A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 July 2016

អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​​ស្នើ​ឲ្យ​អាជ្ញាធរ​រក​ឃាតក​​​សម្លាប់​លោក កែម ឡី ពិត​ប្រាកដ


ដោយ ទីន ហ្សាការីយ៉ា និង សាន សែល
2016-07-13

បុណ្យ​សព កែម ឡី ៨៥៥
ពលរដ្ឋ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​សង្កាត់​ជ្រោយចង្វារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។
 RFA



ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី និង​គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ ក្នុង​ការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​មួយ​ស្វែង​រក​ឃាតក​ពិត និង​អ្នក​នៅ​ក្រោយ​ខ្នង​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នោះ។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ថ្កោលទោស​ចំពោះ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ឃាតក​ពិតប្រាកដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អ្នកនាំពាក្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី សេស៊ីល ពួយលី (Cecile Pouilly) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ចំពោះ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​បើក​ការ​ស៊ើប​អង្កេត និង​ការ​ចាប់​ខ្លួន​ជនសង្ស័យ។



ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​ឲ្យ​បាន​ជាក់លាក់ ច្បាស់លាស់ និង​ត្រូវ​ធានា​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​ចាប់​យក​មក​កាត់ទោស និង​ដាក់ទោស​ត្រឹមត្រូវ​តាម​ច្បាប់។

ស្រប​គ្នា​នេះ​ដែរ ក្មួយ​ប្រុស​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា លោក ធួវី ហ្សាន់ឌី ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដោយ​តម្លាភាព និង​សុំ​ឲ្យ​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ឃាតកម្ម​នេះ៖ «»។

​ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ កក្កដា ស្នើ​ឲ្យ​មាន​អ្នក​ឯកទេស​ដែល​មាន​ជំនាញ​ត្រឹមត្រូវ និង​ឯករាជ្យ ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ។

ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ កត់សម្គាល់​ឃើញ​ថា កន្លងទៅ​មាន​អំពើ​ឃាតកម្ម​មាន​លក្ខណៈ​នយោបាយ​មួយ​ចំនួន ដូចជា​ករណី លោក ជា វិជ្ជា និង​លោក ឈុត វុទ្ធី ជាដើម ដែល​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ពុំ​ដែល​រក​ឃើញ​ឃាតក​ពិតប្រាកដ ឬ​អ្នក​នៅ​ក្រោយ​ឃាតកម្ម​ទាំង​នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ​ដែល​ឯករាជ្យ និង​មាន​អង្គការ​សហប្រជាជាតិ​ចូលរួម​ជាដើម៖ «»។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទាក់ទង​នឹង​ការ​ស្នើ​សុំ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា។

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដដែល ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ជា​បន្ទាន់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នក​នយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល។

​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​កត់សម្គាល់​ថា ខណៈ​ស្ថានការណ៍​នយោបាយ​កម្ពុជា កំពុង​តានតឹង​នា​រយៈពេល​ចុង​ក្រោយ វា​មាន​សារសំខាន់​ណាស់​ដែល​អាជ្ញាធរ​ត្រូវ​ធានា​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សុវត្ថិភាព​ពេញលេញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រង​ហិង្សា​លើ​រាងកាយ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ពិសេស​ក្នុង​ពេល​វេលា​មុន​ការ​បោះឆ្នោត​ឃុំ សង្កាត់ និង​បោះឆ្នោត​ជាតិ ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ៕​

No comments: