
១៣ ឧសភា ២០១៦ - សាមគ្គីគ្នា អភិវឌ្ឍជាតិមាតុភូមិយើង!
ពិតជាការពិបាកណាស់ក្នុងការរៀបចំសង្គមមួយ ដែលចេញពីសង្គ្រាមដ៏យូរលង់ តែយើងនៅតែមានក្ដីសង្ឃឹម សង្ឃឹមថា ក្រោយសង្រ្គាមរលត់ ខ្មែររួមសាមគ្គីគ្នា អភិវឌ្ឍជាតិមាតុភូមិយើង ជាតិខ្មែរប្រុសស្រីរួមរស់ដោយ សុខដុមរមនា ក្នុងសន្តិភាពពិត ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ យើងសង្ឃឹមថាអស់ចម្បាំងគ្នាឯង ខ្មែរលែងបែកបាក់សាមគ្គី ហើយអ្វីៗដោះស្រាយ ដោយយោគយល់គ្នា ដោយសន្តិវិធី ដោយអហិង្សា។ ក្ដីសង្ឃឹមនេះ ជាក្ដីប្រាថ្នារបស់ពលរដ្ឋប្រុសស្រីគ្រប់រូប ដើម្បីទុកពេលវេលា អភិវឌ្ឍជាតិ។
គណបក្សសង្គ្រោះជាតិបានកំណត់គោលនយោបាយ ផ្ដល់គុណតម្លៃដល់មនុស្ស ដល់ពលរដ្ឋប្រុសស្រីគ្រប់រូប ដោយឈរលើគោលការណ៍ ការគោរពការពារសិទ្ធបុគ្គល នីតិបុគ្គល ដោយមានការបែងចែកដាច់ស្រឡះ ក្នុងប្រព័ន្ធគ្រប់គ្រង-ដឹកនាំ រដ្ឋ បក្ស បុគ្គល។ ចាប់ផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ដែលជាសមាជិកនៃសង្គម គិតជាវិជ្ជមាន រួមចំណែកបែបស្ថាបនា ដោះស្រាយបញ្ហាប្រឈម ភាពអសកម្ម ភាពអវិជ្ជមាន សាមគ្គីគ្នា អភិវឌ្ឍជាតិមាតុភូមិយើង។
យើងចូលរួមទាំងក្មេងទាំងចាស់ ទាំងប្រុសទាំងស្រី ទាំងក្នុងប្រទេសទាំងក្រៅប្រទេស ជាពិសេសយុវជនយើង នាំគ្នាអនុវត្ត បំពេញកាតព្វកិច្ច ភារកិច្ច ក្នុងនាមជាពលរដ្ឋថ្លៃថ្នូរ តម្កល់ផលប្រយោជន៍ជាតិជាធំ ចៀសវាងនូវ ការបំពុលសង្គម តាមរយៈការជេរប្រមាថ រូបភាពប្រមាថកាត់ត មួលបង្កាច់ នាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ របស់ពលរដ្ឋខ្មែរប្រុសស្រីគ្រប់រូប ដែលពុំមែនជាមធ្យោបាយល្អក្នុងការរៀបចំសង្គមនោះទេ។
Yem Ponhearith
No comments:
Post a Comment