A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

បក្ស​ប្រឆាំង​ប្រកាស​យក​ថ្ងៃ​ទី​៤ មិថុនា ជា​ទិវា​ជាតិ​ពេល​ខ្លួន​ឈ្នះ​ឆ្នោត


ដោយ ខែ សុណង
2016-06-04

សុន ឆ័យ ៨៥៥ ២០១៦
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ នៅ​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
 RFA/Yeang Socheametta


ព្រះរាជ​តំណាង​ព្រះមហាក្សត្រ ព្រះសង្ឃ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ ចូលរួម​ពិធី​រំឭក​ខួប​ទី​៦៧ នៃ​ថ្ងៃ​អាណានិគម​បារាំង កាត់​ទឹក​ដី​កម្ពុជា​ក្រោម ថ្ងៃ​ទី​៤ មិថុនា។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ឆក់​យក​ឱកាស​នេះ ប្រកាស​ជា​ថ្មី​ថា ជា​ថ្ងៃ​ចង​ចាំ​មិន​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ភ្លេច​បាន​ចំពោះ​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​រង​ការ​រំលោភ​បំពាន​ដោយ​អាជ្ញាធរ​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា នឹង​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​ជាតិ សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ​ថ្ងៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត។

ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ថា គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ខ្មែរ​ក្រោម​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​កម្ពុជា​ដែរ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹម​តែ​ការ​ពារ​សិទ្ធិ​ខ្មែរ​ក្រោម​ដែល​នៅ​កម្ពុជា ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ព្យាយាម​បង្កើត​ឲ្យ​មាន​សមាគម​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដើម្បី​ការ​ពារ​សិទ្ធិ​សេរីភាព នឹង​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម។ ក្រៅ​ពី​នោះ​លោក សុន ឆ័យ បាន​លើក​ឡើង​ពី​បទពិសោធន៍​នៅ​ពេល​លោក​បាន​ទៅ​កាន់​ដែនដី​ខ្មែរ​ក្រោម ដែល​បាន​ជួប​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះត្រពាំង និង​ខេត្ត​ឃ្លាំង ហើយ​លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​កម្ពុជា​ក្រោម ដើម្បី​មើល​ស្ថានភាព​ការ​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ។



លោក សុន ឆ័យ ថ្លែង​ដូច្នេះ​ទៀត​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ជា​មូលដ្ឋាន​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស នឹង​ទទួល​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​ជាតិ​ជា​បុណ្យ​ជាតិ​ដើម្បី​ក្រើន​រំលឹក​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​ការ​នឹក​ឃើញ​ដល់​ការ​ឈឺ​ចាប់ និង​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម របស់​យើង។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​នៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​ច្បាស់លាស់​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ជា​ពលរដ្ឋ​ដើម​ជា​ម្ចាស់​ទឹក​ដី នៃ​ដែនដី​កម្ពុជា​ក្រោម ជា​ពលរដ្ឋ​ខ្មែរ​ស្មើភាព​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ផ្ដល់​នូវ​សេវា​គ្រប់​បែប​យ៉ាង​តាម​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់»។

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​រំឭក​ខួប​ទី​៦៧ នៃ​ថ្ងៃ​អាណានិគម​បារាំង កាត់​ទឹក​ដី​កម្ពុជា​ក្រោម ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០១៦) នៅ​វត្ត​ពោធិយារាម ហៅ​វត្ត ចាស់ នា​ត្រើយ​ខាង​កើត ទល់​មុខ​ព្រះ​បរម​រាជវាំង នៅ​ថ្ងៃ​ទី​៤ មិថុនា។ ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មាន​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ គឺ​​សម្ដេច​ព្រះស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះសង្ឃ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់​ចូលរួម ប៉ុន្តែ​ពុំ​មាន​តំណាង​ខាង​រដ្ឋាភិបាល​ចូល​រួម​នោះ​ទេ។


នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា សំពះ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាង​ព្រះមហាក្សត្ស ដែល​យាង​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។ RFA/Yeang Socheametta


ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូលរួម គឺ​លោក ហេង អឿន ដែល​មក​ពី​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំ​ប្រទល់​កម្ពុជា-​វៀតណាម ដើម្បី​ចូលរួម​ក្នុង​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នេះ បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​គោលនយោបាយ​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ធ្វើ​ជា​ទិវា​បុណ្យ​ជាតិ។

លោក ហេង អឿន យល់​ថា បើ​រដ្ឋាភិបាល​កម្ពុជា យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ធ្វើ​ជា​ទិវា​ជាតិ​ នោះ​ពលរដ្ឋ​ខ្មែរ ពិសេស​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​នឹង​ដឹង​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ហើយ​ពួកគេ​អាច​រក​មធ្យោបាយ​ដើម្បី​ការពារ ឬ​ទាមទារ​ទឹកដី​នោះ​មក​វិញ​ក៏​ថា​បាន៖ «ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ពិសេស​ខ្ញុំ​សូម​អំពាវនាវ​តាម​យោបល់​ឯកឧត្ដម សុន ឆ័យ គឺ​ជា​ខ្មែរ​ពិត​ប្រាកដ​ដើម្បី​ជួយ​ខ្មែរ​ដូច​គ្នា​ទៅ បុណ្យ​ហ្នឹង​គឺ​ត្រូវ​ណាស់​ដើម្បី​រំលឹក​ដាស់​តឿន​កូន​ខ្មែរ​គ្រប់​រូប ខ្មែរ​គ្រប់​ជំនាន់ ឲ្យ​ខ្មែរ​គ្រប់​ជំនាន់​ដឹង​ថា តើ​ខ្មែរ​យើង​បាត់បង់​ទឹក​ដី​ដែល​បារាំង កាត់​ទឹកដី​ឲ្យ​យួន​ទៅ​អយុត្តិធម៌ សូម​អំពាវនាវ​ពិសេស​ចាប់​ពី​ឆ្នាំ​ត​ទៅ​មុខ​ដើម្បី​យក​ទិវា​នេះ ទុក​ជា​បុណ្យ​ជាតិ​មួយ​ទាំង​មូល។ ខ្ញុំ​គិត​ថា ថ្ងៃ​ទាំង​មុខ​កូន​ចៅ​ជំនាន់​ក្រោយ​វា​អាច​មាន​វិធីសាស្ត្រ​ដើម្បី​ទៅ​ទាមទារ​តាម​ច្បាប់​នៅ​អង្គការ​សហប្រជាជាតិ»។

ចំណែក​នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​ថ្លែង​នៅ​ពិធី​នោះ​ដោយ​លើក​ឡើង អំពី​នយោបាយ​និង​កលល្បិច​របស់​ប្រទេស​វៀតណាម ក្នុង​ការ​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំបិទ​សិទ្ធិ​សេរីភាព និង​ពី​ការ​ធ្វើ​បាប​ខ្មែរ​ក្រោម​ដោយ​អាជ្ញាធរ​វៀតណាម រួម​ទាំង​ប្រវត្តិ​នៃ​ការ​ស្លាប់​របស់​ឧកញ៉ា សឺន គុយ អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​បាន​វៀតណាម កាត់​ក។ ពាក់ព័ន្ធ​នឹង​ការ​និយាយ​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម កាល​ពី​ឆ្នាំ​២០១៤ វិញ លោក ថាច់ សេដ្ឋា បញ្ជាក់​ថា ក្រុម​ការងារ​លោក​បាន​នាំ​យក​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ដែន​ដី​កម្ពុជា​ក្រោម មក​ពី​ប្រទេស​បារាំង ដោយ​បាន​បក​ប្រែ​រួច​មួយ​ចំនួន ហើយ​គ្រោង​នឹង​បោះ​ពុម្ព ប៉ុន្តែ​ខាង​រោង​ពុម្ព​មួយ​ចំនួន​មិន​ហ៊ាន​ទទួល​បោះ​ពុម្ព​នោះ​ទេ។

ទោះ​យ៉ាង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​នេះ តំណាង​យុវជន​ថ្លែង​ប្ដេជ្ញា​ថា នឹង​ការពារ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​ចាត់​ទុក​ថា ខ្មែរ​ក្រោម ខ្មែរ​លើ ខ្មែរ​កណ្ដាល គឺ​ជា​ខ្មែរ​តែមួយ ហើយ​ពួកគេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម ធ្វើ​បាប​ខ្មែរ​ក្រោម៕

No comments: