A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 May 2016

ប៉ូលិស​ខេត្ត​ព្រះវិហារ​ចាប់​អ្នក​កាសែត​ម្នាក់​និង​សាកសួរ​៦​នាក់​ទាក់ទង​នឹង​បណ្ដឹង​របស់​ពលរដ្ឋ


ប៉ូលិស​ខេត្ត​ព្រះវិហារ​ចាប់​អ្នក​កាសែត​ម្នាក់​និង​សាកសួរ​៦​នាក់​ទាក់ទង​នឹង​បណ្ដឹង​របស់​ពលរដ្ឋ
ដោយ ហង្ស សាវយុត
2016-05-10


ផែនទី​ខេត្ត​ព្រះវិហារ ៦២០
ផែនទី​ខេត្ត​ព្រះវិហារ
Photo: RFA



ប្រជាពលរដ្ឋ​ខ្លះ​នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ដែល​ដើរ​ចល័ត​គ្រប់​ទីកន្លែង ថា​បាន​ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈ រួម​ទាំង​ក្រម​សីលធម៌​របស់​អ្នក​កាសែត ហើយ​ដើរ​ទារ​ប្រាក់​ពី​អ្នក​ភូមិ​ដែល​ដឹក​ឈើ​បន្តិចបន្តួច​តាម​រទេះ​គោ។

អ្នក​ភូមិ​ខ្លះ​ដែល​អ្នក​កាសែត​ទារ​ប្រាក់​ពី​ការ​ដឹក​ឈើ​តាម​រទេះ​គោ​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុម​អ្នក​កាសែត​ទាំង​នោះ ពី​បទ​គំរាម​ទារ​ប្រាក់​ដោយ​ខុស​ច្បាប់។

ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​នាំ​ខ្លួន​អ្នក​កាសែត​ចំនួន ៧​នាក់​ទៅ​សាកសួរ​ជាង ១០​ម៉ោង​មក​ហើយ ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​៩ រហូត​មក​ដល់​ថ្ងៃ​អង្គារ ទី​១០ ខែ​ឧសភា។

អ្នក​កាសែត​ចំនួន ៧​នាក់​ដែល​ប៉ូលិស​មិន​បញ្ជាក់​ពី​ឈ្មោះ និង​អង្គភាព​នោះ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្ដឹង​ថា ពួក​គេ​បាន​គំរាម​ទារ​ប្រាក់​ពី​អ្នក​ភូមិ​ដែល​ដឹក​ឈើ​បន្តិចបន្តួច​តាម​រទេះ​គោ​យក​ទៅ​ធ្វើ​ផ្ទះ​សម្បែង។

ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​របស់​ខេត្ត​ព្រះវិហារ គឺ​លោក កែវ ចំរើន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១០ ខែ​ឧសភា ថា សមត្ថកិច្ច​គ្រាន់​តែ​នាំ​ខ្លួន​អ្នក​កាសែត​ចំនួន ៦​នាក់​ទៅ​សាកសួរ ជុំវិញ​ករណី​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ដែល​ចោទ​ប្រកាន់​ពី​បទ​គំរាម​ទារ​ប្រាក់​តាម​រទេះ​គោ​ដឹក​ឈើ​ប៉ុណ្ណោះ ហើយ​នឹង​ត្រូវ​ដោះ​លែង​វិញ​បន្ទាប់​ពី​សាកសួរ​រួច។ ដោយឡែក​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​នោះ​ឈ្មោះ ប្រាក់ សុខុន នឹង​ត្រូវ​ចាប់​ខ្លួន​ទៅ​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង៖ «ឈ្មោះ ប្រាក់ សុខុន អ្នក​សារព័ត៌មាន​កម្ពុជា មែន។ ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង ពី​បទ​លួច​ដោយ​ហិង្សា»។



ទោះ​បី​ជា​យ៉ាង​ណា ស្នងការ​រង​នគរបាល​ដដែល មិន​បញ្ជាក់​ឈ្មោះ​អ្នក​កាសែត​ចំនួន ៦​នាក់ និង​អង្គភាព​ទេ។

អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ប្រាកដ​ថា តើ​ប៉ូលិស​ដែល​ឃាត់​ខ្លួន​អ្នក​កាសែត​ច្រើន​នាក់​នោះ ធ្វើ​ឡើង​តាម​មូលហេតុ​ត្រឹមត្រូវ ឬ​ក៏​យ៉ាង​ណា​ទេ៖ «បើ​សិន​ជា​អ្នក​សារព័ត៌មាន​ទាំងអស់​នោះ ពិត​ជា​បាន​កាក់​អ្នក​ដឹក​ឈើ​បង់​ខែ​យក​លុយ គឺ​អ្នក​សារព័ត៌មាន​ទាំងអស់​នោះ​ខុស​នឹង​វិជ្ជាជីវៈ»។

លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​អំពី​រឿង​ដែល​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ហៅ​អ្នក​កាសែត ៦​នាក់​ទៅ​សាកសួរ ហើយ​ចាប់​ខ្លួន​អ្នក​កាសែត​ម្នាក់​នោះ​នៅ​ឡើយ​ទេ។ លោក ប៉ែន បូណា អំពាវនាវ​ឲ្យ​សមត្ថកិច្ច ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​យុត្តិធម៌​ក្នុង​ការ​ចាប់​ខ្លួន​នោះ ជៀសវាង​ការ​បំពាន​មក​លើ​អ្នក​កាសែត។

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ក៏​ធ្លាប់​បាន​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អប្សរា​ម្នាក់ និង​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋ​ម្នាក់​ដាក់​ពន្ធនាគារ ពី​បទ​គំរាម​ទារ​ប្រាក់​ពី​ក្រុម​ឈ្មួញ​ដឹក​ឈើ​ដែរ។

អង្គការ​អាដហុក ខេត្ត​ព្រះវិហារ បាន​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ នៅ​ខេត្ត​ព្រះវិហារ គឺ​មាន​អ្នក​កាសែត ទូរទស្សន៍ និង​វិទ្យុ​ចំនួន​ប្រហែល ១០​អង្គភាព កំពុង​ធ្វើ​ការ​ផ្នែក​ព័ត៌មាន​ជា​ប្រចាំ​ថ្ងៃ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​បញ្ហា​ដែល​មាន​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ខ្លះ ពាក់ព័ន្ធ​នឹង​ករណី​គំរាម​ទារ​ប្រាក់​ពី​អ្នក​ដឹក​ឈើ​នោះ គឺ​ច្រើន​តែ​អ្នក​កាសែត​ចល័ត​មក​ពី​តំបន់​ផ្សេងៗ ដែល​គ្មាន​កន្លែង​ស្នាក់នៅ គ្មាន​ការងារ និង​គ្មាន​មុខ​របរ​ពិត​ប្រាកដ៕

No comments: