A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 5 August 2016

សហគមន៍​ចំនួន​១០​នៅ​ខេត្ត​រតនគិរី​បង្កើត​ទីផ្សារ​បន្លែ​ផ្លែឈើ​ធម្មជាតិ


ដោយ រដ្ឋា វិសាល
2016-08-04

ផ្សារ​ធម្មជាតិ រតនគិរី ៨៥៥
ផ្សារ​លក់​បន្លែ និង​ផ្លែឈើ​ធម្មជាតិ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៦
 RFA/Ratha Visal



ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​ចំនួន​១០ ក្នុង​ខេត្ត​រតនគិរី នាំ​គ្នា​ផលិត​បន្លែ និង​ផ្លែឈើ​បែប​ធម្មជាតិ ដើម្បី​ពង្រឹង​ទីផ្សារ​លក់​ផលិតផល​ក្នុង​ស្រុក​ការពារ​ផល​ប៉ះពាល់​សុខភាព​ចំណី​អាហារ​ដោយសារ​ការ​និយម​បរិភោគ​បន្លែ និង​ផ្លែឈើ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដែល​ប្រើ​សារជាតិ​គីមី​ខ្ពស់។

តើ​ការ​បង្កើត​ទីផ្សារ​លក់​បន្លែ​ផ្លែឈើ​បែប​ធម្មជាតិ​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ ទទួល​បាន​ការ​​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ណា​ដែរ?

​ផ្សារ​បន្លែ​ធម្មជាតិ​ដើម្បី​សុខភាព​លើកដំបូង​បាន​បង្កើត​ឡើង​នៅ​ឯ​​មុខ​ផ្សារ​រាត្រី​ឋិត​ក្នុង​ភូមិ​អូរកន្ទិល សង្កាត់​បឹងកន្សែង ក្រុង​បានលុង ខេត្ត​រតនគិរី ដើម្បី​លើក​កម្ពស់​បន្លែ​ផ្លែឈើ និង​ចំណី​អាហារ​ដែល​គ្មាន​សារជាតិ​គីមី។

​សហគមន៍​ចំនួន​១០ ក្នុង​នោះ ៤​សហគមន៍​ជា​ជនជាតិ​ខ្មែរ​រស់​នៅ​ស្រុក​លំផាត់ និង ៦​សហគមន៍​ទៀត​​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​អូរជុំ បាន​នាំ​គ្នា​ផលិត​បន្លែ និង​ផ្លែឈើ​មក​ផ្គត់ផ្គង់​ទីផ្សារ​លក់​ចេញ​​បន្លែ​ធម្មជាតិ​រៀងរាល់​ថ្ងៃ​សម្រាប់​ប្រជាពលរដ្ឋ​ក្រុង​បានលុង និង​តាម​ភោជនីយដ្ឋាន​ភ្ញៀវ​ទេសចរ​​ដែល​និយម​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ។



​ប្រធាន​ផ្សារ​បន្លែ​ធម្មជាតិ កញ្ញា សុខ ស្រីមុំ រៀបរាប់​ថា គោលបំណង​នៃ​ការ​បង្កើត​ផ្សារ​បន្លែ​ធម្មជាតិ​នេះ ដើម្បី​លើកកម្ពស់​បន្លែ​ផ្លែ​ឈើ​ក្នុង​ស្រុក​ដែល​ធានា​មិន​មាន​សារជាតិ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ។ លើស​ពី​នេះ​ទៀត ទីផ្សារ​បន្លែ​ធម្មជាតិ​នេះ​នឹង​រួម​ចំណែក​លើក​កម្ពស់​ការ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខិតខំ​ដាំ​បន្លែ​ផ្លែឈើ​លក់​ចេញ​នៅ​ទីផ្សារ​ក្នុង​ស្រុក បង្កើន​ជីវភាព​សហគមន៍​បាន​កាន់​តែ​ប្រសើរ៖ «ពួកគាត់​លក់​នៅ​ផ្សារ​បន្លែ​អ្វី​គាត់​លក់​បាន​ដែរ តែ​យើង​យក​មក​យើង​រើស​ដែរ​ទាល់​តែ​មាន​អង្គការ​​គាំទ្រ​បាន​យើង​យក​បន្លែ​គាត់។ ដូច​មាន់​អ៊ីចឹង​យើង​ខ្លាច​មាន់​ដាក់​ចំណី​បើ​គាត់​លក់​នៅ​ផ្សារ​មាន់​​ណា​ក៏​គាត់​យក​ចូល​បាន​ដែរ ហើយ​ថោក​ជាង​យើង​ទៀត។ យើង​មាន​ខាង​អង្គការ​គេ​គាំទ្រ​ អ៊ីចឹង​គេ​ចុះ​មើល​រាល់​អាទិត្យ អ៊ីចឹង​ខាង​អង្គការ​គេ​អត់​ឲ្យ​មាន​ប្រើ​ជាតិ​គីមី​ទេ។ បើ​សិន​មាន​ប្រើ​ជីកំប៉ុស​ទឹក​ជី ឬ​កុំប៉ុស​គោក»។

​ផ្សារ​បន្លែ​ធម្មជាតិ​លើកដំបូង​នៅ​ខេត្ត​រតនគិរី នេះ បង្កើត​ឡើង​ដោយ​សមាជិក​សហគមន៍​ចំនួន ២៨​នាក់ នៅ​ភូមិ​អូរ​កាន​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ប្រាំ​ផ្នែក​បច្ចេកទេស និង​ការ​ត្រួត​ពិនិត្យ​ដែល​ធានា​ថា ផលិតផល​ដែល​សហគមន៍​ដាំដុះ​គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ចំណី​អាហារ។



ផ្សារ​លក់​បន្លែ និង​ផ្លែឈើ​ធម្មជាតិ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៦។ RFA/Ratha Visal


មន្ត្រី​សម្របសម្រួល​អង្គការ​អ៊ីទែរ (Etea) ខេត្ត​រតនគិរី លោក អៀ វុទ្ធី មាន​ប្រសាសន៍​ថា បន្លែ​ផ្លែឈើ​ដែល​សហគមន៍​ទាំង​១០ ផលិត​បាន ត្រូវ​បាន​បញ្ជូន​មក​លក់​នៅ​ផ្សារ​បន្លែ​ធម្មជាតិ​នេះ​ដើម្បី​កាត់​បន្ថយ​​ការ​នាំ​ចូល​បន្លែ​ផ្លែឈើ​ពី​ប្រទេស​វៀតណាម ឬ​ពី​បន្លែ​ពី​ប្រភព​មិន​ច្បាស់លាស់​ថា ជា​បន្លែ​ធម្មជាតិ ឬ​យ៉ាង​ណា។ លើស​ពី​នោះ​ទៀត បន្លែ​ពី​បរទេស និង​ពី​ប្រភព​មិន​ច្បាស់លាស់​ភាគ​ច្រើន​ប្រើ​ជី ឬ​ថ្នាំ​​គីមី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​បរិភោគ​បន្លែ និង​ផ្លែឈើ​ទាំង​នោះ។

លោក​បន្ត​​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គាំទ្រ​សហគមន៍​ទាំង​១០ គឺ​ជា​អ្នក​ធានា​ថា បន្លែ​និង​ផ្លែឈើ​ដែល​សហគមន៍​បាន​ដាំ​គឺ​ជា​បន្លែ​ធម្មជាតិ​មុន​នឹង​អនុញ្ញាត​ឲ្យ​លក់​ចូល​ទៅ​ទីផ្សារ​បន្លែ​ធម្មជាតិ​នេះ៖ «សំខាន់​ប្រភេទ​បន្លែ​ដែល​ពួក​ខ្ញុំ​គិត​ថា វាយ​ផ្ដាច់​នៅ​ទីផ្សារ​កុំ​ឲ្យ​នាំចូល​ពី​ក្រៅ។ ព្រោះ​យើង​ដឹង​ហើយ​ថា រាល់​ថ្ងៃ​នៅ​ផ្សារ​បានលុង ពួកគាត់​ប្រើប្រាស់​បន្លែ​ដែល​អត់​ដឹង​ប្រភព​ច្បាស់លាស់ អត់​ដឹង​អ្នក​ដាំៗ យ៉ាងម៉េច​ប្រើ​ថ្នាំ ឬ​ប្រើ​ជី​គីមី​កម្រិត​ណា​ទេ យើង​ចេះតែ​ទិញ​ហូប​គ្រប់ៗ​គ្នា»។

​តួលេខ​ស្រាវជ្រាវ​ក្រៅ​ផ្លូវការ​របស់​អង្គការ​អ៊ឺទែរ ក្នុង​មួយ​ថ្ងៃៗ​បន្លែ និង​ផ្លែឈើ​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​ចំនួន​ប្រមាណ​៣ ទៅ ៥​តោន​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្រុង​បានលុង ខេត្ត​រតនគិរី បន្ថែម​លើ​បន្លែ​ផ្លែឈើ​ដែល​ផលិត​បាន​ក្នុង​ខេត្ត។ បន្លែ​ផ្លែ​ឈើ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម រួម​មាន៖ «ស្ពៃក្ដោប ខាត់ណា ស្ពៃស និង​សាលាដ​ត្រសក់​ជាដើម។ រី​ឯ​ផ្លែឈើ​រួម​មាន​មង្ឃុត សាវម៉ាវ ធូរេន ក្រូច មៀន»។

​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អូរកន្ទិល អ្នកស្រី ដា នី កត់សំគាល់​ថា កន្លង​ទៅ​នេះ​បន្លែ​មាន​សារជាតិ​គីមី​នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​តម្លៃ​ថោក​ជាង​បន្លែ​ផ្លែឈើ​ក្នុង​ស្រុក ហេតុ​នេះ​ប្រជាពលរដ្ឋ​មាន​​​ជីវភាព​មិន​ធូរធារ​និយម​ទិញ​បន្លែ​មាន​តម្លៃ​ថោក​ដោយ​មិន​បាន​ចាប់​អារម្មណ៍​ពី​ផល​ប៉ះពាល់​សុខភាព។

អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ជន​ជាតិ​ដើម​ភាគតិច​បាន​ដាំ​ដំណាំ​បែប​ធម្មជាតិ​យក​មក​លក់​នៅ​ទីផ្សារ​កាន់​ទេ​ច្រើន ហេតុ​នេះ​ការ​បង្កើត​ផ្សារ​បន្លែ​ធម្មជាតិ​គឺ​ជា​កត្តា​សំខាន់​ដើម្បី​ធានា​ថា បន្លែ​លក់​ក្នុង​ផ្សារ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ចំណី​អាហារ​របស់​ពលរដ្ឋ​នោះ​ទេ៖ «ចេះតែ​ផ្សាយ​តៗ​គ្នា ទៅ​របស់​ធម្មជាតិ​ពិតៗ​ឲ្យ​គេ​ចូល​មក​ទិញ​ដែរ។ របស់​ធម្មជាតិ​ពិត​ចង់​និយាយ​ថា ​បងប្អូន​ជនជាតិ​គាត់​ដាំ​ក្នុង​ខេត្ត។ បើ​បាន​របស់​ល្អ​នៅ​ខេត្ត​យើង​ចេះតែ​ផ្សាយ​តៗ​គ្នា​ហើយ»។

​ផ្សារ​បាន​លុង​ខេត្ត​រតនគិរី មាន​កន្លែង​លក់​បន្លែ​ផ្លែឈើ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ដាំ​បាន​ជា​លក្ខណៈ​គ្រួសារ​ដូចជា​ចេក ល្ហុង ជីរ ស្លឹកគ្រៃ ដំឡូង ខ្ទឹម​ឃ្លោក ល្ពៅ ននោង ជាដើម។ ក្រៅ​ពី​ផ្សារ​បានលុង ជនជាតិ​ដើម​ភាគតិច​បាន​ដាក់​លក់​បន្លែ​ផ្លែឈើ​ធម្មជាតិ​របស់​ពួកគេ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ក្នុង​ទី​រួម​ខេត្ត​នេះ។ បន្លែ​ជនជាតិ​ដើម​ទាំង​នោះ​ដាក់​លក់​កំពុង​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​ដែល​បារម្ភ​ពី​សុខភាព​ចំណី​អាហារ។

​ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ភូមិ​កាជាន់ ឃុំ​ឯកភាព ស្រុក​អូរជុំ អ្នកស្រី រេន ពៀន បញ្ជាក់​ថា ដំណាំ​ដែល​ជនជាតិ​ដើម​ដាំ​គឺ​ជា​បន្លែ​ផ្លែឈើ​ធម្មជាតិ​ពិតៗ ប៉ុន្តែ​មាន​តម្លៃ​ថ្លៃ​បន្តិចបន្តួច​ជាង​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​បរទេស។ អ្នកស្រី​បន្ត​ថា ជនជាតិ​ដើម​ភាគតិច​ត្រូវ​ការ​ទីផ្សារ​ជាក់លាក់​ដើម្បី​លក់​ផលិតផល​កសិកម្ម​របស់​ជនជាតិ​ដើម​ភាគ​តិច​មិន​ប្រើ​ជី ឬ​ថ្នាំ​គីមី៖ «អត់​មាន​ជាតិ​គីមី អត់​មាន​ជាតិ​ពុល អត់​មាន​ជាតិ​ឈឺ​ទេ។ បើ​យើង​ហូប​របស់​ផ្សារ​ច្រើន​​ឈឺ​មាន​រោគ​នេះ​របស់​ធម្មជាតិ​អត់​សូវ​មាន​រោគ​ទេ»។

​ចំណែក​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​៧​មករា សង្កាត់​ជ័យជំនះ អ្នកស្រី សុខ សុវណ្ណ បង្ហាញ​ការ​បារម្ភ ខណៈ​ប្រជាពលរដ្ឋ​បរិភោគ​បន្លែ​នាំ​ចូល​ពី​បរទេស​ដែល​ប្រើ​ថ្នាំ​គីមី។ យ៉ាង​ណា​អ្នកស្រី​ជឿ​ថា  ​បន្លែ​ដែល​ដាក់​លក់​ដោយ​ជនជាតិ​ដើម​ភាគតិច​ភាគ​ច្រើន​ជា​បន្លែ​ធម្មជាតិ​មិន​ប៉ះពាល់​សុខភាព​អ្នក​​បរិភោគ​នោះ​ឡើយ៖ «មាន​ជាតិ​ថ្នាំ​ខ្លាច​ហូប​ទៅ​ខ្លាច​ខូច​សុខភាព វា​ឈឺ​ច្រើន។ បន្លែ​ធម្មជាតិ​អត់​មាន​ជាតិ​គីមី​ទេ ​បាន​ខ្ញុំ​មក​ទិញ​បន្លែ​ធម្មជាតិ ថោក​ជាង​ទៀត»។

​សហគមន៍​ទាំង​១០ ដែល​ផលិត​បន្លែ​ផ្លែឈើ​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី គ្រោង​នឹង​ពង្រីក​បណ្ដាញ​​​សហគមន៍​ដាំ​បន្លែ​ធម្មជាតិ​នៅ​ភូមិ​ផ្សេង​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​ធម្មជាតិ​គ្រប់​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត និង​នាំ​ចេញទៅ​បណ្ដា​ខេត្ត​ផ្សេង​ដោយ​មិន​ចាំបាច់​នាំ​ចូល​បន្លែ​ពី​បរទេស។ ​បន្លែ ១០​ប្រភេទ​ជា​តម្រូវ​ការ​ចាំបាច់​ដែល​សហគមន៍​គ្រោង​ផលិត​នៅ​ពេល​ខាង​មុខ រួមមាន ននោង ឃ្លោក ត្រប់ ត្រសក់ ស្ពៅ ពោត​បារាំង ប៉េងបោះ ពោត ត្រឡាច និង​សណ្ដែកកួរ៕

No comments: