
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ (ឆ្វេង) ទទួលស្វាគមន៍ប្រមុខយោធាថៃ លោកតាណាសក្តិ ប៉ាទីម៉ាប្រាកន (Natasak Patimapragorn) នាទីស្ដីការក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ កញ្ញា ២០១៤។
RFA/Van Vichar
កម្ពុជា នៅតែមិនស្នើថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ ឡើយ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក្នុងពេលដែលលោកជួបសវនាការជាមួយមេទ័ពថ្មីរបស់ថៃ គឺលោក តាណាសក្តិ ប៉ាទីម៉ាប្រាកន (Natasak Patimapragorn) នាទីស្ដីការក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា។
ដំណើរទស្សនកិច្ចរបស់ប្រមុខយោធាថៃ មកកាន់កម្ពុជា ពេលនេះ គឺធ្វើឡើងដើម្បីស្នើសុំការទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ថៃ ដែលមេរដ្ឋប្រហារយោធា លោក ប្រាយុទ្ធ ចាន់អូចា (Brayuth Chan Ocha) ទើបត្រូវបានសភាថៃ បោះឆ្នោតឲ្យធ្វើនាយករដ្ឋមន្ត្រីកាលពីខែសីហា កន្លងទៅ។ ភាគីថៃ បានស្នើឲ្យកម្ពុជា យោគយល់នយោបាយផ្ទៃក្នុងថៃ ហើយបន្តកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ។ ក៏ប៉ុន្តែ កម្ពុជា មិនបានស្នើឲ្យភាគីថៃ ដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ តាមដីកាបង្គាប់របស់តុលាការអន្តរជាតិទីក្រុងឡាអេ នោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មានប្រសាសន៍ប្រាប់អ្នកកាសែតថា ភាគីថៃ សន្យារដ្ឋសន្តិសុខនៅតាមព្រំដែន និងសន្យាថែរក្សាការពារពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ ដោយយកចិត្តទុកដាក់ រួមមានការផ្ដល់សេវាសុខាភិបាល និងសេវាអប់រំសម្រាប់កូនៗពលករខ្មែរ ជាដើម។ លោកបន្តថា កម្ពុជា និងថៃ ក៏ជជែកគ្នាពីបញ្ហាមួយចំនួនទាក់ទិននឹងព្រំដែននៃប្រទេសទាំងពីរដែរ ហើយចំណុចដែលពិភាក្សាមិនទាន់ត្រូវរ៉ូវគ្នានោះ នឹងបន្តជជែកគ្នានៅពេលក្រោយ។
ចំពោះការអនុវត្តសាលដីការឿងព្រះវិហារ វិញ លោក ទៀ បាញ់ បញ្ជាក់ថា លោកមិនអាចឆ្លើយជួសថៃ ថានឹងដកទ័ពពេលណាទេ ហើយកម្ពុជា ក៏មិនបានលើករឿងនេះជជែកជាមួយថៃ ដែរ៖ «អារឿងដករឿងអីហ្នឹងសុទ្ធតែសុទ្ធតែរបស់គេទាំងអស់ យើងឃើញថា គេយល់ទាំងអស់អ្វីដែលគេធ្វើទៅហើយ គេមិនបានរំលឹកឡើងវិញ ហើយអ្វីដែលមិនទាន់ធ្វើគេនឹងធ្វើ»។



















