ដោយ ថា កិត្យា
2016-05-30

ក្រុមយុវជនដឹកនាំដោយលោក ស្រី ចំរើន ស្រែងតវ៉ាប្រឆាំងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលគ្រោងហែញត្តិថ្វាយព្រះមហាក្សត្រ នាមុខសណ្ឋាគារកាំបូឌីយ៉ាណា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ RFA/Tha Kitya
RFA/Tha Kitya
យុវជនមួយក្រុមប្រមាណ៥០នាក់ ដឹកនាំដោយលោក ស្រី ចំរើន ប្រកាសតវ៉ាប្រឆាំងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហើយប្ដេជ្ញាតតាំងចូលសមរភូមិជាមួយអ្នកគាំទ្របក្សប្រឆាំង។
សកម្មភាពរបស់យុវជនទាំងនេះ ប្រើរថយន្តប្រភេទទំនើប កាន់ក្បាលមេក្រូនៅមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្រែកបំពងសំឡេងជេរប្រមាថ ដោយប្រើពាក្យអសុរសចំពោះអ្នកគាំទ្របក្សប្រឆាំង ដែលគ្រោងហែញត្តិថ្វាយព្រះមហាក្សត្រ នៅរសៀលថ្ងៃទី៣០ ឧសភា។
តែយ៉ាងណាក៏ដោយ ការដាក់មេក្រូស្រែកតវ៉ារបស់ក្រុមយុវជននេះ មិនត្រូវបានសមត្ថកិច្ចរារាំង ដូចសមត្ថកិច្ចកំពុងរារាំងក្រុមតំណាងរាស្ត្រ និងអ្នកគាំទ្របក្សប្រឆាំងនោះឡើយ ខណៈក្បួនហែញត្តិរបស់គណបក្សសង្គ្រោះជាតិ កំពុងត្រូវបានកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដាក់បារាសរារាំងមិនឲ្យចេញដំណើររួចទេ។
គណបក្សសង្គ្រោះជាតិ នៅតែបន្តជំហររបស់ខ្លួនទៅមុខក្នុងការហែញត្តិ ទៅថ្វាយព្រះមហាក្សត្រ បើទោះបីជាសាលារាជធានីភ្នំពេញ មិនអនុញ្ញាតក្ដី ក្រោយពីសភាបានអនុម័តឲ្យតុលាការបន្តនីតិវិធីលើ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការចោទប្រកាន់ជាបទល្មើសជាក់ស្ដែង បន្ទាប់ពីលោក កឹម សុខា មិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅចំនួនពីរលើក។
No comments:
Post a Comment