A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 9 August 2016

តុលាការកោះហៅនាយក VOD ទាក់ទងករណីលោក កឹម សុខា


ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០១៦​


លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យដែលជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD


តុលាការជាន់ទាបបានចេញដីកាកោះហៅលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD ឲ្យចូលបំភ្លឺ ទាក់ទងនឹងសំណុំរឿងដែលគេចោទថា លោក កឹម សុខា មានស្នេហាលួចលាក់។

ក្នុងដីកាកាលពីថ្ងៃទី៣ខែសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ធពិសិដ្ឋ បានបង្គាប់ឲ្យលោក ប៉ា ងួនទៀង ចូលខ្លួនក្នុងនាមជាសាក្សី ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សីនៅម៉ោង៩ព្រឹកថ្ងៃទី១៨ខែសីហានេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានបញ្ជាក់បន្ថែមលើដីកាកោះនោះថា លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ថាសូកប៉ាន់សាក្សី។ លោកថាដីកាកោះនេះជានីតិវិធីរបស់តុលាការ ករណីតុលាការយល់ថាសាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនោះ។ លោកបន្តថា៖ “គេកោះហៅសាក្សីនេះនីតិវិធីរបស់គេទេ ជាសិទ្ធិនិងអំណាចរបស់ចៅក្រមស៊ើបសួរ បើគេយល់ឃើញថាវាមានប្រយោជន៍ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតរបស់ការស៊ើបសួររបស់គេ“។



លោក ប៉ា ងួនទៀង ឲ្យដឹងថាលោកនឹងចូលបំភ្លឺតាមដីកានេះ ដោយថាមិនការព្រួយបារម្ភនោះទេ ដោយសារមិនជាប់ពាក់ព័ន្ធនឹងរឿងនេះ៖ “ខ្ញុំដូចគ្មានអីត្រូវព្រួយបារម្ភ ខ្ញុំមើលទៅ ខ្ញុំអត់មានការពាក់ព័ន្ធអី ខ្ញុំនឹងទៅតាមពេលវេលាដែលមានកំណត់នៅក្នុងដីកាហ្នឹង“។

ទាក់ទងនឹងសំណុំរឿងនេះ តុលាការបានឃុំខ្លួនមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូបនិងមន្រ្តី គ.ជ.ប មួយរូបផងដែរ ក្រោមបទចោទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សី។ ចំណាត់ការរបស់តុលាការនេះធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស ក្រោយពីនាង ខុម ច័ន្ទតារាទី ហៅ ស្រីមុំ អះអាងថា មន្រ្តីសិទ្ធិមនុស្សទាំងនោះបង្គាប់នាងឲ្យឆ្លើយកុហកតុលាការថា មិនមានស្នេហាជាមួយលោក កឹម សុខា។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព យល់ថាតុលាការចេញដីកាកោះហៅលោក ប៉ា ងួនទៀង ធ្វើឡើងក្រោមរូបភាពនយោបាយនិងគំរាមកំហែងដល់មន្ត្រីសង្គមស៊ីវិល៖ “ខ្ញុំមិនដឹងថាចេតនានៃការកោះហៅបន្តបន្ទាប់ចំពោះអ្នកផ្សេងៗទៀត ទោះបីក្នុងរូបភាពអ្វីក៏ដោយ ក្នុងនាមសាក្សីឬក៏អីហ្នឹង ខ្ញុំមើលទៅវាជារឿងមួយបង្ហាញឲ្យឃើញថែមទៀត នៃការយាយីដល់សកម្មភាពរបស់សកម្មជនសិទ្ធិមនុស្ស“។

កាលពីថ្ងៃទី២ ខែឧសភា មន្ត្រីអាដហុក៤រូបរួមមានលោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា និងលោកស្រី លឹម មុនី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានឃុំនៅមន្ទីរឃុំឃាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។

ក្រុមអង្គការជាតិនិងអន្តរជាតិបានចាត់ទុកករណីនេះថាជារឿងនយោបាយ ហើយទាមទារឲ្យទម្លាក់បទចោទលើមន្រ្តីសិទ្ធិមនុស្សទាំងនោះ៕

ដោយលោក អឹុង ប៊ុនថន និងលោក ណាត សុភាព

No comments: