A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 August 2016

ឃាតកម្ម​និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​កើត​មាន​លើស​ពី​១០០​ករណី​រយៈពេល​២៣​ឆ្នាំ


ដោយ យ៉ង ចាន់តារា
2016-08-01

សព​លោក កែម ឡី ២០១៦ ៨៥៥
ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth


អស់​រយៈពេល ២៣​ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។ រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា អំពើ​ឃាតកម្ម និង​ការ​សម្លាប់​ក្រៅ​ច្បាប់​នៅ​តែ​កើត​មាន​ជា​ហូរហែ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​ភាគ​ច្រើន​នៃ​ករណី​ទាំង​នោះ មិន​ត្រូវ​បាន​អាជ្ញាធរ​វែក​មុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ​បាន​នៅ​ឡើយ។ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ចាត់​ទុក​ករណី​ទាំង​នេះ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​នីតិរដ្ឋ​របស់​កម្ពុជា។

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។ អ្នក​ទាំង​នោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី សិល្បករ សហជីព កម្មករ​រោងចក្រ និង​ចុង​ក្រោយ​គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) ដែល​មាន​ចំណង​ជើង​ថា «យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន» ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បាន​រាយ​នាម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ១០​នាក់ ដែល​ត្រូវ​បាន​ឃាតក​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ដោយ​មូលហេតុ​នៃ​ការ​រាយការណ៍​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់ និង​មូលហេតុ​មួយ​ចំនួន​ទៀត។



និពន្ធ​នាយក​នៃ​កាសែត​សំឡេង​យុវជន​ខ្មែរ លោក នួន ចាន់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៤ នៅ​ក្រុង​ភ្នំពេញ។ មុន​ពេល​ត្រូវ​គេ​បាញ់​សម្លាប់ លោក នួន ចាន់ ធ្លាប់​ទទួល​បាន​ការ​ហាម​ឃាត់ និង​គំរាម​កំហែង​ពី​ជន​អនាមិក​ជាច្រើន​ដង ចំពោះ​ការ​ចេញ​ផ្សាយ​អត្ថបទ​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។

អ្នក​យក​ព័ត៌មាន​នៃ​កាសែត​កោះ​សន្តិភាព លោក ចាន់ ដារ៉ា ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខេត្ត​កំពង់ចាម នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩៤។ ក្រោយ​ការ​បាញ់​ប្រហារ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​បាន​ផ្ញើ​លិខិត​គំរាម​កំហែង​ទៅ​កាសែត​កោះ​សន្តិភាព និង​កាសែត​ព្រាប​នាំ​សារ ព្រម​ទាំង​ភរិយា​របស់​លោក ចាន់ ដារ៉ា។ ប៉ុន្តែ​ជន​នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ប៉ុន្មាន​ខែ​ក្រោយ បន្ទាប់​ពី​តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់។

អ្នក​និពន្ធ​សៀវភៅ និង​ជា​អតីត​អ្នក​បោះពុម្ព​ផ្សាយ​របស់​កាសែត​ឧត្តម​គតិ​ខ្មែរ លោក ធន់ ប៊ុនលី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ខែ​ឧសភា ឆ្នាំ​១៩៩៦ ពេល​ដែល​លោក​កំពុង​ជិះ​ម៉ូតូ​ឌុប។ លោក​គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​ជាតិ​ខ្មែរ របស់​លោក សម រង្ស៊ី ដ៏​លេចធ្លោ​ម្នាក់​នៅ​ជំនាន់​នោះ។ មុន​ពេល​ឃាតកម្ម លោក ធន់ ប៊ុនលី ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​នៅ​ក្នុង​អត្ថបទ លិខិត និង​រូប​ត្លុក​ផ្សេងៗ។

អ្នក​យក​ព័ត៌មាន​នៃ​កាសែត​អ្នក​ប្រយុទ្ធ លោក ចិត្រ ដួងតារាវុទ្ធ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​រដ្ឋសភា កាល​ពី​ឆ្នាំ​១៩៩៧ ពេល​ដែល​លោក​កំពុង​ចុះ​យក​ព័ត៌មាន។

អ្នក​បច្ចេកទេស​នៃ​ស្ថានីយ​ទូរទស្សន៍​ជាតិ​ក្នុង​ខេត្ត​ព្រះសីហនុ លោក ពេជ្រ អ៊ឹម ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ចូល​ក្នុង​ស្ថានីយ​ផ្សាយ ដោយ​ខ្មាន់​កាំភ្លើង ៧​នាក់ នៅ​ខែ​ឧសភា ឆ្នាំ​១៩៩៧។ លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំ​ពោះ​ចំនួន​ពីរ​គ្រាប់ និង​បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់។ មុន​ថ្ងៃ​បាញ់​ប្រហារ មាន​មន្ត្រី​ប៉ូលិស​ខេត្ត​ម្នាក់​បាន​ស្នើ​ទៅ​ស្ថានីយ ឲ្យ​ចាក់​ផ្សាយ​សំឡេង​មេ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​ត្រូវ​បាន​ស្ថានីយ​បដិសេធ។

អ្នក​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍ និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស លោក ម៉ៃឃើល សុខាន់ ត្រូវ​បាន​ទាហាន​បាញ់​សម្លាប់​នៅ​ចំពោះ​មុខ​ប្រពន្ធ និង​បង​ថ្លៃ​របស់​លោក នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ពេល​ដែល​លោក​ថត​រូប​ក្រុម​ទាហាន​ទាំង​នោះ​កំពុង​លួច​អីវ៉ាន់​នៅ​ក្នុង​ផ្សារ។

អ្នក​យក​ព័ត៌មាន​នៃ​កាសែត​សំឡេង​រាស្ត្រ​ខ្មែរ លោក អ៊ូ សារឿន ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខែ​តុលា ឆ្នាំ​១៩៩៧ ក្រោយ​ពេល​លោក​ត្រូវ​សន្តិសុខ​ផ្សារ​ធំ​ថ្មី​ក្រៀក​ចេញ​ទៅ​ផ្លូវ អំឡុង​ពេល​ដែល​លោក​កំពុង​យក​កាសែត​ទៅ​ឲ្យ​អាជីវករ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី។ លោក​ត្រូវ​បាន​គេ​សម្លាប់​ស្រប​ពេល​ដែល​កាសែត​សំឡេង​រាស្ត្រ​ខ្មែរ កំពុង​ស៊ើប​អង្កេត​ករណី​គំរាម​យក​ប្រាក់​នៅ​ផ្សារ​ធំ​ថ្មី។

និពន្ធ​នាយក​រង​នៃ​វិទ្យុ​តា​ព្រហ្ម របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច លោក ជួ ជេដ្ឋារិទ្ធិ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្បែរ​ស្ថានីយ​វិទ្យុ នៅ​ខែ​តុលា ឆ្នាំ​២០០៣។ ទាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី នា​ពេល​នោះ សុទ្ធតែ​អះអាង​ថា នេះ​ជា​ឃាតកម្ម​ខាង​នយោបាយ ដោយសារ​តែ​វិទ្យុ​តា​ព្រហ្ម ផ្សាយ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

កាសែត
កាសែត​មនសិការ​ខ្មែរ ។


អ្នក​សារព័ត៌មាន​នៃ​កាសែត​មនសិការ​ខ្មែរ ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី លោក ឃឹម សំបូរ និង​កូន​ប្រុស​ម្នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កក្កដា ឆ្នាំ​២០០៨។ ជា​ញឹកញាប់ លោក ឃឹម សំបូរ សរសេរ​អត្ថបទ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល និង​តែង​រិះគន់​ចំៗ​ទៅ​លើ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

ឃាតកម្ម​ទាំង​អម្បាលម៉ាន​លើ​ក្រុម​អ្នក​កាសែត មិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​វែក​មុខ​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ឡើយ។ ភាគ​ច្រើន សមត្ថកិច្ច​ឆ្លើយ​ថា​មិន​អាច​កំណត់​អត្តសញ្ញាណ​ជន​ដៃ​ដល់ ឬ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់។

ក្រៅ​ពី​អ្នក​សារព័ត៌មាន សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​សហជីព ក៏​ទទួល​រង​នូវ​ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​ដូច​គ្នា។

របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​ក្រៅ​ច្បាប់​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើត​មាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ និង​ទី​៣។

នៅ​ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់​បែក​ចំនួន ៤​គ្រាប់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​វិមាន​រដ្ឋសភា។ ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ទៅ​លើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស។

រដ្ឋ​ប្រហារ ១៩៩៧ ៨៥៥
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ AFP Photo


៤​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុង​ភ្នំពេញ។ អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។ អ្នក​រងគ្រោះ​ភាគ​ច្រើន​ជា​កង​កម្លាំង​របស់​ហ៊្វុនស៊ិនប៉ិច ហើយ​ក្នុង​នោះ​មាន​មន្ត្រី​ជាន់​ខ្ពស់​ខាង​យោធា និង​ស៊ីវិល ដូចជា​លោក ចៅ សម្បត្តិ លោក ក្រូច យឿម និង​លោក ហូ សុក ជាដើម ត្រូវ​បាន​គេ​បាញ់​សម្លាប់។

អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ករណី​ហិង្សា​ទាំង​ពីរ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​គេ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ទាំង​នោះ បែរ​ជា​ត្រូវ​បាន​ដំឡើង​ឋានៈ និង​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ។

ករណី​ឃាតកម្ម​លើ​សកម្មជន​គណបក្ស​នយោបាយ បាន​កើត​ឡើង​ជា​បន្តបន្ទាប់។ នៅ​ខែ​មីនា ឆ្នាំ​១៩៩៩ សកម្មជន​គណបក្ស សម រង្ស៊ី លោក ជុំ ឌឿន ត្រូវ​បាន​គេ​ធ្វើ​ឃាត ហើយ​នៅ​ឆ្នាំ​២០០០ សកម្មជន​គណបក្ស សម រង្ស៊ី នៅ​មូលដ្ឋាន លោក ជីម ជួន ត្រូវ​បាន​គេ​ធ្វើ​ឃាត។ បន្ទាប់​មក​ទៀត នៅ​ឆ្នាំ​២០០១ សកម្មជន​គណបក្ស សម រង្ស៊ី ១៥​នាក់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

អំពើ​ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង មិន​បាន​បញ្ឈប់​ត្រឹម​នោះ​ទេ។ នៅ​អំឡុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០០៣ មន្ត្រី​គណបក្ស សម រង្ស៊ី ៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​សម្លាប់។ នៅ​ឆ្នាំ​ដដែល​នោះ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រាជធានី​ភ្នំពេញ ដែល​អំពើ​ឃាតកម្ម​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ចំពោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី។

ជា​វិជ្ជា303
កម្មករ មេដឹកនាំ​សហជីព និង​មន្ត្រី​សិទ្ធិ​មនុស្ស​ដង្ហែ​ក្បួន​ប្រារព្ធ​ខួប​ទី​៤​នៃ​មរណភាព​លោក ជា វិជ្ជា នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២២ មករា ២០០៨។


ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ អំពើ​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​ក្រុម​សហជីព​វិញ​ម្តង។ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា នៅ​ខែ​មករា ឆ្នាំ​២០០៤។ ក្រោយ​ឃាតកម្ម ឃាតក​សិប្បនិម្មិត ២​រូប គឺ ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​អាជ្ញាធរ​នាំ​មក​កាត់​ទោស និង​ឃុំ​ខ្លួន​អស់​រយៈពេល ៦​ឆ្នាំ​ដោយ​គ្មាន​ទោស​កំហុស។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កំពូល សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៣។

ជាង ៤​ខែ​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា មេ​ដឹកនាំ​សហជីព​មួយ​រូប​ទៀត គឺ​លោក រស់ សុវណ្ណារ៉េត ត្រូវ​បាន​គេ​សម្លាប់ ហើយ​នៅ​ឆ្នាំ​២០០៧ ថ្នាក់​ដឹកនាំ​សហជីព​ម្នាក់​ទៀត គឺ​លោក ហ៊ី វុទ្ធី ក៏​ត្រូវ​បាន​គេ​សម្លាប់​ដូច​គ្នា។ នៅ​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តែង​តាំង​សមាសភាព​ពិសេស​ក្នុង​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព​ទាំង​បី​រូប​នេះ។ ទោះ​បី​ជា​យ៉ាង​ណា មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គណៈកម្មការ​ពិសេស​មួយ​នេះ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន​ដល់​សាធារណជន​នៅ​ឡើយ។

ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ និង​អ្នក​រិះគន់​បញ្ហា​សង្គម ហាក់​មាន​ការ​ថយ​ចុះ​នៅ​អាណត្តិ​ទី​៣ ពោល​គឺ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន ឈ្នះ​អាសនៈ​ច្រើន​លើសលប់​ដល់​ទៅ ៩០​អាសនៈ​ក្នុង​រដ្ឋសភា។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ពេញ​ដៃ​នៅ​គ្រា​នោះ ហេតុការណ៍​ដែល​សំខាន់​ជាង​គេ គឺ​ការ​ងើប​តវ៉ា​ប្រឆាំង​របស់​ពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត-ក្រុង​ចំពោះ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ហើយ​ជា​ញឹកញាប់ សកម្មជន​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត ត្រូវ​រង​ការ​គំរាម​កំហែង និង​សម្លាប់​ជាច្រើន​ករណី។

ឈុត វុទ្ធី ៣០៥
សាច់ញាតិ​លោក ឈុត វុទ្ធី កាន់​កម្រង​ផ្កា​នៅ​ឈរ​នៅ​ខាង​មុខ​ឡាន​ដឹក​សព រៀប​ចេញ​ដំណើរ​ទៅ​កន្លែង​បញ្ចុះ នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។


នៅ​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃ​ឈើ និង​បរិស្ថាន​ដ៏​សកម្ម​មួយ​រូប គឺ​លោក ឈុត វុទ្ធី ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ដែល​ដើរ​តួ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​កោះកុង នៅ​ពេល​រូប​លោក​ចុះ​ពិនិត្យ​សកម្មភាព​កាប់​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​ជាមួយ​អ្នក​សារព័ត៌មាន។

ក្រៅ​ពី​នេះ សិល្បករ​ល្បីៗ​មួយ​ចំនួន ក៏​ត្រូវ​គេ​បាញ់​ប្រហារ និង​សម្លាប់​ដូច​គ្នា។ តារា​សម្ដែង អ្នកស្រី ពិសិដ្ឋ ពិលិការ ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​នៅ​តាម​ផ្លូវ​សាធារណៈ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៩ ហើយ​បាន​ទទួល​មរណភាព​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។

៤​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០០៣ តារា​ចម្រៀង ទូច ស៊ុននិច ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ ហើយ​នៅ​ដើម​ឆ្នាំ​២០០៧ ការ​បាញ់​ប្រហារ​ដូច​គ្នា​នេះ បាន​កើត​ឡើង​ចំពោះ​អ្នក​ចម្រៀង​ម្នាក់​ទៀត គឺ​កញ្ញា ពៅ បញ្ញាពេជ្រ។ ថ្វីត្បិតតែ​មិន​បាត់បង់​ជីវិត សិល្បករ​ទាំង​ពីរ​ត្រូវ​ធ្លាក់​ខ្លួន​ពិការ និង​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​ធ្វើ​ទុក្ខ​ជា​ប្រចាំ។ ករណី​ឃាតកម្ម និង​បាញ់​ប្រហារ​សិល្បករ​នេះ ក៏​ដូច​ករណី​ឃាតកម្ម​លើ​សកម្មជន​បក្ស​នយោបាយ បរិស្ថាន និង​អ្នក​សារព័ត៌មាន​ដែរ គឺ​ឃាតក និង​អ្នក​ពាក់ព័ន្ធ​មិន​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​តាម​ច្បាប់​នោះ​ឡើយ។

ការ​បាញ់​ប្រហារ និង​សម្លាប់​ក្រៅ​ច្បាប់ បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ពោល​គឺ​នៅ​ពេល​មាន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត និង​នៅ​ពេល​កម្មករ​រោងចក្រ​ជាច្រើន​បាន​នាំ​គ្នា​ចេញ​តវ៉ា​ដំឡើង​ប្រាក់​ខែ។

សព បាតុករ​បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្រុម​គ្រួសារ​សព ម៉ៅ សុខចន្ទ ដង្ហែ​សព​ទៅ​បូជា​ក្នុង​វត្ត​ចាក់អង្រែក្រោម នៅ​រសៀល​ថ្ងៃ​ទី១៦ កញ្ញា ឆ្នាំ​២០១៣។ RFA/Sek Bandith


យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខចាន់ ដែល​ជា​កម្មករ​សំណង់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ចំ​ក្បាល និង​ស្លាប់​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​បាតុករ​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ស្រប​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ យុវជន ម៉ៅ សុខចាន់ មិន​មែន​ជា​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ តែ​ជា​កម្មករ​សំណង់​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី ទៅ​លំនៅឋាន​វិញ។

អេង សុខុម ៦១០
សាកសព​ស្ត្រី​អ្នក​លក់​បាយ រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​សមត្ថកិច្ច​បង្ក្រាប​បាតុករ​រោងចក្រ អែស.អិល (SL) នៅ​ខាង​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Uon Chhin


២​ខែ​ក្រោយ​មក គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ អ្នក​លក់​បាយ​នៅ​មុខ​សាលា​រៀន​ស្ទឹងមានជ័យ លោកស្រី អេង សុខុម ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ឲ្យ​ស្លាប់​នៅ​អំឡុង​ពេល​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​មុខ​វត្ត​ស្ទឹងមានជ័យ។ ហេតុការណ៍​ដ៏​ហិង្សា​នៅ​ពេល​នោះ កើត​ឡើង​ពេល​ក្រុម​កម្មករ​ជិត ១​ពាន់​នាក់ នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​ជាមួយ​គ្នា​កាល​ពី​ពេល​មុន ប៉ុន្តែ​ក្បួន​នេះ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​រាប់​រយ​នាក់​ដែល​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង រួម​ជាមួយ​ឡាន​ទឹក​ជាច្រើន​គ្រឿង​ផង។

ជា​បន្តបន្ទាប់ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ​មាន​រូបភាព​កាន់​តែ​សាហាវ។ នៅ​ដើម​ឆ្នាំ​២០១៤ កម្មករ ៤​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាត់​ខ្លួន ក្នុង​ការ​បាញ់​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

គ្មាន​អ្នក​ណា​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ចំពោះ​ហេតុការណ៍​បាញ់​សម្លាប់​ក្នុង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​ឡើយ ហើយ​ភាគី​សមត្ថកិច្ច​តែង​ឆ្លើយ​ថា នេះ​ជា​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ជា​ការ​បង្ក្រាប​ក្រុម​ដែល​បង្ក​ចលាចល​ក្នុង​សង្គម។

ហេតុការណ៍​ឃាតកម្ម​ចុង​ក្រោយ​បង្អស់ បាន​កើត​ឡើង​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ ក្រុង​ភ្នំពេញ។

នៅ​ចំពោះ​មុខ​ឃាតកម្ម​ជា​បន្តបន្ទាប់​បែប​នេះ រដ្ឋាភិបាល​កម្ពុជា បាន​រង​នូវ​ការ​រិះគន់​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ ថា​បរាជ័យ​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ និង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev


អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មិន​បដិសេធ​នឹង​ការ​លើក​ឡើង​បែប​នេះ​ឡើយ។ លោក​ថា សមត្ថកិច្ច​ទទួល​ស្គាល់​អ្វី​ដែល​មិន​ទាន់​ធ្វើ​បាន ហើយ​និង​បន្ត​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ត​ទៅ​មុខ​ទៀត ដោយ​មិន​បិទ​បញ្ចប់​សំណុំ​រឿង​ជា​ដាច់ខាត៖ «យើង​ស្រាវៗ (ស្រាវជ្រាវ) ទៅ រឿង​វា​ដាច់​តែ​ម្តង។ វា​តែលតោល​មិន​ដឹង​ទៅ​ឯណា​ទៀត។ យើង​មិន​បិទ​សំណុំ​រឿង​ហ្នឹង​ជា​ដាច់ខាត ដរាប​ណា​ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការ»។

លោក​ស្នើ​ឲ្យ​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជាមួយ​សមត្ថកិច្ច ដើម្បី​ជំរុញ​ដំណើរ​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​យុត្តិធម៌៖ «ចង់​បាន​យុត្តិធម៌ លុះត្រា​តែ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច។ គាត់​រត់​ចោល​ប្រទេស​តែ​អ៊ីចឹង ប៉ូលិស​ដឹង​ទាល់​តែ​មាន​សាក្សី។ ខ្ញុំ​ជឿ​ថា​វា​មិន​ដែល​ខ្មែរ​គ្នា​ឯង​ទៅ​សម្លាប់​គ្នា​ទេ»។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ការ​ដែល​អាជ្ញាធរ​មិន​អាច​រក​ឃើញ​ឃាតក និង​អ្នក​ពាក់ព័ន្ធ​ដែល​សម្លាប់​អ្នក​សារព័ត៌មាន សកម្មជន និង​បុគ្គល​ល្បីៗ​នា​ពេល​កន្លង​ទៅ អាច​ធ្វើ​ឲ្យ​គេ​គិត​ថា ករណី​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ។ លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បំបាត់​មន្ទិល​របស់​សាធារណជន៖ «អ្នក​កាន់​អំណាច បើ​មិន​ចង់​ឲ្យ​សង្ស័យ​ខ្លួន ចោទ​ប្រកាន់​ខ្លួន ខ្លួន​ត្រូវ​តែ​ស្រាវជ្រាវ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​មក។ ពេល​នោះ​ប្រជាពលរដ្ឋ​ជឿជាក់​ហើយ ដូច​នៅ​បណ្ដា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស គោរព​គោលការណ៍​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​របស់​គេ​មិន​ដែល​ស្រពេចស្រពិល​ទេ។ កាលណា​មាន​អំពើ​ឃាតកម្ម​ទៅ​លើ​អ្នក​នយោបាយ ឬ​អ្នក​ណា​ក៏ដោយ គឺ​គេ​តែង​ចាប់​ឃាតក​មក​ផ្ដន្ទាទោស»។

អំ សំអាត ៦២០
លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កត នៃ​អង្គការ​លីកាដូ (LICADHO) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥។ RFA


អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ហៅ​ការ​សម្លាប់​សកម្មជន​នយោបាយ បរិស្ថាន សង្គម និង​អ្នក​សារព័ត៌មាន ថា​ជា​ឃាតកម្ម​ខាង​នយោបាយ។ លោក​ថា ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​នឹង​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «រឿង​ខ្លះ បើ​សមត្ថកិច្ច​រក​ឃើញ ហើយ​បញ្ចេញ​ការ​ពិត ឬ​ស៊ើប​អង្កេត​រក​ការ​ពិត​ជុំវិញ​ករណី​ឃាតកម្ម​ហ្នឹង ឬ​អ្នក​ពាក់ព័ន្ធ​ឃាតកម្ម​ហ្នឹង គាត់​អាច​នឹង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ទាក់ទង​នឹង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ដែរ។ នេះ​វា​ធ្វើ​ឲ្យ​ការ​ស៊ើប​អង្កេត​មិន​អាច​រក​ការ​ពិត​បាន»។

លោក អំ សំអាត ហៅ​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ទាំង​នេះ ថា​ជា​យុត្តិធម៌​ស្រមោល ដែល​ស្ថិត​នៅ​ជើង​មេឃ ពោល​គឺ​ជន​រងគ្រោះ និង​គ្រួសារ​បាន​ត្រឹម​តែ​រង់ចាំ​ដោយ​គ្មាន​លទ្ធផល។ លោក​ថា នេះ​ជា​និទ្ទណ្ឌភាព ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​ការ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជាពិសេស រួម​ចំណែក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​បែប​នេះ​ទៀត​នៅ​ពេល​ខាង​មុខ៖ «ការ​បាញ់​សម្លាប់​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​អ្នក​លើក​ឡើង​ការ​ពិត និង​អ្នក​រិះគន់​នេះ វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង ជាពិសេស​គឺ​ធ្វើ​ឲ្យ​មាន​ការ​ភិតភ័យ​ចំពោះ​អ្នក​ដែល​គាត់​បញ្ចេញ​មតិ ដើម្បី​ធ្វើ​ការ​រិះគន់​ស្ថាបនា​ជាដើម។ បើ​សិន​ជា​ករណី​ឃាតកម្ម ហើយ​មិន​ត្រូវ​បាន​ចាប់ ដូច្នេះ​អ្នក​ដទៃ ឬ​ក៏​ឃាតក​ដដែល​អាច​ប្រព្រឹត្ត​បទល្មើស​ជា​បន្ត​ទៀត»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ អំពាវនាវ​ដល់​រដ្ឋាភិបាល ជាពិសេស​សមត្ថកិច្ច ឲ្យ​ចាត់​វិធានការ​បន្ថែម​ដើម្បី​ពង្រឹង​សន្តិសុខ និង​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​គ្រប់​រូប។ ទន្ទឹម​នឹង​នេះ លោក​ក៏​ទទូច​ដល់​អាជ្ញាធរ​ឲ្យ​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​ថ្នាក់​ដឹក​នាំ និង​ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា ឃាតកម្ម​សំខាន់ៗ​ដែល​កើត​មាន​កន្លង​ទៅ គឺ​ជា​ឃាតកម្ម​ផ្នែក​នយោបាយ៕

2 comments:

Anonymous said...

We saw all the killing.

Have we done something to stop it? NO NO NO

In this world nothing is free.

Here is a little idea :

The culture of impunity has killed many Khmer heroes.

To stop the killing of Khmer heroes, we must fight to stop this impunity.

A peaceful demonstration is needed to denounce the brutal killing of Dr. Kem Ley and force Ah Kouk Hun Sen to find the killer and the mastermind behind the killing.

As we all have known, inactions produced nothing.

Actions to support the just cause - to stop impunity - will help Khmer people in their struggle to free Cambodia from the evil Yuon Vietnam.

THE EVIL YUON VIETNAM AND ITS PUPPET CPP HAVE KILLED MANY KHMER HEROES FOR FREE THANKS TO THIS CULTURE OF IMPUNITY.

It is time for "Khmer Pouch Neak Chambang" to wake up and fight to win this one battle (impunity) first. Win one battle at a time.

It is highly likely that the killing of Dr. Kem Ley was committed by Yuon because Dr. Kem Ley's 100 night mission had exposed the Vietnamization of Cambodia.

But Yuon is smart at committing bad deeds or crime. Yuon has waited patiently for the right moment to smash Dr. Kem Ley and indirectly let the blame fall on Ah Kouk Hun Sen.

In effect, Yuon saw Dr. Kem Ley made comments about Global witness's report on Hun Sen's family. Two days later Kem Ley was dead. Most of Khmer people pointed their fingers to Hun Sen.

That's how Yuon killed Khmer and then blaming the killings on Khmer, especially during the Pol Pot era.

Finally, Ah Kouk Hun Sen must exert his efforts to find the real killers to fulfill his duty, to clarify his name, and also to prove to Khmer people that he is no longer a Yuon's puppet.

Bun Thoeun

Anonymous said...

"It is highly likely that the killing of Dr. Kem Ley was committed by Yuon because Dr. Kem Ley's 100 night mission had exposed the Vietnamization of Cambodia."

Ok, can CNRP do the same? Or CNRP are all talk but no action.