A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 July 2016

"ជន​ជាប់​ចោទ​បាញ់​សម្លាប់​លោក កែម ឡី មិន​មែន​ជា​មន្ត្រី​បរិស្ថាន​ខេត្ត​សៀមរាប"


ដោយ ហង្ស សាវយុត
2016-07-13

អឿត អាង ៦២០
១១-កក្កដា-២០១៦៖ រូបថត​ជន​​ជាប់ចោទ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ឈ្មោះ អឿត អាង ដែល​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ឈ្មោះ ជួប សម្លាប់។
RFA/Hang Savyouth


ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ២​ថ្ងៃ​មក​នេះ បន្ទាប់ពី​អង្គភាព​ព័ត៌មាន​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​ថា ជន​ជាប់​ចោទ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ជា​មន្ត្រី​បរិស្ថាន​មក។ ប្រតិកម្ម​នេះ​បាន​ឆ្លើយតប​ជា​ផ្លូវការ ដោយ​ការ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ផ្ញើ​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា កន្លង​ទៅ។

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា បុរស​ឈ្មោះ អឿត អាង ដែល​ជា​ជន​ជាប់​ចោទ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ មិន​មែន​ជា​មន្ត្រី​បរិស្ថាន​របស់​រដ្ឋាភិបាល ហើយ​ក៏​មិន​មែន​ជា​មន្ត្រី​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ដែរ។



ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប គឺ​លោក ភួង លីណា។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែ​កក្កដា ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​ដែល​បាន​ផ្សព្វផ្សាយ​ថា ជនសង្ស័យ​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​បញ្ហា​សង្គម កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លង​ទៅ​នោះ គឺ​ជា​មន្ត្រី​បរិស្ថាន។

លោក ភួង លីណា បញ្ជាក់​ថា តាម​សម្លៀក​បំពាក់​ឋានន្តរសក្ដិ និង​សញ្ញា​ដែល​បុគ្គល​នោះ យក​ទៅ​ប្រើប្រាស់ គឺ​មិនមែន​ជា​ឯកសណ្ឋាន​មន្ត្រី​បរិស្ថាន​របស់​រដ្ឋាភិបាល​ឡើយ ហើយ​ក្របខ័ណ្ឌ​នៅ​ក្នុង​ខេត្ត​សៀមរាប ក៏​មិន​មាន​ដែរ៖ «ឥឡូវ​នេះ​ខ្ញុំ​សូម​ឱ្យ​ខាង​ព័ត៌មាន​ផ្សេងៗ គាត់​យល់ បើ​មិន​អ៊ីចឹង​ទេ គឺ​គាត់​នៅ​តែ​គិត​ថា អ្នក​នោះ​ជា​មន្ត្រី​បរិស្ថាន»។

កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា កន្លង​ទៅ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បាន​សរសេរ​លិខិត​បដិសេធ​ជនសង្ស័យ​នោះ ដោយ​ផ្ញើ​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ផង។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បុរស​ឈ្មោះ អឿត អាង ជា​ជាប់​ចោទ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ជា​បុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ឈ្មោះ​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍។

អង្គការ​នេះ​ធ្លាប់​មាន​ទីស្នាក់ការ​នៅ​ជិត​សាលា​បឋម​សិក្សា​មុខ​នាគ​នៃ​សង្កាត់​គោកចក ក្រុង​សៀមរាប។ ក៏​ប៉ុន្តែ​អង្គការ​នេះ​បាន​ឈប់​ជួល​ផ្ទះ​ដាក់​ទីស្នាក់ការ ព្រមទាំង​ដក​ស្លាក​សញ្ញា​ទៅ​បាត់​តាំង​តែ​ពី ២​ខែ​មុន​ម្ល៉េះ ហើយ​បច្ចុប្បន្ន ទីស្នាក់ការ​របស់​អង្គការ​នេះ​មិន​ដឹង​ជា​នៅ​ទី​ណា​ច្បាស់លាស់​នៅ​ឡើយ។

អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ គឺ​មាន​បុគ្គលិក​ជា​ច្រើន​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ព្រៃឈើ ដោយ​មិន​មាន​ប្រាក់ខែ​ទេ។ ចំណែក​បុរស​ឈ្មោះ អឿត អាង ជា​ជាប់​ចោទ​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ជា​មន្ត្រី​នៃ​អង្គការ​នេះ​ម្នាក់​ដែល​ទទួល​ការងារ​នៅ​ស្រុក​អង្គរជុំ ភាគ​ខាងលិច​នៃ​ទី​រួម​ខេត្ត​សៀមរាប។

ប្រភព​ព័ត៌មាន​ពី​បុរស​ឈ្មោះ អ៊ុំ អឿង ដែល​ជា​អ្នក​រួម​ការងារ​ជាមួយ​ជនសង្ស័យ​ឱ្យ​ដឹង​ថា គាត់​ខាន​ជួប​បុរស​ឈ្មោះ អឿត អាង រយៈពេល​ប្រហែល ១​ខែ​ទៅ​ហើយ មិន​ដឹង​ជា​ទៅ​ទីណា ក៏ប៉ុន្តែ​ប្រហែល​ជា ៦​ថ្ងៃ​មុន​ពេល​ដែល​កើតហេតុ​បាញ់​សម្លាប់​លោក កែម ឡី នោះ គឺ​លោក​ធ្លាប់​បាន​ទទួល​ទូរស័ព្ទ​ពី​ឈ្មោះ អឿត អាង ដែល​ប្រាប់​ថា គេ​នៅ​ភ្នំពេញ ហើយ​បាន​ការងារ​ថ្មី​ធ្វើ​ជា​ទាហាន​ដោយ​បាន​ទទួល​ប្រាក់ខែ ៣០០​ដុល្លារ​អាមេរិក​ក្នុង ១​ខែ៖ «ខ្ញុំ​ក៏​ថា​អើ! បាន​ការងារ​ល្អ​ណាស់ ហើយ​រក​ចែក​គ្នា​ឱ្យ​ធ្វើ​ផង ខ្លាចក្រែង​ចាស់​ទៅ​ចូល​និវត្តន៍​បាន​ប្រាក់​ខែ​ស៊ី»។

ទោះ​ជា​យ៉ាង​ណា លោក អ៊ុំ អឿង មិន​ដឹង​ថា ជន​ជាប់​ចោទ អឿត អាង នោះ​បាន​ទៅ​ធ្វើ​ទាហាន​ក្នុង​អង្គភាព​ណា ហើយ​អ្នក​ណា​ជា​អ្នក​ដែល​​នាំ​ទៅ​ធ្វើ​ទាហាន​នោះ​ទេ។

លោក អ៊ុំ អឿង គ្រាន់​តែ​គិត​ស្មាន​ថា ជន​ជាប់​ចោទ អឿត អាង ទំនង​ជា​ស្គាល់​មនុស្ស​នៅ​ឯ​ទីក្រុង​ភ្នំពេញ កាល​ពី​នៅ​បួស​ជា​ព្រះសង្ឃ ពីព្រោះ​កាល​ណោះ​ជនសង្ស័យ​ឧស្សាហ៍​ឡើង​ចុះ​ទៅ​ភ្នំពេញ ដើម្បី​បិណ្ឌបាត​សម្ភារៈ និង​បច្ច័យ​ផ្សេងៗ៕

No comments: