A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 June 2016

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នៅ​តែ​ក្រាញ​ននៀល​តវ៉ា ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា


23 មិថុនា 2016 voa
សាយ មុន្នី

បាតុករ​មក​ពី​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។ (ហឿន សុភ័ក្ត្រ/VOA)
បាតុករ​មក​ពី​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។ (ហឿន សុភ័ក្ត្រ/VOA)


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​មិន​ពេញ​ចិត្ត​នឹង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​ជា​ហូហែរ ដើម្បី​រក្សា​ក្តី​សង្ឃឹម​ថា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា។

វ៉ាស៊ីនតោន —


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន អះអាង​ថា ពួកគេ នៅ​តែ​ក្រាញ​ននៀល​តវ៉ា​ទាមទារ រហូត​ដល់​មាន​ការ​ផ្លាស់ប្ដូរ​ការ​គ្រប់គ្រង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដោយ​ពួកគេ លើកឡើង​ថា រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បច្ចុប្បន្ន មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីកចម្រើន​និង​ប្រជាពលរដ្ឋ​បាន​សុខ​នោះ​ទេ។

លោក ម៉ុយ ធួរ ឆ្នាំ​នេះ មាន​អាយុ​៨៨​ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ លោក​នៅ​តែ​ដើរ​ចូលរួម​តវ៉ា​ប្រឆាំង​នឹងរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

នៅ​ក្នុង​ការ​តវ៉ា​ចុង​ក្រោយ​មួយ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នៅ​ខាង​មុខ​វិមាន​សភា​សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ លោក ម៉ុយ ធួរ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា លោក​នៅ​តែ​ខ្នះខ្នែង​ តស៊ូ ចូលរួម​ធ្វើ​បាតុកម្ម ដើម្បី​អ្វី​មួយ​ដែល​លោក​ហៅ​ថា «អនាគត» ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​លទ្ធផល​ទៅ​ថ្ងៃ​ក្រោយ​ ពីព្រោះ​ជនជាតិ​អាមេរិក គេ​ក៏​បាន​គាំទ្រ​យើង។ គេ​នឹង​ជួយ​យើង ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​ខ្មែរ​យើង​ បាន​សន្តិភាព»។​



ថ្វី​ត្បិត​តែ​លោក ម៉ុយ ធួរ មិន​ប្រាកដ​ថា លោក​នឹង​អាចនៅ​មាន​ជីវិត​រស់នៅ រហូត​ដល់​ឃើញ​ការ​ផ្លាស់ប្ដូរ​មួយ​ក៏​ដោយ ក៏​លោក​អះអាង​ថា លោក​នឹង​នៅ​តែ​ចូលរួម​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ដែរ។

«បើ​អស់​លោក ប្រទេស​ធំៗ​គេ​ជួយ​យើង ខ្ញុំ​សង្ឃឹម​ថា អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​បាន​នៅ​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ ផ្លាស់​ប្តូរ​របប​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ផ្តាច់​ការ​ ធ្វើ​បែប​ប្រជាជន​ខ្មែរ​សព្វថ្ងៃ»។

ដូច​លោក ម៉ុយ ធួរ​ដែរ លោក​ស្រី នីណា មីន ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​Van ពី​រដ្ឋ​មីនីសូតា​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​២៤​នាក់​ទៀត មក​ចូល​រួម​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​ដែរ​ បាន​ថ្លែង​ថា៖

«ប្រសិន​ជា​លោក ហ៊ុន សែន នៅ​ស្រុក​ខ្មែរ​កាន់​តែ​យូរ ស្រុក​ខ្មែរ​ កាន់​តែ​រលាយ ដោយសារ​ហេតុអី? You know, អត់​ចេះ​ការពារ​ទឹកដី អត់​ចេះ​ការពារ​ប្រជាជន​ខ្លួនឯង និង​អត់​ចេះ ធ្វើ​ម៉េច​កុំឲ្យ​មាន​ភាព​ពុករលួយ»

អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​មិន​ពេញ​ចិត្ត​របប​ដឹកនាំ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ញឹកញាប់​តែង​តែ​នាំ​គ្នា​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក និង​ស្វះស្វែង​រក​អន្តរាគមន៍​ផ្សេងៗ ដើម្បី​បញ្ចប់​ការ​គ្រប់គ្រង​រយៈពេល​ជាង​៣០​ឆ្នាំ របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ។

លោក យ័ប គឹម​ទឹង គឺ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ ដែល​បាន​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន​ជារឿយៗ។

«យើង​ខំ​កែ​ ដើម្បី​ជួយ​ប្រជាជន​ខ្មែរ។ ដោយសារ​តែ​រដ្ឋាភិបាល​យើង បំពាន​សិទ្ធិមនុស្ស​ហ្នឹង​ យើង​ឃើញ​ថា​វា​មិន​ល្អ​សម្រាប់​ស្រុក​ខ្មែរ បាន​ជា​យើង​ចេះ​តែ​ទាមទារ​ឲ្យ​ចរិត​ហ្នឹង​កែ។ បើ​ថា​មិន​កែ​ទេ ប្រជាជន​ខ្មែរ​ អត់​មាន​ចំណេញ​ទេ»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​ចំនួន​យ៉ាង​តិច​៣សែន​នាក់។ ពួក​គេ​ភាគច្រើន​រស់នៅ​ក្នុង​រដ្ឋ​ចំនួន​៥ គឺ កាលីហ្វញ៉ា ម៉ាសាឈូសិត វ៉ាស៊ីនតោន​ ផែនស៊ីវេនៀ និង​រដ្ឋ​តិចសាស់។ នេះ​បើ​យោង​តាម​តួលេខ​ឆ្នាំ​២០១៥ របស់​មជ្ឈមណ្ឌល​ដើម្បី​វឌ្ឍនភាព​អាមេរិក​ឬ​Center for American Progress។

លោក យ័ប គឹម​ទឹង នៃ​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ថ្លែង​ថា តាម​រយៈ​សំឡេង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នេះ លោក​ជឿ​ថា អ្នក​នយោបាយ​អាមេកាំង នឹង​អាច​ពិចារណា​ ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ​បាន។

«ប្រទេស​អាមេរិក មាន​តម្លៃ។ ទាល់​ពេល​យើង​ទាក់​ទង​តាម​ពួក​ហ្នឹង ពួកហ្នឹង អាច​បាន​សន្លឹក​ឆ្នោត​ពី​ប្រជាជន​ខ្មែរ​អាមេរិកាំង​ដែរ គេ​នឹង​ស្តាប់​យើង​ខ្លះ »។

នៅ​ក្នុង​ការ​តវ៉ា​ចុងក្រោយ​បំផុត​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នេះ ពួកគេ បាន​ស្នើ​ឲ្យ​សភា​អាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ការទូត​ទៅលើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​ទាមទារ​ឲ្យ​សភា បង្កើត​«ក្រុម​ទាក់ទង​កម្ពុជា» ដើម្បី​ធានា​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ ហើយ​នឹង​ការ​ផ្ទេរ​អំណាច​ដោយសន្តិវិធី នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ទូច វិបុល គឺ​ជា​មេដឹកនាំ​ពលរដ្ឋ​ខ្មែរ​ អាមេរិកាំង​ទាំង​នេះ​ម្នាក់​ទៀត។

«វាក្យ​ខណ្ឌ​មួយ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ហ្នឹង គេ​បាន​បញ្ជាក់​ហើយ​ថា ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង មាន​កាតព្វកិច្ច​តាម​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ការ​វិវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ដូច្នេះ បាន​ជា​យើង​ជំរុញ​ឲ្យ​ក្រុម​ទាក់ទង​កម្ពុជា​នេះ បង្កើត​ឡើង ដោយ​មាន​ការ​ចូលរួម​ពី​សហរដ្ឋ​អាមេរិក ប្រទេស​អង់គ្លេស ប្រទេស​បារាំង ប្រទេស​ជប៉ុន និង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ប្រទេស​ទាំង​អស់​នេះ សុទ្ធ​សឹង​តែ​ជា​សមាជិក​នេះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ បាទ »។

ឆ្លើយតប​ទៅ​នឹង​ការ​ទាម​ទារ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំង​នេះ ក្រុម​សមាជិក​សភា​អាមេរិក ដែល​ដឹកនាំ​ដោយ​លោក Alan Lowenthal បាន​ធ្វើ​សេចក្ដី​ស្នើ​សេចក្ដី​សម្រេច​មួយ ដើម្បី​គាំទ្រ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​និង​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​បញ្ឈប់​ការ​យាយី​និង​ការ​គំរាមកំហែង​បក្ស​ប្រឆាំង។

«ជំហាន​ដំបូង​និង​ជា​ជំហាន​ដែល​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គឺ អនុម័ត​សេចក្ដី​សម្រេចចិត្ត​ទាក់​ទង​នឹង​កម្ពុជា ដែល​លើកឡើង​ថា មិន​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​កម្ពុជា ការ​មិន​អាច​ធ្វើ​បាតុកម្ម​បាន ការ​មិន​អាច​ និយាយ​អ្វី​បាន ហើយ​ថា សភា គាំទ្រ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ហ៊ុន សែន កុំ​ឲ្យ​វាយប្រហារ​គូបដិបក្ខ​នយោបាយ​របស់​ខ្លួន​»។

​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​សប្ដាហ៍​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ចូលរួម​គាំទ្រ​សេចក្ដី​សម្រេច​របស់​សភា​អាមេរិក​នេះ។

«ហើយ​យើង​ត្រូវ​តែ​ជួយ​ជំរុញ​យ៉ាង​ម៉េច​ ឲ្យ​សហរដ្ឋ​អាមេរិក​ហ្នឹង គឺ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​មក​ជួយ​ស្តារ​ប្រទេស​កម្ពុជា»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​ខ្វល់​នឹង​ការ​ដាក់ទណ្ឌកម្ម​ តាម​រយៈ​ការ​កាត់​ផ្ដាច់​ជំនួយ​ណាមួយពី​ប្រទេស​លោក​ខាង​លិច​នោះ​ទេ រួម​ទាំង​សហរដ្ឋ​អាមេរិក​នេះ​ផង​ដែរ។

«សូម​អ្នក​ដទៃ​កុំ​គំរាម​កម្ពុជា។ រឿង​អី​អាង​កាត់ ចង់​កាត់​កាត់​ទៅ។​ សូម​ប្រាប់​ឲ្យ​ច្បាស់​ ឲ្យ​សារ​ឲ្យ​ច្បាស់ ងាប់​មុនគេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ស៊ី​ប្រាក់ខែ​បរទេស។ អ្នក​ឯង​ កុំ​មក​ពន្យុះ​ខ្ញុំ កុំ​មក​គំរាម​ខ្ញុំ​ហា៎!»។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ដែល​កាន់​អំណាច​ជាង​៣​ទសវត្ស​មក​ហើយ​នេះ ក៏​ត្រូវ​បាន​រាយការណ៍​ថា គ្រោង​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុន​នេះ​ទៀត៕

No comments: