A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 May 2016

ភ្ញៀវ​ទេសចរ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បន្ត​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀត


ភ្ញៀវ​ទេសចរ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បន្ត​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀត
ដោយ ដែន អយុធ្យា
2016-05-15


ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​ទល់​មុខ​អតីត​ក្រុមហ៊ុន​អារីស្តុន ឬ​ឆ្នេរ​អូរឈើទាល​ទី​២ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea


ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សំណូមពរ​ឲ្យ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ដែល​ឈ្មួញ និង​ក្រុមហ៊ុន​ធ្វើ​របង​បិទ​ទុក​ចោល ឲ្យ​បាន​ច្រើន​ឆ្នេរ​ថែម​ទៀត ដើម្បី​អាច​ឲ្យ​ពួក​គេ​ដើរ​ឆ្លង​កាត់ និង​មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​លំហែ​កាយ។

សារ​អំពាវនាវ​នេះ កើត​ឡើង​នៅ​គ្រា​ភ្ញៀវ​ទេសចរ​ទាំង​នោះ​បាន​មក​កម្សាន្ត​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សហមុនី ប៉ុន្តែ​មិន​មាន​ឆ្នេរ​ឲ្យ​មាន​អនាម័យ​សម្រាប់​ឲ្យ​ពួក​គេ​ចូល​ទៅ​កម្សាន្ត​ច្រើន​ទេ ព្រោះ​ត្រូវ​គេ​ហ៊ុមព័ទ្ធ​របង​ថ្ម និង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ។

ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សហមុនី រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា គេ​សង្កេត​ឃើញ​មាន​វត្តមាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ​បាន​ចូល​មក​កម្សាន្ត​តាម​តំបន់​កោះ ពិសេស​តាម​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ។



ស្រប​ពេល​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏​បាន​សំណូមពរ​ទៅ​មន្ត្រី​ជំនាញ​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ ដែល​ត្រូវ​គេ​ហ៊ុមព័ទ្ធ​របង​ថ្ម និង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ដាក់​ជូន​ពលរដ្ឋ​ដើរ​ឆ្លង​កាត់ ឬ​ចូល​កម្សាន្ត​ឲ្យ​បាន​ច្រើន​ឆ្នេរ​ថែម​ទៀត។

ភ្ញៀវ​ទេសចរ​ជាតិ ដែល​បាន​ទៅ​ជួល​កន្លែង​អង្គុយ​លំហែ​កាយ​នា​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អូរឈើទាល​ទី​២ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ឧសភា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​មាន​សន្តិសុខ មាន​ភ្លើង​បំភ្លឺ មាន​បន្ទប់​ទឹក និង​បង្គន់​អនាម័យ គឺ​មាន​តែ​ឆ្នេរ​អូរឈើទាល មាន​ទីតាំង​នៅ​ទល់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មួយ​គត់ ប៉ុន្តែ​ឆ្នេរ​ក្រៅ​ពី​នេះ មិន​សូវ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ទេ ព្រោះ​គ្មាន​ភ្លើង​បំភ្លឺ ឆ្នេរ​គ្មាន​អនាម័យ ពិសេស​ឆ្នេរ​ភាគ​ច្រើន​ត្រូវ​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ហើយ​មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់​នោះ​ទេ។

ត្រង់​ចំណុច​នេះ ពួក​គេ​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បើក​ឆ្នេរ​សមុទ្រ​ដែល​ត្រូវ​គេ​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល ឬ​មិន​ធ្វើ​អាជីវកម្ម ដាក់​ជូន​ប្រជាពលរដ្ឋ​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​ងូត​ទឹក​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​ត្រូវ​អភិវឌ្ឍ​ឆ្នេរ​ទាំង​នោះ​ឲ្យ​មាន​បន្ទប់​ទឹក ឬ​បង្គន់​អនាម័យ ធុង​សំរាម បំពាក់​ភ្លើង​បំភ្លឺ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ផ្តល់​សុវត្ថិភាព​ឲ្យ​បាន​ល្អ។

ភ្ញៀវ​ទេសចរ​បាន​ឲ្យ​ដឹង​ថា ឆ្នេរ​មួយ​ចំនួន​ដែល​មាន​ការ​អភិវឌ្ឍ​ក្តី និង​មិន​មាន​ការ​អភិវឌ្ឍ ហើយ​ត្រូវ​ម្ចាស់​ធ្វើ​អាជីវកម្ម​មិន​បើក​ទូលាយ ឬ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់​ជា​សាធារណៈ មាន​ដូចជា​ឆ្នេរ​មួយ​ចំនួន​មាន​ទីតាំង​នៅ​ជាប់​ពី​មុខ​សាលា​ខេត្ត​ព្រះសីហនុ ជាដើម រួម​មាន ឆ្នេរ​លំហែ​កាយ ឆ្នេរ​មាស ឆ្នេរ​ថ្មី ឆ្នេរ​ហាវ៉ៃ និង​ឆ្នេរ​ម្លប់​ជ្រៃ ជាដើម។

ទន្ទឹម​គ្នា​នេះ ភ្ញៀវ​ទេសចរ​ជាតិ ក៏​បាន​សាទរ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ឆ្នេរ និង​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​ឯករាជ្យ ដាក់​ជូន​សាធារណជន​ប្រើប្រាស់​នៅ​តាម​ឆ្នេរ​នេះ​បាន​ទូលំទូលាយ ប៉ុន្តែ​ចំពោះ​ឆ្នេរ​អូរឈើទាល​ទី​២ ដែល​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​របស់​រដ្ឋាភិបាល​ដែរ​នោះ គឺ​មិន​ទាន់​មាន​អនាម័យ​បរិស្ថាន​ល្អ​ទេ។ ជាង​នេះ​ទៀត ឆ្នេរ​នីមួយៗ​មិន​មាន​ធុង​សំរាម​ឲ្យ​បាន​គ្រប់​ចំនួន ជាពិសេស​នៅ​តាម​ឆ្នេរ​នីមួយៗ គឺ​មិន​ទាន់​មាន​បង្គន់​អនាម័យ ឬ​បន្ទប់​ទឹក​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​តាម​តម្រូវ​ការ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​សង្កេត​ឃើញ​នៅ​តាម​ឆ្នេរ​ភាគ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ គ្មាន​អនាម័យ ឬ​គ្មាន​បរិស្ថាន​ល្អ​ទេ ប៉ុន្តែ​ចំពោះ​ឆ្នេរ​ដែល​មាន​ប្រជាពលរដ្ឋ​លក់​ដូរ ឃើញ​មាន​អនាម័យ​ល្អ និង​បរិស្ថាន​ល្អ ជាង​ឆ្នេរ​ដែល​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ»។

ផ្ដើម​ពី​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធ ដែល​បាន​ដឹក​នាំ​ក្រុម​បុគ្គលិក​សម្អាត​អនាម័យ​របស់​ខ្លួន សហការ​ជាមួយ​សាលា​ក្រុង​ព្រះសីហនុ ដើរ​រើស​សំរាម​តាម​បណ្តោយ​ផ្លូវ​២​ធ្នូ និង​ឆ្នេរ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ឧសភា។ លោក​ទទួល​ស្គាល់​ចំណុច​ខ្វះខាត មាន​ដូចជា​ខ្វះ​បង្គន់​អនាម័យ បន្ទប់​ទឹក ឬ​ធុង​សំរាម​ជាដើម ដាក់​នៅ​តាម​ឆ្នេរ​មួយ​ចំនួន ដែល​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ខេត្ត​នេះ​កំពុង​អភិវឌ្ឍ​នា​ពេល​ថ្មីៗ មាន​ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​អតីត​មុខ​ក្រុមហ៊ុន​អារីស្តុន ឬ​ឆ្នេរ​អូរឈើទាល​ទី​២ ជាដើម ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​សូម​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ត្រូវ​ចូលរួម​ថែ​រក្សា​អនាម័យ និង​សម្អាត​បរិស្ថាន​ឆ្នេរ​ជាមួយ​អាជ្ញាធរ​ជំនាញ​ឲ្យ​បាន​គ្រប់​គ្នា តាម​រយៈ​ត្រូវ​វេច​ខ្ចប់​កាក​សំណល់​គ្រប់​ប្រភេទ ដែល​សល់​ពី​សំណល់​អាហារ​ទទួល​ទាន​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ធុង​សំរាម ឬ​គរ​ទុក​មួយ​កន្លែង​ឲ្យ​មាន​របៀប​រៀបរយ ដើម្បី​ឲ្យ​ក្រុម​ការងារ​ដើរ​ប្រមូល​សំរាម​មាន​ភាព​ងាយ​ស្រួល។

ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​ចង់​ឃើញ​រដ្ឋាភិបាល និង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ជួយ​ស្ថាបនា​បង្គន់​អនាម័យ ឬ​បន្ទប់​ទឹក​ចល័ត​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​នៅ​តាម​ឆ្នេរ​នានា​ឲ្យ​បាន​ច្រើន។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ឆ្នេរ​សមុទ្រ​ដែល​មាន​សន្តិសុខ មាន​ភ្លើង​បំភ្លឺ និង​មាន​សោភណភាព គឺ​មាន​តែ​នៅ​ឆ្នេរ​អូរឈើទាល ទល់​មុខ​វិមាន​លំហែ​កាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​មួយ​ទេ ប៉ុន្តែ​ឆ្នេរ​ក្រៅ​ពី​នេះ ភាគ​ច្រើន​ត្រូវ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ឈ្មួញ ហើយ​ពួក​គេ​បាន​ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ​ដី​ចំណី​ឆ្នេរ​ទុក​ចោល។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​ប្រមុខ​ដឹក​នាំ ឲ្យ​ពិចារណា​បើក​ឆ្នេរ ឬ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទូលំទូលាយ ឲ្យ​ស្រប​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ថ្មីៗ​នេះ ព្រោះ​ថា បច្ចុប្បន្ន​ឆ្នេរ​ភាគ​ច្រើន​នៅ​តែ​បន្ត​បិទ​របង​ថ្ម និង​របង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ និង​មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់​ទេ មាន​ឆ្នេរ​ហាវ៉ៃ និង​ឆ្នេរ​នៅ​ទល់​មុខ​ដំណាក់​ស្ដេច​ជាដើម៖ «អាជ្ញាធរ​ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​បង្គន់​អនាម័យ​សាធារណៈ​ទុក​ជូន​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​នៅ​តាម​ឆ្នេរ​នីមួយៗ ព្រោះ​បន្ទប់​ទឹក​នេះ​ចាំបាច់​ណាស់​សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ​គ្រប់​រូប​ដែល​ចូល​មក​កម្សាន្ត​នៅ​តាម​ឆ្នេរ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ»។

ទោះ​បី​ជា​យ៉ាង​ណា អ្នកស្រី សុធារី ទទួល​ស្គាល់​ថា ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ មក រដ្ឋាភិបាល​បាន​បើក​របង​ថ្ម និង​របង​ដែក​ហ៊ុមព័ទ្ធ​ឆ្នេរ​ខ្លះ​ដាក់​ជូន​សាធារណជន​ប្រើប្រាស់ មាន​ដូចជា ឆ្នេរ​ជ័យជម្នះ ឆ្នេរ​ឯករាជ្យ និង​ឆ្នេរ​អតីត​មុខ​ក្រុមហ៊ុន​អារីស្តុន ឬ​ឆ្នេរ​អូរឈើទាល​ទី​២ ជាដើម។ អ្នកស្រី​គាំទ្រ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​រដ្ឋាភិបាល ពិសេស​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ដឹក​នាំ​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​នានា ឲ្យ​បន្ត​អនុវត្ត​សកម្មភាព​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ និង​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​ទុក​ចោល​ឲ្យ​បាន​ច្រើន​ឆ្នេរ​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ។
ឆ្នេរ​អូរឈើទាល ព្រះសីហនុ ២០១៦ ៦២០
ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​ទល់​មុខ​អតីត​ក្រុមហ៊ុន​អារីស្តុន ឬ​ឆ្នេរ​អូរឈើទាល​ទី​២ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ជាប់​សមុទ្រ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ និង​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត ហើយ​ត្រូវ​រាជ​រដ្ឋាភិបាល​បាន​ប្រសិទ្ធិនាម​ថា ជា​តារា​រះ​នា​ទិស​និរតី ប៉ុន្តែ​ជាក់ស្តែង ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ នា​ពេល​បច្ចុប្បន្ន ហាក់​មិន​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ប្រសិទ្ធិនាម​ដ៏​ពីរោះ​នេះ​នៅ​ឡើយ​ទេ ព្រោះ​ឆ្នេរ​ភាគ​ច្រើន ត្រូវ​ហ៊ុមព័ទ្ធ​របង​ថ្ម ឬ​របង​ដែក​ទុក​ចោល គ្មាន​ភ្លើង​បំភ្លឺ និង​គ្មាន​អនាម័យ ជាដើម។

បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​ថា បច្ចុប្បន្ន​នេះ ខេត្ត​ជាប់​សមុទ្រ​ដែល​ជាប់​ជា​សមាជិក​ឆ្នេរ​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក ប៉ុន្តែ​មិន​គួរ​គ្មាន​ឆ្នេរ​ទូលំទូលាយ​ទុក​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ចូល​កម្សាន្ត​ឲ្យ​បាន​ច្រើន​ដូច​រាល់​ថ្ងៃ​នេះ​ទេ។ លោក​ទទួល​ស្គាល់​ថា រាល់​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​អភិវឌ្ឍ និង​បើក​ឆ្នេរ​មួយ​ចំនួន​ដាក់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដើរ​ឆ្លង​កាត់ និង​ចូល​ទៅ​កម្សាន្ត មាន​ឆ្នេរ​ឯករាជ្យ ឆ្នេរ​ជ័យជម្នះ និង​ឆ្នេរ​អូរឈើទាល​ទី​២ ជាដើម ប៉ុន្តែ​ឆ្នេរ​ទាំង​នេះ​មិន​ទាន់​មាន​អនាម័យ​ទេ គ្មាន​ភ្លើង​បំភ្លឺ គ្មាន​បង្គន់​អនាម័យ ឬ​បន្ទប់​ទឹក​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​បន្ទោបង់ ឬ​បត់​ដៃ​បត់​ជើង​នោះ​ទេ៖ «ការ​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​នេះ គឺ​សំណូមពរ​ឲ្យ​បើក​គ្រប់​ឆ្នេរ​ទាំងអស់ គឺ​មិន​មែន​បើក​តែ​ពីរ ឬ​បី​ឆ្នេរ មាន​ឆ្នេរ​ជ័យជម្នះ ឆ្នេរ​ទល់​មុខ​អតីត​ក្រុមហ៊ុន​អារីស្តុន និង​ឆ្នេរ​ឯករាជ្យ​នេះ​ទេ គឺ​ត្រូវ​តែ​បើក​គ្រប់​ឆ្នេរ​ទាំងអស់។ ហើយ​អាជ្ញាធរ​ត្រូវ​រៀបចំ​ស្តង់ដារ​មួយ​ដើម្បី​ឲ្យ​បង​ប្អូន​អាជីវករ​បាន​លក់​ដូរ​តាម​ស្តង់ដារ​មួយ​មាន​បង្គន់​អនាម័យ បន្ទប់​ទឹក និង​អាហារ​ទទួល​ទាន​លក់​ជូន​ភ្ញៀវ​ទេសចរ ដោយ​អាជីវករ ឬ​ប្រជាពលរដ្ឋ​ទាំង​នោះ​បង់​ពន្ធ​ជូន​រដ្ឋ​ទៅ​តាម​នោះ​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​ថ្លែង​រិះគន់​សកម្មភាព​ហ៊ុមព័ទ្ធ​របង​ថ្ម​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​គ្មាន​ការ​អភិវឌ្ឍ​នៅ​តាម​ឆ្នេរ​ជាច្រើន​បាន​បន្ត​កើត​មាន ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​មាន​វិធានការ​ទេ។ លោក សុខ សុខុម បាន​ទទូច​ឲ្យ​រដ្ឋាភិបាល ត្រូវ​អនុវត្ត​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ដក​ហូត​យក​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​យ៉ាង​តិច ៥០​ម៉ែត្រ​ពី​ឈ្មួញ និង​ឯកជន មក​អភិវឌ្ឍ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ដាក់​ជូន​សាធារណជន​ទូទៅ​ប្រើប្រាស់​ឲ្យ​បាន​ទូលំទូលាយ​ជាង​ពេល​បច្ចុប្បន្ន៖ «សូម​អំពាវនាវ​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ថ្នាក់​ដឹក​នាំ​ក្រសួង​បរិស្ថាន ក្រសួង​ទេសចរណ៍ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រៀបចំ​តំបន់​ឆ្នេរ​ឲ្យ​បាន​ស្អាត និង​មាន​អនាម័យ​ឡើង​វិញ ហើយ​ឆ្នេរ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ត្រូវ​រឹប​អូស​មក​រដ្ឋ​គ្រប់គ្រង​វិញ ហើយ​ឆ្នេរ​ទាំង​នោះ​ត្រូវ​រៀបចំ​បង្គន់​ចល័ត ដើម្បី​រក្សា​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ល្អ និង​មាន​សោភណភាព ដើម្បី​មាន​អនាម័យ​ស្អាត ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត ហើយ​ពេល​នោះ​ភ្ញៀវ​ទេសចរ​ក៏​នឹង​ចូល​មក​ទស្សនា​មាន​ចំនួន​កើន​តាម​នោះ​ដែរ ហើយ​ចំណូល​របស់​ប្រជាពលរដ្ឋ​ក៏​កើន​តាម​នោះ ដោយសារ​វិស័យ​ទេសចរណ៍​មាន​ការ​រីក​ចម្រើន»។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចុះ​អនុវត្ត​ការងារ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ឆ្នេរ ចាប់​ផ្ដើម​កាល​ពី​ខែ​មករា បន្ត​រហូត​មក​ដល់​ពេល​នេះ។ លោក​បន្ត​ថា នឹង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​ឲ្យ​មាន​សោភណភាព និង​មាន​ភ្លើង​បំភ្លឺ​ឲ្យ​ស្រប​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ​ចូល​មក​កម្សាន្ត​មូលដ្ឋាន​ជាប់​សមុទ្រ​មួយ​នេះ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ប្រវែង​សរុប ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង​បួន​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

No comments: