A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

មេធាវី​អះអាង​ថា​សំណុំ​រឿង​លោក ស៊ុត ឌីណា ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​នៅ​ឡើយ


ដោយ ម៉ម មុនីរតន៍
2016-06-05

ស៊ុត ឌីណា ២០១៦ ៨៥៥
ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា (អាវ​ខ្មៅ) ត្រូវ​បាន​តុលាការ​បញ្ជូន​ចេញ​ពី​តុលាការ នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang


មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្លែង​ថា សំណុំ​រឿង​របស់​លោក ស៊ុត ឌីណា នៅ​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​នីតិវិធី​ស៊ើប​អង្កេត​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ឡើយ។ លោក ស៊ុត ឌីណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ពេល​បំពេញ​ការងារ។

លោក ហុក ផល្លា ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ស៊ុត ឌីណា ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ការ​ជូន​ដំណឹង​ក្នុង​ការ​ជំនុំ​ជម្រះ​ពី​តុលាការ​ជុំវិញ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ ក្នុង​នាម​លោក​ជា​មេធាវី​ការពារ​ក្ដី គឺ​នៅ​មិន​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

ការ​អះអាង​ដូច​នេះ​របស់​លោក ហុក ផល្លា ស្រប​ពេល​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជិត ២​ខែ​មក​ហើយ។ ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ គឺ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា។

លោក ហុក ផល្លា ជា​មេធាវី​ការពារ​ក្ដី​និយាយ​ថា លោក​បាន​ដាក់​ពាក្យ​ដើម្បី​ស្នើសុំ​ជំនុំ​ជម្រះ​ចាប់​តាំង​ពី​កូន​ក្តី​របស់​ខ្លួន​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់ និង​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឃុំ​ខ្លួន​ភ្លាម កាល​ពី​ថ្ងៃ​ទី​៧ មេសា មក​ម្ល៉េះ។ ក៏ប៉ុន្តែ​លោក​អះអាង​ថា ភាព​យឺតយ៉ាវ​នេះ​ប្រហែល​ជា​សំណុំ​រឿង​ក្តី​នេះ កំពុង​ស្ថិត​ក្នុង​ជំហាន​នៃ​ការ​ស៊ើប​អង្កេត​បន្ត​របស់​ចៅក្រម​នៅ​ឡើយ។ លោក​បន្ត​ថា «នីតិវិធី​ត​ទៅ​ហ្នឹង លោក​ចៅក្រម​តុលាការ​គាត់​នឹង​ដំណើរ​ការ​ស៊ើប​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ ប៉ុន្តែ​គាត់​មិន​អាច​ជម្រាប​ជូន​លោក​ថា​អ្នក​ណា​ខ្លះ​ដែល​គាត់​នឹង​ត្រូវ​ហៅ​មក​សួរ​នាំ»។



វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​នេះ​បាន​ទេ​ពី​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា។

បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​សង្គម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា បញ្ហា​នេះ​អាច​ផ្ដើម​ចេញ​ពី​ជម្លោះ​ផ្ទៃ​ក្នុង​នៃ​រឿង​នយោបាយ ឬ​ក៏​ប្រហែល​បណ្ដាល​មក​ពី​ទំនាស់​ផល​ប្រយោជន៍​ច្រើន​ជាង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​លោក ស៊ុត ឌីណា។ បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​សង្គម​រិះគន់​ថា ការ​ប្រើ​ពេល​ដ៏​យូរ​ក្នុង​ការ​ស៊ើប​អង្កេត មុន​លើក​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​នោះ វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ជន​ត្រូវ​ចោទ ដែល​ធានា​ដោយ​ច្បាប់។ អ្នក​ច្បាប់​ពន្យល់​ថា យោង​គោលការណ៍​ស្ដីពី​សិទ្ធិ​ជា​សកល​ស្ដីពី​ការ​ឃុំ​ខ្លួន​នេះ​របស់​អង្គការ​សហប្រជាជាតិ បាន​កំណត់​ទិសដៅ​នៃ​ការ​ជំនុំ​ជម្រះ​យ៉ាង​ឆាប់​ក្នុង​ដំណាក់​កាល​ជន​ដែល​កំពុង​ឃុំ​ខ្លួន ហើយ​សវនាការ​នេះ ត្រូវ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ចៅក្រម​ជំនុំ​ជម្រះ​ដែល​ឯករាជ្យ​ថែម​ទៀត​ផង។ រយៈពេល​យ៉ាង​យូរ​នៃ​ការ​ឃុំ​ខ្លួន ត្រូវ​ធ្វើ​ឡើង​នៅ​ចន្លោះ​ពី ៤​ខែ​ទៅ ៦​ខែ។

លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន និង​ឃុំ​នៅ​ក្នុង​អង្គភាព​នេះ​រយៈពេល ៤៨​ម៉ោង មុន​បញ្ជូន​មក​តុលាការ​ក្រុង​ភ្នំពេញ។ ក្រោយ​ការ​សាកសួរ និង​មុន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​៧ មេសា នោះ ព្រះរាជអាជ្ញា​រង​លោក មាស ច័ន្ទពិសិដ្ឋ សម្រេច​ចោទ​ប្រកាន់ ២​បទល្មើស គឺ​រំលោភ​អំណាច និង​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ប្រឆាំង​លោក ស៊ុត ឌីណា។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា បញ្ហា​នេះ​ប្រហែល​ជា​ខ្វែង​គំនិត​គ្នា​ក្នុង​ហេតុផល​ការងារ​ច្រើន​ជាង​បទ​ចោទ​ដូច​តុលាការ​រក​ឃើញ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​រឿង​លោក ស៊ុត ឌីណា នេះ វា​ជា​រឿង​ទំនាស់​ផល​ប្រយោជន៍​ច្រើន​ជាង។ នៅ​ក្នុង​បញ្ហា​ដែល​លោក​ទៅ​ធ្វើ​ទូត​នៅ​កូរ៉េ​ហ្នឹង​ណា»។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ដែល​ចាត់​ការ​ក្នុង​សំណុំ​រឿង​នេះ ធ្លាប់​អះអាង​ថា ACU រក​ឃើញ​ថា អតីត​មន្ត្រី​ទូត​រូប​នេះ​មាន​លុយ​ជាង ៧​លាន​ដុល្លារ និង​មាន​មាស​ជិត ១៣​គីឡូក្រាម។ ក្រៅ​ពី​នេះ នៅ​មាន​ដី​ប្រមាណ ១០​កន្លែង​ផ្សេង​ទៀត។

បើ​ទោះ​ជា​បែប​ណា ក្រុម​គ្រួសារ​របស់​លោក ស៊ុត ឌីណា បាន​ច្រាន​ចោល​ចាប់​តាំង​ពី​ដំណាក់​កាល​ចាប់​ខ្លួន​ថា បទ​ចោទ​ទាំង​នេះ គឺ​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។ មិន​តែ​ប៉ុណ្ណោះ វិវាទ​នេះ​គឺ​ជា​ទំនាស់​ផ្ទៃ​ក្នុង​ការងារ និង​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ៕

No comments: