ដោយ៖ ឡុង គីមម៉ារីតា | ថ្ងៃចន្ទ ទី1 កញ្ញា 2014 | VOD. Read about the attack here.
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ បានចំណាយពេលសាកសួរយុវជនជាជនជាតិវៀតណាម៧នាក់ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីកាប់យុវជនខ្មែរមួយរូប ឈ្មោះ កែវ សុធារ៉ា អាយុ១៧ឆ្នាំ តែមិនទាន់ចោទប្រកាន់នៅឡើយទេ។
តាមការសាកសួរ និងការផ្ទៀងផ្ទាត់ឈ្មោះ យុវជនជាជនជាតិវៀតណាមទាំង៧នាក់នោះ មានឈ្មោះ វិន វាំងហ្វុង (២០ឆ្នាំ) កៀង ថាំងដរ (៣០ឆ្នាំ) ងៀង យ៉ាំងងា (១៨ឆ្នាំ) ឡាំ ញឹកវី (២៣ឆ្នាំ) ជៀ ថាញឹក (អ៊ុន វណ្ណា) (១៧ឆ្នាំ) ចាំង វ៉ានឌឹក (២០ឆ្នាំ) និងចាំង វ៉ានឡេ (១៩ឆ្នាំ)។
លោក គុយ វ៉ាន់ថា នគរបាលប្រចាំប៉ុស្តិ៍ច្បារអំពៅ ប្រាប់VODនៅសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃចន្ទនេះថា ព្រះរាជអាជ្ញាបានសាកសួរម្តាយជនរងគ្រោះ និងមេធាវីរួចរាល់ហើយ តែការសាកសួរជនជាតិវៀតណាមទាំង៧នាក់នោះមិនទាន់ចប់នៅឡើយទេ។លោកបន្តថា តុលាការបានបញ្ជូនជនសង្ស័យទៅដាក់នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅវិញ និងគ្រោងបន្តការសាកសួរនៅថ្ងៃអង្គារស្អែកនេះ។
VODមិនទាន់ទាក់ទាក់ទងមន្ត្រីតុលាការ ដើម្បីសុំការអត្ថាធិប្បាយលើករណីនេះនៅឡើយទេ។
អ្នកស្រី គង់ សុធា ជាម្តាយធំជនរងគ្រោះ មានប្រសាសន៍ថា ម្តាយរបស់ជនរងគ្រោះ ត្រូវបានតុលាការសាកសួរ តែមិនទាន់ដឹងថាយ៉ាងម៉េចនៅឡើយទេ។ អ្នកស្រីបន្តថា រហូតមកដល់ពេលនេះ ជនរងគ្រោះ កំពុងតែស្នាក់នៅផ្ទះ និងមានស្ថានភាពអស់កម្លាំង ទន់ដៃ ទន់ជើង។ អ្នកស្រីបន្តថាជនរងគ្រោះរបួស៣៧ថ្នេរ(ពីរជាន់) ក្រោយពីត្រូវបានជនជាតិវៀតណាមមួយក្រុម កាប់កាលពីម៉ោងប្រហែលជា៦ល្ងាច ថ្ងៃអាទិត្យទី៣១ខែសីហា ឆ្នាំ២០១៤ ខណៈជនរងគ្រោះ និងយុវជនផ្សេងទៀត កំពុងលេងបាល់ទាត់នៅក្បែរផ្ទះរបស់ខ្លួន នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
យុវជន វ៉ាន ញាញ់ អាយុ១៦ឆ្នាំ ដែលនៅកន្លែងកើតហេតុ ឲ្យដឹងថា ពេលរូបគេ និងជនរងគ្រោះ ព្រមទាំងក្មេងៗទាំងអស់ប្រហែល១០នាក់ កំពុងតែលេងទាត់បាល់នោះ ស្រាប់តែជនជាតិវៀតណាម មួយក្រុមអាយុជាង២០ឆ្នាំ ជិះម៉ូតូ៤ ទៅ៥គ្រឿង មានគ្នាប្រមាណ ១០នាក់ ខ្លះកាន់កាំបិត ខ្លះកាន់ដបស្រា មកដល់ក៏ស្រាប់តែព្រួតគ្នាវាយទៅលើពួកគេតែម្តង។ យុវជនដដែលថា ជនរងគ្រោះ បានយកខ្លួនរងកាំបិត ពេលជនជាតិវៀតណាមកាប់ទៅលើរូបគេ។
អ្នកតាមដានហេតុការណ៍ដែលជាប្រជាពលរដ្ឋ លើកឡើងថា យុវជនខ្មែរខាងលើធ្លាប់មានការប៉ះពាក្យសម្តីគ្នា ជាមួយជនជាតិវៀតណាមមួយក្រុមនោះ នៅពេលជនជាតិវៀតណាមជិះម៉ូតូកាត់កន្លែងលេងបាល់ ហើយយុវជនខ្មែរទាំងនោះ បានប្រាប់ឲ្យជិះយឺតៗ ប្រយ័ត្នបុកកូនក្មេង៕
សរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈlongkimmarita@gmail.com
1 comment:
In the picture:
Why did motherfucker police man point the finger at the victim?
Post a Comment