A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 14 June 2016

អ្នក​ភូមិ​៖ គ្រួសារ​លោក ម៉ៅ ហឿន ចាប់​ផ្ដើម​ធូរធារ​ក្រោយ​ពី​វាយដំ​តំណាងរាស្ត្រ


ដោយ ថា កិត្យា
2016-06-14

ម៉ៅ ហឿន ចាយ សារិទ្ធ ៨៥៥ ២០១៦
ជន​ជាប់​ចោទ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ ម៉ៅ ហឿន (ឆ្វេង) និង ចាយ សារិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Morm Moniroth


ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​៥ ឃុំ​ព្រែកខ្សាយ"ខ" ស្រុក​ពាមរ ខេត្ត​ព្រៃវែង និយាយ​ថា ជីវភាព​គ្រួសារ​របស់​លោក ម៉ៅ ហឿន ដែល​ជា​អង្គរក្ស​លោក ហ៊ុន សែន នោះ ចាប់​ផ្ដើម​ធូរធារ រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​មួយ​ល្វែង ក្រោយ​ពី​បាន​វាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ។ ដោយ​ឡែក​គ្រួសារ​លោក ម៉ៅ ហឿន បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា ផ្ទះថ្ម​ដែល​ពួកគាត់​កំពុង​រស់​នៅ និង​លក់ដូរ​អីវ៉ាន់ គឺ​ជា​កម្មសិទ្ធិ​របស់​បង​ប្អូន​ជីដូនមួយ ដែល​ទើប​តែ​​ទិញ​ពី​ម្ចាស់​ផ្ទះ​មុន។

អ្នក​ភូមិ​មួយ​ចំនួន​ហាក់​មាន​ការ​ងឿង​ឆ្ងល់​នៅ​ពេល​គ្រួសារ​របស់​អ្នក​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​មុន​នោះ មាន​ជីវភាព​ធូរធារ​មួយ​រំពេច ដោយ​មាន​លទ្ធភាព​ទិញ​ផ្ទះថ្ម​មួយ​ល្វែង​ទំហំ​ជាង ៥​ម៉ែត្រ គុណ ៧​ម៉ែត្រ និង​មាន​លទ្ធភាព​បើកមុខ​របរ​លក់​ដូរ​អីវ៉ាន់​នៅ​មុខ​ផ្ទះ​យ៉ាង​រំភើយ ហើយ​មិន​ដែល​ឃើញ​ទៅ​ធ្វើ​ជា​ការ​កម្មករ​នៅ​កន្លែង​វេច​ខ្ចប់​ថ្នាំជក់ ទាំង​ម្ដាយ​ទាំង​កូន ដូច​កាល​ពី​មុន​ទៀត​ឡើយ។


អ្នក​ភូមិ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​សង្ស័យ​ថា ផ្ទះ​ថ្ម​មួយ​ខ្នង​នោះ គឺ​អាច​ជា​រង្វាន់​ដ៏​ធំ​មួយ​សម្រាប់​គ្រួសារ​លោក ម៉ៅ ហឿន ក្រោយ​ពី​ប្រើប្រាស់​កម្លាំង​បាយ វាយ​ដំ​លើ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រង​របួស​យ៉ាង​ដំ​នៅ​ជាប់​រប​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលាការ ឆ្នាំ​២០១៥ កន្លង​ទៅ៖ «មិន​អាច​មាន​លទ្ធភាព​ណា​ទៅ​ទិញ​ផ្ទះ​នោះ​ទេ គឺ​បាន​មក​ពី​ការ​វាយ​គេ​ហ្នឹង​ព្រោះ​ថា ក្រោយ​វាយ​គេ​ទៅ​មាន​គេ​អោយ​លុយ»។

មាឌ​មាំ​ដំបង ស្ថិត​ក្នុង​វ័យ ៣៤​ឆ្នាំ លោក ម៉ៅ ហឿន មាន​ស្រុក​កំណើត​នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ”ខ”’ ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ លោក ម៉ៅ ហឿន គឺ​ជា​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ទៀត​ដែល​ចេញ​មុខ​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ថា បាន​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពី​រូប​អោយ​រង​បួស​ធ្ងន់​នៅ​ជាប់​របង​រដ្ឋ​សភា។

អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​អះអាង​ថា បាន​ស្គាល់​គ្រួសារ​លោក ម៉ៅ ហឿន ច្បាស់​ដែរ​នោះ រៀបរាប់​ថា គ្រួសារ​លោក ម៉ៅ ហឿន ធ្លាប់តែ​ជួប​ការ​លំបាក​សព្វបែបយ៉ាង គឺ​ម្ដាយ និង​ប្អូនស្រី តែងតែ​ចេញ​ទៅ​ធ្វើការ​ជា​កម្មករ​វេច​ខ្ចប់​ថ្នាំជក់ នៅ​ម្ដុំ​ផ្សារ​អ្នកលឿង ជា​ប្រចាំ។ ចំណែក​ប្អូនប្រុស​វិញ គឺ​ពួកគេ​ជា​អ្នក​អូស​រ៉ឺម៉ក​ដឹក​អីវ៉ាន់​នៅ​ផ្សា​អ្នកលឿង​ដែរ។ តែ​ពេល​នេះ គេ​សង្កេត​ឃើញ​ថា ម្ដាយ និង​កូនស្រី​លែង​ឃើញ​ចេញ​ទៅ​ធ្វើការ​ជា​ប្រចាំ​ដូច​មុន ហើយ​បែរ​ឃើញ​រស់​នៅ​លក់ដូរ​អីវ៉ាន់​នៅ​ក្នុង​ផ្ទះថ្ម​ទៅ​វិញ។

ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មក​តុលាការ ៨៥៥ ២០១៦
(ពី​ឆ្វេង) លោក សុត វណ្ណនី លោក ចាយ សារិទ្ធ និង​លោក ម៉ៅ ហឿន ជន​សង្ស័យ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang


ប្រភព​ដដែល​បន្ត​ថា ផ្ទះ​ថ្ម​នេះ ប្រហែលជា​តម្លៃ​ប្រមាណ ៣​ម៉ឺន​ដុល្លារ ហើយ​ប្រហែលជា​ទិញ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៦៖ «តាំង​ពី​ថ្ងៃ​គាត់​ចូល​គុក​មក ខ្ញុំ​ឃើញ​គ្រួសារ​គាត់​ប្លែក ទី​១ ដូច​ខ្ញុំ​រៀបរាប់​ខាង​ដើម​អ៊ីចឹង តែ​បច្ចុប្បន្ន​នេះ គ្រួសារ​គាត់​មាន​ផ្ទះ​ថ្ម មាន​ជីវភាព​ធូរធារ​សមរម្យ​របស់​គាត់ ហើយ​ផ្ទះ​នេះ គេ​លក់​ក្នុង​តម្លៃ ៣៥.០០០​ដុល្លារ ហើយ​គាត់​មាន​សមត្ថភាព​ទិញ​បាន​រហូត​ដាក់​សាំង​លក់​នៅ​មុខ​ផ្ទះ តែ​បើ​យើង​សង្កេត​ពី​ដើម​វិញ គាត់​គ្មាន​សមត្ថភាព​ទិញ​ផ្ទះ​នោះ​បាន​ទេ ហើយ​ឮ​ដំណឹង​ថា មាន​គេ​រ៉ាប់រង​ទិញ​ផ្ទះ​អោយ»។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ កញ្ញា ម៉ៅ វណ្ណៈ ដែល​ជា​ប្អូនស្រី​របស់​លោក ម៉ៅ ហឿន ដែល​កំពុង​រស់​នៅ និង​លក់​ដូរ​អីវ៉ាន់​ក្នុង​ផ្ទះ​ថ្ម​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ទាំង​ទឹក​មុខ​ប្រុង​ប្រយ័ត្ន​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មិថុនា ថា ផ្ទះថ្ម​នេះ គឺ​បង​ប្អូន​ជី​ដូន​របស់​នាង​ជា​ពេទ្យ​ធ្មេញ ទើប​ទិញ​ត​ពី​ម្ចាស់​ផ្ទះ​មុន ពោល​គឺ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​នាង​នោះ​ទេ។ បងប្អូន​ជីដូនមួយ​របស់​នាង​បាន​ជួល​អោយ​នាង​រស់​នៅ​បណ្ដោះអាសន្ន​ជាមួយ​ម្ដាយ និង​ឪពុក​ដើម្បី​រកស៊ី​លក់ដូរ៖ «បង​អើយ! ខ្ញុំ​ធ្វើ​ជា​កម្មករ​គេ តើ​មាន​លុយ​ណា​ទិញ​ផ្ទះ? នេះ​គឺ​ផ្ទះ​ជីដូនមួយ។ (សំណួរ៖ ពេល​ឡើង​ផ្ទះ​ឭ​គេ​និយាយ​ថា គ្រួសារ​អូន​ជា​អ្នក​រៀបចំ?) ចម្លើយ៖ ម្ចាស់​គេ​មក​រៀបចំ​ទេ។ ផ្ទះ​នេះ​មិន​មែន ម៉ៅ ហឿន ឧបត្ថម្ភ​ទេ ព្រោះ​គាត់​គ្មាន​លុយ សូម្បីតែ​កូន​ក៏​ពួក​ខ្ញុំ​អ្នក​ចិញ្ចឹម​ដែរ»។

កញ្ញា វណ្ណៈ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ម្ដាយ​របស់​នាង​បាន​ឡើង​មក​លេង​នៅ​ភ្នំពេញ ហើយ​នាង​ក៏​មិន​ទៅ​ធ្វើ​ការ​ដែរ​នៅ​ថ្ងៃ​ដែល​វិទ្យុ​អាស៊ីសេរី ជួប​សម្ភាសន៍​នោះ។ កញ្ញា ម៉ៅ វណ្ណៈ បដិសេធ​ថា បងប្រុស​របស់​នាង​មិន​ដែល​ចេញ​ពី​ពន្ធនាគារ​មក​លេង​ផ្ទះ​ដូច​ការ​ចោទ​របស់​អ្នក​ភូមិ​ឡើយ ពោល​គឺ​គាត់​នៅ​តែ​ក្នុង​ពន្ធនាគារ​ដដែល។ កញ្ញា វណ្ណៈ បន្ថែម​ថា លោក ម៉ៅ ហឿន ជា​មនុស្ស​ដែល​ពិបាក​ប្រៀនប្រដៅ​ណាស់។

ដោយ​ឡែក​មេ​ភូមិ​លេខ​៥ លោក ឡេង ហៃ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ថា ផ្ទះ​ថ្ម​មួយ​ខ្នង​នោះ ពិត​ជា​មិនមែន​របស់​គ្រួសារ​លោក ម៉ៅ ហឿន នោះ​ទេ ពោល​គឺ​គ្រាន់តែ​គ្រួសារ ម៉ៅ ហឿន ទៅ​ស្នាក់​នៅចាំ​ថែរក្សា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ឥឡូវ​នេះ គឺ​ភរិយា​របស់​ម្ចាស់​ផ្ទះ​នោះ​បាន​ចូល​មក​រស់​នៅ​រកស៊ី​លក់ដូរ​វិញ​ជាង​មួយ​ខែ​ហើយ៖ «គ្នា​គ្មាន​លុយ​អី​ទិញ​ផ្ទះ​ថ្មី បើ​ម៉ែ​ឪ​រក​តែ​បាយ​ស៊ី​មិន​បាន​ផង។ (សំណួរ៖ អ៊ីចឹង​គេ​ទិញ​ហើយ​គេ​ទុក​ចោល ហើយ​អោយ​ពួកគាត់​ទៅ​នៅ​វិញ​មែន​ទេ?) ចម្លើយ៖ អត់​មាន​អោយ​នៅ​ទេ គឺ​ម្ចាស់​គេ​មក​នៅ​ហើយ​តើ គឺ​គេ​លក់​ចាប់ហួយ​ហ្នុង។ (សំណួរ៖ តែ​ខ្ញុំ​ទៅ​ឃើញ និង​សួរ គឺ​គាត់​ថា ម្ចាស់ផ្ទះ​អត់​ទាន់​នៅ​ទេ ហើយ​គាត់​ជា​អ្នក​លក់​ដូរ​តើ?) ចម្លើយ៖ ឥឡូវ​ប្រពន្ធ​ម្ចាស់​ផ្ទះ​មក​នៅ​លក់​ចាប់ហួយ​វិញ​ហើយ​តើ! កាល​មុន​គេ​មក​អោយ​គាត់​ចាំ​ផ្ទះ​អោយ»។

ការ​លើក​ឡើង​នេះ គឺ​ផ្ទុយ​ពី​សម្ដី​របស់​កញ្ញា ម៉ៅ វណ្ណៈ និង​អ្នក​ភូមិ​ដែល​ថា ម្ចាស់ផ្ទះ​មិន​ទាន់​ចូល​មក​រស់​នោះ​ទេ ហើយ​គ្រួសារ​លោក ម៉ៅ ហឿន កំពុងតែ​រស់នៅ និង​លក់ដូរ​ធម្មតា​សិន៖ «(សំណួរ៖ អីវ៉ាន់​នេះ លក់​ខ្លួន​ឯង​មែន?) ចម្លើយ៖ ចាស! (សំណួរ៖ អត់​មាន​អ្នក​ផ្សេង​លក់​ទេ​អ៊ីចឹង?) ចម្លើយ៖ ចាស! (សំណួរ៖ ចុះ​ពេល​ណា​គេ​អោយ​អ្នក​ចេញ​ពី​ផ្ទះ​នេះ​វិញ?) ចម្លើយ៖ អត់​ដឹង​ដែរ តែ​ថ្ងៃ​ណា​គាត់​ត្រូវការ​ទៅ គឺ​យើង​ចេញ​ទៅ»។

ដោយ​ឡែក​អ្នក​ភូមិ​ម្នាក់​ទៀត​អះអាង​ថា ផ្ទះ​ថ្ម​នោះ គឺ​អាច​ជា​ផ្ទះ​របស់​គ្រួសារ​លោក ម៉ៅ ហឿន ច្រើន​ជាង ព្រោះ​តាំង​ពី​ពេល​ទៅ​នៅ​ក្នុង​ផ្ទះ​នោះ​មក ប្អូនស្រី និង​ម្ដាយ​របស់​លោក ម៉ៅ ហឿន លែង​ទៅ​ធ្វើ​ការ​ជា​កម្មករ​វេច​ខ្ចប់​ថ្នាំ​ដូច​មុន។ ម្យ៉ាងវិញទៀត គេ​តែង​ឃើញ​ប្អូនស្រី និង​ម្ដាយ​របស់​លោក ម៉ៅ ហឿន រស់​នៅ​លក់ដូរ​ក្នុង​ផ្ទះ​នោះ​ជាប់​ជា​ប្រចាំ មិន​ដែល​ឃើញ​អ្នក​ផ្សេង​ណា​មក​លក់ដូរ​នោះ​ទេ។

ចំណែក​ម្ដាយ​វិញ តែងតែ​ឧស្សាហ៍​ឡើង​មក​រាជធានី​ភ្នំពេញ ឬ​អាច​និយាយ​បាន​ថា ក្នុង​មួយ​ខែ​ម្ដង៖ «គាត់​នៅ​តែ​ផ្ទះ​ទេ មិន​ដែល​ទៅ​ណា​គាត់ ហើយ​គេ​ឧស្សាហ៍​ឃើញ​គាត់​ចុះ​ឡើង​ភ្នំពេញ ក្នុង​មួយ​ខែ​ម្ដង តែ​មិន​ដឹង​ថា តើ​គាត់​ទៅ​អើតមើល​កូន​គាត់ ឬ​យ៉ាង​ម៉េច មិន​បាន​ដឹង​ដែរ»។

​អ្នក​ភូមិ​ហាក់​មិន​សូវ​ហ៊ាន​និយាយ​ពី​រឿង​គ្រួសារ​លោក ម៉ៅ ហឿន ឡើយ ដោយ​បារម្ភ​ពី​សុវត្ថិភាព ដោយសារ​ពួកគាត់​ដឹង​ថា នៅ​ភូមិ​នោះ​អាច​មាន​មនុស្ស​ច្រើន​នាក់​ជា​អង្គរក្ស​លោក​ហ៊ុន សែន។ ក្រៅ​ពី​នេះ នៅ​ក្នុង​ភូមិ​លេខ​៥ គេ​សង្កេត​ឃើញ​មាន​ជនជាតិ​វៀតណាម រស់​នៅ​ច្រើន។

ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​វិញ អ្នកភូមិ​ខ្លះ​មាន​មន្ទិលសង្ស័យ​ពី​ភាព​មិន​ប្រក្រតី​ជុំវិញ​នៃ​ការ​ឃុំ​ខ្លួន​លោក ម៉ៅ ហឿន ក្នុង​ពន្ធនាគារ។ អ្នក​យាម​ពន្ធនាគារ​ព្រៃស​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​ថា នៅ​ក្នុង​ពន្ធនាគារ​គឺ​អង្គរក្ស​លោក ហ៊ុន សែន ទាំង ៣​នាក់ ដែល​វាយ​តំណាងរាស្ត្រ​នោះ ហាក់​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ ទោះជា​យ៉ាង​ណា ឆ្មាំ​ពន្ធនាគារ​នោះ​មិន​ហ៊ាន​និយាយ​ថា តើ​អ្នក​ទាំង​បី​នាក់​នោះ​អាច​មាន​លទ្ធភាព​ចេញ​ចូល​ពន្ធនាគារ​ដោយ​សេរី ឬ​យ៉ាង​ណា​នោះ​ទេ?​

ញ៉យ ចំរើន គង់ សភា ៦២០
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ លោក ញ៉យ ចំរើន (ឆ្វេង) និង​លោក គង់ សភា ដែល​ត្រូវ​បាតុករ​មួយ​ក្រុម​វាយ​ដំ​ឲ្យ​របួស​នៅ​​ក្បែរ​​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Uon Chhin


ករណី​ហិង្សា​លើ​​តំណាងរាស្ត្រ​ទាំង​ពីរ​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា កើត​ឡើង​បន្ទាប់ពី​មាន​បាតុកម្ម​ដែល​ព្យាយាម​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋ​សភា​នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ ក្រុម​បាតុករ​ដែល​មាន​គ្នា​ជាង ២០​នាក់ ដែល​គេ​រាយការណ៍​ថា ភាគ​ច្រើន​ជា​អង្គរក្ស​លោក ហ៊ុន សែន បាន​ទាញ​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​ចេញ​ពី​ក្នុង​ឡាន វាយ​ទាត់​ធាក់​តាម​អំពើ​ចិត្ត​នៅ​ច្រក​ខាង​ត្បូង​នៃ​វិមាន​រដ្ឋសភា ក្បែរ​ស្ថានទូត​អូស្ត្រាលី។ ក្រោយ​ហិង្សា​នោះ មាន​តែ​អង្គរក្ស​លោក ហ៊ុន សែន ចំនួន ៣​នាក់ បាន​ចេញ​មុខ​សារភាព រួមមាន​លោក ម៉ៅ ហឿន និង​ជន​ដៃដល់​ពីរ​នាក់​ទៀត ឈ្មោះ លោក ចាយ សារិទ្ធ និង​លោក សុត វណ្ណនី បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ឲ្យ​ចេញ​មុខ​សារភាព។

ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ម្ដងៗ គេ​សង្កេត​ឃើញ​ថា អ្នក​ទាំង​បី​នោះ​មិន​មាន​អារម្មណ៍​តក់ស្លុត ឬ​ញញើត​អ្វី​ឡើយ ថែមទាំង​បាន​សម្ដែង​ឫកពា​យ៉ាង​ឡូយ ដោយ​មាន​ជក់​បារី បង់​ក​កន្សែង​ទៀត​ផង។

ការ​បើក​សង្វៀន​ប្រដាល់​សេរី​ពី​សំណាក់​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន លើ​តំណាងរាស្ត្រ​ដែល​មិន​តដៃ​នេះ គេ​មិន​ឃើញ​អាជ្ញាធរ និង​តុលាការ​ស៊ើប​អង្កេត​តាម​ចាប់​មេខ្លោង និង​អ្នក​ដឹកនាំ​បាតុកម្ម​ដូច​ករណី​សកម្មជន​សិទ្ធិមនុស្ស ពិសេស​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ។ អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​នោះ គឺ​តុលាការ​សម្រេច​ឃុំ​ខ្លួន​១​ឆ្នាំ​លើ​អង្គរក្ស​លោក ហ៊ុន សែន តែ​បី​នាក់​ប៉ុណ្ណោះ ដែល​ចេញ​មុខ​សារភាព។

អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រាយការណ៍​ថា ការ​ចេញ​សារភាព​របស់​អង្គរក្ស​ទាំង​បី គឺ​ក្នុង​បំណង​បិទបាំង និង​ការពារ​មេខ្លោង​ធំ​ដែល​បញ្ជា​អោយ​មាន​ការ​វាយ​ដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នោះ។

សំណុំរឿង​វាយដំ​លើ​តំណាងរាស្ត្រ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា តុលាការ​មាន​ចំណាត់​ការ​ធូរ​ស្រាល​ខុស​ឆ្ងាយ​គ្នា​ដូច​ជើង​មេឃ បើ​ប្រៀបធៀប​ជាមួយ​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​ត្រូវ​បាន​កាត់ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជាង ១០​នាក់ រួម​ទាំង​លោក មាជ សុវណ្ណារ៉ា ផង ឲ្យ​ជាប់ពន្ធនាគារ​ពី​៧ ឆ្នាំ​ទៅ ២០​ឆ្នាំ ពី​បទ​ដឹកនាំ​ចលនា​កុបកម្ម និង​ចូលរួម​ចលនា​កុបកម្ម។ ថ្វីត្បិតតែ​តុលាការ​អាច​មាន​ភស្តុតាង​ដាក់​បន្ទុក​ដទៃ​ទៀត តែ​អ្វី​ដែល​គេ​បាន​ឃើញ និង​បាន​ឮ គឺ​លោក មាជ សុវណ្ណារ៉ា កាន់​ក្បាល​មេក្រូ​ស្រែក​ឃាត់​កុំ​ឲ្យ​បាតុករ​ដែល​មួយ​ចំនួន​ជា​ជនបង្កប់​របស់​អាជ្ញាធរ​សមត្ថកិច្ច វាយ​ទៅ​លើ​ក្រុម​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ ឲ្យ​បែក​ក្បាល​ហូរ​ឈាម។

តំណាងរាស្ត្រ​ទាំង​ពីរ​រូប ដែល​រង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ពី​កង​អង្គរក្ស​លោក ហ៊ុន សែន បដិសេធ​មិន​អាច​ទទួលយក​សាលក្រម​របស់​តុលាការ រាជធានី​ភ្នំពេញ​បាន​ទេ ដែល​ថា ហាក់​ដូចជា​សាលក្រម​លែង​សើច ហើយ​ប្រឹង​ជំទាស់​ទៅ​សាលឧទ្ធរណ៍​ទាមទារ​ឲ្យ​អាជ្ញាធរ និង​តុលាការ​តាម​ចាប់​មេខ្លោង និង​អ្នកដឹកនាំ​បាតុកម្ម ដូច​ករណី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ដែរ។

លោក គង់ សភា ជឿជាក់​ថា អ្នក​ប្រើ​ហិង្សា​លើ​លោក គឺ​មាន​អ្នក​បញ្ជា​នៅ​ពី​ក្រោយ៖ «ខ្ញុំ​មិន​ជឿ​ថា ជន​ដៃដល់​ទាំង​ប៉ុន្មាន​នាក់​នេះ ហ៊ាន​មក​ប្រព្រឹត្ត​វាយដំ​តំណាងរាស្ត្រ​ទេ គឺ​មាន​អ្នក​បញ្ជា និង​អង្គការ​ចាត់​តាំង​ត្រឹមត្រូវ រៀបចំ​អោយ​មាន​អ្នក​វាយ​តំណាងរាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ស៊ី​ជម្រៅ​ករណី​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​វាយ​ដំ​ច្រំ​ធាក់​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បន្ទាប់​ពី​មើល​ឃើញ​ថា ការ​កាត់​ទោស​ត្រឹមតែ​អង្គរក្ស ៣​នាក់ ដែល​ចេញ​សារភាព គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។

យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចេញ​របាយការណ៍​កម្រាស់ ៦១​ទំព័រ​មាន​ចំណងជើង​ថា «អូស​ហើយ​វាយ តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​វាយ​ប្រហារ​ខែ​តុលា ឆ្នាំ​២០១៥ លើ​អ្នក​នយោបាយ​ប្រឆាំង»។ របាយការណ៍​នេះ​រៀបរាប់​ពី​ព្រឹត្តិការណ៍​ជុំវិញ​ការ​វាយដំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ថា ព្រឹត្តិការណ៍​នោះ​មិន​មែន​ប្រព្រឹត្ត​ដោយ​បុរស ៣​នាក់ ដែល​ចេញ​សារភាព​ប៉ុណ្ណោះ​ទេ គឺ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ផ្សេង​ទៀត ព្រោះ​ថា ហេតុការណ៍​វាយ​ប្រហារ​នេះ បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​គំរាម​ពី​ប្រទេស​បារាំង ថា អាច​មាន​បាតុកម្ម​ប្រឆាំង​បក្ស​ប្រឆាំង​នៅ​ស្រុក​ខ្មែរ ក្រោយ​ពី​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ប្រទេស​បារាំង។

ងាក​ទៅ​និយាយ​ពី​ការ​ផ្លាស់ប្ដូរ​ជីវភាព​រស់​នៅ​របស់​គ្រួសារ​លោក ម៉ៅ ហឿន អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ថ្វីត្បិតតែ​គេ​នៅ​តែ​​មិន​ទាន់​ដឹង​ថា អ្នក​ណា​ជា​ម្ចាស់​ផ្ទះ​ថ្មី​មួយ​ល្វែង​នោះ​ពិតប្រាកដ​ក្ដី តែ​គេ​ដឹង​ថា គ្រួសារ​លោក ម៉ៅ ហឿន ពិត​ជា​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​នោះ ក្រោយ​ពី​លោក ម៉ៅ ហឿន បាន​ចូលខ្លួន​សារភាព​ថា ពិតជា​បាន​ចូលរួម​ប្រើ​ហិង្សា​វាយ​ដំ​ទៅ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មែន៕

No comments: