A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​លើក​សំណើ​បក្ស​ប្រឆាំង​ស្នើ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចូល​បំភ្លឺ



រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​លើក​សំណើ​បក្ស​ប្រឆាំង​ស្នើ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចូល​បំភ្លឺ
ដោយ ខែ សុណង
2016-06-05

អង្គ វង្សវឌ្ឍានា ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev


គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​លើក​យក​របៀបវារៈ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​រដ្ឋសភា កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​ការ​អនុវត្ត​របស់​តុលាការ​មាន​ភាព​មិន​ប្រក្រតី ទៅ​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ មិថុនា។

ដំណើរ​ការ​រៀបចំ​ឲ្យ​មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចូល​ខ្លួន​បំភ្លឺ​តាម​ការ​ស្នើសុំ​របស់​បក្ស​ប្រឆាំង​នេះ គឺ​រដ្ឋសភា បាន​បន្ត​ធ្វើ​ក្នុង​អំឡុង​ពេល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ផ្អាក​មិន​ចូល​បំពេញ​កិច្ចការ​មួយ​រយៈ​ក្នុង​ពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នឹង​មិន​ចូល​ទៅ​ចោទ​សួរ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​រដ្ឋសភា​តាម​សំណើ​របស់​ខ្លួន​នោះ​ទេ។

ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​៣ មិថុនា លោក​បាន​ដាក់​លិខិត​មួយ​ជម្រាប​ជូន​ទៅ​ប្រធាន​រដ្ឋសភា រួច​ហើយ​ថា លោក​សុំ​ពន្យារ​ពេល​ចោទ​សួរ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដោយ​មូលហេតុ​លោក​មិន​អាច​ទៅ​បំពេញ​ការងារ​ពេញលេញ​នៅ​រដ្ឋសភា​បាន។ លោក សុន ឆ័យ បញ្ជាក់​នៅ​ថ្ងៃ​ទី​៥ មិថុនា ថា លោក​នឹង​ស្នើ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មក​ចោទ​សួរ​ម្ដង​ទៀត​នៅ​ពេល​ក្រោយ ចំពោះ​ភាព​មិន​ប្រក្រតី​រឿង​ការ​អនុវត្ត​របស់​តុលាការ​នា​ពេល​កន្លង​មក ដូចជា​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ខុស​ប្រក្រតី និង​ភាព​មិន​ឯករាជ្យ​របស់​តុលាការ ជាដើម៖ «យើង​ជា​ម្ចាស់​សំណួរ​នេះ​តាម​ប្រការ​៣៣​ថ្មី​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា យើង​ជា​ម្ចាស់​អ្នក​ហៅ​អាច​ផ្អាក​អាច​បញ្ឈប់​សំណើ​នេះ​បាន»។



ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ដែល​ចុះ​ហត្ថលេខា​ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១០​រូប កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា ដោយ​ស្នើ​ឲ្យ​ចាត់​តាំង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ចូល​មក​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ មន្ត្រី​សិទ្ធិ​មនុស្ស និង​ករណី​តុលាការ​កោះ​ហៅ​តំណាង​រាស្ត្រ​ឲ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៅ​តុលាការ បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​គ្រប់គ្រង​តុលាការ ការ​បំពាន​រដ្ឋធម្មនុញ្ញ ការ​គំរាម​កំហែង​លើ​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល ជាដើម។

ថ្វីបើ​មាន​លិខិត​សុំ​ផ្អាក ឬ​ពន្យារ​ពេល​ពី​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ លោក សុន ឆ័យ យ៉ាង​នេះ​ក្ដី ប៉ុន្តែ​តាម​ប្រសាសន៍​អ្នក​នាំ​ពាក្យ​រដ្ឋសភា ឲ្យ​ដឹង​ថា គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​លើក​យក​របៀបវារៈ​នេះ​លើក​មក​ពិភាក្សា​ដដែល​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ មិថុនា។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ថា គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​ពិនិត្យ​ការ​ដាក់​របៀបវារៈ​នេះ​ចូល​ទៅ​ក្នុង​សភា​ពេញ​អង្គ៖ «ឥឡូវ​ខាង​សម្ដេច​នាយក​គាត់​ឆ្លើយ​មក​ហើយ​ថា លោក​នឹង​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មក​ឆ្លើយ។ សភា​ប្រជុំ​ស្អែក នឹង​ពិនិត្យ​ដាក់​បញ្ហា​នេះ​នៅ​ក្នុង​របៀបវារៈ​របស់​សភា​ពេញ​អង្គ ដើម្បី​ឲ្យ​ឆ្លើយ​សំណួរ​អ្នក​តំណាង​រាស្ត្រ​ហ្នឹង»។

កាល​ពី​ពេល​ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ហើយ​ថា អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន​ទាំងអស់ នឹង​ផ្អាក​មិន​ទៅ​បំពេញ​រាល់​កិច្ចការ​នានា​នៅ​មន្ទីរ​រដ្ឋសភា​មួយ​រយៈ។ ការ​ប្រកាស​នេះ ក្នុង​គ្រា​ដែល​លោក កឹម សុខា បដិសេធ​មិន​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​រឿង​សញ្ចារកម្ម​ចំនួន ២​លើក ហើយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​បំភ្លឺ។

មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា​ដដែល​ឲ្យ​ដឹង​ថា ក្រៅ​អំពី​រឿង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចូល​បំភ្លឺ​នេះ កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ក៏​នឹង​លើក​យក​របៀបវារៈ​មួយ​ចំនួន​ទៀត​មក​ពិភាក្សា គឺ​ច្បាប់​ទាក់ទង​នឹង​អាស៊ាន​ចំនួន​៣ ដែល​ជា​កិច្ចព្រមព្រៀង​នៅ​ក្នុង​រង្វង់​អាស៊ាន ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចុះ​ហត្ថលេខា និង​ត្រូវ​ផ្ដល់​សច្ចាប័ន៕

No comments: