A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 July 2016

សហគមន៍​ខេត្ត​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច

សហគមន៍​ខេត្ត​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច
ដោយ រដ្ឋា វិសាល
2016-06-30

ផែនទី​ខេត្ត​មណ្ឌលគិរី ៦២០
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA


សហគមន៍​អភិរក្ស​ព្រៃ​ឈើ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី អះអាង​ថា ដើម​ឈើ​នៅ​ក្នុង​ព្រៃ​បម្រុង​ទុក​ចុះ​បញ្ជី​ជា​ព្រៃ​ការពារ​សហគមន៍ រង​ការ​កាប់​យក​ឈើ​ធ្វើ​ជន្លង់​ម្រេច​កាន់​តែ​ច្រើន​ឡើង។ សហគមន៍​បារម្ភ​ថា បើ​គ្មាន​ការ​ទប់ស្កាត់​ជាក់លាក់​ទេ ព្រៃ​បម្រុង​ទុក​នេះ​វិនាស​បាត់បង់​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។

សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​ដាក់ដាំ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចាត់​វិធានការ​ជាក់លាក់​បង្ក្រាប និង​ទប់ស្កាត់​ការ​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច ដែល​ធ្វើ​ឲ្យ​ហិនហោច​ព្រៃ​សហគមន៍​អភិរក្ស។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ល្បាត​សហគមន៍​ចាប់​ឃាត់​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ជន្លង់​ម្រេច​មួយ​គ្រឿង​ចេញ​ពី​ព្រៃ​សហគមន៍ កាល​ពី​អាធ្រាត្រ​ថ្ងៃ​ទី​២២ ខែ​មិថុនា ក៏ប៉ុន្តែ​បាន​ដោះ​លែង​វិញ ដោយសារ​តែ​សហគមន៍​មិន​អាច​រារាំង​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​បាន។



តំណាង​សហគមន៍ លោក ទឺយ ធិ បង្ហាញ​ការ​បារម្ភ ដោយសារ​តែ​ឈ្មួញ​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក និង​អ្នក​មាន​អំណាច នាំ​គ្នា​ជួល​កម្មករ​ចូល​ព្រៃ​អារ​រំលំ​ឈើ​ក្នុង​ព្រៃ​សហគមន៍ ហើយ​អារ​ច្រៀក​ជា​ឈើ​ជន្លង់​ម្រេច ដឹក​ជញ្ជូន​ចូល​ចម្ការ​របស់​ខ្លួន​នៅ​វេលា​យប់ ដោយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប។ លោក​ថា សហគមន៍​មាន​លទ្ធភាព​ទប់ស្កាត់​បាន​តិចតួច ដោយសារ​ក្រុម​ល្បាត​សហគមន៍​គ្មាន​មធ្យោបាយ​រារាំង​ជន​ល្មើស គ្រា​រក​ឃើញ​វត្ថុ​តាង និង​ជន​ល្មើស​នៅ​ក្នុង​ព្រៃ៖ «សុំ​អាជ្ញាធរ​ភូមិ-ឃុំ និង​សមត្ថកិច្ច​ក្នុង​ឃុំ ធ្វើ​ម៉េច​សហការ​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នេះ​ឲ្យ​បាន។ សកម្មភាព​នៅ​តែ​មាន​បារម្ភ​ដែរ ខ្លាច​អស់​ព្រៃ​ឈើ​ប្រជាពលរដ្ឋ​រើស​អនុផល​ព្រៃ​ឈើ»។

សហគមន៍​ឃុំ​ដាក់ដាំ បាន​រៀបចំ​ឯកសារ​ស្នើសុំ​ព្រៃ​ឈើ​ចំនួន ២​ពាន់​ហិកតារ​រក្សា​ទុក​ជា​តំបន់​ព្រៃ​ការពារ​សហគមន៍ ក៏ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ​មិន​ទាន់​បំពេញ​លក្ខខណ្ឌ​ផ្លូវ​ច្បាប់​ក្នុង​ការ​អភិរក្ស​ព្រៃ​ឈើ​នេះ ប្រគល់​ជូន​សហគមន៍​នៅ​ឡើយ។ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ព្រៃ​ឈើ​នៅ​តំបន់​នោះ​ត្រូវ​គេ​លួច​កាប់​យក​ឈើ​មាន​តម្លៃ​អស់​គ្មាន​សល់ សូម្បី​ដើម​ឈើ​ផលិត​ជ័រ​ទឹក​សហគមន៍ ក៏​ត្រូវ​គេ​លួច​កាប់​អស់​ច្រើន​រយ​ដើម។ លើស​ពី​នោះ​ទៀត ដើម​ឈើ​នៅ​សេសសល់ ក៏​ត្រូវ​គេ​កាប់​បន្ត​លក់​ឲ្យ​ឈ្មួញ​ធ្វើ​ជន្លង់​ម្រេច។

ទាក់ទិន​ការ​អំពាវនាវ​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី ទទួល​ស្គាល់​ថា ការ​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច ពិត​ជា​កើត​មាន​ដោយសារ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជា​អ្នក​ជួល​កម្មករ​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច ក្នុង​រូបភាព​គ្រួសារ។ ហេតុ​នេះ សមត្ថកិច្ច​ជំនាញ​ពិបាក​ទប់ស្កាត់។ យ៉ាង​ណា លោក​ថា​មន្ត្រី​ជំនាញ​មិន​បណ្តែតបណ្តោយ​ឲ្យ​សកម្មភាព​នេះ​កើត​មាន​ច្រើន​បាន​ឡើយ៖ «ពិបាក​ដល់​ហើយ​ជន្លង់​ម្រេច​ហ្នឹង រូបភាព​តូច​ប្រជាជន។ អ៊ីចឹង​យើង​ពិបាក​ដែរ យើង​ចាប់​បាន​ណែនាំ ហើយ​លែង​វិញ។ នឹក​ឃើញ​គាត់​យក​ទៅ​ដាំ។ ចាំ​ខ្ញុំ​ឲ្យ​មន្ត្រី​សង្កាត់​គេ​មើល»។

ចំណែក​មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​ការ​កាប់​ឈើ​ធ្វើ​ជន្លង់​ម្រេច ថា​ជា​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​សេសសល់ ដែល​សហគមន៍​បាន​ស្នើសុំ​រក្សា​ទុក​ជា​តំបន់​ព្រៃ​ការពារ។ លោក​ថា សហគមន៍​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នេះ​បាន ដោយ​គ្មាន​ការ​សហការ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឡើយ៖ «ស្នើ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ជំនាញ​ព្រៃ​ឈើ អ្នក​គ្រប់គ្រង​នៅ​តំបន់​ហ្នឹង គាត់​គួរ​តែ​សហការ​ជាមួយ​សហគមន៍​ឲ្យ​បាន​ល្អ មិន​ត្រូវ​ចោល​ពួក​គាត់​ទេ ព្រោះ​កម្លាំង​គាត់​មាន​កម្រិត»។

កាល​ពី​ដើម​ខែ​មីនា ក្រុម​ល្បាត​សហគមន៍​ក៏​បាន​ប្រទះ​ឃើញ និង​នាំ​គ្នា​ឃាត់​រថយន្ត​ប្រភេទ​ស្ទូច​ឈើ​មួយ​គ្រឿង​ផ្ទុក​ដោយ​ឈើ​ជន្លង់​ម្រេច ១២០​ដើម នៅ​ចំណុច​ព្រៃ​ពូទុង ភូមិ​ពូត្រែង។ ក្នុង​នោះ​ដែរ ជន​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ឈើ​នេះ គឺ​ស្ត្រី​ឈ្មោះ ណាវី និង​ឈ្មោះ អូច ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​រស់នៅ​ឃុំ​ដាក់ដាំ ហើយ​ប្រកប​របរ​ទិញ​ឈើ​ជន្លង់​ម្រេច​លក់។ បន្ទាប់​ពី​ឃាត់​បាន​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​នេះ សហគមន៍​បាន​ធ្វើ​កំណត់​ហេតុ និង​នាំ​យក​វត្ថុ​តាង​ឈើ និង​រថយន្ត ទៅ​ប្រគល់​ជូន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ចាត់​វិធានការ​តាម​ច្បាប់៕

No comments: