A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 August 2016

អត្ថន័យកប់ក្នុងក្បួនហែសពលោក កែម ឡី



អត្ថន័យកប់ក្នុងក្បួនហែសពលោក កែម ឡី
ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០១៦​


មនុស្ស​ខ្ទង់លាន​ចូលរួម​ហែសព លោក​បណ្ឌិត កែម ឡី



សពលោក កែម ឡី ត្រូវក្រុមគ្រួសារនិងគណៈកម្មការរៀបចំបុណ្យសម្រេចដង្ហែចេញពីវត្តចាស់ក្នុងរាជធានីភ្នំពេញទៅបញ្ចុះនៅខេត្តតាកែវជាស្រុកកំណើតរបស់លោកកាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៦កន្លងទៅនេះ។

បើតាមគណៈកម្មការរៀបចំបុណ្យសព្វអះអាងថាអ្នកចូលរួមទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាលខេត្តនានាផងមានចំនួនជាង២លាននាក់។

មានការបកស្រាយអត្ថន័យជាច្រើននៃចំនួនអ្នកចូលរួមហែសពអ្នកវិភាគបញ្ហាសង្គមល្បីឈ្មោះរូបនេះដែលមានចំនួនច្រើនលើសពីការរំពឹងទុករបស់គណៈកម្មការរៀបចំបុណ្យ។

ចំនួននេះធ្វើឲ្យអ្នកស្រាវជ្រាវនិងអ្នកវិភាគបញ្ហាសង្គមបកស្រាយពីអត្ថន័យជាច្រើនដែលបានកប់នៅក្នុងក្បួនហែសពនេះ។

ជាន័យត្រង់ដំបូងដែលមានការបកស្រាយប្រហាក់ប្រហែលគ្នាច្រើននោះគឺចំនួនអ្នកចូលរួមបង្ហាញថាមហាជនស្រលាញ់ គោរព និងឲ្យតម្លៃខ្ពស់លើលោក កែម ឡី។ ការគោរពឲ្យតម្លៃលើអ្នកវិភាគដែលអ្នកហ៊ានទម្លាយរាល់អាថ៌កំបាំងនានា បង្ហាញថាពលរដ្ឋចង់ដឹងអ្វីដែលមិនបានផ្សព្វផ្សាយ ហើយពលរដ្ឋក៏ទទួលស្គាល់ពីភាពអសកម្ម ជាច្រើនរបស់រដ្ឋាភិបាលដែលលោក កែម ឡី លើកឡើង។



បញ្ហាដែលលោក កែម ឡី ធ្លាប់រិះគន់រដ្ឋាភិបាលរួមមានដូចជាបញ្ហាព្រំដែន បូរណភាពទឹកដី ជនអន្តោប្រវេស ភាពក្រីក្រ អសមត្ថភាពក្នុងការបង្កើតការងារឲ្យពលរដ្ឋ ពុក រលួយ បក្ខពួកក្នុងក្រុមគ្រួសារអ្នកដឹកនាំ សេវាសុខាភិបាលទន់ខ្សោយ និងការបំផ្លាញធនធានធម្មជាតិ។

ក្រៅពីការគោរពស្រលាញ់នោះនៅក្នុងក្បួនដង្ហែក៏បង្ហាញពីប្រជាពលរដ្ឋចេះសាមគ្គីគ្នា មានសីលធម៌ និងមានការចេះអនុគ្រោះអធ្យាស្រ័យឲ្យគ្នាខ្ពស់។ ចាប់ពីចំណុចចេញពីវត្តចាស់ទៅដល់ខេត្តតាកែវគឺមានប្រជាពលរដ្ឋឈរចែកទឹក ចែកបាយ និងចែកប្រេងសាំងដល់អ្នកធ្វើដំណើរផង។ បើទោះជាក្បួនមានមនុស្សចូលរួមច្រើនក៏ដោយ តែគេសង្កេតឃើញអ្នកចូលរួមហាក់មានរបៀបរៀបរយមិនមានទំនាស់ពាក្យសម្តីឬហិង្សាកើតឡើងទេ។ មួយទៀតនៅពេលមានអ្នកកើតខ្យល់ឬដួលនៅក្នុងក្បួន អ្នកចួលរួមបានយកចិត្តទុកដាក់ក្នុងការជួយគ្នា ចំណែកអ្នកដែលធ្វើដំណើរហើយហត់នឿយនោះក៏សុំជិះជាមួយឡានឬម៉ូតូអ្នកដទៃទោះមិនស្គាល់គ្នា ប៉ុន្តែភាគច្រើនពួកគេមិនបដិសេធទេ។

អត្ថន័យលើប្រព័ន្ធផ្សព្វផ្សាយគឺប្រព័ន្ធផ្សាយច្រើនហាក់មានទំនោរទៅខាងរដ្ឋាភិបាលពិសេសគឺទូរទស្សន៍មិនបានផ្សាយឬអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមហែសពលោក កែម ឡី ទេគឺមានតែតាមវិទ្យុមួយចំនួននិងការអំពាវនាវរបស់គណៈកម្មការបុណ្យតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ។ ចំណុចនេះបញ្ជាក់ថា  ពលរដ្ឋមិនដេកចាំស្តាប់ឬទទួលយកតែព័ត៌មានណាដែលរដ្ឋាភិបាលឲ្យផ្សាយនោះទេគឺ ពួកគាត់ខិតខំស្វែងរកព័ត៌ មានពិត តែមិនបានលាតត្រដាង។


មនុស្សខ្ទង់លានចូលរួមហែសពលោកបណ្ឌិត កែម ឡី


ការគំរាមនិងការបាញ់សម្លាប់មិនអាចធ្វើឲ្យមហាជនភ័យខ្លាច ហើយឱនមុខចុះឲ្យអ្នកមានអំណាចធ្វើអ្វីបានតាមតែចិត្តនោះទេ។ មុនការហែសពលោក កែម ឡី ប៉ុន្មានថ្ងៃមានការចល័តរថក្រោះនៅជុំវិញនិងនៅក្នុងរាជធានីភ្នំពេញ បើទោះជាមន្ត្រីពាក់ព័ន្ធអះអាងថាការចល័តនេះគឺធ្វើឡើងដើម្បីយកទៅជួសជុលក៏ដោយ ក៏មានការបកស្រាយខ្លះអះអាងថានោះជាការគំរាមកំហែងដល់ប្រជាពលរដ្ឋ ប៉ុន្តែជាក់ស្តែងពលរដ្ឋនៅតែចូលរួមច្រើន។

គោលបំណងរបស់ឃាតករនិងអ្នកនៅពីក្រោយឃាតកបរាជ័យគឺចង់បញ្ចប់ជីវិតនិងអ្វីៗដែលលោក កែម ឡី មាន តែផ្ទុយទៅវិញទស្សនៈរបស់អ្នកវិភាគប្តូរស្លាប់ដើម្បីការពិតរូបនេះកាន់តែពេញនិយមគ្រប់ស្រទាប់ពលរដ្ឋនៅក្នុងសង្គម។

តម្រូវការពលរដ្ឋចង់បានអ្នកមានចំណេះដឹងនិងហ៊ាននិយាយដូចលោក កែម ឡី បន្តទៀត ដើម្បីពួកគាត់បានដឹងទិដ្ឋភាពសង្គមកាន់តែច្បាស់។ ពេលហែមានការយំខ្សឹបខ្សួល ធ្វើដំណើរកាត់កម្តៅថ្ងៃជាង១០ម៉ោង ចម្ងាយជាង៨០គីម៉ែត្រ អំឡុងពេលនោះអ្នកខ្លះរំលឹកពីពាក្យពេជ្រកន្លងមក អ្នកខ្លះទៀតនិយាយថាសម្លាប់ កែម ឡី មួយមាន កែម ឡី ជាច្រើនកើតឡើង ឬអ្នកខ្លះថា កែម ឡី មិនស្លាប់ទេ ព្រោះវិញ្ញាណរបស់គាត់បានចូលទៅកាន់ក្នុងបេះដូងមហាជនទៅហើយ។ ក្រោយការហែសពលោក កែម ឡី អ្នកវិភាគផ្សេងៗទៀតដែលនៅរស់រានមានជីវិត រួមមានលោក អ៊ូ វីរៈ លោក ឡៅ ម៉ុងហៃ និងលោក សុខ ទូច ជាដើមសុទ្ធតែបកស្រាយថាពលរដ្ឋឲ្យតម្លៃខ្ពស់លើអ្នកចេះគឺស្តែងតាមរយៈអ្នកចូលរួម ហើយលើកទឹកចិត្តឲ្យអ្នកវិភាគផ្សេងៗទៀតហ៊ាននិយាយហ៊ានវិភាគលើបញ្ហាពិតដូចលោក កែម ឡី។ បញ្ហាសង្គមបច្ចុប្បន្នគឺអ្នកចេះមិនសូវហ៊ាននិយាយ ចំណែកអ្នកហ៊ាននិយាយមិនសូវចេះ។

យុត្តិធម៌សង្គមពិសេសការស្វែងរកការពិតនៃការសម្លាប់លោក កែម ឡី ជាតម្រូវការដែលមហាជនកំពុងស្រែកដង្ហោយហៅរក បើទោះជាពួកគេមិនបានស្រែកតាមឧបករណ៍បំពងសំឡេងពេលហែក៏ដោយតែម្នាក់ៗដែលចូលរួមសុទ្ធតែសម្តែងឲ្យឃើញពីទុក្ខសោកនិងនិយាយថាមិនគួរសម្លាប់ធនធានដ៏សំខាន់របស់ជាតិដូច្នេះទេ។ បើមិនអាចវែកមុខឃាតករពិតនិងអ្នកនៅពីក្រោយនោះនាំឲ្យមានការសង្ស័យពីរគឺសមត្ថកិច្ចមិនមានសមត្ថភាព និងអ្នកប្រព្រឹត្តជាអ្នកមានអំណាច។


ទិដ្ឋភាពនៃការហែក្បួនសព លោកបណ្ឌិត កែម ឡី


ទោះយ៉ាងណាមានការលើកឡើងថាពលរដ្ឋខ្មែរឆាប់ប្រតិកម្មហើយក៏ឆាប់ភ្លេចដែរដូចជាអង្គធាតុដែលងាយក្តៅ ក៏វាងាយត្រជាក់វិញដែរ។ មានន័យថាពលរដ្ឋហាក់ចាប់អារម្មណ៍តែមួយឆាវៗទេ តែរំលងទៅមួយពេលខ្លីនោះនឹងភ្លេចបាត់ហើយ។

សម្រាប់លោក សាមិន្ទ ចម្រើនជ័យ សាស្ត្រាចារ្យនយោបាយនិងជាអ្នកវិភាគជើងថ្មីមួយរួបក៏យល់ឃើញថា ពលរដ្ឋខ្មែរឆាប់ប្រតិកម្មហើយក៏ឆាប់ស្ងប់ស្ងាត់ដែរ។ ប៉ុន្តែលោកថាភាពស្ងប់ស្ងាត់ផ្លូវកាយមិនតវ៉ារបស់ពលរដ្ឋមិនមែនមានន័យថាស្ងប់ផ្លូវចិត្តឬពលរដ្ឋភ្លេចនោះទេ គឺថាបើរដ្ឋាភិបាលមិនបំពេញនូវអ្វីជាតម្រូវការនោះពលរដ្ឋនឹងប្រើប្រតិកម្មរបស់ពួកគេតាមរបៀបស្ងប់ស្ងាត់ទៀតគឺពេលគូសសន្លឹកឆ្នោត៕

No comments: