉ាង មុតមាំថានឹងមានការជួយកែសម្រួលពីថ្នាក់ដឹកនាំដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ហើយចំពោះការរិះគន់ គឺក្នុង ន័យស្ថាបនាតែប៉ុណ្ណោះ ដើម្បីបង្ហាញពីសក្តានុពលថាខ្មែរតូចមែន តែអាចរៀបចំកិច្ចប្រជុំដ៏ធំបែបនេះ ដោយ រលូន និងមានប្រសិទ្ធិភាពក្នុងឋានៈជាប្រធានអាស៊ាន៕

No comments: