A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 July 2016

ក្រសួង​កិច្ចការ​នារី​ជំរុញ​ឲ្យ​ស្ត្រី​និង​យុវជន​ចាត់​ទុក​អំពើ​ហិង្សា​ជា​រឿង​មិន​អាច​ទទួល​យក​បាន


ក្រសួង​កិច្ចការ​នារី​ជំរុញ​ឲ្យ​ស្ត្រី​និង​យុវជន​ចាត់​ទុក​អំពើ​ហិង្សា​ជា​រឿង​មិន​អាច​ទទួល​យក​បាន
ដោយ យ៉ង ចាន់តារា
2016-07-05

អ៊ឹង កន្ថាផាវី ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៤ នៃ​ក្រុម​ការងារ​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់ទង​យេនឌ័រ ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara



ក្រសួង​កិច្ចការ​នារី ចង់​ឃើញ​ស្ត្រី​កម្ពុជា កុំ​ចាត់​ទុក​អំពើ​ហិង្សា​ជា​រឿង​សាមញ្ញ ពីព្រោះ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ស្ត្រី​ខ្លួន​ឯង។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៤ នៃ​ក្រុម​ការងារ​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់ទង​យេនឌ័រ ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ដែល​រៀបចំ​ដោយ​ក្រសួង​កិច្ចការ​នារី នៅ​ថ្ងៃ​ទី​៤ កក្កដា នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) ក្រុង​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦០​នាក់​មក​ពី​អង្គការ​ជាតិ អន្តរជាតិ និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​លើ​ស្ត្រី គឺ​ជា​បញ្ហា​ដែល​មិន​អាច​មើល​រំលង​បាន និង​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​គ្នា​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​តាម​រយៈ​ការ​អប់រំ និង​ផ្សព្វផ្សាយ។ អ្នកស្រី​បន្ត​ថា ស្ត្រី​ខ្លួន​ឯង​ក៏​មិន​ត្រូវ​ចាត់​ទុក​អំពើ​ហិង្សា​ជា​រឿង​សាមញ្ញ​នោះ​ដែរ ទោះ​ជា​ក្នុង​រូបភាព​ណា​ក៏ដោយ៖ «ស្ត្រី​ខ្លួន​ឯង​ហ្នឹង​ទទួល​ស្គាល់​ថា ឲ្យ​ប្ដី​វាយ​បាន​ដែរ គឺ ៥០​ភាគរយ ប៉ុន្តែ​បុរស​មាន​តែ ២៧​ភាគរយ​ទេ។ អ៊ីចឹង​ស្ត្រី​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ដែរ។ នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​យក​មក​គិតគូរ ហើយ​ត្រូវ​តែ​អប់រំ​បន្ត​ទៅ​សង្គម ទៅ​សហគមន៍​របស់​យើង។ អ៊ីចឹង​ខ្ញុំ​សុំ​និយាយ​ថា កម្រិត​នៃ​ការ​អនុវត្ត​ច្បាប់​កុំ​អាល​ដាក់​កំហុស​តែ​ទៅ​លើ​នគរបាល គឺ​មក​ពី​សង្គម​យើង សហគមន៍​របស់​យើង​ដែរ»។



អ្នកស្រី អ៊ឹង កន្ថាផាវី ឲ្យ​អាទិភាព​ខ្ពស់​ចំពោះ​ការ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ផលវិបាក​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី។ អ្នកស្រី​ជំរុញ​ឲ្យ​សាធារណជន ជាពិសេស​យុវជន ស្អប់​ខ្ពើម​អំពើ​ហិង្សា​លើ​ស្ត្រី និង​ត្រូវ​ចាត់​ទុក​វា​ជា​បញ្ហា​រួម៖ «យើង​តែង​តែ​ចោទ​ទៅ​លើ​ដៃគូ​នេះ​មិន​ធ្វើ​ការងារ​ឲ្យ​ម៉ត់ចត់។ វា​មិន​មែន​នោះ​ទេ។ នេះ​វា​ជា​បញ្ហា​នៅ​ក្នុង​សង្គម នៅ​ក្នុង​សហគមន៍​យើង​ត្រូវ​តែ​អប់រំ មិន​មែន​តែ​បង្ក្រាប​ទេ។ ពេល​ខ្លះ​បង្ក្រាប​អត់​បាន​ប្រសិទ្ធភាព​យូរ​អង្វែង​នោះ​ទេ។ ប្រសិទ្ធភាព​យូរ​អង្វែង យើង​ត្រូវ​ផ្លាស់ប្ដូរ​អត្តចរិត​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​សង្គម​យើង របស់​សហគមន៍​យើង»។

ស្ថានភាព​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា កើត​មាន​ក្នុង​ទម្រង់​ជាច្រើន​ដូចជា អំពើ​ហិង្សា​ក្នុង​គ្រួសារ អំពើ​ឈ្លាន​ពាន​ខាង​ផ្លូវ​ភេទ អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​រំលោភ​បំពាន​លើ​ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់។

ការ​សិក្សា​អំពី​ស្ថានភាព​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា បង្ហាញ​ថា ស្ត្រី និង​កុមារី​នៅ​តែ​បន្ត​ជា​កម្មវត្ថុ​នៃ​អំពើ​ហិង្សា។ អំពើ​ហិង្សា​លើ​ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​ផ្លូវ​សេដ្ឋកិច្ច ជា​រូបភាព​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី ដែល​កើត​មាន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់ គឺ​ការ​លេច​ចេញ​រូបភាព​ថ្មីៗ​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដូចជា​ការ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ដោយ​បុរស​វ័យ​ចំណាស់ ការ​រំលោភ​សេពសន្ថវៈ​ក្នុង​សមាជិក​ញាតិ​លោហិត និង​ការ​រំលោភ​សេពសន្ថវៈ​ក្នុង​ស្ថានភាព​ចៃដន្យ​ជាដើម។

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព មើល​ឃើញ​ថា មូលហេតុ​សំខាន់​ដែល​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​តែ​បន្ត គឺ​ដោយសារ​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់។ អ្នកស្រី​បញ្ជាក់​ថា ជន​បង្ក​ហិង្សា​លើ​ស្ត្រី​មួយ​ចំនួន​នៅ​តែ​អាច​រួច​ខ្លួន តាម​រយៈ​យន្តការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ៖ «ការ​ផ្សព្វផ្សាយ​បាន​ត្រឹម​តែ​ផ្សព្វផ្សាយ​នៅ​ក្នុង​ពេល​ដែល​មាន​ហេតុការណ៍​ហ្នឹង​កើត​ឡើង ហើយ​និង​បង្ហាញ​ថា​នគរបាល ឬ​ក៏​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​រៀបចំ​ឯកសារ​ដើម្បី​ចោទ​ប្រកាន់​ជន​ល្មើស​ហ្នឹង រួច​ក៏​ចប់​ទៅ។ អ៊ីចឹង​វា​អត់​មាន​រឿង​អ្វី​បន្ត​ទៀត ដែល​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​ថា តើ​ជន​នោះ​ជាប់​ពិត​ប្រាកដ​ដែរ​ឬ​អត់?»។

អ្នកស្រី​ចង់​ឃើញ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ជន​បង្ក​ហិង្សា​លើ​ស្ត្រី ហើយ​លើស​ពី​នេះ អ្នកស្រី​ក៏​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​តាម​ដាន និង​បន្ត​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី​នេះ​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ។

អំពើ​ហិង្សា​លើ​ស្ត្រី សំដៅ​ដល់​សកម្មភាព​ទាំងឡាយ​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ដែល​បណ្ដាល​ឲ្យ ឬ​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​ការ​គ្រោះថ្នាក់​ដល់​រូប​រាង​កាយ ផ្លូវ​ភេទ ផ្លូវ​ចិត្ត ឬ​ការ​ឈឺ​ចាប់​ដល់​ស្ត្រី រួម​ទាំង​ការ​គំរាម​កំហែង​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ការ​បង្ខិតបង្ខំ ឬ​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​តាម​ទំនើង​ចិត្ត ទោះ​បី​ជា​កើត​ឡើង​ជា​សាធារណៈ ឬ​នៅ​ក្នុង​ជីវិត​ឯកជន​ក៏ដោយ៕

No comments: