A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 July 2016

សមត្ថកិច្ច​ស្រុក​សៀមបូក​ហាម​អ្នក​កាសែត​មិន​ឲ្យ​ចុះ​យក​ព័ត៌មាន​នៅ​កោះស្រឡាយ


ដោយ ម៉ែន សុធីរ
2016-07-06

មេ​ប៉ុស្ដិ៍ គង់ សោភ័ណ ៨៥៥
មេ​ប៉ុស្តិ៍​នគរបាល​កោះស្រឡាយ ក្នុង​ស្រុក​សៀមបូក ​ខេត្ត​ស្ទឹងត្រែង លោក គង់ សោភ័ណ ដែល​ហាម​ឃាត់​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចុះ​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៦។
 RFA/Men Sothyr



សមត្ថកិច្ច​ឃុំ​កោះស្រឡាយ ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង អះអាង​ថា អ្នក​សារព័ត៌មាន​មិន​អាច​យក​ព័ត៌មាន​នៅ​លើ​ដី​កោះ​នោះ​បាន​ទេ ប្រសិន​ពុំ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។ កា​លើក​ឡើង​នេះ នៅ​គ្រា​ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ-​ទូរទស្សន៍​អាស៊ីសេរី បាន​យក​ព័ត៌មាន​ពី​ស្ថានភាព​សេវា​អប់រំ​របស់​សិស្ស​នៅ​សាលាបឋមសិក្សា​កាំងដែក និង​អនុវិទ្យាល័យ​កោះស្រឡាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កក្កដា។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ការ​រាំង​អ្នក​សារព័ត៌មាន​របស់​សមត្ថកិច្ច​ថា អាច​ជា​រឿង​បុគ្គល។

​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​កោះស្រឡាយ ស្រុក​សៀមបូក លោក គង់ សោភ័ណ អម​ដោយ​នគរបាល ២​នាក់​ទៀត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ចុះ​យក​ព័ត៌មាន​តំបន់​នេះ​បាន​ទេ ដរាបណា​ពុំ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​រដ្ឋាភិបាល។ លោក​និយាយ​ទាំង​កំហឹង​ថា មិន​ឲ្យ​ថត​ផ្ដេសផ្ដាស​ទេ ព្រោះ​ទីនេះ​មាន​អាជ្ញាធរ​គ្រប់គ្រង។



លោក​អះអាង​ថា នេះ​ជា​បញ្ជា​របស់​អភិបាល​ស្រុក​សៀមបូក លោក សន សារឿន៖ «ចំណុច​សំខាន់​គឺ​សុំ​ច្បាប់ ជា​គោលការណ៍​ដំបូង​ហើយ​អា​ហ្នឹង។ ទៅ​កន្លែង​ណា​ក៏​ដោយ សូម្បី​តែ​ខ្ញុំ​ចង់​ឆ្លង​ទាក់ទង​ចាប់​ជន​ល្មើស​ក៏​ត្រូវ​ទាក់ទង​អាជ្ញាធរ​ដែនដី​របស់​គេ​ដែរ»។

អភិបាល​ស្រុក​សៀមបូក លោក សន សារឿន មិន​ធ្វើ​អធិប្បាយ​ករណី​ទេ នៅ​ថ្ងៃ​ទី​៦ កក្កដា ដោយ​លោក​ជំរុញ​ឲ្យ​សួរ​អ្នក​នាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ កក្កដា ថា ជា​គោលការណ៍​ក្រសួង​មហាផ្ទៃ ពុំ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ណា​ហាម​ឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចុះ​យក​ព័ត៌មាន​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​នេះ​អាច​ជា​រឿង​បុគ្គល ហើយ​មិន​ពាក់ព័ន្ធ​ក្រសួង​មហាផ្ទៃ ឡើយ៖ «ក្រសួង​មហាផ្ទៃ មិន​ហាមឃាត់​ទេ អត់​មាន​គោលការណ៍​ណែនាំ​ហាមឃាត់​​ទេ។ គ្រាន់​ថា ពាក្យ​ខ្មែរ​ថោក​អី​នឹង​ដៃ​ថ្លៃ​អី​នឹង​មាត់។ ដោះស្រាយ​បាន​បញ្ហា​តូចតាច»។

​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា បញ្ជាក់​ថា បើ​អ្នក​សារព័ត៌មាន​ថត​នៅ​ទី​សាធារណៈ ហើយ​មាន​ការ​រារាំង​ពី​សមត្ថកិច្ច លោក​យល់​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​យល់​ពី​តួនាទី​អ្នក​សារព័ត៌មាន​នៅ​ឡើយ​ទេ។ ករណី​នេះ​លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពិចារណា​ឡើង​វិញ ចៀសវាង​ការ​រារាំង ឬ​រំខាន​ការងារ​របស់​អ្នក​យកព័ត៌មាន​ពេល​កំពុង​បំពេញ​វិជ្ជាជីវៈ៖ «ថត​នៅ​ទី​សាធារណៈ​មាន​ការ​រារាំង​ពី​សមត្ថកិច្ច។ ខ្ញុំ​គិត​ថា សមត្ថកិច្ច​មិន​ទាន់​យល់​ពី​តួនាទី​របស់​អ្នក​សារព័ត៌មាន។ សូម​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​ឡើង​វិញ​អំពី​បញ្ហា​ហ្នឹង»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​រារាំង​អ្នក​សារព័ត៌មាន​នៅ​ទី​សាធារណៈ​របស់​សមត្ថកិច្ច​គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំបាក់​ស្មារតី​ពលរដ្ឋ​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នានា នៅ​តំបន់​នោះ។ លោក​សង្ស័យ​ថា ការ​យក​កម្លាំង​ប្រដាប់​អាវុធ​រារាំង​អ្នក​សារព័ត៌មាន​របស់​អាជ្ញាធរ​រដ្ឋាភិបាល​មិន​ឲ្យ​យក​ព័ត៌មាន អាច​ជា​សញ្ញា​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៅ​តំបន់​នោះ៖ «ដូច​ចុះ​ទៅ​ហាមឃាត់​អ៊ីចឹង។ អា​ហ្នឹង​កុម្មុយនិស្ត​ចំ​ហើយ។ គ្រាន់​តែ​ដើរ​ទៅ ឬ​ថត​នៅ​ទី​សាធារណៈ​ចាំបាច់​សុំ​ច្បាប់ វា​មិន​ត្រូវ»។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ  ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​យល់​ច្រឡំ​ដ៏​ធំ​មួយ​របស់​អាជ្ញាធរ​មូលដ្ឋាន​អំពី​សេរីភាព​សារព័ត៌មាន ឬ​ក៏​សេរីភាព​បញ្ចេញ​មតិ។

លោក​ពន្យល់​ថា សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​បាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា ៣១ និង​កតិកាសញ្ញា​អន្តរជាតិ​មាត្រា ១៩ ដែល​ចែង​ថា អ្នក​សារព័ត៌មាន ឬ​សាធារណជន​ទូទៅ​មាន​សិទ្ធិ​គ្រប់គ្រាន់​ស្វែង​រក​ព័ត៌មាន ផ្សព្វផ្សាយ​ព័ត៌មាន គ្រប់​រូបភាព និង​មធ្យោបាយ​ទាំង​អស់ គ្មាន​ដែន​កំណត់ ហើយ​ការ​ហាម​ឃាត់​ណា​មួយ​ពី​អាជ្ញាធរ​ក្តី ដោយ​បុគ្គល​ណា​ក្តី គឺ​ជា​ទង្វើ​ខុស​ច្បាប់៖ «វា​អាច​បង្កើត​បាន​ជា​ទម្លាប់​អាក្រក់​មួយ ប្រសិនជា​អាជ្ញាធរ ឬ​ក៏​មន្ត្រី​ណា​ម្នាក់ រឹតត្បិត​សេរីភាព​សារព័ត៌មាន​បាន គំរាម​កំហែង​អ្នក​សារព័ត៌មាន​បាន ពេល​នោះ​គេ​នឹង​ធ្វើ​ត្រាប់​តាម​គ្នា​ដោយ​រំលោភ​ច្បាប់​សារព័ត៌មាន និង​រដ្ឋធម្មនុញ្ញ​តែម្ដង»។

​មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា កម្ពុជា​ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ណា​ទាក់ទិន​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​កម្ពុជា ទទួលស្គាល់​ថា ជា​ច្បាប់​កម្ពុជា។

​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១៩ ចែង​ថា ជន​គ្រប់រូប​មាន​សិទ្ធិ​ប្រកាន់​មតិ​យោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ជន​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សិទ្ធិ​នេះ​ត្រូវ​បាន​រាប់​បញ្ចូល​ទាំង​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែប​យ៉ាង​ដោយ​មិន​គិត​ពី​ព្រំដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬ​បោះពុម្ព​តាម​ទម្រង់​សិល្បៈ​ក្ដី ឬ​ក៏​ដោយ​មធ្យោបាយ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្ដី​តាម​ការ​ជ្រើសរើស​របស់​ខ្លួន៕

No comments: