A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 July 2016

សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​រឿង​មិន​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​នៅ​ស្ទឹងត្រែង


ដោយ ម៉ែន សុធីរ
2016-07-03


សាច់​សត្វ​ព្រៃ ស្ទឹងត្រែង ៨៥៥
សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
 RFA/Men Sothyr



សាច់​សត្វ​ព្រៃ​ដូចជា ឈ្លូស ប្រើស និង​ត្រកួត​ជាដើម ត្រូវ​បាន​គេ​ដាក់​លក់​ប្រចាំថ្ងៃ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង ដោយ​ពុំ​មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ឡើយ។ សង្គម​ស៊ីវិល​រិះគន់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខែត្រ​នេះ​ថា ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​ជួញ​ដូរ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​កម្ពុជា ខណៈ​អង្គការ​មួយ​ចំនួន​កំពុង​ប្រឹងប្រែង​អភិរក្ស​សត្វ​ទាំង​នោះ។

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា សាច់​ព្រៃ​ដែល​កំពុង​លក់​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង គឺ​ជា​ទម្រង់​នៃ​ការ​បំផ្លាញ​សត្វចតុប្បាទ​ព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា បន្ទាប់ពី​ការ​ចរាចរ និង​ការ​ជួញ​ដូរ​នៅ​តែ​បន្ត​កើតមាន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​អត្ថប្រយោជន៍​សត្វព្រៃ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ ដើម្បី​រួម​ចំណែក​អភិរក្ស​សត្វព្រៃ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់​ថា មក​ទល់​ពេល​នេះ ទីតាំង​លក់ដូរ​សត្វព្រៃ​មាន ៤ ទៅ ៥​កន្លែង នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង ហើយ​សត្វព្រៃ​ដែល​កំពុង​ដាក់​លក់​នោះ​មាន​ដូចជា ប្រើស ឈ្លូស និង​ជ្រូកព្រៃ​ជាដើម។ លោក​បន្ត​ថា សត្វព្រៃ​ទាំង​នោះ​ទំនង​ជា​ត្រូវ​បាន​ចរាចរណ៍​ពី​ព្រៃឡង់ ស្រុក​ថាឡាបរិវ៉ាត់ តំបន់​ឧទ្យាន​ជាតិ​វីរជ័យ ក្នុងស្រុក​សៀមប៉ាង និង​តំបន់​ព្រៃស្រោង​មួយ​ចំនួន​ទៀត​នៃ​ស្រុក​សេសាន និង​ស្រុក​សៀមបូក។



លោក​ថា ការ​បណ្ដោយ​ឲ្យ​មាន​លក់​សត្វព្រៃ ហាក់​ដូចជា​លើកទឹកចិត្ត​ឲ្យ​មាន​ការ​បរបាញ់​សត្វព្រៃ​ដើម្បី​ធ្វើ​ជំនួញ៖ «យើង​កុំ​បណ្ដែតបណ្ដោយ បើសិនជា​បណ្ដែតបណ្ដោយ​វា​មិន​យូរ​ទេ។ ឥឡូវ​ព្រៃ​ក៏​កាប់ សត្វ​ក៏​បរបាញ់ បន្តិចទៀត​នឹង​វិនាស​ហិនហោច​មិន​ខាន បើសិនជា​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ មាន​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ហ្នឹង»។

​ឆ្លើយ​តប​ការ​លើក​ឡើង​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខែត្រ​ស្ទឹងត្រែង លោក ឈៀង តុលា ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ចាប់​ទីតាំង​លក់ដូរ​សត្វព្រៃ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង បាន ៤​ករណី រយៈពេល​មួយ​ឆមាស​នៃ​ឆ្នាំ​២០១៦​នេះ។ លោក​អះអាង​ថា នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ទប់ស្កាត់​ជា​បន្ទាន់​​នៅ​ពេល​ទទួល​ព័ត៌មាន​នេះ៖ «យើង​បាន​កសាង​សំណុំ​រឿង​ទៅ​តុលាការ​អស់​ហើយ។ តុលាការ​កំពុង​ហៅ​បើក​សវនា​ការ​នេះ ហើយ​ឥឡូវ​អត់​ដឹង​ថា មាន បើ​ដឹង​ថា​មាន​ទៅ​ត​ទៀត»។

​ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ លោក ប៊ូ វីរសក្ស បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​តាំង​លក់​សត្វ​ព្រៃ​នៅ​ខែត្រ​ស្ទឹងត្រែង ខណៈ​អង្គការ​លោក​កំពុង​ប្រឹងប្រែង​អភិរក្ស​សត្វ​ស្លាប និង​សត្វ​ចតុប្បាទ​ព្រៃ​នៅ​ស្រុក​សៀមប៉ាង លើ​ផ្ទៃដី​ជាង ១៣​ម៉ឺន​ហិកតារ។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​រក​មធ្យោបាយ​ទប់ស្កាត់​ជា​បន្ទាន់​ចំពោះ​ករណី​នេះ ដើម្បី​រួម​ចំណែក​ការពារ​សត្វព្រៃ​ជិត​ផុត​ពូជ​នៅ​កម្ពុជា៖ «យើង​ត្រូវតែ​សហការ​គ្នា។ ខាង​ខ្ញុំ​ធ្វើការ​នៅ​ក្នុង​ព្រៃ បើ​មក​ដល់​ទីផ្សារ កន្លែង​ដែល​ប្រើប្រាស់ យើង​ត្រូវ​តែ​បង្ក្រាប​អ្នក​ប្រើប្រាស់​ទៀត។ កាលណា​ការ​ប្រើប្រាស់​មាន​ការ​ថយ​ចុះ ក៏​វា​ជួយ​បញ្ឈប់​ការ​បរបាញ់​ផង​ដែរ»។

​មន្ត្រី​ជំនាញ​បរិស្ថាន​រក​ឃើញ​ថា ការ​យល់​ដឹង​ស្ដីពី​អត្ថប្រយោជន៍​សត្វព្រៃ​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត។ ខ្លះ​បរបាញ់ ដាក់​អន្ទាក់ និង​ប្រើ​ថ្នាំពុល​នៅ​ទីតាំង​ជ្រក​សត្វព្រៃ​រស់​នៅ បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ការពារ​សត្វព្រៃ និង​សត្វ​ស្លាប​នៅ​កម្ពុជា​ក្តី។ ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ​ខ្លះ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​អភិរក្ស​សត្វព្រៃ ដោយសារ​ខ្វះ​ការ​យល់​ដឹង បញ្ហា​ជីវភាព និង​ប្រពៃណី។ ​ក្រៅ​ពី​នេះ ចំនួន​អ្នក​បរិភោគ​សត្វព្រៃ​ក៏​កាន់​តែ​កើន​ឡើង ដែល​មិន​បាន​គិត​ពី​ការ​ផុត​ពូជ​សត្វ​កម្រ​ទាំង​នោះ។

​ច្បាប់​ស្ដីពី​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​៤៩ ចែង​ថា ហាម​ឃាត់​ដាក់​ខាត់​រាល់​សកម្មភាព​បរបាញ់ យាយី​បំផ្លាញ​សត្វព្រៃ​គ្រប់​ប្រភេទ ជាពិសេស​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​នាំ​ចេញ​នាំ​ចូល៕

No comments: