A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 4 July 2016

ជន​ពិការ​ខក​ចិត្ត​ចំពោះ​គ.ជ.ប​ដែល​បដិសេធ​មិន​ដាក់​ប្រភេទ​ពិការ​ភាព​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី


ដោយ អ៊ុំ រង្សី
2016-07-04

ជន​ពិការ ២០១៦ ៨៥៥
អង្គការ​ជន​ពិការ​កម្ពុជា និង​តំណាង​ជន​ពិការ​មក​ពី​បណ្ដា​ខេត្ត ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ខួប ៧​ឆ្នាំ​នៃ​ការ​អនុម័ត​ប្រើ​ជា​ផ្លូវ​ការ​នូវ​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Um Rainsey
 RFA/Um Rainsey


អង្គការ​ជន​ពិការ​កម្ពុជា លើក​ឡើង​ថា ជន​ពិការ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​ដោយ​ពេញលេញ​បាន​នៅ​ឡើយ និង​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត ដោយសារ​មិន​ទាន់​មាន​តារាង​ប្រភេទ​ពិការ​ភាព​ជន​ពិការ​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ អង្គការ​ជន​ពិការ​កម្ពុជា និង​តំណាង​ជន​ពិការ ខក​ចិត្ត​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​បដិសេធ​សំណើ​របស់​ខ្លួន​ដែល​សុំ​ឲ្យ​ដាក់​ប្រភេទ​ពិការ​ភាព​ទៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី។

អង្គការ​ជន​ពិការ​កម្ពុជា និង​ជន​ពិការ ស្នើ​ជា​ថ្មី​ទៀត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បែង​ចែក​ប្រភេទ​តារាង​ប្រភេទ​ពិការ​ភាព​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ដើម្បី​បង្ក​ភាព​ងាយ​ស្រួយ​សម្រាប់​មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​ជន​ពិការ​នៅ​ពេល​ទៅ​បោះឆ្នោត។

ការ​លើក​ឡើង​របស់​អង្គការ​ជន​ពិការ​នៅ​ពេល​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ខួប ៧​ឆ្នាំ​នៃ​ការ​អនុម័ត​ប្រើ​ជា​ផ្លូវ​ការ​នូវ​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា។



នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​មិន​ទាន់​បាន​បែង​ចែក​ប្រភេទ​ពិការ​ភាព ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​រក​ឃើញ​ចំនួន​ជន​ពិការ​ពិត​ជាក់ស្ដែង​ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​ធ្វើ​ឲ្យ​ជន​ពិការ​កម្ពុជា នៅ​តែ​បាត់​សិទ្ធិ​បោះឆ្នោត។ ទន្ទឹម​គ្នា​នេះ លោក​សោកស្ដាយ​ដែល គ.ជ.ប បដិសេធ​សំណើ​សុំ​ចែក​ប្រភេទ​ពិការ​ភាព​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី បើ​ទោះ​ជា​អង្គការ​លោក​បាន​លើក​ពី​បញ្ហា​ប្រឈម​របស់​ជន​ពិការ​ក្នុង​ការ​បោះឆ្នោត​យ៉ាង​ណា​ក្តី។

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជន​ពិការ​រូប​នេះ​យល់​ថា ការ​បដិសេធ​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សិទ្ធិ​ប៉ុណ្ណោះ​ទេ វា​នឹង​បង្ក​ការ​លំបាក​ដល់​ជន​ពិការ​នៅ​កម្ពុជា។ លោក​ជំរុញ​ឲ្យ គ.ជ.ប ថ្មី ត្រូវ​តែ​ពិចារណា​ឡើង​វិញ ព្រម​ទាំង​កែប្រែ​ប្រវត្តិសាស្ត្រ​ធ្វើ​យ៉ាង​ណា​បន្ថែម​តារាង​ប្រភេទ​ឈ្មោះ​ជន​ពិការ ដោយ​មាន​បញ្ជាក់​ប្រភេទ​ពិការ​ភាព​ទៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី៖ «យើង​ចង់​ឲ្យ គ.ជ.ប ថ្មី បង្កើត​ប្រវត្តិសាស្ត្រ​មាន គ.ជ.ប ថ្មី ដូច គ.ជ.ប​ចាស់ ដដែល​ទេ ហើយ​កុំ​ឲ្យ​ខ្មាស​គេ​នៅ​ពេល​គេ​សួរ តើ​មាន​ជន​ពិការ​ប៉ុន្មាន​នាក់​បាន​ទៅ​បោះឆ្នោត? មាន​ពិការ​ភាព​អី​ខ្លះ? តែ​គាត់​បែរ​ជា​ឆ្លើយ​ថា​អត់​ដឹង​ទៅ​វិញ។ ឥឡូវ​នេះ​យើង​ខ្ញុំ​ឲ្យ គ.ជ.ប ដាក់​តែ ២​ទេ បើ​គាត់​ដាក់​តែ​ពីរ គឺ​ប្រភេទ​ពិការ​ជើង និង​ពិការ​ភ្នែក​សិន​ទៅ ចង់ គ.ជ.ប គួរ​តែ​គិតគូរ​បញ្ហា​នេះ​ផង»។

ទន្ទឹម​គ្នា​នេះ តំណាង​ជន​ពិការ​ជួយ​ខ្លួន​ឯង​មក​ពី​ខេត្ត​កំពង់ចាម លោក សយ សុខន បារម្ភ​ថា ការ​បដិសេធ​របស់ គ.ជ.ប មិន​ព្រម​ដាក់​ប្រភេទ​ពិការ​ភាព​ទៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី នឹង​អាច​ធ្វើ​ឲ្យ​ជន​ពិការ​កម្ពុជា រារែក​ក្នុង​ការ​ទៅ​បោះឆ្នោត​នៅ​អាណត្តិ​ថ្មី​នេះ៖ «ចង់​ឲ្យ គ.ជ.ប ពិចារណា​ឡើង​វិញ។ តើ​ការ​ដាក់​តារាង​បែង​ចែក​ប្រភេទ​ពិការ​ភាព តើ​វា​ពិត​ជា​ធ្ងន់ធ្ងរ​សម្រាប់ គ.ជ.ប មែន​អត់?»។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា មូលហេតុ​បដិសេធ​មិន​ដាក់​ប្រភេទ​ពិការ​ភាព​ទៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ដោយសារ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ បច្ចេកទេស និង​នៅ​មាន​ជន​ពិការ​ខ្លះ​នៅ​តែ​លាក់លៀម​ពី​អត្តសញ្ញាណ​របស់​ខ្លួន។ លោក​អះអាង​ថា បញ្ហា​នេះ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ពិការ​កម្ពុជា ក្នុង​ការ​បោះឆ្នោត​នោះ​ទេ៖ «ទី​មួយ ទិដ្ឋភាព​ច្បាប់ មិន​បាន​តម្រូវ​ឲ្យ គ.ជ.ប ដាក់​នោះ​ទេ។ ទី​ពីរ កត្តា​បច្ចេកទេស ជន​ពិការ​ខ្លះ​នៅ​តែ​លាក់លៀម​ពី​អត្តសញ្ញាណ​របស់​ខ្លួន តែ​បើ​សិន​ជា​លិខិត​បញ្ជាក់​ពី​ប្រភេទ​ពិការ​ភាព គ.ជ.ប អាច​នឹង​ពិចារណា​ចំណុច​នេះ»។

សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​ការពារ​ជន​ពិការ​មើល​ឃើញ​ថា កន្លង​មក​ពេល​បោះឆ្នោត​ម្តងៗ ជន​ពិការ​ជួប​បញ្ហា​ប្រឈម​ជាច្រើន មាន​ដូចជា ការិយាល័យ​បោះឆ្នោត​នៅ​ឆ្ងាយ មិន​មាន​ជម្រាល មិន​មាន​និមិត្ត​សញ្ញា​សម្គាល់ ពិបាក​លើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ កង្វះ​ព័ត៌មាន​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជន​ពិការ​គ​ថ្លង់ និង​ងងឹត​ភ្នែក ជាដើម។

អង្គការ​ជន​ពិការ​កម្ពុជា និង​ជន​ពិការ នៅ​តែ​យល់​ថា ការ​បន្ថែម​តារាង​ប្រភេទ​ឈ្មោះ​ជន​ពិការ​ដោយ​មាន​បញ្ជាក់​ប្រភេទ​ពិការ​ភាព​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី គឺ​ជា​ការ​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ដើម្បី​មាន​ឱកាស​ចូលរួម​បោះឆ្នោត ព្រោះ​ថា ជន​ពិការ​មាន​ប្រមាណ​ជាង ១៥% ដែល​ស្មើ​នឹង ១,៥​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

No comments: