A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

គ.ជ.ប កំពុង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​ចំពោះ​សំណុំ​រឿង​អគ្គលេខាធិការ​រង


ដោយ ម៉ម មុនីរតន៍
2016-05-04

ហង្ស ពុទ្ធា ៦២០
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Morm Moniroth


ស្ថាប័ន​បោះឆ្នោត កំពុង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​លើ​សំណុំ​រឿង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ នៅ​ដើម​ខែ​ឧសភា នេះ លោក នី ចរិយា ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ដែល​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ប្ដឹង។

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​យល់​ឃើញ​ថា លោក នី ចរិយា ទំនង​នៅ​មាន​លទ្ធភាព​ច្រើន​ដែល​អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក្នុង​ដំណាក់​កាល​ចៅក្រម​ជំនុំ​ជម្រះ។ ម្យ៉ាង​វិញ​ទៀត គ.ជ.ប គួរ​ជំរុញ​កិច្ចការ​នេះ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត។

ជុំវិញ​ការ​ចាប់​ខ្លួន និង​ចោទ​មន្ត្រី​ជាន់​ខ្ពស់​របស់ គ.ជ.ប នេះ កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ពី​បណ្ដា​អង្គ​ទូត​ប្រចាំ​កម្ពុជា និង​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ខណៈ​ស្ថាប័ន​បោះឆ្នោត​ជាតិ​បញ្ជាក់​ថា ស្ថាប័ន​មួយ​នេះ​កំពុង​ពិនិត្យ​លទ្ធភាព​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ និង​លក្ខណៈ​មួយ​ចំនួន​ទៀត​អំពី​សំណុំ​រឿង​លោក នី ចរិយា។



មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ឧសភា ថា សមាជិក​ទាំង ៩​រូប​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប្រជុំ​សម្រេច​គោលការណ៍ ៣​ចំណុច គឺ​បង្កើត​ក្រុម​អ្នក​ច្បាប់​របស់ គ.ជ.ប ដើម្បី​សិក្សា​ពី​អង្គ​ហេតុ និង​បញ្ជូន​សំណុំ​បែបបទ​នៃ​កិច្ច​អន្តរាគមន៍​របស់​ក្រុម​គ្រួសារ​លោក នី ចរិយា បញ្ជូន​ទៅ​តុលាការ ព្រម​ទាំង​ព្យាយាម​រក​លទ្ធភាព​ដើម្បី​បាន​ជួប​លោក នី ចរិយា ដោយ​ផ្ទាល់។ បើ​ទោះ​បី​ជា​បែប​នេះ​ក្តី លោក ហង្ស ពុទ្ធា បដិសេធ​ក្នុង​ការ​លូក​ដៃ​ចូល​កិច្ចការ​របស់​តុលាការ ហើយ​ថា ពុំ​មាន​ភាព​ចន្លោះ​នៃ​ច្បាប់​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​ស្ថាប័ន គ.ជ.ប ធានា​លោក នី ចរិយា បាន​នៅ​ក្រៅ​ឃុំ ឬ​រួច​ផុត​ចំពោះ​ការ​ចោទ​ប្រកាន់​បាន​ទេ។ លោក​បន្ត​ថា «គ.ជ.ប បាន​បង្កើត​នូវ​ក្រុម​ការងារ​ដើម្បី​តាម​ដាន​មើល​នូវ​បច្ចុប្បន្នភាព និង​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ ពាក់ព័ន្ធ​នឹង​ការ​ស៊ើបសួរ ហើយ​និង​ការ​ជំនុំ​ជម្រះ​ដែល​ពាក់ព័ន្ធ​នឹង​លោក នី ចរិយា នេះ​ឯង»។

លោក នី ចរិយា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ឧសភា។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ នៅ​មាន​បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប​ផ្សេង​ទៀត ក៏​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ ក្នុង​សំណុំ​រឿង​ដូច​គ្នា ដែល​ត្រូវ​បាន​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ចោទ​ប្រកាន់​ថា អ្នក​ទាំង​នេះ​ព្យាយាម​ល្បួង​ឲ្យ​ផ្ដល់​សក្ខីកម្ម​ក្លែង​ទៅ​ដល់​តុលាការ។

ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ភរិយា​របស់​លោក នី ចរិយា កាល​ពី​ថ្ងៃ​ទី​២ ឧសភា លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ស្ថាប័ន គ.ជ.ប បាន​សម្រេច​បញ្ជូន​លិខិត​បទដ្ឋាន​មួយ​ចំនួន​រួច​ហើយ​ទៅ​តុលាការ ដើម្បី​ពិនិត្យ​សម្រេច។

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក គួយ ប៊ុនរឿន និយាយ​ថា ស្ថាប័ន គ.ជ.ប ពុំ​មាន​លទ្ធភាព​អ្វី​ផ្សេង​ក្រៅ​ពី​បង្កើត​ក្រុម​អ្នក​ច្បាប់​ដើម្បី​ពិនិត្យ​ទៅ​លើ​អង្គ​ហេតុ និង​បទ​ចោទ​នានា​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឡើយ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​មេធាវី​មួយ​ក្រុម​ដែល គ.ជ.ប បាន​បង្កើត​ដើម្បី​ឲ្យ​សិក្សា​នោះ នៅ​ពុំ​ទាន់​មាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា «ជា​លទ្ធផល​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច​ហ្នឹង ថា​វា​លម្អិត​ជាក់ស្ដែង​ទាក់ទង​យ៉ាង​ម៉េចៗ​ហ្នឹង គឺ​ខាង​ពួក​យើង​ខ្ញុំ​មិន​ទាន់​បាន​អ្វី​នៅ​ឡើយ​ទេ»។

ជុំវិញ​សំណុំ​រឿង​របស់​អគ្គលេខាធិការ​រង​នៃ គ.ជ.ប អ្នក​ជំនាញ​លើ​កិច្ចការ​បោះឆ្នោត​ចាត់​ទុក​ថា ស្ថាប័ន​មួយ​នេះ​មិន​គួរ​នៅ​ស្ងៀម​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ការ​លុប​ឈ្មោះ​លោក នី ចរិយា ចេញ​ពី​ស្ថាប័ន គ.ជ.ប នៅ​ពេល​នេះ លោក សំ គន្ធាមី យល់​ឃើញ​ថា គឺ​វា​ហាក់​លឿន​ពេក​ណាស់ ដោយសារ​បទ​ចោទ​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល​តំណាង​អយ្យការ​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា ស្ថានភាព​នេះ​នឹង​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត ពីព្រោះ​កម្ពុជា បាន​ធានា​យ៉ាង​ច្បាស់​ពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​សេរីភាព​ក្នុង​ការ​បោះឆ្នោត។ លើស​ពី​នេះ​ទៀត លោក​បន្ត​ថា សំណុំ​រឿង​នេះ​អាច​នៅ​មាន​សង្ឃឹម ព្រោះ​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បទ​ចោទ​របស់​ព្រះរាជអាជ្ញា​នៅ​ឡើយ។ ម្យ៉ាង​ទៀត ស្ថាប័ន គ.ជ.ប បើ​ទោះ​ជា​ពុំ​មាន​កំណត់​ដោយ​ច្បាប់​ក្នុង​ការ​ជ្រៀតជ្រែក​ទៅ​អង្គភាព​ដទៃ​ទៀត តែ​ស្ថាប័ន​មួយ​នេះ​ត្រូវ​តស៊ូ​មតិ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ចំពោះ​សំណុំ​រឿង​លោក នី ចរិយា នេះ។ លោក​បន្ត​ថា «បាទ! វា​អាច​ជះ​ឥទ្ធិពល​ទៅ​លើ Free and Fare election ដែរ​បាទ ព្រោះ​អី​នាំ​ឲ្យ​អ្នក​បោះឆ្នោត និង​គណបក្ស​នយោបាយ​ក៏ដោយ​មាន​ការ​បារម្ភ និង​ការ​ភ័យ​ខ្លាច»។

បើ​ទោះ​ជា​បែប​ណា ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្ថានទូត ប្រតិកម្ម​ជា​បន្តបន្ទាប់ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ប្រឆាំង​សេចក្ដី​សម្រេច​នៅ​ពេល​នេះ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ។

ដោយឡែក​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​ទំនើប​នេះ លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប អាច​នឹង​ត្រូវ​ចាប់​ផ្ដើម​ចន្លោះ​ពី​ខែ​សីហា និង​ខែ​កញ្ញា ដែល​ជា​ការ​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​មិន​អាច​សម្រេច​តាម​ការ​គ្រោង​ទុក ដែល​នឹង​ត្រូវ​ចាប់​អនុវត្ត​នៅ​ខែ​ឧសភា នេះ ដោយសារ គ.ជ.ប ពុំ​ទាន់​ទទួល​បាន​សម្ភារៈ​បច្ចេកទេស មាន​ម៉ាស៊ីន​កុំព្យូទ័រ ជាដើម ពី​ប្រទេស​ម្ចាស់​ជំនួយ​នៅ​ឡើយ៕

2 comments:

Anonymous said...

The question is hang puthea afraid to stand up to om yom tieng and cpp monkeys. If he is, then he is an asslicker of cpp
monkeys. The democracy is doomed to fail. The only way to fight back is the people power.Two millions plus match in phnom penh is enough to topple this monkeys regime.

Anonymous said...

Hang puthea if you only pay lip service to help Mr Ny chakrya , you are not doing your job. then You become a cpp monkey prick