A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 July 2016

អ្នក​វិភាគ​និង​ពលរដ្ឋ​មួយ​ចំនួន​ខក​ចិត្ត​នឹង​លោក ហ៊ុន សែន ចំពោះ​ការ​ប្រើ​ពាក្យ «អា​គុក»


ដោយ ថា កិត្យា
2016-07-04

ហ៊ុន សែន ៨៥៥ ២០១៦
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev



អ្នក​វិភាគ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ការពារ​ពាក្យ​សម្ដី​របស់​ខ្លួន​ថា ការ​ហៅ​ពាក្យ «អា​គុក» គឺ​ជា​ពាក្យ​ធម្មតា​សម្រាប់​អ្នក​ស្រែ។ ពួក​គេ​ថា ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ក្នុង​នាម​ជា​មេ​ដឹក​នាំ ជា​នាយក​រដ្ឋមន្ត្រី គួរ​តែ​ធ្វើ​គំរូ​ដល់​អ្នក​ដទៃ និង​មិន​ត្រូវ​បែង​ចែក​អ្នក​ស្រែ និង​អ្នក​ក្រុង​នោះ​ទេ។

ពាក្យ «អា​គុក» ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជេរ​លោក កឹម សុខា ហើយ​ថា​ភាសា​ជេរ​នេះ​ជា​រឿង​សាមញ្ញ​របស់​ពលរដ្ឋ​ខ្មែរ​នោះ កំពុង​ក្លាយ​ជា​ប្រធានបទ​ដែល​គេ​លើក​យក​ទៅ​ជជែក​យ៉ាង​ផុសផុល ទាំង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​មជ្ឈដ្ឋាន​ទូទៅ។

ប្រជាពលរដ្ឋ និង​អ្នក​វិភាគ សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​ហាក់​មិន​ចង់​ជឿ​ថា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ាន​បញ្ចេញ​ពាក្យ​អសុរោះ​នៅ​ទី​សាធារណៈ ហើយ​ថែម​ទាំង​ចុង​ក្រោយ​ពន្យល់​ថា ពាក្យ «អា​គុក» គឺ​សម្រាប់​អ្នក​ស្រុក​ស្រែ​និយាយ​លេង​ឡើយ។



កសិករ​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង និយាយ​ថា លោក​មិន​អាច​ទទួល​យក​ភាសា​ជេរ​ប្រមាថ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ​ឡើយ។ បុរស​ម្នាក់​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី គួរ​តែ​ប្រើ​ភាសា​អប់រំ និង​ផ្តល់​គំរូ​ល្អ​ឲ្យ​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា៖ «មិន​សម​គាត់​ប្រើ​ភាសា​នេះ​ទេ ព្រោះ​ជា​ថ្នាក់​ដឹក​នាំ គួរ​តែ​និយាយ​ឲ្យ​ខ្មែរ​ចេះ​រួបរួម ខ្មែរ​ចេះ​ស្រឡាញ់​គ្នា។ ហើយ​គាត់​ថា​ភាសា​នេះ​ជា​សម្ដី​រាស្ត្រ​សាមញ្ញ។ អ៊ីចឹង​បាន​ន័យ​ថា គាត់​មើល​មក​រាស្ត្រ​មិន​ស្មើ​បាត​ជើង​របស់​គាត់​ផង»។

រីឯ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​លើក​ឡើង​ថា កុំ​ថា​ឡើយ​ថ្នាក់​ដឹក​នាំ សូម្បី​តែ​នៅ​ក្នុង​គ្រួសារ​របស់​លោក​នោះ ក៏​តែង​តែ​អប់រំ​មិន​ឲ្យ​សមាជិក​គ្រួសារ​ប្រើ​ពាក្យ​អសីលធម៌​នោះ​ដែរ។ ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ បុរស​រូប​នេះ​សម្ដែង​ការ​ខ្មាស​អៀន​នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង តែង​តែ​បង្ហាញ​អាកប្បកិរិយា និង​ពាក្យ​សម្ដី​ខ្វះ​សីលធម៌​បែប​នេះ៖ «ពាក្យ​ខ្លះ​ឥត​មាន​ការ​អប់រំ ហើយ​យើង​អប់រំ​តែ​ផ្លូវ​ឥត​ល្អ​អី​អ៊ីចឹង ដូចជា​ភាសា​អសុរោះ ភាសា​ហិង្សា​អី​អ៊ីចឹង ខ្ញុំ​មាន​ការ​សោកស្ដាយ​តិច​ដែរ។ ថ្នាក់​ដឹក​នាំ​ត្រូវ​ធ្វើ​ជា​គំរូ​គេ​ទាំងអស់»។

បុរស​រូប​នេះ​បន្ថែម​ទាំង​ហួស​ចិត្ត​ថា លោក​នាយក​រដ្ឋមន្ត្រី​គិត​ថា​ពាក្យ «អា​គុក» គឺ​ជា​ពាក្យ​សាមញ្ញ​សម្រាប់​អ្នក​ស្រែ ប៉ុន្តែ​បើ​អ្នក​ស្រែ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី​វិញ​នោះ ប្រហែល​ជា​អាច​ជាប់​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ទៀត​ផង។ ជាក់ស្តែង​ថ្មីៗ​នេះ គោរមងារ​សម្ដេច​ក៏​ត្រូវ​បាន​ក្រសួង​ព័ត៌មាន ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ដាក់​កំហិត​ឲ្យ​គ្រប់​អង្គភាព​សារព័ត៌មាន​ទាំងអស់​ប្រើ​ពាក្យ​សម្ដេច​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន ហើយ​ថែម​ទាំង​ព្រមាន​ថា បើ​នៅ​តែ​រឹង​ទទឹង​នោះ នឹង​មាន​វិធានការ​ក្តៅ​ដូចជា​បញ្ចប់ ឬ​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​បន្ត​ទៀត​ចំពោះ​ស្ថាប័ន​ព័ត៌មាន​ទាំងឡាយ​ណា ដែល​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន។ ជាង​នេះ​ទៀត ក្រសួង​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្ថានីយ​វិទ្យុ អែហ្វ.អិម (FM) ក្នុង​ស្រុក ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​វិទ្យុ​បរទេស​ណា​ដែល​មិន​ប្រើ​គោរមងារ​សម្ដេច​ទៀត​ផង៖ «យើង​អប់រំ​គេ​ឲ្យ​ហៅ​គោរមងារ តែ​ធ្វើ​គំរូ​មើលងាយ​គេ​អ៊ីចឹង គឺ​ខ្មាស​គេ»។

ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​នេះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​លោក កឹម សុខា ថា «អា​គុក» ក្រោយ​ពី​លោក កឹម សុខា បាន​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters ថា​លោក​នាយក​រដ្ឋមន្ត្រី​ភ័យ​ខ្លាច​ការ​ចាញ់​ឆ្នោត​នា​ពេល​ខាង​មុខ។ លុះ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​ពន្យល់​សាធារណជន​អំពី​ការ​ប្រើប្រាស់​ពាក្យ​ជេរ​ប្រមាថ​មួយ​ឃ្លា​នេះ ថា​គ្រាន់​តែ​លោក​ច្រឡោត​ចំពោះ​អ្នក​ចាក់​ក្រឡេក និង​ញុះ​ឲ្យ​លោក​ខឹង​តែ​ប៉ុណ្ណោះ ហើយ​ពាក្យ​នេះ​គឺ​ជា​រឿង​សាមញ្ញ​សម្រាប់​អ្នក​ស្រែ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ឲ្យ​មេ​ដឹក​នាំ​ប្រទេស​បញ្ចេញ​កំហឹង​តាម​រយៈ​ការ​ប្រើ​ភាសា​អសុរោះ​នៅ​តាម​វេទិកា​សាធារណៈ​នោះ​ទេ។ លោក សូ ចន្ថា បញ្ជាក់​ថា ការ​ប្រើប្រាស់​ភាសា​ទ្រគោះ​បោះ​បោក​ដូច្នេះ គឺ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាតិ​ទាំង​មូល ជាពិសេស​គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា មេ​ដឹក​នាំ​នោះ​មាន​កម្រិត​វប្បធម៌​អប់រំ​មិន​ល្អ និង​អសីលធម៌៖ «ភាសា​អសុរោះ​បែប​នេះ ក្នុង​នាម​ជា​មេ​ដឹក​នាំ​មិន​គួរ​ប្រើប្រាស់​ទាល់​តែ​សោះ ព្រោះ​ឆ្លុះ​បញ្ចាំង​នូវ​អាកប្បកិរិយា​នយោបាយ​មួយ​មិន​ល្អ ហើយ​ជា​ការ​ដាក់​តម្លៃ​អ្នក​ស្រែ​ចម្ការ​ទាប​បំផុត នៅ​ពេល​ដែល​អ្នក​ដឹក​នាំ​និយាយ​ភាសា​មិន​ល្អ​ហើយ ប្រៀបធៀប​ថា​ជា​សម្ដី​អ្នក​ស្រែ​ចម្ការ​នោះ។ អ្នក​នយោបាយ​កម្ពុជា គួរ​ឈប់​ប្រើ​ភាសា​នេះ​នៅ​តាម​វេទិកា​សាធារណៈ​របស់​រដ្ឋ ព្រោះ​ធ្វើ​ឲ្យ​ឡើង​កម្តៅ​នយោបាយ»។

ក្រុម​អង្គការ​ស៊ីវិល និង​ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ​អ្នក​នយោបាយ និង​ថ្នាក់​ដឹក​នាំ​ប្រទេស ឈប់​ប្រើប្រាស់​ពាក្យ​សម្ដី​ជេរ​ប្រមាថ និង​ឈប់​លាប​ពណ៌​គ្នា​ត​ទៅ​ទៀត ដើម្បី​ជា​គំរូ​ល្អ​ដល់​យុវជន​ជំនាន់​ក្រោយ។ ទន្ទឹម​គ្នា​នេះ ពួក​គេ​ចង់​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា យល់ព្រម​ចូល​តុ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​ឡើង ហើយ​ងាក​ទៅ​រក​គិតគូរ​អភិវឌ្ឍ​ប្រទេស​ជាតិ​តាម​ការ​សន្យា​របស់​ខ្លួន​កាល​ពី​ពេល​ឃោសនា​បោះឆ្នោត​កន្លង​មក​ប្រសើរ​ជាង៕

No comments: