A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 September 2016


កងទ័ព​ជើង​គោក​ប្រកាស​ត្រៀម​ខ្លួន​កម្ចាត់​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ យ៉ង ចាន់តារា
2016-09-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
បញ្ជា​ការដ្ឋាន​កង​អង្គរក្ស ២០១៦ ៨៥៥
ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Leng Maly
 RFA/Leng Maly
បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក ប្ដេជ្ញា​អនុវត្ត​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទោះ​ស្ថិត​ក្នុង​តម្លៃ ពេលវេលា និង​ទ្រង់ទ្រាយ​ណា​ក៏ដោយ។ បក្ស​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា មុន​នឹង​បង្ហាញ​ជំហរ​ជា​សាធារណៈ កង​កម្លាំង​ប្រដាប់​អាវុធ​គួរ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ និង​ហ៊ាន​តស៊ូ​មតិ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​កុំ​ឲ្យ​បាត់បង់​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។
ដូច​គ្នា​នឹង​ស្ថាប័ន​មួយ​ចំនួន​ដែរ បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ ប្រកាស​អនុវត្ត​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រៀម​ខ្លួន​បង្ក្រាប​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ចាត់​ទុក​ថា​ជា​ឧទ្ទាមកម្ម​នៅ​ក្នុង​ទីក្រុង។
ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ពិសេស​មួយ​របស់​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។
អង្គភាព​នៃ​ក្រសួង​ការពារ​ជាតិ មួយ​នេះ ចាត់​ទុក​គម្រោង​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ថា​ជា​ទង្វើ​ខុស​ច្បាប់ បង្ក​អសន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តី​សុខ​ក្សេមក្សាន្ត​របស់​ពលរដ្ឋ ហើយ​ដែល​អង្គភាព​មួយ​នេះ​ត្រូវ​កម្ទេច​ចោល។
ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​មក​គំរាម​កំហែង​លើ​គណបក្ស​របស់​លោក។ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅ​ខណ្ឌ​មានជ័យ ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា លោក សុន ឆ័យ បញ្ជាក់​ថា រាល់​បញ្ហា​ទាំងអស់​ត្រូវ​តែ​មាន​ដំណោះស្រាយ ប៉ុន្តែ​មិន​មែន​ជា​ដំណោះស្រាយ​បែប​ហិង្សា​នោះ​ទេ៖ «ប្រជាពលរដ្ឋ​ចេះ​ដឹង​ច្រើន​អំពី​សិទ្ធិ​សេរីភាព​របស់​លោក​ច្រើន​ណាស់ បើ​យើង​ប្រៀបធៀប​នឹង (ទសវត្សឆ្នាំ​១៩៩០។ ហើយ​ការ​ភ័យ​ខ្លាច ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង វា​មាន​កម្រិត ប៉ុន្តែ​បើ​វា​ដល់​ក ការ​ភ័យ​ខ្លាច​ហ្នឹង​មិន​អាច​នឹង​ទប់ស្កាត់​ពលរដ្ឋ​កុំ​ឲ្យ​ក្រោក​ឡើង​តវ៉ា ដើម្បី​អាយុ​ជីវិត និង​អនាគត​របស់​គេ​បាន​នោះ​ទេ»

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ចាន់ វិបុល វាយ​តម្លៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា ថា​កាន់​តែ​អាក្រក់​ទៅៗ ដោយសារ​អ្នក​នយោបាយ​ឲ្យ​តម្លៃ​ហួសហេតុ​ទៅ​លើ​ផល​ប្រយោជន៍​បក្ស ជា​ជាង​ការ​ឯកភាព​ជាតិ។ លោក​ថា មេ​ដឹកនាំ​នយោបាយ​គណបក្ស​ទាំង​ពីរ កំពុង​បង្កើត​វប្បធម៌​ស្អប់​គ្នា​កាន់​តែ​ខ្លាំង​រវាង​ពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ៖ «កម្លាំង​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ដើរ​តាម​មាគ៌ា​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ដែល​យល់​ដឹង​ច្បាស់​អំពី​សេរីភាព និង​សិទ្ធិ​មនុស្ស គាត់​នឹង​មិន​បញ្ឈប់​ទេ ប្រសិន​បើ​មាន​ការ​បង្ក្រាប។ ហើយ​ការ​មិន​បង្ក្រាប​នោះ​ហើយ​ដែល​ជា​ថ្លុក​ឈាម​នយោបាយ​មួយ​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ​គិត​តែ​ផល​ប្រយោជន៍។ វា​មិន​ប្រាកដ​ថា​ការ​បង្ក្រាប​របស់​គណបក្ស​កាន់​អំណាច ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ទទួល​រង​អំពើ​អយុត្តិធម៌​ពី​គណបក្ស​កាន់​អំណាច អាច​ទទួល​បាន​ការ​គាំទ្រ​ឡើង​វិញ ឬ​ក៏​អាច​ឈ្នះ​កម្លាំង​ពលរដ្ឋ​នោះ​ទេ។ សេណារីយ៉ូ​នេះ ជា​ផល​អាក្រក់​ខ្លាំង​ណាស់»
អ្នក​វិភាគ​រូប​នេះ មិន​យល់ស្រប​ចំពោះ​ការ​ប្ដេជ្ញា​អនុវត្ត​បញ្ជា​បង្ក្រាប​បាតុកម្ម​បក្ស​ប្រឆាំង ចេញ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ទេ។ លោក​ថា មុន​នឹង​សម្រេច​ប្រកាស​ជំហរ​របស់​ខ្លួន មេ​ដឹកនាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រូវ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ និង​ហ៊ាន​តស៊ូ​មតិ​ជាមួយ​មេ​ដឹកនាំ​របស់​ខ្លួន ដោយ​ពិនិត្យ​លើ​មូលហេតុ​នៃ​បញ្ហា អំពី​សារ​នយោបាយ អំពី​ទម្រង់​នៃ​មហា​បាតុកម្ម និង​ជាពិសេស​អំពី​ច្បាប់​កម្ពុជា ដែល​ចែង​អំពី​តួនាទី​របស់​កង​កម្លាំង​ប្រដាប់​អាវុធ៖ «ប្រសិន​បើ​ការ​បង្ក្រាប​របស់​គាត់​បង្កើត​ឲ្យ​មាន​មហន្តរាយ​ក្នុង​សង្គម នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ។ ខ្ញុំ​សង្ឃឹម​ថា មេ​ដឹកនាំ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ គួរ​ពិចារណា​រឿង​នេះ​ឡើង​វិញ ដើម្បី​ធ្វើ​ការ​ថ្លឹងថ្លែង​អំពី​អ្វី​ទៅ​ជា​សម្ពាធ​នយោបាយ អ្វី​ទៅ​ជា​សារប្រយោជន៍​សម្រាប់​បក្ស និង​សារប្រយោជន៍​សម្រាប់​ពលរដ្ឋ​ទូទៅ​សម្រាប់​សង្គម និង​ជាតិ»
ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រង់​មាត្រា​៩ ចែង​ថា យោធិន​ត្រូវ​មាន​អព្យាក្រឹត​ភាព​ក្នុង​មុខ​នាទី និង​ក្នុង​សកម្មភាព​ការងារ ហើយ​ត្រូវ​បាន​ហាមឃាត់​ការ​ប្រើ​មុខងារ និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណា​មួយ។
ជុំវិញ​រឿង​នេះ​ដែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ជា​បក្ស​ទើប​បង្កើត​ថ្មី ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ ឲ្យ​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន។
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មើល​ឃើញ​ថា គណបក្ស​ដែល​ពលរដ្ឋ​បោះឆ្នោត​ជូន​ទាំង​ពីរ​នេះ គិត​តែ​ពី​ការ​គំរាម​កំហែង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​គិតគូរ​ពី​ប្រជា​កសិករ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​នៃ​ការ​លក់​ចេញ​កសិផល​របស់​ពួក​គាត់ ដោយសារ​តម្លៃ​កសិផល​ធ្លាក់​ចុះ​ខ្លាំង។
គណបក្ស​នេះ អំពាវនាវ​ដល់​មេ​ដឹកនាំ តំណាង​រាស្ត្រ និង​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ ឲ្យ​ងាក​មក​ប្រើប្រាស់​ពេលវេលា ប្រាជ្ញា និង​ធនធាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជា​កសិករ ជា​ជាង​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែល​ផ្តល់​ផល​អាក្រក់​ដល់​ប្រទេស​ជាតិ និង​គំរូ​មិន​ល្អ​ដល់​យុវជន​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: