A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 May 2016

ក្រសួង​មហាផ្ទៃ​ថា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​តែ​ជាប់​ចោទ​នៅ​ឡើយ


ដោយ ចេង ម៉េងជូ
2016-05-10

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev



អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា មន្ត្រី​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក សឺន សាលី នៅ​តែ​ស្ថិត​ក្នុង​ការ​ចោទ​ប្រកាន់​នៅ​ឡើយ។

ប៉ុន្តែ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា យល់​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​របស់​ខ្លួន​ត្រូវ​បាន​បញ្ឈប់​អស់​ហើយ ក្រោយ​ពី​អង្គការ​សហប្រជាជាតិ ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា មន្ត្រី​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​ការពារ​ដោយ​អភ័យ​ឯកសិទ្ធិ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា មន្ត្រី​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សឺន សាលី មិន​ទាន់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ ព្រោះ​ក្រសួង​នេះ​មិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ ពី​ការ​សម្រេច​ទម្លាក់​បទ​ចោទ​នោះ​ទេ។ លោក​បន្ថែម​ថា ទោះ​បី​ជា​លោក សឺន សាលី មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ក៏​មិន​អាច​យក​អភ័យ​ឯកសិទ្ធិ​នោះ​មក​ការពារ​ខ្លួន​បាន​ដែរ៖ «ជាប់​ចោទ​នៅ​ឡើយ​ទេ គ្មាន​អភ័យ​ឯកសិទ្ធិ​ឯណា? យូ.អិនៗ (UN) ឥឡូវ​មើល​សញ្ជាតិ​គាត់​ទៅ​មើល សញ្ជាតិ​ខ្មែរ អី​ក៏​សញ្ជាតិ យូ.អិន សញ្ជាតិ​ខ្មែរ ឬ​ក៏​សញ្ជាតិ​អាមេរិក សញ្ជាតិ​ណា​ក៏ដោយ តែ​ខុស​ច្បាប់​ហើយ វា​អត់​មាន​អភ័យ​ឯកសិទ្ធិ​អី​នោះ​ទេ»។



ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ គឺ​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ថា ក្រសួង​ការ​បរទេស បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច បញ្ឈប់​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក សឺន សាលី ព្រោះ​លោក​ត្រូវ​បាន​ការពារ​ដោយ​អភ័យ​ឯកសិទ្ធិ។

ចំណែក​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស គឺ​ផ្ទុយ​ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ ឧសភា នៅ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា ដោយ​មិន​ខ្វល់​ពី​អភ័យ​ឯកសិទ្ធិ​មន្ត្រី​អង្គការ​សហប្រជាជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ថា លោក​មិន​យល់​ពី​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស នោះ​ទេ ហើយ​ថា លោក​គាំទ្រ​សម្ដី​របស់​លោក ហ៊ុន សែន លើ​រឿង​នេះ៖ «ដូច​សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​អ៊ីចឹង អ្នក​ឯង​ឪ​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ម៉ែ​អភ័យ​ឯកសិទ្ធិ​ក៏ដោយ តែ​ខុស​ច្បាប់​ខ្មែរ គេ​ចាប់​ហើយ។ តែ​ប៉ុណ្ណឹង! នេះ​ជា​ជំហរ​របស់​ខ្ញុំ​ផ្ទាល់»។

ទាក់ទង​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ រូប​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ទេ នៅ​ថ្ងៃ​ទី​១០ ឧសភា។ ចំណែក​ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បដិសេធ​មិន​ឆ្លើយ​តប​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ពី​ករណី​នេះ។

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee ) ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា អង្គការ​សហប្រជាជាតិ បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​បញ្ជាក់​ថា ក្រសួង​នេះ​នឹង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឲ្យ​ដោះស្រាយ​ករណី​លោក សឺន សាលី ស្រប​តាម​អនុសញ្ញា​ឆ្នាំ​១៩៤៦ ស្ដីពី​បុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​នៃ​អង្គការ​សហប្រជាជាតិ។

អ្នកស្រី​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ ចាត់​ទុក​ការ​ឆ្លើយ​តប​នេះ​ថា​ស្មើ​នឹង «លែង​មាន​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​របស់​អ្នកស្រី​ទៀត​ហើយ»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ មាន​តួនាទី​សំខាន់​ជាង​ក្នុង​រឿង​នេះ ហើយ​ថា អ្វី​ដែល​ក្រសួង​ការ​បរទេស ឆ្លើយ​តប​ទៅ​អង្គការ​សហប្រជាជាតិ គឺ​គ្រាន់​តែ​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «ខ្ញុំ​ថា​ជំហរ​របស់​រាជ​រដ្ឋាភិបាល​ដែល​ស្ដែង​តាម​រយៈ​ក្រសួង​ការ​បរទេស។ ដូច្នេះ ក្រសួង​ការ​បរទេស លើក​ឡើង​យ៉ាង​ម៉េច អា​ហ្នឹង​ជា​ជំហរ​របស់​រដ្ឋាភិបាល​ហើយ ក៏ប៉ុន្តែ​តាម​រយៈ​ស្ថាប័ន​ដែល​ទទួល​បន្ទុក​ហ្នឹង មាន​តែ​ក្រសួង​មហាផ្ទៃ។ ដូច្នេះ​ក្រសួង​មហាផ្ទៃ ហ្នឹង ត្រូវ​រក្សា​សេចក្ដី​សម្រេច​ទៅ​តាម​រយៈ​ការ​បំភ្លឺ ឬ​ការ​ប្រាប់​របស់​ក្រសួង​យុត្តិធម៌ ដែល​ជា​ដែន​សមត្ថកិច្ច​យុត្តិធម៌​ដូច​គ្នា»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី និង​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស លោក អ៊ុច បូររិទ្ធ បាន​ទេ នៅ​ថ្ងៃ​ទី​១០ ឧសភា។

ចំពោះ​ភាព​មិន​ច្បាស់លាស់​ក្នុង​ករណី​នេះ តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee ) ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អ្នកស្រី​មិន​មាន​យោបល់​លើ​លំហូរ​នៃ​ការ​ទាក់ទង​គ្នា​រវាង​ក្រសួង​ផ្សេងៗ​របស់​រដ្ឋាភិបាល​កម្ពុជា ទេ៕

No comments: