A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 July 2016

សាលា​ឧទ្ធរណ៍​បដិសេធ​ការ​បកស្រាយ​របស់​មេធាវី​លោក​ កឹម សុខា

សាលា​ឧទ្ធរណ៍​បដិសេធ​ការ​បកស្រាយ​របស់​មេធាវី​លោក​ កឹម សុខា
04 កក្កដា 2016
ហ៊ុល រស្មី

រូបឯកសារ៖ លោក​កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​សូត្រមន្ត​ដែល​មាន​ព្រះ​សង្ឃ​យ៉ាង​ហោចណាស​១២៣​អង្គ​ចូលរួម​អម​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ​ជាង​៤០០​នាក់​ទៀត​​នៅ​ថ្ងៃ​អង្គារ​ទី​០៧​ខែ​មិថុនា​ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​សូត្រមន្ត​ដែល​មាន​ព្រះ​សង្ឃ​យ៉ាង​ហោចណាស​១២៣​អង្គ​ចូលរួម​អម​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ​ជាង​៤០០​នាក់​ទៀត​​នៅ​ថ្ងៃ​អង្គារ​ទី​០៧​ខែ​មិថុនា​ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)


ក្តី​ក្តាំ​ទាំងអស់​នេះ​​គឺ​ផ្តើម​ចេញ​ពី​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​របស់​លោក​ កឹម សុខា​មាន​ជាមួយ​នារី​ម្នាក់​គឺ​នាង​ខុម ចាន់តារ៉ាទី​​ ហៅ​ស្រីមុំ​​ ដែល​គេនៅ​មាន​មន្ទិល​នៅ​ឡើយ។​


ភ្នំពេញ —
តុលាការ​ឧទ្ធរណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ច្រាន​ចោល​ការ​ពន្យល់​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យលោក កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ទាក់ទង​នឹង​ការ​សុំ​ធ្វើ​មោឃភាព​នីតិ​វិធី​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​កឹម សុខា​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​បណ្តឹង​និង​ការ​ចោទ​ប្រកាន់នានា​នៅ​សាលាដំបូង​រាជ​ធានីភ្នំពេញ។​

លោក​ កឹម សុខា​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ បាន​រង​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​នាង​ធី សុវណ្ណថា​ និង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​ ដែល​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​មិន​តិច​ជាង​ពីរ​លើក​ក្នុង​នាម​ជា​សាក្សី។​



ក្តី​ក្តាំ​ទាំងអស់​នេះគឺ​ផ្តើម​ចេញ​ពី​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​របស់​លោក​ កឹម សុខា​មាន​ជាមួយ​នារី​ម្នាក់​គឺ​នាង​ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ដែល​គេនៅ​មាន​មន្ទិល​នៅ​ឡើយ។​

លោក​ ហែម សុជាតិ​ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ប្រាំនាក់ ​ដែល​ការពារ​លោក​កឹម សុខា​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា​ លោក​ភូ ពៅស៊ុន​ ប្រធាន​សភា​ស៊ើប​សួរ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ ​នេះ​ មិន​គាំទ្រ​ហេតុ​ផល​នានាដែល​ក្រុម​មេធាវី​បាន​លើក​ឡើង​ដើម្បី​សុំ​ធ្វើ​មោឃភាព​នីតិ​វិធី​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ចំពោះ​ការ​កោះ​ហៅ​លោក​កឹម សុខា​ ដែល​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​ជាតំណាង​រាស្ត្រ​នៅ​ឡើយ​នោះ។​

«អ្វី​ដែល​មេធាវី​បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​អភ័យ​ឯក​សិទ្ធិ​ដែល​កំណត់​ក្នុង​មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ​ មាត្រា​៧​ មាត្រា​៩​នៃ​លក្ខ​ខន្តិកៈ​តំណាង​រាស្ត្រនោះ​ គឺ​ខាង​សភា​ស៊ើប​សួរ​បញ្ជាក់​ថា​ គ្មាន​មូលភាព​ ហើយ​គេ​គ្មាន​សមត្ថកិច្ច»។​

លោក​ ហែម​ សុជាតិ​ មេធាវី​ការពារ​ក្តី​ លោក​កឹម សុខា​ កាល​ពីថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​ ២០១៦ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ អំពី​សំណុំ​រឿង​លោក​កឹម សុខា​ ​នៅ​សាលាឧទ្ធរណ៍​ដែល​បាន​ច្រានចោល​សំណើ​មោឃភាព​នីតិវិធី​របស់​តុលាការ​ក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)
លោក​ ហែម​ សុជាតិ​ មេធាវី​ការពារ​ក្តី​ លោក​កឹម សុខា​ កាល​ពីថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​ ២០១៦ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ អំពី​សំណុំ​រឿង​លោក​កឹម សុខា​ ​នៅ​សាលាឧទ្ធរណ៍​ដែល​បាន​ច្រានចោល​សំណើ​មោឃភាព​នីតិវិធី​របស់​តុលាការ​ក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)


មាត្រា​៧​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាង​រាស្ត្រ​ចែង​ថា៖​

«តំណាង​រាស្ត្រ​ណា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​អាច​នឹង​ត្រូវអនុញ្ញាតឲ្យ​មាន​ការ​ចោទ​ប្រកាន់​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​តាម​ច្បាប់​ និង​នីតិ​វិធី​បាន​ លុះត្រា​តែ​មាន​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សភា​ជាមុន»។​

ចំពោះ​មាត្រា​៩​នៃ​ច្បាប់​ដដែល​នេះ​បាន​ចែងថា៖​

«ការ​លើក​អភ័យ​ឯក​សិទ្ធិ​សភា​ក្នុង​រយៈ​ពេល​សម័យ​ប្រជុំ​រដ្ឋសភា​ត្រូវ​អនុវត្ត​នីតិវិធី​ដូច​ខាង​ក្រោម​នេះ៖​ រដ្ឋសភា​អាច​ប្រជុំ​ជា​សម្ងាត់​ តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ ឬ​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ ឬ​ពី​នាយក​រដ្ឋមន្ត្រី។​ កូរ៉ុម​ប្រជុំ​ត្រូវ​មាន​លើស​ពី​ពីរ​ភាគ​បី​នៃ​សមាជិក​រដ្ឋ​សភា​ទាំងមូល។​ ការ​អនុម័ត​គឺ​ត្រូវ​មានមតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំង​មូល»។​

លោក​មេធាវី​ហែម​ សុជាតិ​បាន​បន្ត​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ក្រុម​មេធាវី​នឹង​ធ្វើ​បណ្តឹង​សារទុក្ខ​ទៅ​សាលា​កំពូល​ ហើយ​នឹង​ពិនិត្យ​លើ​លទ្ធភាព​នៃ​ការ​ប្តឹង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដើម្បី​ពិនិត្យ​មើល​នីតិ​វិធី​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​ចាត់​ការ​ក្តី​របស់លោក​កឹម សុខា​ និង​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​អំពី​ធម្មនុញ្ញ​ភាព​នៃ​អភ័យ​ឯក​សិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ។​

«មេធាវី​នឹង​ពិចារណា​អំពី​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ពាក់​ព័ន្ធ​នឹង​មោឃភាព​នីតិ​វិធី​នេះ»។​

លោក​បាន​បន្ថែម​ថា តុលាការ​ឧទ្ធរណ៍​ក៏ដូច​ជា​តុលាការ​ដំបូង​ក្រុង​ភ្នំពេញ​ ​ហាក់​ដូច​ជា​មិនមាន​សេចក្តី​ក្លាហាន​ក្នុងការ​អារ​កាត់​រឿងក្តី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ​ដោយ​ឈរ​លើ​គោល​ការណ៍​ឯករាជ្យពី​អំណាច​នីតិ​ប្រតិបត្តិ​ទេ។​

រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​តាម​ឃាត់​ខ្លួន​លោក​កឹម សុខា​ កាល​ពី​ចុង​ខែ​ឧសភា​ ​បន្ទាប់​ពីសភា​ដែល​មាន​តែ​អ្នក​តំណាង​រាស្ត្រ​៦៨​រូប​មក​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ បាន​សម្រេចឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​នីតិ​វិធី​របស់​ខ្លួន​លើ​សំណុំ​រឿង​លោក​កឹម សុខា។​

ដោយ​សារ​តែ​មាន​ការ​យារយី​ពី​រដ្ឋ​អំណាច​ជា​ច្រើន​លើក​ជាច្រើនសារ​នោះ​ លោក​កឹម សុខា​បាន​គេច​វេះ​មិន​ចូល​ខ្លួន​នៅ​តុលាការ​ក្រុង​ភ្នំពេញទេ ​ដោយ​លោក​បាន​បន្ត​ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ហើយ​បាន​ស្នើ​ឲ្យ​មេធាវី​របស់លោក​លើក​ហេតុផល​អំពី​ការ​មិន​ចូល​ខ្លួន​នៅ​តុលាការ​ក្រុង​ភ្នំពេញ ដែល​មិន​ព្រម​ទទួល​ស្គាល់​ហេតុផល​នោះ​ឡើយ។​ អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​ក៏បាន​ចោទ​លោក​កឹម សុខា​ពី​បទ​«បដិសេធ​មិនចូល​ខ្លួន»​តាម​មាត្រា៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ។​

ទោះបី​មាន​ការ​គេច​វេះ​យ៉ាង​ណាក្តី​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ថ្មីៗ​នេះ​ ក៏​បាន​ដាក់​ផ្លែផ្កា​ទៅ​លោក​កឹម សុខា​ឲ្យដើរ​ចេញ​ពី​ទីស្នាក់​ការ​កណ្តាល​គណបក្ស ហើយ​លោកអះអាងថា​ បើ​លោក​កឹម សុខា​ជាប់​ពន្ធនាគារនោះ​ នោះ​លោក​កឹម សុខា​នឹង​គ្មាន​ថ្ងៃ​ចេញ​ពី​ពន្ធនាគារ​វិញ​នោះ​ទេ។​ ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​កឹម សុខា​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ Reuters ​ថា​ លោក​ហ៊ុន​ សែន​ខ្លាចចាញ់នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

លោក​ចៅក្រម​ភូ ពៅស៊ុន​ ​ប្រធាន​សភា​ស៊ើបសួរ​ដែល​បាន​ស្តាប់​ការ​បក​ស្រាយ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខានៅ​សាលា​ឧទ្ធរណ៍​ ​បាន​សុំ​មិន​ធ្វើការ​អធិប្បាយ​ទេ​ ដោយ​លោក​បានបង្វែរ​សំណួរ​ទៅ​លោក​ទូច​ ថាវរិទ្ធ​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍។​

លោក​ទូច ថាវរិទ្ធ​បានប្រាប់​ VOA​ ថា​ តុលាការ​ឧទ្ធរណ៍​បាន​ច្រាន​ចោល​សំណើររបស់​ក្រុម​មេធាវី​ការពារ​លោក​កឹម សុខា​ ដែល​សុំ​មោឃភាពចំពោះ​ចំណាត់​ការ​របស់​តុលាការ​ភ្នំពេញ។ លោក​បញ្ជាក់​ថា​ តុលាការ​ក្រុង​ភ្នំពេញ​នឹង​បន្តចាត់​ការ​សំណុំ​រឿង​លោក​កឹម សុខា​បន្ត​ទៀត។​

«ឥឡូវ​នេះ​ ខាង​សាលា​ឧទ្ធរណ៍​ព្រឹកមិញ​ ដែល​ចៅក្រម​ជំនុំ​ជម្រះ​ហ្នឹង​គាត់​បាន​សម្រេច​ហើយ​បង​ ដោយ​ច្រាន​ចោលដូចបង​បាន​មាន​ប្រសាសន៍​អញ្ចឹង​ ច្រាន​ចោល​ការ​សុំ​មោឃភាព​នីតិ​វិធី។​ អញ្ចឹង​ទេ​ ត្រូវ​តែ​បង្វិល​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហ្នឹង​ ចាត់​ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់»។​

ទាក់ទង​នឹងសំណួរ​របស់​ VOA ​ដែលថា ជារឿយៗ​ ខាង​មេធាវីលើក​ឡើង​ថា​ តុលាការ​មិន​មាន​ជំហរ​ឯករាជ្យក្នុង​ការ​វិនិច្ឆ័យ​លើ​រឿងក្តី​ដែល​មាន​ជាប់​ពាក់​ព័ន្​ធនឹង​រឿង​នយោបាយ​នោះ​ លោក​ទូច ថាវរិទ្ធ​សុំ​មិន​ធ្វើ​អធិប្បាយ​ទេ។​

បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍ ​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ នៅថ្ងៃ​ច័ន្ទ​ដដែល​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​សម្តែងការ​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​ភាព​លម្អៀង​របស់​តុលាការ​នៅ​កម្ពុជា​ ដែល​បង្ហាញ​ពី​អគតិ​ទាំង​បួន​ គឺ​ឆន្ទាគតិ​ ទោសាគតិ​ មោហា​គតិ​ ​ភយាគតិ។ អគតិ​នេះ​ហើយ​ដែ​លនាំ​ឲ្យ​ចៅក្រម​ ព្រះ​រាជអាជ្ញា​ និង​មន្ត្រី​តុលាការ​ខ្លះ​ធ្វើ​ការ​អនុវត្ត​ ធ្វើ​ការ​សន្និដ្ឋាន​ និង​ធ្វើសេចក្តី​សម្រេច​ដោយ​រំលោភ​លើ​នីតិ​វិធី​ និង​ច្បាប់​ជាធរមាន​ រហូត​ដល់​ហ៊ាន​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​ទៀត​ផង។​

នៅ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក​កឹម សុខានេះមាន​មន្ត្រី​សិទ្ធិ​មនុស្សជាន់​ខ្ពស់​របស់​សមាគម​អាដហុក​ចំនួន​បួនរូប​ និង​អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មួយរូប​ រួមទាំង​មេ​ឃុំ​គណបក្ស​ប្រឆាំង​មួយ​រូប​នៅ​ខេត្ត​កំពង់​ចាម ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី៕​

1 comment:

Anonymous said...

ចាំមើលកឹម សុខាទ្រាំលាក់ខ្លួនរហូតដល់ពេលណាទៀតទៅ? នេះបើដល់ថ្ងៃគេចូលចាប់តាំងអោយលេសព្រោះមកពីចេះមួយចុះមួយទៀតហើយ ហើយក៏ចាប់ផ្តើមអួតរឿងក្លាហាន ធ្វើដូចវិរបុរសទៀតហើយ ការពិតគង់ហ៊ានសោះ។ ស្រម័យមើលទៅគ្រាន់តែរឿងកាមតណ្ហាខ្លួនឯងសោះទុកអោយងាប់គេឯង ផ្អើលអស់អន្តជាតិ រហូតសុំអោយអន្តរជាតិជួយអន្តរាគមន៍។ តើអន្តរជាតិអន្តរាគមន៍ មានអីក្រៅពីដកជំនួយទៅ? នេះបើអន្តរជាតិព្រមដកជំនួយបង្អត់ខ្មែរអោយរហាម ក៏កឹម សុខាអាចធ្វើបានដែរ។ តើនេះឬចិត្តអ្នកស្នេហាជាតិឬHero នោះដែលស្រលាញ់ខ្មែរ? នេះឬចិត្តអ្នកអ្នកនយោបាយដែលមានការទទួលខុសត្រូវ?ព្រោះតែកាមតណ្ហាកញ្ចាស់ក្បាលហើយ នៅទៅមានស្រីរាប់មិនអស់ក្បត់ប្រពន្ធកូនខ្លួនឯង រហូតរាលដាលងាប់អស់គេឯងទៅទៀត ពិតជាថោកទាបណាស់តាកញ្ចាស់នេះ។