A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 21 May 2016

តើ​បក្ស​ជាប់​ឆ្នោត​ទាំង​២​អាច​ត្រឡប់​មក​រក​វប្បធម៌​សន្ទនា​វិញ​ឬ​ទេ?


ដោយ ទីន ហ្សាការីយ៉ា
2016-05-20

សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ចរចា​នា​វិមាន​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។
RFA/Tin Zakariya


ថ្វីត្បិត​តែ​ភាគី​គណបក្ស​ប្រឆាំង​ប្រកាន់​យក​ជំហរ​មិន​ឆ្លង មិន​ឆ្លើយ និង​មិន​ឈ្លោះ​ក្ដី ប៉ុន្តែ​ក៏​នៅ​តែ​មិន​អាច​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ល្អ​រវាង​គណបក្ស​ទាំង​ពីរ​បាន​ដែរ​នៅ​ពេល​បច្ចុប្បន្ន។ ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​ប្រកាស​ថា នៅ​តែ​រក្សា​វប្បធម៌​សន្ទនា​ជា​គោល​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ជា​ធំ​ក្ដី ប៉ុន្តែ​ជាក់ស្ដែង វប្បធម៌​សន្ទនា​នេះ​ហាក់​ដូចជា​គេ​ទុក​ដាក់​មួយ​ឡែក ហើយ​យក​ឈ្នះ​ចាញ់​គ្នា​តាម​រយៈ​ការ​ប្រើប្រាស់​តុលាការ ក្រោម​ហេតុផល​ថា អនុវត្ត​ច្បាប់​ទៅ​វិញ។

គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឯកភាព​គ្នា​លើ​ដំណោះស្រាយ​នយោបាយ​ដោយ​ចូលរួម​ធ្វើការ​ជាមួយ​គ្នា និង​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រទេសជាតិ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ។ ក៏​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​ទាំង​ពីរ​នេះ ហាក់បីដូចជា​ជា​មាន​តែ​នៅ​លើ​ក្រដាស ហើយ​ការ​អនុវត្ត​ជាក់ស្ដែង​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​បាន​ប្រើ​យន្តការ​សន្ទនា​ជា​ធំ​នោះ​ទេ។ តម្លៃ​នៃ​វប្បធម៌​សន្ទនា​ស្ថិត​នៅ​លើ​ការវិវឌ្ឍន៍​នយោបាយ និង​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។



អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើក​ចំហ​ក្នុង​ការ​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក សុខ ឥសាន បញ្ចេញ​ប្រតិកម្ម​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​បំណង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ពិត​ប្រាកដ​ទេ ហើយ​បែរ​ជា​ដាក់​លិខិត​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទៅ​វិញ។ លោក​ចាត់​ទុក​ការ​ដាក់​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុំ​អោយ​លោក​ បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កោះ​ប្រជុំ​រវាង​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស ជា​បន្ទាន់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កម្ពុជា ថា​ជា​រឿង​ឥត​ប្រយោជន៍។

លោក សុខ ឥសាន បញ្ជាក់​ថា តំណាង​បក្ស​ប្រឆាំង​ដាក់​លិខិត​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គឺ​ជា​រឿង​ហែកហួរ​ផ្ទៃក្នុង​របស់​កម្ពុជា ខុស​ពី​ការពិត។ លោក​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​ក៏​មិន​ទាន់​ប្រើប្រាស់​វប្បធម៌​សន្ទនា​ឲ្យ​អស់​លទ្ធភាព​នោះ​ដែរ។ លោក​អះអាង​ថា រាល់​បញ្ហា​កើត​ឡើង​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​បង្ក​ឡើង​ដោយ​បក្ស​កាន់​អំណាច​នោះ​ទេ គឺ​បុគ្គល​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​បង្ក​ឡើង​ដោយ​ខ្លួន​ឯង៖ «មាន​ហុយ​ផ្សែង​ឆេះ​ផ្ទះ​ខាង​នេះ ឆេះ​ផ្ទះ​ខាង​នោះ មាន​ម្ដុំៗ។ មិន​ដល់​ពេល​រហូត​ដល់​គ្រោះថ្នាក់​ដល់​ប្រកាស​អាសន្ន (រឿង​នយោបាយ) ទេ! អាស៊ីសេរី អី​នាំ​គ្នា​រត់​គេច ជីក​ត្រង់សេ​អី​អត់​មាន​ទេ។ ទី​២ ខ្ញុំ​យល់​ថា យក​បញ្ហា​ផ្ទៃក្នុង​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​បក្ស​ប្រឆាំង ហើយ​យក​ទៅ​អង្គការ​សហប្រជាជាតិ ខ្ញុំ​យល់​ថា ជា​រឿង​យល់​ច្រឡំ​ធំ​ណាស់»។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដើម្បី​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍ និង​កោះ​ប្រជុំ​ជា​បន្ទាន់​រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចៀស​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប តំណាង​ឲ្យ​អ្នក​បោះឆ្នោត ៤៥% ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​ផ្ញើ​ជូន​លោក បាន គីមូន បាន​ជម្រាប​ជូន​លោក បាន គីមូន ថា ជិត ២៥​ឆ្នាំ តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នោះ​មក ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​គាំង​ដំណើរ​ស្តូក ដោយ​ហេតុ​ថា ស្ថាប័ន​សំខាន់​ទាំង​៣ រួម​មាន អង្គ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង។

លិខិត​បន្ត​ទៀត​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ដ៏​ចម្បង​មួយ​ក្នុង​ការ​បំបិទ​មាត់​ក្រុម​ដែល​មាន​សំឡេង​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច។ លិខិត​នោះ​ក៏​បាន​លើក​ឡើង​អំពី​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ជា​ឧបករណ៍​ដើម្បី​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ផង​ដែរ។ ក្នុង​នោះ​រួម​មាន ការ​កាត់ទោស និង​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប មន្ត្រី​សិទ្ធិមនុស្ស​នៃ​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ លោក អ៊ុំ សំអាន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ លោក កឹម សុខា ជាដើម។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំង​អស់​ដែល​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋានគ្រឹះ​នោះ ត្រូវ​កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ចន្លោះ​ប្រហោង អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​សុវត្ថិភាព​សមាជិក​គណបក្ស​ប្រឆាំង​ទាំង​អស់ និង​ជួយ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​រក​ស្ថិរភាព​ឡើង​វិញ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ទ័ល​ច្រក​ហើយ ទើប​ធ្វើ​បែប​នេះ ព្រោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ស្វះ​ស្វែង​រក​ការ​ចរចា​ជា​ថ្មី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង ក៏ប៉ុន្តែ​គណបក្ស​កាន់​អំណាច​មាន​លក្ខខណ្ឌ​មិន​ឲ្យ​ជជែក​អំពី​បញ្ហា​ចាប់ចង​នេះ​ទៅ​វិញ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់​ដល់​មាន​សភាព​តានតឹង​ដាក់​គ្នា​រហូត​ដល់​មិន​អាច​ងាក​មក​ជជែក​គ្នា​បាន​នោះ​ទេ គឺ​គណបក្ស​ទាំង​ពីរ​នៅ​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា ការ​ជួប​ចរចា​គ្នា​មាន​លក្ខខណ្ឌ​រៀងៗ​ខ្លួន ទើប​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​មិន​ចុះសម្រុង​គ្នា​ល្អ​ក្នុង​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ៖ «រឿង​ដែល​ត្រឹមត្រូវ​នោះ​មាន​ដំណោះស្រាយ​ផ្ទៃ​ក្នុង​ទើប​នោះ​ជា​រឿង​ល្អ​គណបក្ស​ទាំង​ពីរ​គួរ​តែ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់»។

លោក​បណ្ឌិត រស់ រ៉ាវុធ បន្ថែម​ថា លោក​មិន​ចង់​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ដើរ​ជាន់​លើ​ប្រវត្តិសាស្ត្រ​ដដែលៗ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ពឹង​ពាក់​បរទេស​នេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា មេដឹកនាំ​ខ្មែរ​អន់​ខ្សោយ​ដែល​មិន​អាច​ធ្វើ​ការ​បង្រួបបង្រួម​ជាតិ​ដោយ​ខ្លួន​ឯង​បាន ហើយ​ការ​ធ្វើ​ដូច្នេះ​មាន​តែ​ធ្វើ​ឲ្យ​ខ្មែរ​ខាតបង់​ទៅ​វិញ​ទេ៖ «ទោះ​បី​គណបក្ស​កាន់​អំណាច​សម្ពាធ​នយោបាយ​ក៏ដោយ ប៉ុន្តែ​យើង​ពិនិត្យ​មើល​មួយ​រយៈ​កន្លង​មក​ក្នុង​ដំណោះស្រាយ​នយោបាយ​កម្ពុជា រហូត​ដល់​តុលាការ​ចោទ​ថា ជន​ក្បត់​ជាតិ​ក៏ដោយ យើង​នៅ​តែ​មាន​ដំណោះស្រាយ និង​រួបរួម​គ្នា​បាន»។

​ទោះបីជា​បែប​នេះ​ក្ដី​រយៈពេល​កន្លង​មក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើ​ឡើង​ថា គណបក្ស​នេះ​នៅ​តែ​ស្វះស្វែង​ក្នុង​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន ពិសេស​គឺ​ការ​ចេញ​ដីកា​ចាប់​ចង​គណបក្ស​ប្រឆាំង​ឥត​ឈប់​ឈរ។

​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា កំពុងតែ​អនុវត្ត​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដោះស្រាយ​រឿង​នេះ៖ «ដឹង​ហើយ​ថា នេះ​ជា​កាតព្វកិច្ច​របស់​អន្តរជាតិ​ក្នុង​ការ​ធានា​ឲ្យ​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ»។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​សាស្ត្រាចារ្យ ហេង ស្រ៊ាង មាន​ប្រសាសន៍​ថា ការ​ស្វែង​រក​ដំណោះស្រាយ​តាម​មធ្យោបាយ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ជា​កិច្ចការ​ដ៏​ត្រឹមត្រូវ​សម្រាប់​ជម្លោះ​នយោបាយ​កម្ពុជា ពេល​បច្ចុប្បន្ន ព្រោះ​អ្នក​នយោបាយ​លែង​និយាយ​ស្ដាប់​គ្នា​យល់​ហើយ។ កម្ដៅ​នយោបាយ​ដែល​កាន់​តែ​ក្ដៅ​ខ្លាំង​ឡើងៗ ដោយ​គ្មាន​អ្នក​សម្របសម្រួល​បែប​នេះ អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ទៀត​ជា​មិន​ខាន៖ «អ្វី​ដែល​គណបក្ស​កាន់​អំណាច​កំពុងតែ​មាន​អំណាច​ក្នុង​ដៃ មាន​មធ្យោបាយ​ក្នុង​ដៃ​នោះ គឺ​គេ​គិត​ថា បើ​ឲ្យ​អ្នក​ក្រៅ​ចូល​មក យូ.អិន (UN) គឺ​អាច​បន្ទច់បង្អាក់​ការ​ចាប់ចង​បក្ស​ប្រឆាំង»។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា គណបក្ស​ប្រឆាំង​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ពី​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ដែល​គណបក្ស​នេះ​ចាត់​ទុក​ថា បាន​ធ្លាក់​ដុនដាប។ ក្នុង​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​នោះ​លើក​ឡើង​ថា មាន​តែ​អង្គ​ព្រះមហាក្សត្រ​ទេ​ទើប​អាច​ជួយ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ធម្មតា​វិញ។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ស្ថាប័ន​ព្រះមហាក្សត្រ​នៅ​ឡើយ។

ជម្លោះ​នយោបាយ​ខ្មែរ​បាន​កើត​មាន​ជា​ហូរ​នៅ​ក្នុង​សង្គម​កម្ពុជា គិត​ចាប់​ពី​ឆ្នាំ​១៩៩៣ មក។ អតីតកាល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ពន្លត់​កម្ដៅ​នយោបាយ​នៅ​កម្ពុជា។ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ គឺ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ភាគី​ចាញ់​ឆ្នោត​បាន​វាយ​ប្រហារ​គ្នា​ឥត​ឈប់ឈរ​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្នះ​ឆ្នោត​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន។

នៅ​ពេល​នោះ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ មាន​ព្រះរាជ​តួនាទី​សំខាន់​ក្នុង​ការ​ផ្សះផ្សា​ជម្លោះ​នេះ ព្រះអង្គ​បាន​ស្នើ​ឲ្យ​សម្ដេច​ក្រុមព្រះ​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២។ ប៉ុន្តែ​កាល​ណោះ​សម្ដេច​ក្រុមព្រះ​បាន​បដិសេធ​ជាមួយ​បិតា​របស់​ព្រះអង្គ ដោយ​លើក​ហេតុផល​ថា ព្រះអង្គ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ប្រហារ និង​សម្លាប់​មន្ត្រី​ហ៊្វុនស៊ិនប៉ិច របស់​ព្រះអង្គ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ ក៏ប៉ុន្តែ​ទោះបីជា​សម្ដេច​ក្រុមព្រះ​ប្រកែក​ដូច្នេះ​ក្ដី នៅ​ទីបំផុត ដោយ​ការ​សម្របសម្រួល​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ក្រុមព្រះ​ក៏​យល់​ព្រម​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

សម្រាប់​បរិបទ​នយោបាយ​កម្ពុជា ពេល​នេះ​វិញ អ្នក​វិភាគ​លើក​ឡើង​ថា ខុស​ពី​បរិបទ​នយោបាយ​កាល​ពី​មុន។ ការ​ដាក់​លិខិត​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នេះ ជា​មធ្យោបាយ​ល្អ​មួយ​ដើម្បី​ជួយ​ទប់​កំហឹង​នយោបាយ​នៅ​ពេល​គ្មាន​អ្នក​ទី​បី​សម្របសម្រួល​ជម្លោះ​នយោបាយ​នៅ​ពេល​នេះ៕

No comments: