A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 23 June 2016

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដោះស្រាយ​បញ្ហា​ជក់​បារី​នៅ​ក្នុង​ពន្ធនាគារ


ដោយ ថា កិត្យា
2016-06-23

អ្នក​ទោស ៨៥៥ ២០១៦
អ្នក​ទោស​ដេក​រង់ចាំ​តុលាការ​បើក​សវនាការ​នៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
 RFA/Brach Chev



អ្នក​ទោស​មួយ​ចំនួន​ក្នុង​ពន្ធនាគារ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​សុខភាព​មិន​សូវ​ល្អ ដោយសារ​អាកាសធាតុ​ផ្លាស់ប្ដូរ និង​ផ្សែង​បារី​ដែល​បង្ហុយ​ចេញ​ពី​មាត់​របស់​អ្នក​ទោស​ផ្សេង​ទៀត​ក្នុង​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត។ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​ធានា​ឲ្យ​អ្នក​ជាប់​ពន្ធនាគារ​មាន​សុខភាព​ល្អ។ រីឯ​មន្ត្រី​ពន្ធនាគារ​ថា​កំពុង​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ។

ការ​ចុះ​ទ្រុឌទ្រោម​ខាង​សុខភាព​ដោយសារ​ពេទ្យ​នៅ​មាន​កម្រិត និង​បញ្ហា​ជក់​បារី​អនាធិបតេយ្យ ដែល​បើក​ឱកាស​ឲ្យ​ជំងឺ​ផ្សេងៗ​វាយ​លុក​លើ​រាង​កាយ គឺ​ជា​ចំណោទ​បញ្ហា​ប្រឈម​ធំធេង​របស់​អ្នក​ទោស​ក្នុង​ពន្ធនាគារ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​ក្រុម​គ្រួសារ​ជន​ជាប់​ឃុំ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រោយ​ពី​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម​១) កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ពួក​គេ​កំពុង​មាន​បញ្ហា​សុខភាព​មិន​ប្រក្រតី។ លោក​បញ្ជាក់​ថា បញ្ហា​ដែល​នាំ​ឲ្យ​សុខភាព​មិន​រឹងមាំ​នោះ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​ផ្សែង​បារី​ដែល​អ្នក​ទោស​ផ្សេង​ទៀត​បង្ហុយ​ក្នុង​បន្ទប់​ឃុំឃាំង​ជាមួយ​គ្នា។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​អ្នក​ជាប់​ពន្ធនាគារ​ធ្លាក់​ខ្លួន​ឈឺ​ហើយ​នោះ គឺ​ការ​ផ្តល់​សេវា​ព្យាបាល​របស់​គ្រូពេទ្យ​នៅ​មាន​កម្រិត៖ «»។



កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឱកាស​សួរ​សុខ​ទុក្ខ​តែ​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៥​នាក់ ដែល​ពួក​គេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ ជាប់​ចោទ​ក្នុង​សំណុំ​រឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ចំណែក​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត រួម​មាន​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ព្រម​ទាំង​លោក​មេ​ឃុំ ស៊ាង ចែត គឺ​ខាង​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​សួរ​សុខ​ទុក្ខ​ដូច​កន្លង​មក​នោះ​ទេ ក្រោម​ហេតុ​ផល​ថា អ្នក​ទាំង ៣​រូប​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើបសួរ​របស់​តុលាការ។

ក្រៅ​ពី​ការ​ត្អូញត្អែរ​របស់​មន្ត្រី​បក្ស​ប្រឆាំង ភរិយា​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា គឺ​លោកស្រី ភាវ ម៉ី ប្រាប់​ថា ស្វាមី​របស់​លោកស្រី​ក៏​កំពុង​ជួប​ការ​លំបាក ព្រោះ​ក្នុង​បន្ទប់​ឃុំ​មាន​បណ្ដោយ ៥​ម៉ែត្រ និង​ទទឹង ៤​ម៉ែត្រ មាន​អ្នក​ជាប់​ឃុំ ៣០​នាក់​ក្នុង​នោះ ដែល​ស្ទើរ​តែ​រក​កន្លែង​គេង​មិន​បាន។ ជាង​នេះ​ទៅ​ទៀត អ្នក​ទោស​ទាំង​នោះ​ភាគ​ច្រើន​ជា​អ្នក​ជក់​បារី ដែល​ធ្វើ​ឲ្យ​លោក ណៃ វ៉ង់ដា មាន​ជំងឺ​ក្អក​ជា​ប្រចាំ ព្រោះ​ផ្សែង​បារី​រសាត់​តែលតោល​នៅ​ក្នុង​បន្ទប់​ឃុំ​នោះ៖ «»។

លោក ណៃ វ៉ង់ដា និង​មន្ត្រី​អាដហុក ៣​រូប រួម​នឹង​មន្ត្រី គ.ជ.ប ១​រូប​ផង​នោះ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយ​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ដោយ​គ្រាន់​តែ​សំអាង​លើ​លិខិត​ចំហ​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ចោទ​ថា អ្នក​ទាំង​នោះ​បាន​លួងលោម និង​សូកប៉ាន់​នាង​មិន​ឲ្យ​និយាយ​ការ​ពិត​ដល់​សមត្ថកិច្ច ក្នុង​សំណុំ​រឿង​ខ្សែ​អាត់​សំឡេង​សាសង​តាម​ទូរស័ព្ទ​រវាង​នាង និង​លោក កឹម សុខា។

ងាក​មក​និយាយ​ពី​បញ្ហា​នៅ​ពន្ធនាគារ​វិញ នៅ​មាន​គ្រួសារ​អ្នក​ទោស​ជាច្រើន​ទៀត ក៏​បាន​រិះគន់​អំពី​ការ​ព្រងើយ​កន្តើយ​របស់​អ្នក​គ្រប់គ្រង​ពន្ធនាគារ​ដែរ ដែល​បណ្តោយ​ឲ្យ​អ្នក​ទោស​ជក់​បារី​ដែល​ជា​សត្រូវ​សម្រាប់​សុខភាព។ ពួក​គាត់​សំណូមពរ​ឲ្យ​ខាង​ពន្ធនាគារ គួរ​មាន​កម្មវិធី​អប់រំ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ជក់​បារី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គណបក្ស​ប្រឆាំង​នឹង​ផ្ញើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ពិនិត្យ​មើល​លើ​បញ្ហា​ពេទ្យ និង​ស្នើ​ឲ្យ​ដាក់​បន្ទប់​ដោយឡែក​រវាង​អ្នក​ជក់​បារី និង​អ្នក​មិន​ជក់​បារី ដើម្បី​កុំ​ឲ្យ​អ្នក​មិន​ចេះ​ជក់​បារី មាន​បញ្ហា​សុខភាព​ដោយសារ​ស្រូប​ផ្សែង​បារី៖ «»។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ មាន​ប្រសាសន៍​ថា បារី និង​ផ្សែង​បារី​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សុខភាព ជាពិសេស​គឺ​ប្រព័ន្ធ​ដក​ដង្ហើម ប្រសិន​បើ​ក្នុង​បន្ទប់​មួយ​មាន​អ្នក​ជក់ និង​អ្នក​មិន​ជក់​រស់នៅ​លាយឡំ​គ្នា៖ «»។

លោក មុំ គង់ បញ្ជាក់​ថា ដោយសារ​មើល​ឃើញ​ថា បារី និង​ផ្សែង​បារី​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ដូច្នេះ​ហើយ ទើប​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ហាម​មិន​ឲ្យ​ជក់​បារី​នៅ​តាម​ទី​សាធារណៈ និង​កន្លែង​ធ្វើ​ការ ជាដើម៖ «»។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា មាន​ប្រសាសន៍​ថា ខាង​ពន្ធនាគារ​កំពុង​តែ​គិតគូរ​អំពី​បញ្ហា​អ្នក​ទោស​ដែល​ចេះ​ជក់​បារី និង​អ្នក​មិន​ចេះ​ជក់​នេះ​ដែរ ដោយ​បច្ចុប្បន្ន​នេះ ពន្ធនាគារ ម​១ កំពុង​សាងសង់​អគារ​ពីរ​ខ្នង​បន្ថែម​ទៀត​ដែល​សម្រេច​បាន ៩០​ភាគរយ​ហើយ។ លោក​បន្ថែម​ថា នៅ​ថ្ងៃ​អនាគត​នោះ នឹង​ពិចារណា​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សុខភាព ដើម្បី​អប់រំ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ជក់​បារី៖ «»។

ចំពោះ​បញ្ហា​ពេទ្យ​វិញ​នោះ លោក នុត សាវនា ថា​ចំនួន​ពេទ្យ​សរុប​ក្នុង​មណ្ឌល​ឃុំឃាំង ប្រើ​ប្រៀបធៀប​ជាមួយ​ចំនួន​ជន​ជាប់​ឃុំ​នោះ គឺ​មិន​អាច​ផ្គត់ផ្គង់​សេវា​ព្យាបាល​បាន​គ្រប់គ្រាន់​នោះ​ឡើយ។ យ៉ាង​ណា លោក​បញ្ជាក់​ថា ខាង​ពន្ធនាគារ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដែរ ដើម្បី​ព្យាបាល​ជន​ជាប់​ឃុំ​ណា​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​លើ​ពិភពលោក មាន​មនុស្ស​ស្លាប់​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ជក់​ចំនួន ៦​លាន​នាក់ និង ៦​សែន​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ដោយសារ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា មាន​មនុស្ស​ស្លាប់​ចំនួន ១​ម៉ឺន​នាក់ ហើយ​ថា​ការ​ជក់​បារី​ធ្វើ​ឲ្យ​កើត​ជំងឺ​មហា​រីក​សួត ជំងឺ​លើស​ឈាម គ្រោះថ្នាក់​ដល់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ជំងឺ​បេះដូង ហើម​សួត រលាក​ទងសួត ជាដើម៕

No comments: