A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 June 2016

អតីត​អ្នក​ជាប់​ពន្ធនាគារ​ព្រៃ​ស​ស្នើ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ពន្ធនាគារ


ដោយ យាង សុជាមេត្តា
2016-06-01

ព្រៃ​ស ៨៥៥
មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤ RFA/Uon Chhin
 RFA/Uon Chhin


អតីត​អ្នក​ជាប់​ពន្ធនាគារ​ព្រៃ​ស ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​លុប​បំបាត់​អំពើ​ពុក​រលួយ​នានា​ដែល​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ពេល​បច្ចុប្បន្ន។ អំពើ​ពុក​រលួយ​ទាំង​នោះ មាន​ដូចជា ការ​ទារ​លុយ​ពី​អ្នក​ទោស ដើម្បី​ទៅ​យក​សាលក្រម ឬ​សាល​ដីកា​ពី​តុលាការ ឬ​ធ្វើ​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​ជាដើម។

ពួក​គេ​លើក​ឡើង​ថា បើ​មិន​មាន​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ទាំង​នេះ​ទេ អ្នក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​អ្នក​ទោស​មក​ពី​គ្រួសារ​ក្រីក្រ​នោះ​ទេ។

បើ​ទោះ​បី​ជា​ចេញ​ពី​ពន្ធនាគារ​មិន​ទាន់​បាន​មួយ​ខែ​ត្រឹមត្រូវ​ក្តី អតីត​អ្នក​ជាប់​ពន្ធនាគារ​ព្រៃ​ស លោក ស្រី ចាន់តារា មិន​ខ្លាច​នឹង​ចេញ​មុខ​គាស់​កកាយ​ពី​អំពើ​ពុក​រលួយ កំពុង​កើត​មាន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ឡើយ។

លោក ស្រី ចាន់តារា បច្ចុប្បន្ន​មាន​អាយុ ៥៦​ឆ្នាំ បាន​ជាប់​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល ១៣​ឆ្នាំ​កន្លះ បាន​រៀបរាប់​ច្រើន​ពី​ភាព​មិន​ប្រក្រតី​នានា​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កែប្រែ​ទម្លាប់​មិន​ល្អ​នៅ​ក្នុង​ពន្ធនាគារ​នេះ គឺ​បញ្ឈប់​មន្ត្រី​ពន្ធនាគារ​កុំ​ឲ្យ​យក​លុយ​ពី​អ្នក​ទោស។



លោក ស្រី ចាន់តារា ឲ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​តែង​ទារ​លុយ​ចំនួន ៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​អ្នក​ទោស នៅ​ពេល​ដែល​ទៅ​យក​សាលក្រម ឬ​សាល​ដីកា​ស្ថាពរ​ពី​តុលាការ និង​ទារ​លុយ​ចំនួន ២០​ដុល្លារ ពេល​អ្នក​ទោស​ធ្វើ​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍ ឬ​ប្ដឹង​ទៅ​កាន់​តុលាការ​កំពូល​ម្តងៗ។ លោក​ថា មន្ត្រី​ពន្ធនាគារ ក៏​យក​លុយ​ពី​អ្នក​ទោស​ចន្លោះ​ពី ៣៥០​ដុល្លារ​ដល់ ៤០០​ដុល្លារ​ក្នុង​ម្នាក់ នៅ​ពេល​ធ្វើ​លិខិត​សម្រាល ឬ​បន្ធូរបន្ថយ​ទោស។ លើស​ពី​នេះ ចំពោះ​អ្នក​ទោស​ដែល​ត្រូវ​ដល់​ថ្ងៃ​ដោះ​លែង​ហើយ​ក៏ដោយ​ចុះ ដូចជា​រូប​លោក​ផ្ទាល់ លោក​នៅ​តែ​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​លើស​ជាច្រើន​ថ្ងៃ ដោយសារ​តែ​លោក​មិន​មាន​លុយ​ឲ្យ​មន្ត្រី​ពន្ធនាគារ។ មក​ដល់​ចំណុច​នេះ លោក ស្រី ចាន់តារា ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ឈប់​រើសអើង និង​ឈប់​ទារ​លុយ​ពី​អ្នក​ទោស ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ៖ «សុទ្ធតែ​លុយ​ទាំងអស់ អត់​មាន​ពាក្យ​ណា​ថា​អត់​ត្រូវ​ការ​លុយ​នោះ​ទេ តាំង​ពី​ធ្វើ​ពាក្យ​សម្រាល​បន្ធូរបន្ថយ​ទោស តាំង​ពី​ធ្វើ​បណ្ដឹង​ពី​ឧទ្ធរណ៍​ទៅ​កំពូល តាំង​ពី​យក​សាលក្រម សាល​ដីកា ហើយ​ឧទាហរណ៍​ដូច​ខ្ញុំ ដោះ​លែង​ខ្ញុំ​ចឹង។ ខ្ញុំ​អត់​មាន​លុយ​ឲ្យ​គេ។ ទី​១ គេ​ទម្លាក់​ទៅ​លើ​ថា អត់​មាន​លុយ​ទៅ​យក​សាលក្រម។ ទី​២ យក​មក​យឺតយ៉ាវ ឃុំ​ខ្ញុំ​លើស ១០​ថ្ងៃ ដោយសារ​ខ្ញុំ​អត់​និយាយ​រឿង​លុយ​ជាមួយ​គេ»។

លោក ស្រី ចាន់តារា ឲ្យ​ដឹង​បន្ត​ថា នៅ​ពេល​មន្ត្រី​ពន្ធនាគារ​ទៅ​យក​លុយ​ពី​អ្នក​ទោស​ដើម្បី​យក​សាលក្រម សាល​ដីកា ឬ​ធ្វើ​ពាក្យ​បណ្ដឹង​ម្តងៗ មន្ត្រី​ពន្ធនាគារ​តែង​ប្រាប់​អ្នក​ទោស​ថា តុលាការ​គឺ​ជា​អ្នក​យក​លុយ​ទាំងអស់​នោះ។ នេះ​មិន​ទាន់​រាប់​ដល់​ករណី​សន្តិសុខ​ពន្ធនាគារ ដែល​ពេល​ខ្លះ​ឆ្លៀត​សុំ​លុយ​នៅ​ពេល​សាច់ញាតិ​ទៅ​សួរ​សុខទុក្ខ​អ្នក​ទោស ឬ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ផង៖ «ពន្ធនាគារ​ឆ្លើយ​ដាក់​តុលាការ ពន្ធនាគារ​ថា​ឲ្យ​គេ​ទៅ​យក​អត់​មាន​លុយ​ឲ្យ​គេ ខាង​តុលាការ​ទារ​លុយ​ពី​គេ។ អ៊ីចឹង​គេ​អត់​មាន​លុយ​ចេញ​ឲ្យ​ទេ។ អ៊ីចឹង​បើ​ចង់​បាន ទាល់​តែ​បង់​លុយ​ឲ្យ​មន្ត្រី​ពន្ធនាគារ»។

លោក ស្រី ចាន់តារា បញ្ជាក់​ថា លោក​ចេញ​មុខ​បកស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពេល​នេះ មិន​មែន​ដោយសារ​លោក​មាន​គំនុំ​គំកួន​ជាមួយ​មន្ត្រី​ណា​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​ចង់​ទម្លាយ​រឿង​ទាំងអស់​នេះ ឲ្យ​មន្ត្រី​ថ្នាក់​លើ​បាន​ដឹង ដើម្បី​ធ្វើ​កំណែ​ទម្រង់ ឬ​កែប្រែ​ស្ថានភាព​ក្នុង​ពន្ធនាគារ​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​បច្ចុប្បន្ន ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​អ្នក​ទោស​ក្រីក្រ។

ចំពោះ​បញ្ហា​ទាំងអស់​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា មាន​ប្រសាសន៍​ថា ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ភាព​មិន​ប្រក្រតី​ទាំង​នេះ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឬ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​នីតិវិធី។ លោក នុត សាវនា ធានា​ថា បើ​រឿង​ទាំងអស់​នេះ​ជា​រឿង​ពិត នោះ​ពលរដ្ឋ​ដែល​ប្ដឹង នឹង​ទទួល​បាន​ការ​ការពារ​ពី​សំណាក់​អាជ្ញាធរ​ថែម​ទៀត។ ប៉ុន្តែ​លោក​ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ប្ដឹង​នោះ ត្រូវ​មាន​មូលដ្ឋាន​ច្បាស់លាស់ ព្រោះ​លោក​ថា កន្លង​មក​ក៏​ធ្លាប់​មាន​អ្នក​ជាប់​ឃុំ​មួយ​ចំនួន ប្រឌិត​រឿង​ឡើង​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​មន្ត្រី​ពន្ធនាគារ ដោយសារ​មន្ត្រី​ទាំង​នោះ​មាន​ភាព​តឹងរ៉ឹង​ចំពោះ​ពួក​គេ៖ «បើ​មាន​ករណី​ហ្នឹង យើង​អាច​ចុះ​ទៅ​ដោយ​សម្ងាត់ ដើម្បី​ចុះ​ទៅ​អង្កេត​តាម​ដាន​ក្រៅ​ផ្លូវ​ការ​ថា មាន​បញ្ហា​អ៊ីចឹង​អត់? មាន​ការ​ផ្សព្វផ្សាយ​ពី​ភាព​មិន​ប្រក្រតី​នានា ឬ​ការ​រំលោភ​បំពាន​នានា​ពី​សំណាក់​មន្ត្រី លោក​អាច​បញ្ជា​ក្រុម​ជំនាញ​ចុះ​ទៅ មិន​ចាំបាច់​មាន​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ទេ តែ​ឲ្យ​គាត់​មាន​មូលដ្ឋាន​ច្បាស់លាស់»។

កម្ពុជា មាន​ពន្ធនាគារ​ទាំងអស់​ចំនួន​២៧ និង​មាន​អ្នក​កំពុង​ជាប់​ឃុំ​ជិត ២​ម៉ឺន​នាក់ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​អ្នក​ជាប់​ឃុំ​ប្រហែល ៣០​ភាគរយ​ប៉ុណ្ណោះ​នៃ​អ្នក​ជាប់​ឃុំ​សរុប ដែល​ទទួល​បាន​សាលក្រម​ស្ថាពរ​ពី​តុលាការ។ លោក នុត សាវនា ឲ្យ​ដឹង​ថា ពន្ធនាគារ​ទាំង​២៧ នេះ អាច​ផ្ទុក​អ្នក​ជាប់​ឃុំ​ច្រើន​បំផុត​ប្រមាណ ១​ម៉ឺន ៣​ពាន់​នាក់​ប៉ុណ្ណោះ។ ដូច្នេះ​មាន​ន័យ​ថា ពន្ធនាគារ​បច្ចុប្បន្ន​ផ្ទុក​អ្នក​ជាប់​ឃុំ​លើស​ចំនួន​កំណត់​រហូត​ដល់​ជិត ៧​ពាន់​នាក់​ឯណោះ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា រឿងរ៉ាវ​ពុក​រលួយ​ក្នុង​ពន្ធនាគារ កន្លង​មក​សង្គម​ស៊ីវិល​ក៏​តែង​ទទួល​បាន​ការ​រអ៊ូរទាំ​ពី​ពលរដ្ឋ និង​អ្នក​ជាប់​ឃុំ​ដែរ។ លោក​ថា បើ​ទោះ​ជា​អាជ្ញាធរ​ទទួល​បាន​ព័ត៌មាន​មិន​ប្រក្រតី​ទាំង​នេះ​តាម​រយៈ​មធ្យោបាយ​ណា​ក៏ដោយ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង អាជ្ញាធរ​គួរ​ចាត់​វិធានការ​ពិនិត្យ​ចំពោះ​បញ្ហា​ទាំង​នេះ​ឡើង​វិញ៖ «ការ​ប្តឹងផ្តល់​ទៅ អេ.ស៊ី.យូ (ACU) ទាក់ទង​នឹង​អំពើ​ពុក​រលួយ វា​ជា​រឿង​មួយ ប៉ុន្តែ​រឿង​មួយ​ទៀត ក៏​យើង​គួរ​នាំ​គ្នា​បំបាត់​រាល់​អំពើ​ទាំងអស់​ហ្នឹង ហើយ​បើ​មាន​ការ​សង្ស័យ គួរ​តែ​បើក​ការ​ស៊ើប​អង្កេត ហើយ​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​ទាំងអស់​នេះ»។

ក្រៅ​ពី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ពុក​រលួយ​នៅ​ក្នុង​ពន្ធនាគារ លោក ស្រី ចាន់តារា ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ឈប់​យក​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ពី​អ្នក​ទោស ដើម្បី​ជួយ​សម្រាល​បន្ទុក​អ្នក​ទោស​ក្រីក្រ។

ត្រង់​ចំណុច​នេះ លោក នុត សាវនា ឆ្លើយ​តប​ថា អ្នក​ទោស​ទាំងអស់​សុទ្ធតែ​មាន​របប​ភ្លើង និង​ទឹក​ដែល​បាន​កំណត់ ប៉ុន្តែ​លោក​ថា បើ​អ្នក​ទោស​ណា​ប្រើ​លើស​ពី​របប​ដែល​រដ្ឋ​ផ្តល់​ឲ្យ ពន្ធនាគារ​ស្នើ​ឲ្យ​អ្នក​ទោស​ជួយ​បង់​បន្ថែម។

លោក ស្រី ចាន់តារា និយាយ​ថា លោក​ចេញ​មុខ​និយាយ​រឿង​អាក្រក់​នៅ​ក្នុង​ពន្ធនាគារ​ពេល​នេះ គឺ​លោក​មិន​មាន​ការ​បារម្ភ​ថា គេ​នឹង​ចាប់​លោក​ដាក់​ពន្ធនាគារ​ជា​ថ្មី​ទៀត​នោះ​ទេ ប៉ុន្តែ​លោក​ថា បើ​លោក​ដឹង​រឿង​មិន​ល្អ​នៅ​ក្នុង​ពន្ធនាគារ ហើយ​លាក់​ទុក​ក្នុង​ចិត្ត​នោះ អ្នក​ដែល​ត្រូវ​រងគ្រោះ​បន្ត គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​អ្នក​ទោស ពិសេស​អ្នក​ទោស​ដែល​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ គ្មាន​លុយ​កាក់​ដើម្បី​សូកប៉ាន់​មន្ត្រី​ពន្ធនាគារ។ លោក​សង្ឃឹម​ថា រដ្ឋាភិបាល ពិសេស គឺ​ក្រសួង​មហាផ្ទៃ សិក្សា​ពី​ភាព​មិន​ប្រក្រតី​ទាំងអស់​នេះ និង​ជួយ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ឲ្យ​អ្នក​ទោស​ចៀស​ផុត​ពី​ការ​លំបាក និង​អំពើ​អយុត្តិធម៌ ដោយសារ​គ្មាន​លុយ​បង់​ឲ្យ​មន្ត្រី​ពន្ធនាគារ៖ «អ្នក​ទោស​នៅ​ក្នុង​ហ្នឹង​ប៉ះពាល់​អារម្មណ៍​ខ្លាំងក្លា​ណាស់ គ្នា​ស្មុគស្មាញ​ចំបែង​ចិត្ត គឺ​ថា​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ យក​គ្នា​មក​ឃុំ​ទុក​ហើយ ត្រូវ​ការ​ប្រាក់​ពី​គ្នា​ទៀត។ គ្នា​នៅ​ក្នុង​នោះ គ្នា​រក​ស៊ី​អី​កើត ញ៉ាំ​តែ​បាយ​របប​សម្ល​របប ហើយ​ដល់​ត្រូវ​ការ​ធ្វើ​ក្រដាស​ស្នាម ត្រូវ​ការ​លុយ​កាក់។ អ៊ីចឹង​ប៉ះពាល់​អារម្មណ៍​ខ្លាំង​ណាស់​នៅ​ក្នុង​ហ្នុង»។

លោក អំ សំអាត សម្ដែង​ទស្សនៈ​ថា បើ​អំពើ​ពុក​រលួយ​ទាំង​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា និង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ទោស ជាពិសេស​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ទោស​ក្រីក្រ​តែ​ម្តង៕

No comments: