A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 June 2016

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ថា​ឈ្មួញ​នៅ​តែ​ដឹក​ឈើ​ប្រណិត​ចូល​បរិវេណ​បាត​អាង​ទំនប់​វារីអគ្គិសនី


ដោយ ម៉ែន សុធីរ
2016-06-07

កាប់​ឈើ​ក្រៅ​អាង​ស្តុក​ទឹក ស្ទឹងត្រែង ៦២០
កំណាត់​ឈើ​ដែល​គេ​កាប់​ក្នុង​ព្រៃ​ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នា​ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
Photo Adhoc



ពលរដ្ឋ​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​មូល​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​តែ​បន្ត​កើត​មាន និង​ពុំ​មាន​ការ​ទប់ស្កាត់​ទេ។ អ្នក​ភូមិ​ថា ឈើ​ទាំង​នោះ​ត្រូវ​ឈ្មួញ​ដឹក​ពី​តំបន់​ឆ្ងាយៗ​ក្នុង​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន ទៅ​ទុក​ក្នុង​បរិវេណ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ចាប់​តាំង​ពី​ខែ​មេសា រហូត​មក។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​សេសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា គោយន្ត​រាប់​រយ​គ្រឿង និង​រថយន្ត​ប៉ាកុង ឬ​ហៅ​ថា​រថយន្ត​ដឹក​ឈើ​ហ៊ុប​ជាច្រើន​គ្រឿង បាន​ដឹក​ជញ្ជូន​ឈើ​មូល និង​ឈើ​ប្រណិត​ពី​តំបន់​ឆ្ងាយៗ​មក​ទុក​នៅ​ក្នុង​ផ្ទៃ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ឈើ​ទាំង​នោះ គេ​ដឹក​មក​ពី​តំបន់​ព្រៃ​ស្រោង​នៃ​ភ្នំ​ក្រឡាពស់ ឋិត​ក្នុង​ចន្លោះ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ឬ​ហៅ​ថា​តំបន់​កោះ ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ ដោយ​មាន​ជនជាតិ​វៀតណាម ជា​អ្នក​ដឹក​ជញ្ជូន។



ពលរដ្ឋ​រស់នៅ​ភូមិ​ស្ដៅ ស្រុក​សេសាន ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀបរាប់​ថា ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​មាន​គោយន្ត​ជាង ១០០​គ្រឿង និង​រថយន្ត​ដឹក​ឈើ​ហ៊ុប​ជាង ១០​គ្រឿង ដឹក​ជញ្ជូន​ឈើ​មូល​ទាំង​នោះ​ដែល​មាន​មុខ​កាត់​ចាប់​ពី ៥​តឹក​ដល់ ២​ម៉ែត្រ ប្រវែង​ចាប់​ពី ៨​ម៉ែត្រ​ដល់ ១២​ម៉ែត្រ។ ចំណែក​ឈើ​ប្រណិត​ដូចជា​គ្រញូង បេង នាងនួន និង​ធ្នង់ គេ​ដឹក​ជញ្ជូន​តាម​គោយន្ត មាន​មុខ​កាត់​ចាប់​ពី ១​តឹក​កន្លះ​ដល់ ៨​តឹក ប្រវែង ១​ម៉ែត្រ ២​តឹក ដល់ ២​ម៉ែត្រ ២​តឹក។ លើស​ពី​នេះ មាន​អាប៊ុល និង​គ្រឿងចក្រ​បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ខ្វាត់ខ្វែង​នៅ​តំបន់​នោះ ដើម្បី​ងាយ​ស្រួល​ចរាចរ​ឈើ​ទាំង​នោះ​ចូល​បរិវេណ​បាត​អាង​ទំនប់​វារីអគ្គិសនី៖ «ឥឡូវ​ឈើ​ប្រណិត​ក៏​នៅ​តែ​បន្ត ហើយ​ឈើ​ហ៊ុប​ក៏​នៅ​តែ​បន្ត​សកម្មភាព គេ​ដឹក​រហូត​ចឹង។ ឈើ​ក្នុង​ស្រុក​ខ្មែរ​របស់​យើង​រលាយ សួរ​ថា​កូន​ខ្មែរ​ជំនាន់​ក្រោយ​របស់​យើង​នឹង​រង​គ្រោះ​ធម្មជាតិ​យ៉ាង​ណា​ខ្លះ?»។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ តំណាង​ក្រុមហ៊ុន​សម្អាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត បដិសេធ​ថា មិន​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ឡើយ៖ «អត់​មាន​ទេ ព្រោះ​ខ្ញុំ​ឈប់​ធ្វើ​តាំង​ពី​ដើម​ឆ្នាំ»។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​លោក​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត បាន​កំណត់​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ផ្តល់​គ្រឿង​ផ្ទះ​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី៖ «ព្រៃ​ឈើ​ដែល​ពាក់ព័ន្ធ​បាត​អាង​នេះ។ ខ្ញុំ​អត់​ទាន់​ទទួល​ថា​តើ​អា​ហ្នឹង​ជា​ឈើ​បទល្មើស ឬ​ក៏​ជា​ឈើ​សម្រាប់​រៀបចំ​ជា​គ្រឿង​ផ្ទះ​ជូន​ពលរដ្ឋ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក ឈៀង តុលា ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦ មិថុនា។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គឺ​ជា​ទីតាំង​សម្រាប់​បម្លែង​ឈើ​ខុស​ច្បាប់​ឲ្យ​ស្រប​ច្បាប់​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ចាត់​ទុក​ការ​ដឹក​ជញ្ជូន​ឈើ​នេះ ថា​ជា​ទង្វើ​ផ្គើន​នឹង​បទបញ្ជា​លោក​នាយក​រដ្ឋមន្ត្រី។ លោក​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជាពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​រក​ឃើញ​ថា បណ្តោយ​ឲ្យ​បទល្មើស​នេះ៖ «ក្នុង​មាត្រា​១០១ គេ​បាន​និយាយ​ហើយ​ដូចជា​ផ្ដោត​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅ​នឹង​ច្បាប់​ព្រៃ​ឈើ​ហ្នឹង។ ប្រសិន​មាន​ការ​បណ្តែតបណ្តោយ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃ​ដី ៣៦.០០០​ហិកតារ ឋិត​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​មាន​ឧកញ៉ា លឹម ប៊ុនណា ហៅ ខ្នារ ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំង​ពី​ឆ្នាំ​២០១២។

ដោយឡែក​មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ រក​ឃើញ​ថា ឈើ​ដែល​គេ​កាប់ និង​ដឹក​ជញ្ជូន​នោះ មិន​មែន​សម្អាត​បាត​អាង​ប៉ុណ្ណោះ​ទេ គឺ​កាប់​ពី​តំបន់​ផ្សេងៗ​ឆ្ងាយ​ពី​ផ្ទៃ​អាង ៣០​គីឡូម៉ែត្រ ដែល​ក្រុមហ៊ុន​នៅ​តែ​មាន​ឈើ​ប្រភេទ​នេះ​ដឹក​ជញ្ជូន​ចេញ​មិន​ចេះ​អស់​សោះ​តាំង​ពី​ឆ្នាំ​២០១៣។ ចំណែក​ការ​កំណត់​ផ្ទៃ​ដី​កំណត់​បាត​អាង​ទំហំ​ជាង ៣​ម៉ឺន​ហិកតារ​របស់​អាជ្ញាធរ​ជំនាញ​មក​ទល់​ពេល​នេះ ក៏​ហាក់​នៅ​មាន​អាថ៌កំបាំង​ដែរ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​ដែរ។ លោក​ថា​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ៖ «ខេត្ត​ស្ទឹងត្រែង កាលណា​មាន​ការ​ដឹក យើង​ចាប់​ជាប់​រហូត ហើយ​ច្រើន​ចឹង​ដូច​មិន​មាន។ ចាំ​មើល​ខ្ញុំ​ទាក់ទង​ហ្នឹង​ឲ្យ​គេ​ឆែក​បន្ត»។

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ និង​គំរាម​កំហែង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឬ​រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ គឺ​ចាត់​ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ១០០​លាន​រៀល៕

No comments: